គណៈ​ប្រតិភូ​​សហភាព​អឺរ៉ុប​ជួប​មន្ត្រី​ខ្មែរ​ពិភាក្សា​វិបត្តិ​ស្ករ​លោហិត

​លោក​ការ៉ែល ​ឌឺហ្គោច ​(Karel De Gucht) ​​ស្នង​ការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប ពិភាក្សាជាមួយ​លោក​ស៊ុន ចាន់ថុល ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​កម្ពុជា​។

គណៈ​ប្រតិភូសហភាព​អឺរ៉ុប​ទទួល​បន្ទុកផ្នែក​ពាណិជ្ជ​កម្ម​មួយ​ក្រុម​ នៅ​ថ្ងៃ​អង្គារ​នេះ​ បានចាប់​ផ្តើម​ពិភាក្សា​ជា​មួយ​រដ្ឋា​ភិបាល​កម្ពុជា​អំពី​ការ​នាំ​ចេញ​ស្ករ​អំពៅ​ដែល​ពោរ​ពេញ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ អំពី​ការ​រំលោភ​ដី​ធ្លី និង​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ។​ ​នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​កម្ពុជា​និង​សមាជិក​នៃ​គណៈប្រតិភូ។​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​មួយ​ថ្ងៃ​នេះ​ គណៈ​ប្រតិភូ​សហភាព​អឺរ៉ុបដែល​មាន​សមាស​ភាព​ចំនួន​៧​រូប ​ដឹក​នាំ​ដោយ​លោក​ការ៉ែល ​ឌឺហ្គោច ​(Karel De Gucht) ស្នង​ការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​ បាន​ជួប​ជាមួយ​លោក​អង្គ វង្សវឌ្ឍនា ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ លោក​ស៊ុន ចាន់ថុល ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ជួប​ជាមួយ​លោក​សុខ អាន ​រដ្ឋ​មន្ត្រី​ប្រចាំទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី។​

លោក​កែន រដ្ឋា ​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​ បាន​ប្រាប់​អ្នក​កាសែត​ ក្រោយ​ពី​ជំនួបនៅ​រសៀល​ថ្ងៃ​នេះ​ថា​ ​ប្រតិភូ​បាន​សម្តែងកង្វល់​មួយ​ចំនួន​លើ​បញ្ហា​ខាងលើ​នេះ។​

«មាន​បញ្ហា​រឿង​ស្ករ ​ករណី​រំលោភ​ដីធ្លី​ និង​បញ្ហា​រោងចក្រ​ដែល​ពាក់​ព័ន្ធនឹង​បាតុកម្ម​ហិង្សា​កន្លង​មក។​ តែ​យើង​បាន​បញ្ជាក់​ពី​ជំហរ​របស់​រដ្ឋា​ភិបាល​យើង។​ឯកឧត្តម​បាន​គូស​បញ្ជាក់​អំពី​ឆន្ទៈ​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ ដែល​យើង​បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នេះ។​ គាត់​គ្រាន់​តែចង់​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​ដែល​មាន​ការ​លើក​ឡើង​ពី​សភា​អឺរ៉ុប​ ដែល​ពាក់​ព័ន្ធ​បញ្ហា​នេះ។​ តែ​គាត់​មិន​បាន​និយា​យ​ឲ្យ​ចំ​ថា ​បញ្ហានេះ​យ៉ាងម៉េច​នោះ​ទេ»។​

លោក ​De Gucht ​មិន​ផ្តល់​សេចក្តី​អត្ថា​ធិប្បាយ​ណាមួយ​ទេ​នៅ​ពេល​ដែល​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​ បា​ន​ព្យាយាម​សាក​សួរ​លោក​ក្រោយ​ពី​ជំនួប​នោះ។​

ប៉ុន្តែ​មុន​ជំនួប​ចាប់​ផ្តើម ​សមាជិក​មួយ​រូប​នៃ​គណៈ​ប្រតិភូ​បាន​ប្រាប់​វីអូអេ​សំឡេងសហរដ្ឋ​អាមេរិកថា​ កិច្ច​ពិភាក្សា​នឹង​ផ្តោត​លើ​ទំនាស់​ដីធ្លី ​ចំណោទ​នៃ​ការ​នាំ​ចេញ​ស្ករ​អំពៅ​ពី​ប្រទេស​កម្ពុជា​ និង​ការ​នាំ​កង់​ចេញ​ជាដើម។​

