សហគមន៍អឺរ៉ុបនឹងបញ្ចេញរបាយការណ៍ជាលើកទីពីរស្តីពីដំណើរការពិនិត្យលក្ខខណ្ឌដែលកម្ពុជាត្រូវបំពេញដើម្បីរក្សាទុកប្រព័ន្ធឋានៈអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា EBA នៅខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមមន្ត្រីសង្គមស៊ីវិលដែលធ្វើការខាងការលើកស្ទួយការគោរពសិទ្ធិមនុស្ស។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា អង្គការសង់ត្រាល់ (Central) ប្រាប់ VOA នៅថ្ងៃពុធនេះថា ក្រុមការងាររបស់សហភាពអឺរ៉ុបមួយនឹងចេញរបាយការណ៍នៃការរកឃើញរបស់ខ្លួនអំពីបច្ចុប្បន្នភាពរបស់កម្ពុជាក្រោមក្របខ័ណ្ឌ EBAនេះ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ហើយរបាយការណ៍នេះនឹងត្រូវបញ្ជូនឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតប។
«នៅពេលដែលរបាយការណ៍បិទបញ្ចប់ វាដូចជាតារាងនៃការវាយតម្លៃដាក់ពិន្ទុឲ្យទៅរាជរដ្ឋាភិបាល។ ហើយអំឡុងពេលបីខែទៅទៀតហ្នឹង គឺរាជរដ្ឋាភិបាលឆ្លើយតប»។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ គណៈកម្មការសហភាពអឺរ៉ុបប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការ ដែលអាចនឹងឈានទៅដល់ការព្យួរជាបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធEBA ពីប្រទេសកម្ពុជា ដោយសារតែការខូចខាតយ៉ាងដំណំនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសគឺក្រោយការរំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៧។
ចាប់តាំងពីពេលនោះ មកកម្តៅនយោបាយកម្ពុជាបានបន្តកើនឡើង។ កម្តៅនយោបាយបានកើនឡើងកាន់តែខ្លាំង នៅពេលដែលអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ប្រកាសពីមាតុភូមិនិវត្តន៍របស់លោកមកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។
ក្រុមមន្ត្រីរដ្ឋាភិបាលចាត់ទុកថា ការវិលចូលប្រទេសរបស់លោក សម រង្ស៊ី ជាទម្រង់នៃរដ្ឋប្រហារ ព្រោះប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ ប្រកាសគៀងគរកម្លាំងទ័ព និងមហាជនដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) កត់សម្គាល់ថា យុទ្ធនាការបង្ក្រាបនេះ នឹងដាក់កម្ពុជាឲ្យស្ថិតក្នុងស្ថានភាពពិបាកដោះស្រាយលើដំណើរការចរចាជាមួយសហភាពអឺរ៉ុប ដើម្បីរក្សាទុកប្រព័ន្ធឋានៈអនុគ្រោះ EBA។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បញ្ជាក់បន្ថែមថា សហភាពអឺរ៉ុបនឹងចេញរបាយការណ៍លើកទីពីររបស់ខ្លួន ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាបានដឹងថា តើរដ្ឋាភិបាលសម្រេចបានលទ្ធផលយ៉ាងណាខ្លះក្នុងការស្តារស្ថានភាពគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
ការត្រៀមបញ្ចេញរបាយការណ៍លើកទីពីររបស់សហភាពអឺរ៉ុប ស្តីពីប្រព័ន្ធអនុគ្រោះ EBA ធ្វើឡើង បន្ទាប់ពីក្រុមមន្ត្រីគណៈកម្មការអឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្មនិងកិច្ចការបរទេសបានបញ្ចប់បេសកកម្មស្វែងរកការពិតនៅកម្ពុជាជុំទីពីរ កាលពីខែមិថុនា ដើម្បីវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ឲ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បន្តទទួលបានប្រព័ន្ធឋានៈអនុគ្រោះ EBA នេះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការសន្ទនាអំពីប្រព័ន្ធឋានៈអនុគ្រោះ EBA ជាមួយភាគីសហភាពអឺរ៉ុបនៅបន្តដដែល តែលោកមិនអាចឲ្យដឹងអំពីសេចក្តីលម្អិតទាក់ទងនឹងការសន្ទនានេះទេ។
ជាផ្នែកមួយនៃការរក្សាទុកប្រព័ន្ធឋានៈអនុគ្រោះ EBA លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំក្រុមមន្ត្រីរបស់លោកទៅស្វែងរកការគាំទ្រពីប្រទេសចំនួនបីនៅអឺរ៉ុបខាងកើតដែលជាសមាជិករបស់សហភាពអឺរ៉ុប។ ប្រទេសទាំងបីនោះ មានសាធារណរដ្ឋឆេក ហុងគ្រី និងប៊ុលហ្គារី។ មេដឹកនាំប្រទេសទាំងនោះ បានបង្ហាញការគាំទ្រជាវិជ្ជមានដល់កម្ពុជា ដោយមិនចង់ឲ្យកម្ពុជាបាត់បង់ប្រព័ន្ធឋានៈអនុគ្រោះពន្ធនេះទេ។
ថ្មីៗនេះ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីប្រទេសហុងគ្រី បានបញ្ជាក់ជំហរម្តងទៀត ថានឹងគាំទ្រមិនឲ្យកម្ពុជា បាត់របូតធ្លាក់ពីដៃប្រព័ន្ធនូវឋានៈអនុគ្រោះពន្ធ EBA នោះទេ។ ការបញ្ជាក់នេះ ធ្វើឡើងនៅពេលដែលលោកប្រធានាធិបតីមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលបួនថ្ងៃនៅកម្ពុជា ដែលដំណើរទស្សនកិច្ចនេះបានបញ្ចប់នៅថ្ងៃពុធនេះ។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើការការពារសិទ្ធិមនុស្សជឿថា ប្រទេសហុងគ្រី និងប្រទេសសមាជិកសហភាពអឺរ៉ុបពីរទៀតនោះ មិនមានឥទ្ធិពលដល់ការធ្វើសេចក្តីសម្រេចចិត្តរបស់សហភាពអឺរ៉ុប ដែលនឹងផ្អែកលើសំឡេងភាគច្រើនក្នុងការសម្រេចសេចក្តី។ ពួកគេថា ប្រទេសដែលមានឥទ្ធិពល រួមមានប្រទេសអាល្លឺម៉ង់ បារំាង និងស៊ុយអែតជាដើម៕