ក្នុងកិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធនឹងការរីករាលដាលមេរោគ អេជអាយវី (HIV) ប្រទេសកេនយ៉ាកំពុងពិចារណាអំពីការធ្វើតេស្តឈាមរកមេរោគអេជអាយវីដោយបង្ខំ។ កម្មវិធីនេះធ្វើឡើងសំដៅលើកកម្ពស់ការយល់ដឹងរបស់បុគ្គលម្នាក់ៗ ប៉ុន្តែក៏បានលើកឡើងអំពីបញ្ហាក្រមសីលធម៌ដែរ។
ក្រុមប្រឹក្សាគ្រប់គ្រងជម្ងឺអេដស៍ជាតិរបស់កេនយ៉ា (National Aids Control Council) និងកម្មវិធីគ្រប់គ្រង STI ឬហៅកាត់ថា Nascop អាចងាកទៅរកការធ្វើតេស្តរកមេរោគអេជអាយវីដោយបង្ខំ នៅតាមបណ្ឌលសុខភាពរបស់កេនយ៉ា ដើម្បីទប់ស្កាត់កំណើននៃការចម្លងមេរោគ អេជអាយវី នៅក្នុងប្រទេសអាហ្វ្រិកខាងកើតមួយនេះ។
ប្រជាពលរដ្ឋកេនយ៉ា ប្រហែល១លាន៥សែននាក់ត្រូវបានប៉ាន់ស្មានថាបានផ្ទុកមេរោគអេជអាយវី ឬស្មើនឹងប្រហែល៦.៣ភាគរយនៃក្រុមមនុស្សពេញវ័យ។ អត្រារីករាលដាលនៃមេរោគអេជអាយវី នៅកេនយ៉ា គឺមានតែប្រទេសអាហ្វ្រិកខាងត្បូង(South Africa) និងនីហ្សីរីយ៉ា(Nigeria) ទេ ដែលមានពលរដ្ឋផ្ទុកមេរោគអេជអាយវីច្រើនជាង នៅក្នុងអនុតំបន់វាលខ្សាច់សាហារ៉ា (Saharan) របស់ទ្វីបអាហ្វ្រិក។
ខណៈដែលប្រទេសនេះបានទទួលជោគជ័យមួយចំនួនក្នុងការកាត់បន្ថយអត្រាចម្លងរោគ ក្នុងទសវត្សរ៍កន្លងទៅ តាមការប៉ាន់ស្មានថា មានតែប្រហែល៦០ភាគរយនៃពលរដ្ឋកេនយ៉ាប៉ុណ្ណោះ ដែលត្រូវបានធ្វើតេស្តរកមេរោគអេជអាយវី។ Nascop សង្ឃឹមថានឹងតម្រូវឲ្យពលរដ្ឋដល់ទៅជាង៨០ភាគរយ បានធ្វើតេស្តឈាមនៅត្រឹមឆ្នាំ២០១៣ ហើយកំពុងពិចារណាវិធីសាស្ត្រថ្មីដើម្បីឲ្យបានសម្រេចគោលដៅនោះ។
កាលពីដើមសប្តាហ៍នេះ កាសែត Daily Nation របស់កេនយ៉ា បានរាយការណ៍ថា ប្រទេសនេះអាចប្រកាន់យកទម្រង់ការថ្មីនៅតាមមន្ទីរពេទ្យ ដែលតម្រូវឲ្យធ្វើតេស្តរកមេរោគអេជអាយវី ទៅលើក្រុមយុវជន ដែលស្វែងរកការព្យាបាលជម្ងឺផ្សេងៗ មានដូចជាជម្ងឺគ្រុនចាញ់ជាដើម។ ទម្រង់ការដូចគ្នានេះដែរ នឹងតម្រូវឲ្យធ្វើតេស្តឈាមទៅលើកុមារដែលស្វែងរកការព្យាបាលខាងវេជ្ជសាស្ត្រណាមួយក៏ដោយ។
ការធ្វើតេស្តរកមេរោគអេជអាយវីដោយបង្ខំ ត្រូវបានចាត់ទុកជាទូទៅដោយអង្គការការពារសិទ្ធិមនុស្ស ថាជាការរំលោភលើសិទ្ធិមនុស្ស។ ក្រុមគាំពារសិទ្ធិទាំងនោះអះអាងថា ការធ្វើតេស្តឈាមដោយបង្ខំ គឺជាការរំលោភរឿងផ្ទាល់ខ្លួន និងការបង្កើតឲ្យមានការរើសអើងជាចំហរតែម្តង។ លោក ម៉ាទីន វូឌ (Martin Wood) អ្នកនាំពាក្យរបស់អង្គការអេជអាយវីរបស់ប្រទេសអង់គ្លេស ឈ្មោះ Avert ថ្លែងថា ការជំរុញឲ្យមានការធ្វើតេស្តដោយបង្ខំនៅកេនយ៉ាមានលក្ខណៈគួរឲ្យស្ងើចសរសើរ ប៉ុន្តែនាំទៅរកផ្លូវខុសទៅវិញទេ ហើយនៅទីបញ្ចប់ អាចធ្វើឈឺចាប់ដល់អ្នកជម្ងឺ។
