សហភាព​អឺរ៉ុប​សន្យា​ផ្តល់​វ៉ាក់សាំង​កូវីដ​១៩​ចំនួន​២០០​លាន​ដូស​​ដល់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប

ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen ថ្លែង​សុន្ទរកថា​នៅ​សភា​អឺរ៉ុប​នៅ​ទីក្រុងStrasbourg ប្រទេស​បារាំង កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (Reuters/Yves Herman/Pool)

សហភាព​អឺរ៉ុបបាន​សន្យា​ថា ខ្លួន​នឹង​ផ្តល់​វ៉ាក់សាំង​កូវីដ​១៩ចំនួន​២០០​លាន​ដូស​ដល់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​នៅ​ត្រឹមពាក់​កណ្តាល​ឆ្នាំ​ក្រោយ។

ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​ធ្វើ​ការ​សន្យា​យ៉ាង​ដូច​នេះ​កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ក្នុង​ទីក្រុង Strasbourg ប្រទេស​បារាំង​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​ស្រី​នៅ​មុខ​សភា​សហភាព​អឺរ៉ុប។ លោក​ស្រី​បន្តថា វ៉ាក់សាំង​កូវីដ១៩ ចំនួន​២០០​លាន​ដូសដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​បរិច្ចាគនេះ​គឺ​ជា​ចំនួន​បន្ថែម​ទៅ​លើ​វ៉ាក់សាំង​ចំនួន​២៥០​លាន​ដូស​ ដែល​សហភាព​អឺរ៉ុប​បាន​សន្យា​រួច​ហើយ​កាល​ពី​លើក​មុន។ លោក​ស្រីបាន​ពណ៌នាពី​ការ​ផ្តល់​ជំនួយ​វ៉ាក់សាំងនោះ​ថា «ជាការវិនិយោគ​មួយ​នៅ​ក្នុង​ចំណង​សាមគ្គីភាព​និង​ជា​ការវិនិយោគសម្រាប់​សុខភាព​ជា​សាកល»។

លោក​ស្រី von der Leyen លើក​ឡើង​ថា «ទំហំ​នៃ​ភាព​អយុត្តិធម៌​និង​កម្រិត​នៃ​តម្រូវ​ការ​ជា​បន្ទាន់ មាន​ភាព​ច្បាស់​លាស់​ណាស់» ដោយ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​ចាក់​វ៉ាក់សាំង​តិច​ជាង​១%នៃ​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ចាក់​សរុប​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក។

ទន្ទឹមនឹង​នេះ​ដែរ មន្ត្រី​កង​ទ័ព​អាមេរិក​បានដាក់​ចេញ​នូវ​បទ​បញ្ជា​មួយ​ដល់​បុគ្គលិក​កង​កម្លាំងអាមេរិក​ទាំង​អស់​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩។ មន្ត្រី​យោធា​អាមេរិក​និយាយ​ថា ទាហាន​សកម្មអាមេរិក​ទាំង​អស់​ ត្រូវ​គេ​រំពឹង​ថានឹង​ចាក់​វ៉ាក់សាំង​ជំងឺកូវីដ​១៩គ្រប់​ដូស​នៅ​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ខាង​មុខ​នេះ​ ហើយ​កាល​បរិច្ឆេទមួយ​ត្រូវ​បាន​ដាក់​ចេញ​សម្រាប់​កង​កម្លាំង​ឆ្មាំ​ការពារ​ជាតិ​និងកង​កម្លាំងបម្រុងទាំង​អស់​ដើម្បី​ចាក់ឲ្យ​រួច​រាល់​នៅ​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២​ខាង​មុខ។

សេចក្តីថ្លែងការណ៍បាន​បញ្ជាក់​ថា កងទ័ព​ដែល​បដិសេធ​ពុំ​ចាក់​វ៉ាក់សាំង«នឹង​ត្រូវ​ពិគ្រោះ​ដោយ​បញ្ជាការដ្ឋាន​និង​ក្រុម​គ្រូពេទ្យ​របស់​ពួកគេ» ក៏ប៉ុន្តែបាន​ព្រមាន​ថា ប្រសិនបើពួក​គេបន្ត​បដិសេធ​ហើយ​មិន​បាន​ទទួល​ការលើកលែង​ពី​ការចាក់​វ៉ាក់សាំង​ទេ ពួកគេនឹង​ត្រូវ​ផ្អាក​ពី​ការងារ​របស់​ខ្លួន​ឬ​ថែម​ទាំង​បណ្តេញ​ចេញ​ពីការងារ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មានAP Reuters និង AFP