ក្រុម​ប្រេសិត៖ លោក​ Trump ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រក្សា​ទំនាក់ទំនង​រឹងមាំ​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង

កង​ម៉ារីន​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​ឈរ​ក្នុង​ផ្សែង​ក្នុង​អំឡុង​ពេល​ពិធី​រំឮក​ពី​ប្រតិបត្តិការ​ឡើងលើ​គោក​លើក​ទី ៦៦ នៅ​ទីក្រុង Incheon ប្រទេស​កូរ៉ែ​ខាង​ត្បូង កាលពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ២០១៦។

​គោល​នយោបាយ​មិន​ច្បាស់​លាល់​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump ដែល​ទើប​តែ​ប្រឡូក​ចូល​ក្នុង​ឆាក​នយោបាយ​ថ្មីថ្មោង​ទៅ​លើ​កូរ៉េ​ខាងជើង​​បាន​ធ្វើ​អោយ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​មិន​ស្រួល​ក្នុង​ចិត្ត​។

នៅ​សល់​ពេល​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ​ លោក​ ដូណាល់ ​ត្រាំ ​នឹង​ត្រូវ​ស្បថចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​លោក​នៅ​តែ​រក្សា​ភាព​ស្ងាត់​ស្ងៀម​អំពី​ផែនការ​របស់​លោក​សម្រាប់​ប្រទេស​កូរ៉េ​ខាងជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ។ មនុស្ស​ជាច្រើន​ជឿ​ថា​ កូរ៉េ​ខាង​ជើង​គឺ​ជា​ការ​គំរាម​កំហែង​សន្ដិសុខ​ដ៏សំខាន់​បំផុត​មួយ​ដែល​សហរដ្ឋ​អាមេរិកកំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ។

ខណៈពេល​ដែល​គោល​នយោបាយ​មិន​ច្បាស់​លាល់​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump ដែល​ទើប​តែ​ប្រឡូក​ចូល​ក្នុង​ឆាក​នយោបាយ​ថ្មីថ្មោង​ទៅ​លើ​កូរ៉េ​ខាងជើងបាន​ធ្វើ​អោយ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​មិន​ស្រួល​ក្នុង​ចិត្ត​នោះ​ គោល​នយោបាយការ​បរទេស​ដោយ​ដាក់​ «អាមេរិក​ទីមួយ»​របស់​លោក​ ដែល​បាន​ស្នើ​ឡើង​នៅ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ ​កំពុង​បង្អាក់​សម្ព័ន្ធភាព​យោធា​ និង​កិច្ច​ព្រមព្រៀង​នានា​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។

ក្នុង​ចំណោម​កិច្ច​ព្រមព្រៀង​ទាំង​នោះ​គឺ​មាន​ របៀប​ចែក​រំលែក​បន្ទុក​ហិរញ្ញវត្ថុក្នុង​ការ​រក្សា​ទុក​កងទ័ព​អាមេរិក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល ឬ​ហៅ​កាត់​ថា THAADដែល​ជា​ប្រព័ន្ធ​ការពារ​ប្រឆាំង​មីស៊ីល​កម្រិត​ខ្ពស់​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​ប្រគល់​ការ​គ្រប់គ្រង​កង​កម្លាំង​ប្រតិបត្តិការ​របស់​កូរ៉េ​ខាងត្បូង​កាល​ពី​សម័យ​សង្គ្រាម​ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ចាប់​តាំង​ពី​សង្គ្រាម​កូរ៉េ​ពី​ចន្លោះ​ឆ្នាំ ​១៩៥០­ ដល់​ឆ្នាំ​១៩៥៣។

