គណៈកម្មការសហភាពអឺរ៉ុបបានបន្តនីតិវិធីក្នុងការសម្រេចដាក់វិធានការគាំពារមកលើការនាំចូលអង្កររបស់កម្ពុជាទៅក្នុងទីផ្សាររបស់សហគមន៍ដ៏ធំមួយនេះ បន្ទាប់ពីមានប្រទេសសមាជិកនៃសហគមន៍នេះចំនួនពីរបានប្តឹងថា ប្រទេសកម្ពុជាបាននាំចូលអង្ករចំនួនច្រើននិងមានតម្លៃថោក ដែលបានបង្កការលំបាកដល់កសិកររបស់ខ្លួន។ នេះបើយោងតាមការបញ្ជាក់របស់តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជានៅសប្តាហ៍នេះ។
ប្រទេសសមាជិកសហគមន៍អឺរ៉ុបចំនួនពីរ ដែលបានប្តឹងប្រទេសកម្ពុជានោះ មានប្រទេសអ៊ីតាលី និងប្រទេសអេស៉្បាញ។ នេះបើយោងតាមលិខិតតវ៉ារបស់ក្រុមអ្នកផលិត និងនាំអង្ករចេញពីកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០កាលពីដើមសប្តាហ៍នេះ លោក George Edgar មានប្រសាសន៍អំពីការប្តឹងផ្តល់ដោយមានការប្រែសម្រួលជាភាសាខ្មែរយ៉ាងដូច្នេះ៖
«អ្វីដែលត្រូវបានលើកនៅក្នុងពាក្យបណ្តឹងនោះ គឺបរិមាណអង្ករដ៏ច្រើន ដែលនាំចេញទៅអឺរ៉ុប ដោយមានតម្លៃដ៏ទាប អាចបង្កផលប៉ះពាល់ទៅដល់អ្នកដែលកំពុងផលិតអង្ករនៅក្នុងអឺរ៉ុប»។
លោកថ្លែងបន្ថែមថា គណៈកម្មការសហគមន៍អឺរ៉ុបកំពុងធ្វើការសម្រេចចិត្តជាលើកចុងក្រោយក្នុងការចាត់វិធានការគាំពារមកលើអង្ករកម្ពុជា តាមការស្នើសុំរបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងពីរនោះ។
«បន្ទាប់ពីមានការដាក់បណ្តឹងនេះ គណៈកម្មការអឺរ៉ុបបានធ្វើការស៊ើបអង្កេត ហើយកាលពីប៉ុន្មានសប្តាហ៍នេះ...សប្តាហ៍មុននេះ គណៈកម្មការអឺរ៉ុបបានចេញនូវសេចក្តីសន្និដ្ឋានបឋមទាក់ទងការស៊ើបអង្កេតនេះ ហើយបានដាក់ជូនដល់អាជ្ញាធរកម្ពុជា ក៏ដូចជាអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីផ្តល់ជាយោបល់ ហើយនៅក្នុងពេលឆាប់ៗនេះ គណៈកម្មការអឺរ៉ុបនឹងចេញជាសេចក្តីសន្និដ្ឋានចុងក្រោយ ដែលពាក់ព័ន្ធការស៊ើបអង្កេត»។
កាលពីចុងខែវិច្ឆិកា ក្រុមអ្នកផលិត និងនាំចេញអង្ករពីកម្ពុជាបានឲ្យដឹងអំពីការបារម្ភយ៉ាងខ្លាំងចំពោះវិធានការទប់ស្កាត់របស់សហភាពអឺរ៉ុបប្រឆាំងអង្ករដែលមានប្រភពដើមចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ហើយថា វិធានការទប់ស្កាត់ណាមួយអាចប៉ះពាល់ជាអវិជ្ជមានទៅលើការធ្វើស្រែរបស់កសិករខ្មែរបីលាននាក់។ នេះបើយោងតាមសេចក្តីប្រកាសមួយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation)។
សហព័ន្ធនេះបានបញ្ជាក់ឲ្យដឹងថាវិធានការទប់ស្កាត់នានានឹងក្លាយជាដំណើរថយក្រោយមួយទៅលើការខិតខំយ៉ាងសម្បើម ដែលបានកសាងឧស្សាហកម្មអង្ករនៅកម្ពុជា និងជួយកសិករកម្ពុជាឲ្យមានជីវភាពល្អប្រសើរ។
