សហគមន៍​អឺរ៉ុប​ និង​ជប៉ុន​មាន​ជំនឿ​លើ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត

  • នៅ វណ្ណារិន

គណៈប្រតិភូ​អឺរ៉ុបនិង​ជប៉ុន​​ពិភាក្សា​កំណែ​ទម្រង់​​បោះ​ឆ្នោត​​ជាមួយ​​​មន្ត្រីគ.ជ.ប.​

មន្ត្រី​ជាន់ខ្ពស់​របស់​ស្ថានទូត​សហគមន៍​អឺរ៉ុប​ និង​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​អះអាង​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​នេះថា​ ពួក​គេ​នៅ​បន្តគាំទ្រ​ និង​មាន​ជំនឿ​លើដំណើរ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។​

ប្រតិភូអឺរ៉ុប​និងជប៉ុន​ក្នុងកិច្ចពិភាក្សាជាមួយគ.ជ.ប.​

ការ ​លើក​ឡើង​នេះ​គឺ​ធ្វើ​ឡើង​ក្រោយពីកិច្ច​ប្រជុំ​រួមគ្នា​លើកទី​មួយ​រយៈ​ពេល ​ជិត​២​ម៉ោង​រវាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​ដែល​មាន​ សមាជិកទាំង​៩រូប ​និង​មន្ត្រី​ រួម​ទាំង​ឯក​អគ្គរាជ​ទូត​ជប៉ុន​និង​សហគមន៍​អឺរ៉ុប​ផង​ដែរ។

​បន្ទាប់​ពីកិច្ច​ពិភាក្សា​លើក​ដំបូង​គេ​បង្អស់​រវាង​គ.ជ.ប.ថ្មី​ និង​មន្រ្តី​ជាន់​ខ្ពស់​របស់​ស្ថានទូត​ទាំង​ពីរ ​ លោក​ Jean-Francois​ Cautain​ ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មានថា​ សហគមន៍​អឺរុប​ដែល​មាន​ប្រទេស​ជាង​២០និង​ជប៉ុន​នឹង​បន្ត​រិះរក​មធ្យោបាយ​ ដើម្បី​ជួយ​គាំទ្រ​ក្នុង​ការ​កែ​ទម្រង់​ការបោះ​ឆ្នោត​នៅ​កម្ពុជា។​ ​តែ​គ.ជ.ប.គួរ​តែ​មាន​ឯករាជ្យ​ភាព ​និង​ធ្វើ​ជាម្ចាស់​ក្នុង​ការ​ដឹកនាំ​ការ​កែទម្រង់​នេះ។​

គ.ជ.ប.ក្នុងកិច្ចពិភាក្សាជាមួយ​ប្រតិភូអឺរ៉ុប​និងជប៉ុន​

​«ខ្ញុំ​គិត​ថា​ ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​គឺ​ការ​ធានា​ឱ្យ​បានដំណើរការ​ថ្មី​ និង​នាំ​ឱ្យ​មាន​ការ​បោះឆ្នោត​ដែល​នឹង​ទទួល​ស្គាល់​ដោយ​ពលរដ្ឋ​គ្រប់រូប​នៅ​ ក្នុង​ប្រទេស​នេះ។​ ដូច្នេះ​នេះ​គឺ​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​កត់​សម្គាល់​នូវ​ការ​ប្តេជ្ញា ​ចិត្ត​របស់​ពួក​គេធ្វើ​ការ​ជាមួយ​គ្រប់​ភាគី​ទាំងអស់​ ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើការ​ជាមួយ​នឹង​សង្គម​ស៊ីវិល​ និង​សភា​ជាតិ​ និង​ការ​រីក​ចម្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ។​ ដូច្នេះ​មាន​ការ​វិវត្ត​ជា​វិជ្ជមាន​ជាច្រើន»។​

គណបក្ស​ប្រជាជន​ កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឯកភាព​គ្នា​ធ្វើការ​កែ​ទម្រង់​ការ​បោះឆ្នោត​ នៅ​កម្ពុជា​ ក្រោយ​ពេល​ដែល​គណបក្ស​ជំទាស់​រិះគន់​ភាពមិន​ឯករាជ្យ​ និង​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ឆ្នាំ​២០១៣​កន្លង​មក​នេះ។​