ទោះ​បី​ជា​មាន​ភាព​មិន​ប្រាកដ​ប្រជាជុំវិញ​សម្ព័ន្ធភាព​រវាង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ​និង ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល ​បន្ទាប់​ពី​ជ័យ​ជម្នះ​របស់​លោក​ត្រាំ​ក៏​ដោយក៏​អតីត​ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​ សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែង​រវាង​សហរដ្ឋអាមេរិក​ និង​ ប្រទេស​កូរ៉េ​ខាងត្បូង ​នឹង​នៅ​តែ​រឹងមាំ​ខ្លាំង​ ហើយ​គេ​រំពឹង​ថា​នឹង​មាន​ដំណើរ​ការ​ដោយ​រលូនសម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទ្វេ​ភាគី​ដើម្បី​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​ការ​គំរាម​កំហែង​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក ​Thomas ​Hubbard​ អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអេមេរិក​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដែល​បាន​បម្រើ​ការងារ​ពី​ឆ្នាំ​ ២០០១ ​ដល់​ឆ្នាំ​២០០៤ ​បាន​ថ្លែង​ថា៖«សម្ព័ន្ធភាព​របស់​សហរដ្ឋអាមេរិក​និង​ សាធារណរដ្ឋ​កូរ៉េគឺ​រឹង​មាំ​ខ្លាំង​ណាស់។ ប្រយោជន៍​រួម​របស់​យើង​នឹងមាន​កាន់​តែ​ច្រើន ​មិន​ថា​អ្នកណា​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នោះ​ទេ»។

សម្ព័ន្ធភាព​រឹង​មាំ

លោក ​Christopher Hill ​ដែល​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំប្រទេស​កូរ៉េ​ខាងត្បូង ​ក្នុង​រដ្ឋបាល​របស់​លោក ​George W.Bush​ បាន​និយាយ​ថា​ រដ្ឋបាល​របស់​លោក​ ត្រាំ​ ទំនង​ជា​នឹង​រក្សា​នូវ​ទំនាក់ទំនង​យោធា​រឹងមាំ​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ បើ​ទោះ​បី​ជារដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បន្ត​ឆ្ពោះ​ទៅ​ទៅ​មុខ​យ៉ាងមុតមាំ​ទៅ​រក​ការ​ធ្វើប្រតិបត្តិការ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ក៏​ដោយ​ក្តី។

លោក​ Hill បាន​ថ្លែង​ថា៖ ​«ខ្ញុំគិត​ថា​ ពួក​គេ​នឹង​មិន​មាន​បញ្ហា​នៅ​ក្នុងទំនាក់​ទំនង​ជា​មួយ​កូរ៉េ​ខាង​ត្បូង​នោះ​ទេ។ ប្រសិន​បើ​មាន​បញ្ហា​ណាមួយ​កើត​ឡើង​ ខ្ញុំ​គិត​ថា​ពួកគេ​នឹង​ព្យាយាម​ដោះស្រាយ​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​ ហើយ​ខ្ញុំ​គិត​ថា​ទស្សនវិស័យ​ផ្នែក​សន្តិសុខ​ជា​ប្រពៃណី​ខ្លះ​របស់​ពួក​សាធារណរដ្ឋ​ ​នឹង​កាន់​តែ​មាន​សភាព​ខ្លាំងក្លា​ជាង​មុន។​ ខ្ញុំ​គិត​ថា​ពួក​គេ​នឹង​ព្យាយាម​រក្សា​ការ​ទំនាក់​ទំនង​ល្អលើស​អ្វីៗ​ផ្សេង​ទៀត»។

នៅ​ក្នុង​ដំណាក់​កាល​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​បានទួញ​សោក​ថា​ សម្ព័ន្ធ​មិត្ត​ជា​ច្រើន​របស់​សហរដ្ឋអាមេរិក​មិន​ទទួល​ខុសត្រូវ​លើ​បន្ទុក​សម្ព័ន្ធភាព​ឲ្យ​បាន​សមរម្យ​ឡើយ​ ហើយ​លោក​បាន​ជំរុញ​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​ប្រទេស​ជប៉ុនឲ្យ​«ចំណាយ​បន្ថែម​ទៀត»​សម្រាប់​ទាហាន​អាមេរិកាំង​ដែល​ឈរ​ជើង​នៅ​លើ​ទឹក​ដី​របស់​ពួក​គេ។