ក្រុមអ្នកនាំអង្ករចេញបានសរសេរក្នុងសេចក្តីប្រកាសរបស់ខ្លួនក្នុងន័យដើមថា៖
«សហព័ន្ធស្រូវអង្ករកម្ពុជាជឿថា កសិកររាប់លាននាក់នឹងរងផលប៉ះពាល់ជាអវិជ្ជមានពីការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការដាក់ចេញវិធានការគាំពារ ហើយវានឹងបង្កមហន្តរាយដល់ប្រទេស និងប្រាក់ចំណូលក៏ដូចជាគុណភាពជីវិតរបស់កសិករ»។
សហព័ន្ធស្រូវអង្ករកម្ពុជាបានពណ៌នាអំពីការផលិតស្រូវ និងអង្ករពីរប្រភេទនៅសហគមន៍អឺរ៉ុប ដែលកំពុងបង្កជាបញ្ហាមកលើការនាំអង្ករចេញពីកម្ពុជា។ សហព័ន្ធឲ្យដឹងថា ផលិតកម្មអង្ករនៅប្រទេសអ៊ីតាលី និងអេស្ប៉ាញគឺភាគច្រើនជាការផលិតអង្ករប្រភេទ Japonica ដែលមានច្រើនជាង៨៥ភាគរយ មិនមែនជាអង្ករប្រភេទ Indica នោះទេ។ សហព័ន្ធចាត់ទុកថា វិធានការទប់ស្កាត់របស់សហភាពអឺរ៉ុបប្រឆាំងនឹងអង្ករប្រភេទ Indica នេះមិនអាចជួយឲ្យប្រសើរឡើងនូវប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងពីរនេះទេ ហើយសហព័ន្ធក៏មិនជឿថា ការនាំចូលអង្ករប្រភេទ Indica ពីកម្ពុជាចូលទីផ្សារសហភាពអឺរ៉ុបអាចបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់កសិករសហភាពអឺរ៉ុបផងដែរ។
សហព័ន្ធនេះបានបន្តលើកឡើងតាមសេចក្តីប្រកាសរបស់ខ្លួនក្នុងន័យដើមថា៖
«វានឹងជាដំណើរធាក់ថយក្រោយដ៏លំបាកមួយសម្រាប់ប្រទេសកម្ពុជា ប្រសិនបើវិធានការទប់ស្កាត់នានាត្រូវបានគេអនុម័តនោះ។ យើងមានជំនឿថា បើទោះបីជាមានវិធានការគាំពារយ៉ាងណាក្តី ក៏ការណ៍នេះមិនអាចធ្វើឲ្យប្រសើរឡើងនូវការរកទទួលទានចិញ្ចឹមជីវិតរបស់កសិករសហគមន៍អឺរ៉ុបនៅប្រទេសអ៊ីតាលី និងអេស្ប៉ាញនោះដែរ ជាពិសេសគឺកម្ពុជា មិនបានប្រកួតប្រជែងជាមួយសមាជិករដ្ឋទាំងពីរក្នុងចំណែកធំណាមួយនោះឡើយ។ យើងក៏បានកត់សម្គាល់ឃើញថា អង្ករដែលនាំចេញទៅសហគមន៍អឺរ៉ុបនោះមានតម្លៃទាបពេកដែរ»។
បន្ថែមលើការថ្លែងតវ៉ារបស់ខ្លួន សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានស្នើរដ្ឋដែលជាសមាជិកសហគមន៍អឺរ៉ុបបន្តគាំទ្រកសិករខ្មែរ និងទទួលស្គាល់នូវភាពមិនត្រឹមត្រូវនៃករណីបច្ចុប្បន្ន ដើម្បីបោះឆ្នោតប្រឆាំងនឹងវិធានការគាំពារនោះ។
កម្ពុជាសម្រេចបានការនាំចេញផលិតផលនានាក្រោមប្រព័ន្ធអនុគ្រោះពន្ធចំនួនជាង៦ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល១ឆមាសនៃដើមឆ្នាំ២០១៨។ នេះបើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកាលពីពេលកន្លងមក។ ចំនួននេះមានការកើនឡើង១៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។
