សហភាព​អឺរ៉ុប​ស្នើ​ឱ្យ​មាន​តុលាការ​ពិសេស​ដើម្បី​កាត់ទោស​ឧក្រិដ្ឋកម្ម​ដែល​រុស្ស៊ី​ធ្វើ​លើ​អ៊ុយក្រែន

ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen ថ្លែង​តាម​អនឡាញ​នៅ​ក្នុង​ពិធី​សម្ពោធសន្និសីទ​អន្តរជាតិ​ស្ដី​ពី "The idea of Europe" ក្នុង​ទីក្រុង Kaunas ប្រទេស​លីទុយអានី ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen បាន​ស្នើ​នៅ​ថ្ងៃ​ពុធ​នេះ​ឱ្យ​មាន​តុលាការ​ពិសេស​មួយ​ដើម្បី​កាត់ទោស​ឧក្រិដ្ឋកម្ម​របស់​រុស្ស៊ី​ដែល​ប្រព្រឹត្ត​លើ​ប្រទេស​អ៊ុយក្រែន។

អ្នកស្រី Von der Leyen ​បាន​ស្នើ​ឱ្យ​មាន​តុលាការ​មួយ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ «ដើម្បី​ស៊ើប​អង្កេត​និង​កាត់ទោស​ឧក្រិដ្ឋកម្ម​នៃ​ភាព​គឃ្លើន​របស់​រុស្ស៊ី»។

អ្នកស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ប្រទេស​រុស្ស៊ី​និង​មហាសេដ្ឋី​រុស្ស៊ី​ដែល​មាន​ឥទ្ធិពល​នានា​ចាំបាច់​ត្រូវ​ចំណាយ​លើ​ថ្លៃ​កសាង​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ​ពី​ការ​ខូចខាត​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​កងទ័ព​រុស្ស៊ី​តាំងពី​ពេល​ដែល​ពួកគេ​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ​មក។

អ្នកស្រី von der Leyen ​និយាយ​ដូច្នេះ​ថា៖ «ឧក្រិដ្ឋកម្ម​ដ៏​រន្ធត់​របស់​រុស្ស៊ី​មិន​អាច​រួច​ផុត​ពី​ការ​ដាក់​ទោស​នោះ​ទេ»។

អ្នកស្រី​បាន​ថ្លែង​ដូច្នេះ ​នៅ​ពេល​ដែល​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់ (NATO) ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​រូម៉ានី​នៅ​ថ្ងៃ​ចុងក្រោយ ​ដែល​នៅ​ក្នុង​ការ​ប្រជុំ​នោះ​ក៏​មាន​ការ​ពិភាក្សា​អំពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​និង​ការ​គាំទ្រ​សម្រាប់​អ៊ុយក្រែន​ផង​ដែរ។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ​ប្រទេស​អ៊ុយក្រែន​នឹង​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន ​ដោយ​ប្រឆាំង​ដោយ​ផ្ទាល់​ទៅ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

លោក Stoltenberg ​បាន​និយាយ​ថា​ «ទ្វារ​របស់​អង្គការ​អូតង់​គឺ​បើក​ចំហ» ដោយ​បញ្ជាក់​ឡើង​វិញ​អំពី​ការ​តាំងចិត្ត​សម្រាប់​សមាជិកភាព​របស់​អ៊ុយក្រែន ​ដែល​ដំបូង​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០០៨ ​ប៉ុន្តែ​បាន​ជាប់​គាំង​តាំងពី​ពេល​នោះ​មក។

លោក Stoltenberg ​បាន​កត់សម្គាល់​ថា ​កាលពី​ពេល​ថ្មីៗ​នេះ ​ប្រទេស​ម៉ាសេដ្វាន​ខាង​ជើង​និង​ប្រទេស​ម៉ុងតេណេហ្គ្រោ​បាន​ចូលជា​សមាជិក​អង្គការ​អូតង់ ​ហើយ​ប្រទេស​ស៊ុយអែត​និង​ប្រទេស​ហ្វាំងឡង់​ក៏​នឹង​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផង​ដែរ។

លោក Stoltenberg ​បាន​បញ្ជាក់​ថា ​«រុស្ស៊ី​គ្មាន​សិទ្ធិ​វេតូ​ប្រឆាំង» ​លើ​ប្រទេស​ណា​មួយ​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់​នោះ​ទេ។ លោក​បាន​បន្ថែម​ថា៖ «យើង​នឹង​តាំងចិត្ត​ធ្វើ​ដូច្នេះ​ផង​ដែរ​សម្រាប់​សមាជិកភាព​របស់​អ៊ុយក្រែន»។

លោក Stoltenberg បាន​ថ្លែង​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Putin មិន​អាច​ប្រឆាំង​នឹង​ប្រទេស​អធិបតេយ្យ​ណា​មួយ​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដោយ​ឯករាជ្យ​ណា​មួយ​ដែល​មិន​មែន​ជា​ការ​គំរាមកំហែង​ចំពោះ​ប្រទេស​រុស្ស៊ី​នោះ​ឡើយ។ ខ្ញុំ​គិត​ថា អ្វី​ដែល​លោក Putin ខ្លាច​គឺ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សេរីភាព ហើយ​នេះ​គឺ​ជា​ការ​ប្រឈម​ចម្បង​បំផុត​សម្រាប់​លោក Putin»។

ប៉ុន្តែ ​ប្រទេស​អ៊ុយក្រែន​នឹង​មិន​ចូល​ជា​សមាជិក​អង្គការ​អូតង់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ទេ។ ប្រសិនបើ​អ៊ុយក្រែន​ចូល​ជា​សមាជិក​អង្គការ​អូតង់​ក្នុង​ពេល​កំពុង​មាន​សង្គ្រាម​ជាមួយ​នឹង​រុស្ស៊ី​នេះ នោះ​នៅ​ក្រោម​លក្ខខណ្ឌ​នៃ​ធម្មនុញ្ញ​របស់​អង្គការ​អូតង់ កងទ័ព​អង្គការ​អូតង់​នឹង​ចូល​ប្រយុទ្ធ​ដោយ​ផ្ទាល់​នៅ​សមរភូមិ​ជាមួយ​នឹង​កងទ័ព​រុស្ស៊ី។ វា​នឹង​ក្លាយជា​ការ​តាំងចិត្ត​មួយ​ដែល​ផុត​ពី​ជំនួយ​យោធា​និង​មនុស្សធម៌​រាប់​ពាន់​លាន​ដុល្លារ​ដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​បញ្ជូន​រួចរាល់​ហើយ​ឱ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​ដើម្បី​ជួយ​កងទ័ព​អ៊ុយក្រែន​នៅ​ក្នុង​ការ​ការពារ​ប្រទេស​របស់​ខ្លួន៕


ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។