ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលមកពីទ្វីបអឺរ៉ុបទាំង ៣ បានប្រកាសកាលពីថ្ងៃទី ១៤ ខែមករាកន្លងទៅនេះថា ពួកគេបានចាប់ផ្ដើមនូវយន្តការដោះស្រាយជម្លោះ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេអះអាងថាជាការរំលោភម្ដងហើយម្ដងទៀតរបស់ប្រទេសអ៊ីរ៉ង់លើកិច្ចព្រមព្រៀងនេះ។
ចក្រភពអង់គ្លេស ប្រទេសបារាំង និងអាល្លឺម៉ង់ បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនៅតែមានសុពលភាព ទោះបីជាសហរដ្ឋអាមេរិកដកខ្លួនចេញក៏ដោយ។
លោក Dominic Raab រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស និយាយថា៖ «សម្រាប់ចក្រភពអង់គ្លេស យើងមានការខកចិត្តដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះកាលពីខែឧសភា ឆ្នាំ ២០១៨ ហើយយើងបានធ្វើការអស់ពីដៃជើងជាមួយនឹងដៃគូអន្តរជាតិរបស់យើង ដើម្បីរក្សាកិច្ចព្រមព្រៀងនេះ។ យើងបានគោរពតាមការប្ដេជ្ញារបស់យើងនៅក្នុងកិច្ចព្រមព្រៀងនេះ»។
ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់បាននិយាយថា ប្រទេសហត្ថលេខីមកពីទ្វីបអឺរ៉ុបទាំងនេះបានលំអោនតាមសម្ពាធរបស់សហរដ្ឋអាមេរិកនៅក្នុងការដាក់កំហិតចំពោះសេដ្ឋកិច្ចអ៊ីរ៉ង់ ដែលការដាក់កំហិតនេះបានបង្ខំឲ្យអ៊ីរ៉ង់ចាប់ផ្ដើមឡើងវិញនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោក Heiko Maas រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បញ្ជាក់ដូច្នេះថា៖ «អ៊ីរ៉ង់បានប្រកាសម្ដងហើយម្ដងទៀតកាលពីពេលថ្មីៗនេះថា ខ្លួននឹងមិនគោរពតាមការប្ដេជ្ញារបស់ខ្លួនចំពោះកិច្ចព្រមព្រៀងនេះ និងក្រោយមកបានធ្វើដូច្នេះមែន។ នេះគឺជាស្ថានការណ៍មួយដែលយើងជឿថា យើងមិនអាចទុកឲ្យរឿងនេះបន្តទៅមុខដោយគ្មានដំណោះស្រាយបានទេ»។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Mousavi បានហៅវិធានការរបស់ប្រទេសទាំង ៣ នេះ ថាមិនបានជួយអ្វីទាំងអស់ និងបាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ង់នឹងឆ្លើយតប «យ៉ាងម៉ឺងម៉ាត់ និងសមរម្យ» ចំពោះវិធានការដែលមិនបានជួយជាលទ្ធផលណាមួយ។
បន្ទាប់ពីយន្តការដោះស្រាយជម្លោះនេះបានចាប់ផ្ដើមឡើង អ៊ីរ៉ង់មានពេល ១៥ ថ្ងៃ ដើម្បីដោះស្រាយជម្លោះជាមួយនឹងប្រទេសអឺរ៉ុបទាំង ៣។ ប្រសិនបើអ៊ីរ៉ង់មិនដោះស្រាយក្នុងចន្លោះពេលនេះទេ អង្គការសហប្រជាជាតិអាចដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញលើអ៊ីរ៉ង់ ដែលទណ្ឌកម្មទាំងនេះត្រូវបានដកចេញក្រោយពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានសម្រេចឡើងកាលពីឆ្នាំ ២០១៥។
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell ដែលជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងនេះតំណាងឲ្យប្រទេសមហាអំណាចនានានៅលើពិភពលោក បាននិយាយថា គោលបំណងនៃវិធានការរបស់ប្រទេសទាំង ៣ នេះ គឺដើម្បីស្វែងរកដំណោះស្រាយធ្វើយ៉ាងណាឲ្យអ៊ីរ៉ង់ត្រឡប់មកគោរពឲ្យបានពេញលេញឡើងវិញចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មិនមែនដើម្បីដាក់ទណ្ឌកម្មនោះទេ។
លោក Josep Borrell ថ្លែងដូច្នេះថា៖ «គោលជំហររបស់សហភាពអឺរ៉ុបគឺច្បាស់ណាស់ថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ យើងនឹងបាត់បង់ផ្នែកដ៏សំខាន់នៃប្រព័ន្ធរារាំងការរីកសាយភាយអាវុធអន្តរជាតិ និងការរួមចំណែកដ៏សំខាន់ចំពោះសន្តិសុខក្នុងតំបន់»។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទីភ្នាក់ងារព័ត៌មាន BBC ថា ប្រសិនបើគេមិនអាចជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះបាន នោះចាំបាច់ត្រូវបង្កើតកិច្ចព្រមព្រៀងមួយទៀត។
លោក Johnson និយាយដូច្នេះថា៖ «ប្រសិនបើយើងលុបបំបាត់កិច្ចព្រមព្រៀងនេះ យើងត្រូវតែបង្កើតកិច្ចព្រមព្រៀងថ្មី ហើយយើងអាចប្រើកិច្ចព្រមព្រៀងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជំនួសវិញ»។
លោក Trump ចង់បានកិច្ចព្រមព្រៀងមួយដែលនឹងបញ្ចប់នូវកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងបញ្ចូលនូវលក្ខខណ្ឌដែលតម្រូវឲ្យអ៊ីរ៉ង់ប្ដេជ្ញាឈប់គាំទ្រក្រុមភេរវកម្ម និងឈប់ជ្រៀតជ្រែកនៅក្នុងតំបន់៕
ប្រែសម្រួលដោយ ភី សុភាដា