កាលពីថ្ងៃច័ន្ទ សហភាពអឺរ៉ុបបានសម្រេចបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកពីផ្នែកសន្តិសុខដល់សុខាភិបាលដើម្បីការពារផលប្រយោជន៍របស់ខ្លួននិងប្រឆាំងកំណើនអំណាចរបស់ចិន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏សហភាពអឺរ៉ុបទទូចថា យុទ្ធសាស្ត្ររបស់ខ្លួនមិនប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំងទេ។
ដឹកនាំដោយបារាំង អាល្លឺម៉ង់ និងហូឡង់ ដែលបានដាក់ចេញវិធានការរឹតបន្តឹងចំណងមិត្តភាពជាមួយបណ្តាប្រទេសនានាដូចជាឥណ្ឌា ជប៉ុន និងអូស្ត្រាលី សហភាពអឺរ៉ុបដែលមានប្រទេសចំនួន២៧ជាសមាជិកចង់ប្រើផែនការនេះដើម្បីបង្ហាញក្រុងប៉េកាំងថា ខ្លួនប្រឆាំងនឹងការរាលដាលនៃរបបផ្តាច់ការ។
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្លុកនេះ «ពិចារណាថា សហភាពអឺរ៉ុបគួរតែពង្រឹងការផ្តោតជាយុទ្ធសាស្ត្រ ដោយមានវត្តមាននិងសកម្មភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ»។ ក្រុមអ្នកការទូតបាននិយាយថា ផែនការនេះមិនមែនដើម្បី«ប្រឆាំងចិន»ទេ។
រដ្ឋមន្ត្រីការបរទេសព្រមព្រៀងគ្នាក្នុងសន្និសីទតាមវីដេអូអនឡាញថា បន្ទាប់ពីឯកសារកម្រាស់១០ទំព័រនេះនឹងមានយុទ្ធសាស្ត្រលម្អិតបន្ថែមទៀតនៅខែកញ្ញាដោយនិយាយថា ពួកគេនឹងខិតខំធ្វើការជាមួយដៃគូដែលមានគំនិតដូចគ្នាដើម្បីលើកស្ទួយសិទ្ធិជាមូលដ្ឋាននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