ប្រទេសអេត្យូពីនិងពួកឧទ្ទាមនៅក្នុងតំបន់ Ogadenដែលមានចលាចលបានបញ្ជាក់ថាមានការប្រយុទ្ធគ្នាដ៏ ប្រល័យនៅក្នុងសប្តាហ៍មុននៅក្នុងតំបន់មួយដែលនៅទីនោះក្រុមហ៊ុនចិនមួយកំពុងរុករកប្រេង។លោកPeter Heinleinនៃវីអូអេក្នុងក្រុងAddis Ababaរាយការណ៍អំពីការបកស្រាយពីរនៃព្រឹត្តិការណ៍នេះដែលខុសគ្នាស្រទ្បះ។
សេចក្តីរាយការណ៍ផ្តល់ដោយរដ្ឋាភិបាលអេត្យូពីនិងពួកឧទ្ទាមនៃកងកម្លាំងរំដោះជាតិ Ogaden ដែលហៅកាត់ថា ONLFមិនល្អិតល្អន់ទេ។
ក៏ប៉ុន្តែពួកគេយល់ស្របគ្នាថាការប៉ះទង្គិចគ្នាបានកើតមានមែនកាលពី សប្តាហ៍មុននៅក្នុងតំបន់ សូម៉ាលីនៃប្រទេសអេត្យូពី នៅចន្លោះក្រុង Jijiga និងក្រុង Degehaburឋិតនៅចម្ងាយ១៥០គ.ម.ខាងត្បូង។តំបន់នោះឋិតនៅចម្ងាយប្រមាណ៥០០គ.ម.ខាងកើតក្រុង Addis Ababa ដែលនៅទីនោះក្រុមហ៊ុនចិន Petro Transកំពុងរុករកប្រេង។
សេចក្តីថ្លែងការណ៍មួយរបស់កងកម្លាំង ONLFដែលបានត្រូវទទួលតាម email កាលពីថ្ងៃសុក្របាននិយាយថាទាហាន២៥នាក់មកពីកងពលតូចជាទ័ពស្រួចរបស់កងទ័ពជើងគោកអេត្យូពីបានត្រូវសម្លាប់ ជាមួយយុទ្ធជនឧទ្ទាមមួយចំនួនតូចនៅក្នុងការប្រយុទ្ធគ្នាមួយកាលពីថ្ងៃអង្គារមុន។សេចក្តីថ្លែងការណ៍នេះបាននិយាយថាកងអង្គភាពនៃកងទ័ពជើងគោកបានអមដំណើរក្រុមអ្នករុករកមួយរបស់ក្រុមហ៊ុនPetro Trans ហើយបាន"បណ្តេញក្រុមកសិករពី ដីថ្លី របស់ពួកគេ"ដោយមានលេសថាដីធ្លីទាំងនេះឋិតនៅលើតំបន់មានការរង្គើផែនដី។
Email របស់កងកម្លាំង ONLFបានចោទប្រកាន់ថាពួកកម្មករចិនបាននៅលាយទ្បំជាមួយកងទ័ពដោយស្លៀកពាក់ឯកសណ្ឋានកងទ័ព ដែលនាំឱ្យមានគ្រោះថ្នាក់ដល់សិទ្ធិរបស់ពួកគេជាជនស៊ីវិលគ្មានអាវុធដែលមានចែងនៅក្នុងអនុសញ្ញាក្រុងGeneve។
លោក Shimeles Kemal អ្នកនាំពាក្យរបស់រដ្ឋាភិបាលអេត្យូពីបានចំអកឱ្យការអះអាងរបស់កងកម្លាំងONLF។នៅក្នុងសេចក្តីសម្ភាសន៍មួយតាមទូរសព្ទ លាកបាននិយាយថាពួកឧទ្ទាមបានវាយប្រហារអ្វីដែលលោកបានហៅថា"ទីដៅស៊ីវិល"ក៏ប៉ុន្តែបានត្រូវរុញច្រានដោយកងជីវពលក្នុងមូលដ្ឋានហើយរងគ្រោះយ៉ាងធ្ងន់ធ្ងរ។
«នេះជាការកុហកជាធម្មតា នេះជាការប្រឌិតជាធម្មតាដោយម៉ាស៊ីនឃោសនា របស់ ONLF។គ្មានការវាយប្រហារប្រឆាំងនឹងពួកទាហានអេត្យូពីដែលបានត្រូវចោទប្រកាន់ ថាអមដំណើរពួកអ្នកធ្វើការឱ្យក្រុមហ៊ុនរុករកប្រេងចិនទេ។អ្វីដែលបានកើតមាន ទ្បើងនោះគឺថាពួកឧទ្ទាម ONLFមួយក្រុមបានខិតខំព្យាយាមបើកការវាយប្រហារមួយប្រឆាំងនឹងទីដៅស៊ីវិល។ពួកជីវពលក្នុងមូលដ្ឋានបានស្ទាក់វាយប្រហារហើយបានបង្អាក់ការវាយប្រហាររបស់ពួកឧទ្ទាម ដែលនាំឱ្យពួកសមាជិកONLF១១នាក់ស្លាប់។»
លោក Shimeles បានបញ្ជាក់ថាការរុករកប្រេងកំពុងមានការជឿនលឿននៅក្នុងតំបន់នោះ ក៏ប៉ុន្តែលោកបានបដិសេធថាគ្មានការវាយប្រហារលើពួកកម្មករប្រេងឬកន្លែងរបស់ពួកគេទេ។
ប្រែសម្រួលដោយ ឈឹម សុមេធ
_______________________________________________________________-