ក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការបរទេសនៃសហភាពអឺរ៉ុបបានចេញនូវសេចក្ដីសម្រេចមួយនៅថ្ងៃច័ន្ទនេះព្រមានចាត់វិធានការតបតនឹងរដ្ឋាភិបាលកម្ពុជាចំពោះការបង្ក្រាបនយោបាយដ៏ជ្រាលជ្រៅលើក្រុមនយោបាយជំទាស់ អង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មានដែលមិនចំណុះរដ្ឋអំណាចខ្មែរ។
Your browser doesn’t support HTML5
សេចក្ដីសម្រេច ដែលត្រូវបានអនុម័តក្រោយការប្រជុំរដ្ឋមន្ត្រីការបរទេសនៅថ្ងៃច័ន្ទនេះ នាទីក្រុងព្រុចសែលបានទទូចម្តងទៀតឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កែប្រែស្ថានការណ៍នយោបាយឱ្យដូចដើមវិញ ដោយដោះលែងលោកកឹម សុខា និងដាក់ឱ្យដំណើរការឡើងវិញនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយសេចក្ដីសម្រេចដ៏ចម្រូងចម្រាសមួយរបស់តុលាការកំពូល កាលពីខែវិច្ឆិកា ឆ្នាំមុន។
ក្រុមប្រឹក្សាដដែលបានទទូចឲ្យរដ្ឋាភិបាលក្រុងភ្នំពេញបញ្ឈប់ការប្រើប្រាស់ស្ថាប័នតុលាការជា «ឧបករណ៍នយោបាយក្នុងការបៀតបៀន យាយី និងគំរាមកំហែងគូជំទាស់ផ្នែកនយោបាយ សង្គមស៊ីវិល សកម្មជនសិទ្ធិការងារ និងអ្នកការពារសិទ្ធិមនុស្ស» ហើយថា បើសិនជាស្ថានការណ៍មិនល្អដូចប្រក្រតីវិញទេ សហភាពអឺរ៉ុបក៏អាចនឹងពិចារណាចាត់វិធានការដាក់គោលដៅជាក់លាក់គឺ Specific Targeted Measure ដែលទំនងជាសំដៅដល់ទណ្ឌកម្មចំពោះមន្ត្រីអ្នកមុខ អ្នកការក្នុងរដ្ឋបាលខ្មែរដែលមានចំណែកទទួលខុសត្រូវក្នុងការបង្ក្រាបផ្នែកនយោបាយ។
ការប្រជុំក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការបរទេសនៃសហភាពអឺរ៉ុបដែលចេញសេចក្ដីសម្រេចនេះត្រូវបានដឹកនាំដោយអ្នកស្រី Federica Mogherini អនុប្រធានគណៈកម្មាការអឺរ៉ុប ដែលទទួលបន្ទុកផ្នែកកិច្ចការបរទេស និងសន្តិសុខរបស់សហភាពអឺរ៉ុប។
ការទទួលបានបុព្វសិទ្ធិក្នុងនាមជាប្រទេសដែលទំនិញចូលទីផ្សារអឺរ៉ុបដោយឥតបង់កម្រៃពន្ធគយ កម្ពុជាក៏ត្រូវបានក្រុមប្រឹក្សាផ្នែកកិច្ចការបរទេសនៃសហភាពអឺរ៉ុបព្រមានផងដែរថា ខ្លួននឹងតាមដានស្ថានការណ៍កម្ពុជាយ៉ាងដិតដល់ ហើយលក្ខណៈសម្បត្តិរបស់ប្រទេសនេះក្នុងការបន្តទទួលបានការអនុគ្រោះ ឬអត់ក្នុងពេលអនាគតគឺត្រូវផ្សារភ្ជាប់ជាមួយស្ថានការណ៍នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេស។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងប្រាប់ VOA ថា រដ្ឋាភិបាលកម្ពុជាមានការសោកស្តាយចំពោះចំណាត់ការរបស់សហភាពអឺរ៉ុប ដែលលោកថា បានយល់ច្រឡំអំពីស្ថានការណ៍នយោបាយ និងការអនុវត្តច្បាប់ជាក់ស្តែងនៅកម្ពុជា។
ការចេញសេចក្ដីសម្រេចនេះធ្វើឡើងមួយថ្ងៃក្រោយពីការបោះឆ្នោតអសកលនៅប្រទេសកម្ពុជា ដែលជាលទ្ធផលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្លាយជាគណបក្សនយោបាយតែមួយគត់ដែលអង្គុយក្នុងព្រឹទ្ធសភា ក្នុងពេលអវត្តមានគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងត្រដំត្រសងជាមួយគណបក្សកាន់អំណាច។
នៅឯសហរដ្ឋអាមេរិកឯណោះវិញ សមាជិកព្រឹទ្ធសភាដែលមានកិត្តិនាមល្បីជាច្រើនរូប បាន និងកំពុងមូលមតិគ្នាធ្វើច្បាប់ CARI Act «ស្តីពីការទទួលខុសត្រូវរបស់កម្ពុជា និងធ្វើឱ្យការវិនិយោគត្រឡប់ដូចដើមវិញ» ដើម្បីឆ្លើយតបនឹងការបង្ក្រាបនយោបាយ និងការកើនឡើងនៃអំណាចសេដ្ឋកិច្ចនយោបាយរបស់ចិននៅកម្ពុជាផងដែរ៕