«ប្រសិនបើពួកគេស្ថិតនៅក្នុងស្ថានភាពមួយដែលជាការបង្ខំឲ្យពួកគេធ្វើតេស្តរកមេរោគអេជអាយវី ខណៈពេលដែលពួកគេស្វែងរកការព្យាបាលខាងវេជ្ជសាស្ត្រ នោះអ្នកស្ថិតនៅក្នុងស្ថានភាពមួយដែលមនុស្សពិតជាមិនទៅស្វែងរកការព្យាបាលបែបនោះឡើយ ដោយសារតែពួកគេបារម្ភចំពោះការលាតត្រដាងអំពីការផ្ទុកមេរោគអេជអាយវី»។
បញ្ហានៃស្នាមទុយស៌ខាងសង្គម អាចលើកឡើងពីការព្រួយបារម្ភចំពោះផែនការធ្វើតេស្តឈាម នៅប្រទេសកេនយ៉ា ដូចដែលបានរាយការណ៍នោះដែរ។
កាលពីមុនៗ ប្រទេសកេនយ៉ាបានព្យាយាមបង្កើនការធ្វើតេស្តរកមេរោគអេជអាយវី តាមរយៈកម្មវិធីផ្តល់ការប្រឹក្សានិងតេស្តឈាម ដោយស្ម័គ្រចិត្ត ឬហៅកាត់ថា VCT។ មជ្ឈមណ្ឌល VCT ត្រូវបានបើកដំណើរការនៅទូទាំងប្រទេសនេះ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋកេនយ៉ានូវទីតាំងសុវត្ថិភាពសម្រាប់ការធ្វើតេស្តឈាម ប៉ុន្តែក្រុមអ្នកជំនាញ មានដូចជា វេជ្ជបណ្ឌិត ភីតធើ ជើរុធិច (Peter Cherutich) នាយកនៃអង្គការ Nascop បាននិយាយថា គ្រោះថ្នាក់នៃការអាចចាត់ទុកថាជាអ្នកចូលចិត្តរួមភេទជាមួយដៃគូច្រើន បានរារាំងស្ត្រីជាច្រើនមិនឲ្យទទួលយកសេវាកម្មទាំងនោះទេ។
ខណៈដែលកម្រិតនៃការអប់រំនៅក្នុងប្រទេសបានកើនឡើង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លទ្ធផលតេស្តឈាមវិជ្ជមានអាចគំរាមកំហែងដល់ឋានៈក្នុងសង្គម ឬការងាររបស់មនុស្សម្នាក់នោះ ប្រសិនបើលទ្ធផលត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ហើយបើយោងតាម លោក អាស៊ុនតា វ៉ាហ្គូរ៉ា (Asunta Wagura) នាយកប្រតិបត្តិនៃបណ្តាញស្ត្រីកេនយ៉ាផ្ទុកជម្ងឺអេដស៍ (Kenya Network of Women with AIDS) សហគមន៍ជាច្រើននៅកេនយ៉ានៅតែភ្ជាប់លទ្ធផលតេស្តឈាមវិជ្ជមានទៅនឹងការព្រួយបារម្ភនិងការយល់ខុស។
«ឥឡូវនេះ វាមិនអាក្រក់ដូចធ្លាប់មានពីមុនមកទេ។ អ្វីៗមានភាពប្រសើរឡើងហើយ។ ប៉ុន្តែនៅពេលមនុស្សម្នាក់ត្រូវបានរកឃើញថាមានផ្ទុកមេរោគអេជអាយវី អ្នកនៅទទួលបានស្នាមទុយស៌ និងការរើសអើងខ្លះនៅឡើយ។ ឥឡូវនេះ ខ្ញុំកំពុងឆ្ងល់ថានៅពេលមនុស្សម្នាក់មកព្យាបាលជម្ងឺគ្រុនចាញ់ ហើយអ្នកនោះត្រូវបានធ្វើតេស្តរកមេរោគអេជអាយវីដែរ តើយើងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហានោះដែរឬអត់។ ករណីជាច្រើនអាចងាកទៅរកការធ្វើអត្តឃាដជាមិនខាន»។