ការប្តឹងផ្តល់របស់ប្រទេសអ៊ីតាលី និងអេស្ប៉ាញនេះកើតមានឡើង នៅគ្រាកម្ពុជាកំពុងប្រឈមនឹងការបាត់បង់ការគាំទ្រខាងពាណិជ្ជកម្មតាមកម្មវិធី«អនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» (Everything but Arms) ហៅកាត់ថា EBA ប្រសិនបើប្រទេសនេះខកខានមិនអាចស្តារប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដូចមុនការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧។ តាមកម្មវិធី EBA នេះ កម្ពុជាមិនតម្រូវឲ្យបង់ពន្ធលើទំនិញខ្លួន ដែលនាំចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុបនោះឡើយ។
លោកមូល សារិទ្ធ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ធ្លាប់បានប្រាប់ VOA កាលពីពេលកន្លងមកថា វិធានការទប់ស្កាត់ការនាំអង្ករពីកម្ពុជាចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុបនោះ គឺមានភាពដាច់ដោយឡែកពីកម្មវិធីអនុគ្រោះពន្ធ EBA។
VOA បានព្យាយាមសុំការអធិប្បាយពីលោកមូល សារិទ្ធ ម្តងទៀតនៅថ្ងៃព្រហស្បតិ៍នេះ តែទូរស័ព្ទលោករោទិ៍ពុំមានអ្នកទទួល។ VOA ក៏មិនទាន់អាចសុំការអធិប្បាយពីលោកសៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានដែរ នៅថ្ងៃព្រហស្បតិ៍នេះ។
យ៉ាងណាក្តី តាមការបញ្ជាក់ពីលោកមូល សារិទ្ធ កាលពីកន្លងមកនោះ សហព័ន្ធស្រូវអង្ករកម្ពុជាបាននាំអង្ករចូលទៅទីផ្សារសហភាពអឺរ៉ុបចន្លោះពី២៥ ទៅ៣០ម៉ឺនតោនក្នុងមួយឆ្នាំៗ។ អង្ករដែលបាននាំចូលទៅទីផ្សារសហភាពអឺរ៉ុប គឺ៦០ភាគរយជាប្រភេទអង្ករផ្កាម្លិះ ហើយប្រមាណជា៤០ភាគរយទៀតជាប្រភេទស្រូវអ៊ីអ៊ែ ហៅជាភាសាអង់គ្លេសថា White Rice។ លោកបន្តថា ការនាំចេញអង្ករ White Rice របស់កម្ពុជានេះបានថយចុះ ព្រោះសហភាពអឺរ៉ុបលើកទឹកចិត្តកម្ពុជាឲ្យនាំអង្ករក្រអូបចូលឲ្យបានច្រើន។
កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៧ សភាសហភាពអឺរ៉ុបបានបោះឆ្នោតទទួលយកការពិចារណាលើការព្យួរកម្មវិធីអនុគ្រោះពន្ធ EBA ដោយសភាសហគមន៍អឺរ៉ុបបានអះអាងថា ចំណាត់ការនេះជាការឆ្លើយតបទៅនឹង«ការប្រព្រឹត្តអាក្រក់ឡើងវិញនៃរបបផ្តាច់ការនៅកម្ពុជា»។ បន្ថែមលើនោះទៀត កាលពីដើមខែតុលា ឆ្នាំ២០១៨នេះ សហភាពអឺរ៉ុបបានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាថា ប្រទេសកម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់ការនាំទំនិញចូលទីផ្សាររបស់សហគមន៍អឺរ៉ុប ដោយសារតែការរំលោភសិទ្ធិមនុស្ស។
សហភាពអឺរ៉ុបក៏បានទុកពេលឲ្យកម្ពុជា១២ខែ ធ្វើការកែខៃការធ្លាក់ចុះយ៉ាងគំហុកនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប្រសិនបើប្រទេសនេះនៅចង់បន្តនាំទំនិញរបស់ខ្លួនចូលក្នុងទីផ្សារសហភាពអឺរ៉ុប ដោយគ្មានជាប់កាតព្វកិច្ចបង់ពន្ធនោះ៕