នៅ​ពេល​សួរ​ថា​តើ​បញ្ហា​នៃ​ការ​ចែក​រំលែក​បន្ទុក​អាច​ក្លាយ​ជា​ចំណុច​បង្ក​ឲ្យមាន​ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​ដែរ​ឬ​យ៉ាង​ណា​នោះ​ លោក ​Alexander ​Vershbow​ ដែល​បាន​បម្រើការ​ជា​ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​រយៈ​ពេល​២​ឆ្នាំ​ បាន​ថ្លែង​ថា​ លោក​ប្រមើ​មើល​ថា​នឹង​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​មួយ​ចំនួន​ទៅ​លើ​ការ​ចំណាយ​ក្នុងការ​ការ​ពារ​ ប៉ុន្តែ​ការមិន​ចុះ​សម្រុង​នោះ​មិន​ខ្លាំង​ក្លា​រហូត​ដល់​មាន​ការ​ផ្លាស់​ប្តូរ​ភាព​ជា​ដៃ​គូ​ដ៏​យូរ​អង្វែង​ជា​មូលដ្ឋាន​អ្វី​នោះ​ទេ។

បេសកជន​មួយ​ចំនួន​មិន​យល់​ស្រប​ជាមួយ​នឹង​គំនិត​ដែល​ថា​ រដ្ឋាភិបាល​ក្រុង​សេអ៊ូលមិន​បាន​រួម​ចំណែក​គ្រប់គ្រាន់​សម្រាប់​ការ​ឈរ​ជើង​របស់កងទ័ពអាមេរិក​នោះ​ទេ។ លោក​ Hill ​បាន​ថ្លែង​ថា៖​ «វា​នឹង​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ពេល​ដែល​លោក​ ត្រាំ​ យល់​អំពី​រឿង​នេះ​ និង​នៅ​ពេល​ដែល​គាត់​ដឹងថា​ កូរ៉េ​ខាងត្បូង​បាន​ផ្តល់​ការ​គាំទ្រ​សម្រាប់​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​ដល់​កម្រិត​ណា»។

លោក​ Hubbard ​បាន​យល់​ស្រប​ថា៖​ «ខ្ញុំ​គិត​ថា​ នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​យល់​ច្រឡំ​ទៅលើ​កម្រិត​បន្ទុក​ដែល​សាធារណរដ្ឋ​កូរ៉េ​បាន​រួម​ចំណែក​រួច​ទៅ​ហើយក្នុងការ​បង្កើន​សន្តិសុខ​តំបន់​ និង​ការ​ទប់ស្កាត់​ការ​ប្រឈម​មុខ​គ្នា​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង»។

ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង

បច្ចុប្បន្ន​នេះ ​មាន​កង​ទ័ព​សហរដ្ឋអាមេរិក ​ប្រហែល​ ២៨.០០០​ នាក់​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ កូរ៉េ​ខាងត្បូង ​ សម្រាប់​ធ្វើ​សមយុទ្ធ​យោធា​រួម​ដើម្បី​ទប់ទល់​នឹង​ការ​កើនឡើង​នៃ​ការ​គំរាម​កំហែង ទាំងការ​គំរាម​ពិត ​និង​ការ​គំរាម​ដែល​គេ​ដឹង​ថា បង្ក​ឡើង​ដោយ​កូរ៉េ​ខាង​ជើង។ នៅ​ក្នុង​ឆ្នាំ​នេះ ប្រទេស​ដែល​នៅ​ដាច់​ពី​គេ​មួយ​នេះ​បាន​សាកល្បង​នុយក្លេអ៊ែរ​ចំនួន​ពីរ​ដង​ និង​បាន​បាញ់​កាំ​ជ្រួច​ផ្លោង​ជាង​២០​គ្រាប់។