គណៈ ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​មួយ​ ដែល​មាន​សមាជិក​៩រូប ​រួម​មានប្រធាន ​ដែល​ជា​សមាស​ភាព​មក​ពី​គណបក្ស​ប្រជាជន​ និង​អនុប្រធាន​មក​ពី​គណបក្ស​ជំទាស់​ ត្រូវ​បាន​ឯកភាព ​និង​ជ្រើស​តាំង​កាល​ពីចុង​ខែ​មិនា​កន្លង​ទៅ​ ដែល​ជាផ្នែក​មួយ​នៃ​ការ​កែ​ទម្រង់​នេះ។​

លោក​ហង្ស​ ពុទ្ធា​ អតីត​អ្នក​ឃ្លាំ​មើលការ​បោះឆ្នោត​នៅ​កម្ពុជា​ ត្រូវ​បាន​គេ​ជ្រើស​តាំង​ជា​សមាជិក​ឯករាជ្យទី​៩​នៃ​គណៈកម្មាធិការ​នេះ។​

លោក ​ឯកអគ្គ​រដ្ឋទូត ​Jean-Francois​ Cautain​ បាន​បន្ត​ថា ​កិច្ច​ប្រជុំ​នេះ​គ្រាន់​តែ​ជា​ការ​ស្វែង​យល់​អំពី​គណៈកម្មាធិការ​នេះ​ និងពិនិត្យមើល​លើ​ភាព​ជាក់​ស្តែង​ថា​ តើ​សហគមន៍​អឺរ៉ុប ​និង​ប្រទេស​ជប៉ុន​អាច​ជួយ​អ្វី​បាន​ខ្លះ។

ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ឯក​អគ្គរា​ជ​ទូត​ជប៉ុន​ Yuji Kumamaru​ បាន​បន្ថែម​ថា ​កិច្ច​ប្រជុំ​ដំបូង​រវាង​គ.ជ.ប.​ថ្មី​គឺ​មាន​ដំណើរ​ការ​ល្អ​ និង​ជា​កិច្ច​ចាប់​ផ្តើម​ដ៏​ល្អ​មួយ។

លោក​ហង្ស ពុទ្ធា​ ដែល​ត្រូវ​បាន​គេ​បោះឆ្នោត​តែងតាំង​ជា​អ្នក​នាំ​ពាក្យ​ប្រចាំ​គ.ជ.ប.ថ្មី​ នេះ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មានថា​ សហគមន៍​អឺរ៉ុប​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​លើ​ផ្នែក​បោះឆ្នោត​មក​ជួយ​កម្ពុជា​ នា​ខែ​ឧសភា​ខាង​មុខ​នេះ​ ដើម្បី​ជួយ​លើ​ផ្នែក​អប់រំ ​និង​ការ​រៀបចំ​ធ្វើ​បញ្ជី​បោះឆ្នោត​ឡើង​វិញ។​

«សហគមន៍​អឺរ៉ុប​ក៏​បាន ​បង្ហាញ​ថា អ្នក​ជំនាញ​នឹង​មក​ដល់​កម្ពុជា​ដើម្បី​ធ្វើការ​សិក្សា​បន្ថែម​ ហើយជា​លទ្ធផល​នោះ​គឺ​ជប៉ុន​និង​សហគមន៍​អឺរ៉ុប​នឹង​បន្ត​កិច្ច​សហ​ ប្រតិបត្តិ​កា​រជា​មួយ​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​នេះ។​ ហើយ​យើង​នឹង​បង្កើត​នូវ​មនុស្ស​ទំនាក់​ទំនង​ពីរ​លំដាប់​បាទ ​គឺ​លំដាប់​ការ​សម្រេច​ចិត្ត​គឺ​សមាជិក​គ.ជ.ប.និង​បច្ចេកទេស»។​

លោក ​បាន​បន្ថែម​ថា ​មក​ដល់​ពេល​នេះ​ គ.ជ.ប.​ថ្មី​នេះ​កំពុង​តែ​ពិនិត្យ​និង​រៀបចំ​ផែនការ​សកម្មភាព​របស់​ខ្លួន​ និង​ការ​កំណត់​ប្រតិទិន​ថ្មី​ក្នុង​ការ​បោះ​ឆ្នោត​ជាមុន​សិន។​ ​ ហើយ​គ.ជ.ប.មិនទាន់​បាន​កំណត់​ពេលដើម្បី​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ​ឡើង​វិញ​នៅ​ឡើយ​ទេ​នា​ពេល​នេះ៕