សភាសហភាពអឺរ៉ុបបានគំរាមដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលកម្ពុជា ជាពិសេសទណ្ឌកម្មលើបុគ្គលដែលបានរួមចំណែកធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះយ៉ាងខ្លាំង។
នៅក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ សភាសហភាពអឺរ៉ុបបានថ្លែងថ្កោលទោសចំពោះការគាបសង្កត់អង្គការសង្គមស៊ីវិលរបស់រដ្ឋាភិបាលកម្ពុជា ហើយបានអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយ និងសកម្មជន និងជំរុញឱ្យបញ្ឈប់ការយាយីប្រឆាំងនឹងអង្គការសិទ្ធិមនុស្សដូចជា អង្គការសង់ត្រាល់ជាដើម។
បើតាមសេចក្តីសម្រេចនោះ សភាសហភាពអឺរ៉ុបបាន «អំពាវនាវឲ្យអាជ្ញាធរកម្ពុជាច្រានចោលរាល់ការចោទប្រកាន់ពាក់ព័ន្ធនឹងនយោបាយលើអង្គការសង់ត្រាល់ដើម្បីបញ្ឈប់ការធ្វើសវនកម្ម និងយុទ្ធនាការលាបពណ៌ដែលមានហេតុផលនយោបាយ និងគោរពតួនាទីរបស់អង្គការសង្គមស៊ីវិល រួមទាំងអង្គការសមធម៌កម្ពុជា និងក្រុមយុវជនរបស់អង្គការមាតាធម្មជាតិកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិពលកម្ម សិទ្ធិមនុស្ស និងការការពារបរិស្ថាន»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានវាយតម្លៃថា លំហសេរីភាពសង្គមស៊ីវិលនៅកម្ពុជាកាន់តែរួមតូចទៅៗ ហើយសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មាន ក៏កំពុងតែរងការរឹតត្បិត។ លោកបានឲ្យដឹងទៀតថា រដ្ឋាភិបាលគួរពិចារណាលើសេចក្តីសម្រេចថ្មីៗនេះរបស់សភាសហភាពអឺរ៉ុប ដើម្បីបញ្ចៀសនូវការខាតបង់ផ្សេងៗ។
លោកបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ខ្ញុំលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជាលោកពិចារណា ពិនិត្យមើលទៅលើសេចក្តីសម្រេចហ្នឹង ហើយយើងគួរតែកែសម្រួលនូវស្ថានភាពសិទ្ធិមនុស្ស ស្ថានភាពនៃតួនាទីសង្គមស៊ីវិល។ តាមពិតទៅសង្គមស៊ីវិលមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិហ្នឹង មែនទែន ទាំងបណ្តុះបណ្តាលប្រជាពលរដ្ឋ ទាំងចូលរួមចំណែកក្នុងសេដ្ឋកិច្ច»។
បើតាមលោក មឿន តុលា រដ្ឋាភិបាលគួរតែសម្លឹងមើលអង្គការសង្គមស៊ីវិលជាដៃគូ ជាជាងគូបដិបក្ខ។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃសុក្រថា សេចក្តីសម្រេចរបស់សភាសហភាពអឺរ៉ុបនេះមិនមែនជារឿងថ្មីឡើយ ព្រោះពួកគេតែងតែទទូចឱ្យកម្ពុជាគោរពតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
លោកបញ្ជាក់ថា៖ «អ៊ីចឹងចំណុចនេះ យើងជាអង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្សហ្នឹង គឺយើងគ្រាន់តែថាចង់ឲ្យកម្ពុជាពិនិត្យមើលទៅលើចំណុចខ្វះខាត ឬក៏ខ្វះចន្លោះរបស់ខ្លួន និងធ្វើការកែលម្អដើម្បីធ្វើម៉េចឲ្យពង្រឹងនូវសង្គមប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សទៅតាមគោលការណ៍នៃប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។
លោកបន្ថែមថា កាលណាមានការដាក់ទណ្ឌកម្មបន្ថែមមកលើកម្ពុជាពីសហភាពអឺរ៉ុប នោះវានឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។