លោក វ៉ាហ្គូរ៉ា ក៏បានប្រាប់វីអូអេដែរថា កម្មវិធីនេះគួរភ្ជាប់ជាមួយការផ្តល់ការពិគ្រោះយោបល់ក្រោយការធ្វើតេស្តឈាមដល់អ្នកដែលទទួលបានលទ្ធផលវិជ្ជមានសម្រាប់មេរោគ ដែលបង្កទៅជាជម្ងឺអេដស៍ ដែលគ្មានថ្នាំព្យាបាលនេះ។ ប្រធានរបស់ KENWA អំពាវនាវដល់រដ្ឋាភិបាលឲ្យផ្តល់ឱកាសច្រើនថែមទៀតសម្រាប់សេវាព្យាបាលជម្ងឺ ដល់ពលរដ្ឋកេនយ៉ា ដែលផ្ទុកមេរោគអេជអាយវី និងជម្ងឺអេដស៍។
ប៉ុន្តែ សម្រាប់ពេលឥឡូវនេះ ការព្រួយបារម្ភចំពោះការធ្វើតេស្តឈាមដោយបង្ខំនៅកេនយ៉ា ហាក់ដូចជាឆាប់រហ័សពេក។ បច្ចុប្បន្ន ច្បាប់របស់ប្រទេសនេះហាមឃាត់ការអនុវត្តន៍បែបនោះ។ វេជ្ជបណ្ឌិត អាន់ឌ្រូ ស៊ូឡេះ (Andrew Suleh) ជាប្រធានសមាគមវេជ្ជសាស្ត្ររបស់កេនយ៉ា (Kenya Medical Association) និងជាសមាជិកនៃគណៈកម្មាធិការគោលនយោបាយផ្សេងៗសម្រាប់ Nascop។ លោក ស៊ូឡេះ មានប្រសាសន៍ថា ច្បាប់ស្តីពីការការពារនិងគ្រប់គ្រងមេរោគអេជអាយវីនិងជម្ងឺអេដស៍ របស់កេនយ៉ា (Kenya's HIV and AIDS Prevention and Control Act) ត្រូវតែធ្វើវិសោធនកម្ម ដើម្បីអនុញ្ញាតឲ្យមានការធ្វើតេស្តដោយបង្ខំ។ ហើយ Nascop ប្រហែលមិនគ្រាន់តែពិនិត្យមើលការធ្វើតេស្តដោយបង្ខំប៉ុណ្ណោះទេ។
«ប្រសិនបើមាននរណាម្នាក់មានជម្ងឺគ្រុនចាញ់ ហេតុអ្វីបានជាអ្នកបដិសេធមិនព្រមព្យាបាលជម្ងឺគ្រុនចាញ់ ដោយសារតែអ្នកមិនបានធ្វើតេស្តឈាមរកមេរោគអេជអាយវី។ គឺវាគ្មានន័យទាល់តែសោះ»។
តែទោះយ៉ាងណា ប្រធានរូបនេះ បាននិយាយថា គោលដៅដ៏សំខាន់បំផុតសម្រាប់ប្រទេសកេនយ៉ា គឺត្រូវជំរុញឲ្យមានការធ្វើតេស្តឈាមឲ្យបានឆាប់រហ័សទៅលើពលរដ្ឋរបស់ខ្លួន។ ជាជាងរង់ចាំឲ្យមនុស្សណាម្នាក់ធ្វើតេស្តឈាមដោយស្ម័គ្រចិត្ត នៅពេលដែលអ្នកទាំងនោះធ្លាក់ខ្លួនឈឺ Nascop សង្ឃឹមថានឹងរកឃើញការចម្លងរោគថ្មីឲ្យបានភ្លាមៗ ដើម្បីកម្រិតការរីករាលដាលមេរោគអេជអាយវី។
លោកស៊ូឡេះ បានឲ្យដឹងទៀតថា ចំណុចចាប់ផ្តើមសម្រាប់វិធីសាស្ត្រថ្មីរបស់កេនយ៉ា ទំនងជានឹងអនុញ្ញាតឲ្យអ្នកជម្ងឺជ្រើសរើសយកការមិនធ្វើតេស្ត ដែលនឹងត្រូវផ្តល់ជូនក្នុងពេលមានការព្យាបាលជម្ងឺធម្មតា។ ការធ្វើតេស្តឈាមនឹងត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងក្លា ក្នុងអំឡុងពេលព្យាបាលជម្ងឺគ្រុនចាញ់ និងជម្ងឺដទៃទៀត ប៉ុន្តែនឹងមិនមានលក្ខណៈបង្ខំយ៉ាងតឹងរ៉ឹងនោះឡើយ។ ប៉ុន្តែវិធីសាស្រ្តថ្មីណាមួយត្រូវតែមានភាពសមស្របជាមួយច្បាប់របស់កេនយ៉ា។ លោក ស៊ូឡេះ សម្តែងនូវការសង្ស័យថា កិច្ចការនេះនឹងកើតឡើងបាននៅក្នុងរយៈពេលពីរបីខែក្រោយនេះ។ ដរាបណាបញ្ហាផ្លូវច្បាប់ត្រូវបានដោះស្រាយ ការប្រយុទ្ធនឹងមេរោគអេជអាយវីរបស់កេនយ៉ា នឹងនៅតែផ្អែកលើមូលដ្ឋានស្ម័គ្រចិត្តជាដដែល៕
ប្រែសម្រួលដោយ លី សុខឃាង