លោក​ Vershbow​ ដែល​បាន​បម្រើ​ការងារ​ជា​អគ្គលេខាធិការ​រង​អង្គការ​អូតង់​ ផង​ដែរ​នោះ​ បាន​ស្នើ​ឲ្យ​លោក ​Trumpនិង​ក្រុម​សន្ដិសុខ​ជាតិ​របស់​លោក បង្កើន​ការ​ដាក់​សម្ពាធ​ដោយ​ផ្ទាល់​ទៅ​លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ តាមរយៈ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ដើម្បី​នាំ​ប្រទេស​នេះ​ត្រឡប់​មក​រកតុ​ចរចា​វិញ។

លោក Vershbow​ បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ពួក​គេ​មិន​គួរ​សម្រេច​បោះបង់​ចោល​ជម្រើស​ទាំង​ឡាយទាក់​ទង​ទៅ​នឹង​ការ​ដាក់​កម្លាំង​ដោយ​ផ្ទាល់​នោះ​ទេ។ វា​មាន​សារៈ​សំខាន់​ដើម្បី​ធ្វើ​ឱ្យ​ច្បាស់​ថា​ ការ​បន្ត​ភាព​រឹងរូស​របស់​ពួក​គេ​នឹង​នាំ​ឲ្យ​មាន​ផលវិបាក​សម្រាប់​ពួកគេ»។

លោក​ Hill​ ​ដែល​ដឹក​នាំ​គណៈប្រតិភូ​សហរដ្ឋអាមេរិក​សម្រាប់​ការ​ចរចារ​ប្រាំមួយ​ភាគី​លើ​កម្មវិធី​នុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​រវាង​ឆ្នាំ ​២០០៥ ​និង​ឆ្នាំ​២០០៩​ ​កំពុង​ជាប់​គាំង នោះ​បាន​សង្កត់​បញ្ជាក់​អំពី​តួនាទី​របស់​ប្រទេស​ចិន។

អតីត​ប្រេសិត​រូប​នេះ​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​មាន​ដំណោះ​ស្រាយ​ណាមួយ​ទៅ​លើ​ប្រទេស​កូរ៉េ​ខាងជើង​ វា​នឹង​មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​នឹងចិន»។

អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍មក​ហើយ​ដែល​លោក Trump និង​ក្រុម​រៀប​ចំ​ការផ្ទេរ​តំណែង​ប្រធានាធិបតី​របស់​លោក​ កំពុង​តែ​មមាញឹក​ក្នុងការ​ជ្រើស​តាំងគណៈរដ្ឋមន្រ្តី​របស់​លោក​ ដែល​ជា​កិច្ច​ការ​មួយ​ដែល​តម្រូវ​ឲ្យ​បំពេញ​មុននឹង​លោកចូល​កាន់​តំណែងនៅថ្ងៃ​ទី២០ ​ខែ​មករា​ខាង​មុខ​នេះ។ ដោយសារ​តែ​អ្នក​ដែល​ត្រូវ​បាន​តែង​តាំង​ និង​អ្នក​ដែល​ទំនង​ជា​នឹង​ត្រូវ​បាន​ជ្រើសរើស​ភាគ​ច្រើន​ជា​អ្នក​ជ្រុល​និយម​នោះ ​អ្នក​ជំនាញ​កាន់​តែ​ច្រើននិយាយ​ថា ​រដ្ឋបាល​របស់​លោក​នឹង​ក្លាយទៅ​ជា​រដ្ឋបាល​មួយ​ដែល​ទំនង​ជានឹង​ប្រកាន់​យក​ជំហរ​គោល​នយោបាយ​បរទេស​កាន់​តែ​តឹងរ៉ឹង៕

ប្រែ​សម្រួល​ដោយ​ផន​បុប្ផា