យោងតាមការសម្រេចកាលពីថ្ងៃព្រហស្បតិ៍ សភាសហភាពអឺរ៉ុបក៏បានអំពាវនាវឱ្យគណៈកម្មការ និងរដ្ឋសមាជិកគិតគូរឡើងវិញលើការផ្លាស់ប្តូរចំពោះឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញ លើកលែងសព្វាវុធ» ឬ Everything But Arms ហៅកាត់ថា EBA ដោយផ្អែកលើការមិនសហការរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយ និងទប់ស្កាត់ការរំលោភសិទ្ធិមនុស្ស ក៏ដូចជាការបញ្ជូនសារច្បាស់លាស់មួយថា «ការលើកកម្ពស់សិទ្ធិមនុស្ស និងការការពារសិទ្ធិសេរីភាពរបស់សង្គមស៊ីវិលគឺជាលក្ខខណ្ឌកំណត់ទុកជាមុនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ»។
សភាសហភាពអឺរ៉ុបក៏ជំរុញឱ្យរដ្ឋសមាជិក និងសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ និងមានប្រសិទ្ធភាព រួមទាំងការដាក់ទណ្ឌកម្មដែលមានគោលដៅលើអ្នកដែលទទួលខុសត្រូវចំពោះការគាបសង្កត់ផ្នែកនយោបាយ និងដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា រហូតដល់អ្នកទោសនយោបាយទាំងអស់ត្រូវបានដោះលែង។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បដិសេធផ្តល់ការអត្ថាធិប្បាយលើករណីនេះ ដោយលោកចាត់ទុកសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបជា «រឿងដដែលៗ»។
ចាប់តាំងពីឆ្នាំ ២០០១ មក កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរុប ដែលបានបើកផ្លូវឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះអាចនាំចេញទំនិញគ្រប់មុខទៅកាន់ប្រទេសស្ថិតក្នុងសហភាពអឺរ៉ុបដោយមិនបង់ពន្ធ។ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាចំណេញទឹកប្រាក់ប្រមាណជា ៧០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេស លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃសុក្រថា កម្ពុជាមិនមានការរំលោភសិទ្ធិមនុស្ស ដោយការកាត់ទោសអ្នកនយោបាយ សកម្មជនសង្គម និងអ្នកសារព័ត៌មានក្រោមហេតុផលនយោបាយនោះឡើយ។ លោកអះអាងថា អ្វីដែលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើគឺអនុវត្តច្បាប់លើបុគ្គលដែលល្មើសច្បាប់ និងអ្នកដែលបានដើរតាមឧបាយកលទុច្ចរិតរបស់ក្រុមជំទាស់ ដែលលោកហៅថា «ក្រុមឧទ្ទាមក្រៅច្បាប់» ។
អ្នកនាំពាក្យរូបនេះស្នើឲ្យសភាអឺរ៉ុបពិចារណាឡើងវិញចំពោះសេចក្តីសម្រេចរបស់ខ្លួន។
លោកបានថ្លែងថា៖ «ចាំមើលសភាពការមកដល់ជាក់ស្ដែងថា តើទី ១ គាត់ដាក់មែនឬអត់? ទី ២ វាគ្រាន់តែជាវោហាសាស្រ្តនយោបាយគំរាមកំហែង ហើយគាត់មានសិទ្ធអីមកដាក់ អាដែងនែ៎ រំលោភឯករាជ្យអធិបតេយ្យភាពរបស់ប្រទេសដទៃ។ ហើយគាត់នោះថា អ្នកប្រជាធិបតេយ្យហើយ ឥឡូវមកគំរាមប្រទេសគេ អ្នកដែលមានឯករាជ្យអធិបតេយ្យភាពពេញលេញ។ សុំឱ្យគាត់គិតឡើងវិញ កុំឲ្យប្រើអំណាចមករំលោភដល់ឯករាជ្យអធិបតេយ្យភាពរបស់ប្រទេសដទៃ ដែលជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីស្ថានបេសកកម្មរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា តាមសារអ៊ីមែល តែគ្មានការឆ្លើយតប។
កាលពីឆ្នាំ ២០២០ កម្ពុជាត្រូវបានសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០ ភាគរយ ដោយសហភាពអឺរ៉ុបបានរកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយអតីតគណបក្សសង្គ្រោះជាតិ និងការដកសិទ្ធិនយោបាយរបស់មន្រ្តីបក្សប្រឆាំងនៅកម្ពុជាជាដើម៕