ប្រទេស​បារាំង​ចាប់​ផ្តើម​បោះ​ឆ្នោត​ប្រធានា​ធិបតី​នៅឯនាយ​សមុទ្រ ​ដោយ​សន្តិសុខ​មានការ​រឹតបន្តឹង​

បុរស​ម្នាក់កំពុង​រៀបចំ​បន្ទប់​ស្ថានីយ​បោះឆ្នោត​ក្នុង​ទីក្រុង​ Lyon ភាគកណ្តាល​ប្រទេស​បារាំង​កាល​ពី​ថ្ងៃទី​២២ មេសា​ ២០១៧។

​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP រាយការណ៍​ថា ស្ថានីយ​បោះ​ឆ្នោត​បាន​បើក​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ឯ​ដែន​ដី​នាយ​សមុទ្រ​ឆ្ងាយ​ៗ​របស់​បារាំង​សម្រាប់​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ដែល​មិន​អាច​ព្យាករណ៍​បាន​នៅពេល​ដែលបេក្ខជន​ចំនួន​១១​រូប​នៅ​ក្នុង​ការ​ប្រកួត​ប្រ ជែងប្រតិបត្តិ​ទៅ​តាម​ការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត។

ដោយ​ការ​បោះឆ្នោតចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ប្រទេស​ដីគោក ​រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​ប៉ូលិស​និង​ពួក​ហ្សង់​ដាម៥ម៉ឺននាក់​ដើម្បីការ​ពារ​ស្ថានីយ​បោះ​ឆ្នោត​៧ម៉ឺន​កន្លែង ​ដោយការ​បន្ថែម​ទាហាន៧ពាន់​នាក់​ទៀត​សម្រាប់​ធ្វើ​ការយាម​ល្បាត។

ការ​គ្មាន​ការងារ​ធ្វើចំនួន​១០​ភាគរយ​របស់​បារាំង​ហើយ​នឹង​សេដ្ឋ​កិច្ច​មិនសូវ​រីក​ចម្រើន​របស់​ខ្លួន​បាន​ក្លាយ​ជាការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​របស់​ពួក​អ្នក​បោះឆ្នោត​នៅពេល​ដែល​ការបោះឆ្នោត​ជុំ​ទី​១​ធ្វើ​ឡើង​នៅ​ចុងសប្តាហ៍​នេះ។

ការ​ស្ទង់​មតិ​បង្ហាញ​ថា ​ការ​បោះឆ្នោត​នេះ​មាន​ការ​ប្រកៀក​គ្នា​ក្នុង​ចំណោម​អ្នក​ប្រ​កួត​ប្រជែង​៤​នាក់​ដើម្បី​ឲ្យ​បាន​ទៅ​ដល់​ការ​បោះ​ឆ្នោតប្រធានា​ធិបតីជុំ​ទី​២ ​នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា​ ដែល​នឹង​សម្រេច​ថា​តើ​នរណា​នឹង​ក្លាយ​ជា​មេដឹកនាំ​ថ្មី​របស់​ប្រទេស​បារាំង​។

ក៏ប៉ុន្តែ ​ការ​ស្ទង់​មតិ​ក៏​បាន​បង្ហាញ​ដែរថា ​ការ​សម្រេច​នេះ​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​អ្នក​បោះ​ឆ្នោត​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​មិនទាន់​សម្រេច​ចិត្ត។

ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ទៅលើ​ប៉ូលិស​កាល​ពី​យប់ថ្ងៃព្រហស្បតិ៍​នៅ​មហាវិថី​ Champs-Elysees ​ដ៏​ល្បីល្បាញ​ធ្វើ​ឲ្យ​ស្មុគ្រ​ស្មាញ​ដល់​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ប្រធានា​ធិបតី​នេះ។ សន្តិសុខ​ជាបញ្ហាដ៏​សំខាន់​មួយ​បន្ទាប់​ពីការ​វាយ​ប្រហារ​ដ៏​ខ្លាំង​របស់​ពួក​ជ្រុល​និយម​នៅលើ​ទឹក​ដី​បារាំង ​រួមទាំង​ខ្មាន់​កាំភ្លើងម្នាក់​ដែល​បាន​សម្លាប់​មន្រ្តី​ប៉ូលិស​ក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុនពេល​ជន​នោះ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ។ ខ្មាន់​កាំភ្លើង​នោះ ​បានបន្សល់​ទុក​លិខិត​មួយ​ច្បាប់​ដែល​សរសើរ​ក្រុម​រដ្ឋ​ឥស្លាម៕