សហភាព​អឺរ៉ុប​ឯកភាព​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី​រឿង​ភ្ជាប់​យក​ដែនដី​របស់​អ៊ុយក្រែន

រូបឯកសារ៖ អក្សរ​ «ទណ្ឌកម្ម» ត្រូវ​បាន​ដាក់​នៅ​ពី​មុខ​ទង់​ជាតិសហភាពអឺរ៉ុប និង​រុស្ស៊ី ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រទេស​ឆែក​ដែល​ជា​ប្រធាន​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា សហភាព​អឺរ៉ុប​បាន​យល់ស្រប​គ្នា​អំពី​ការ​ដាក់​ទណ្ឌកម្ម​ជុំ​ថ្មី​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី នៅ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​រុស្ស៊ី​បាន​ដាក់​បញ្ចូល​ជា​ផ្លូវការ​នូវ​តំបន់ ៤ របស់​ប្រទេស​អ៊ុយក្រែន​ជា​ផ្នែក​មួយ​របស់​ប្រទេស​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ឯកអគ្គរដ្ឋទូត​ប្រទេស​ឆែក​ប្រចាំ​សហភាព​អឺរ៉ុប​អ្នកស្រី Edita Hrda បាន​សរសេរ​នៅ​លើ Twitter ថា កញ្ចប់​ទណ្ឌកម្ម​ថ្មី​បំផុត​នេះ ដែល​ជា​ការ​ដាក់​ទណ្ឌកម្ម​លើក​ទី ៨ តាំងពី​ពេល​ដែល​ប្រទេស​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ​មក នៅ​ពេល​នេះ​កំពុង​ឆ្លងកាត់​នីតិវិធី​អនុម័ត​ចុងក្រោយ ដោយ​ប្រសិនបើ​គ្មាន​ការ​ជំទាស់​ណា​មួយ​ទេ វា​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ហើយ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។

អ្នកស្រី Hrda បាន​ថ្លែង​ថា៖ «យើង​បាន​សម្រេច​ការ​ព្រមព្រៀង​គ្នា​ខាង​នយោបាយ​លើ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​មួយ​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី ដែល​នេះ​គឺជា​ការ​ឆ្លើយតប​ខ្លាំងក្លា​មួយ​របស់​សហភាព​អឺរ៉ុប​ចំពោះ​ការ​ភ្ជាប់​យក​ដោយ​ខុស​ច្បាប់​របស់ [ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir] Putin នូវ​ដែនដី [របស់​ប្រទេស​អ៊ុយក្រែន]។

គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​អំពី​សេចក្តី​លម្អិត​នៃ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​នេះ ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​នានា​របស់​សហភាព​អឺរ៉ុប​ដែល​បាន​ពិភាក្សា​គ្នា​អំពី​វិធានការ​ដាក់​ទណ្ឌកម្ម​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​រិះរក​វិធី​ដាក់​កំហិត​តម្លៃ​អតិបរមា​លើ​ប្រេង​ឥន្ធនៈ​របស់​ប្រទេស​រុស្ស៊ី​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ​ទៅ​លក់​នៅ​ទូទាំង​ពិភពលោក។

ពួកគេ​ក៏​កំពុង​ពិនិត្យ​មើល​ផងដែរ​លើ​ការ​ដាក់​ចូល​បន្ថែម​នៅ​ក្នុង​បញ្ជី​ខ្មៅ​នូវ​បុគ្គល​ណា​ដែល​ត្រូវ​បាន​សហភាព​អឺរ៉ុប​ដាក់​បម្រាម​លើ​ការ​ធ្វើ​ដំណើរ​និង​បង្កក​ទ្រព្យសម្បត្តិ សម្រាប់​តួនាទី​របស់​បុគ្គល​ទាំង​នោះ​នៅ​ក្នុង​ការ​គាំទ្រ​ចំពោះ​ការ​ភ្ជាប់​យក​របស់​រុស្ស៊ី​នូវ​ដែនដី​របស់​អ៊ុយក្រែន​នេះ៕