ប្រទេស​កម្ពុជា​បាន​ទទួល​ការ​អនុគ្រោះ​ជាច្រើន​សម្រាប់​ការ​នាំ​ផលិត​ផល​កសិកម្ម​ និង​ឧស្សាហកម្ម​ទៅ​កាន់​សហភាព​អឺរ៉ុប​ ដែល​មាន​ចំនួន​២៨​ប្រទេស។ ប៉ុន្តែ​ទំនាស់ដី​ធ្លី​យ៉ាង​រ៉ាំរ៉ៃ​ និង​ហិង្សា​នៅ​កម្ពុជា​និង​ទំនាស់ដី​ធ្លី​ជុំវិញ​ដំណាំ​អំពៅសម្រាប់​ផលិត​ស្ករ​ហើយ​នាំ​ស្ករ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​នោះ​ បាន​ធ្វើ​ឲ្យ​សភា​អឺរ៉ុប​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​កម្ពុជា​ដោះស្រាយ​បញ្ហា​នេះ។​

កាល​ពីសប្តាហ៍​មុន​ វិបត្តិ​ដីធ្លី​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹងដំណាំ​អំពៅ​ដ៏​ចម្រូង​ចម្រាស​ក្នុង​ខេត្ត​កោះកុង​នោះ​ បាន​ក្លាយ​ជា​របៀប​វារៈ​សំខាន់​មួយ​ក្នុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​ភាគី​កម្ពុជា​ និង​សហភាព​អឺរ៉ុប​នៅ​ទីក្រុង ​Brussels ​ប្រទេស​ប៊ែលហ្ស៊ិក។​

នៅ​ឆ្នាំ​២០០៦ មាន​ពលរដ្ឋ​ក្រី​ក្រ​រាប់រយ​គ្រួសារ​ក្នុង​ខេត្ត​នេះ ​ត្រូវ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ពួកគេ​ដើម្បី​យក​ដី​ដាំ​អំពៅ​របស់​ក្រុម​ហ៊ុន​មួយ​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ​ប្រជា​ពលរដ្ឋ​ទាំង​នេះ​មិន​ទទួល​បាន​សំណងសមរម្យ​ទេ។​

នៅ​ខែ​មករា​ឆ្នាំ​២០១៤ ​សភា​អឺរ៉ុប​បាន​ទទូច​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ធ្វើ​ការ​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ដែល​បណ្តាល​មក​ពី​ការ​អនុគ្រោះ​ពន្ធគយ​របស់​ខ្លួន។
សហគមន៍​អឺរ៉ុប​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ ដែល​មាន​តម្លៃ​ប្រមាណ​៣,៣​ពាន់​លាន​ដុល្លារ​អាមេរិក ​នៅ​ឆ្នាំ​២០១៣។ ​ហើយ​ទំនិញ​នាំ​ចេញ​ភាគ​ច្រើន​ជា​សម្លៀក​បំពាក់ ​ស្បែក​ជើង ​កង់ ​អង្ករ ​និង​ស្ករ​ស។ ​ដោយ​ឡែកសហគមន៍អឺរ៉ុប​ដែល​មាន​២៨​ប្រទេស​ជា​សមាជិក ​ក៏​ជា​ប្លុក​ដែល​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ច្រើន​ជាង​គេ​ផង​ដែរ ​ដោយ​មាន​ទំហំ​ទឹក​ប្រាក់​២១០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១២។​

សូម​បញ្ជាក់​ថា​ ដំណើរ​ទស្ស​នកិច្ច​របស់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ផ្នែក​ពាណិជ្ជ​កម្ម​នៅ​ថ្ងៃ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បួន​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ភូមា ​កម្ពុជា ​និង​ប្រទេស​វៀតណាមដែល​ជាសមាជិក​អាស៊ាន៕