ភាគទី ១០៖ សារៈសំខាន់​នៃ​ការ​អប់រំ​ស្តី​អំពី​សុខភាព​បន្តពូជ​និង​ផ្លូវភេទ​ដែល​បើក​ចំហ​និង​ស៊ីជម្រៅ

រូបឯកសារ៖ បដាអប់រំស្តីអំពីសុខភាពបន្តពូជ ត្រូវបានបង្ហាញនៅក្នុងកម្មវិធីបណ្តុះបណ្តាលមួយនៅខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១។

«កម្ពុជា​សម្លឹង​ទៅ​មុខ»៖ ការ​អប់រំ​ស្តី​អំពី​សុខភាព​បន្តពូជ​និង​ផ្លូវភេទ

សម្ភាសដោយ​ អូន ឆេងប៉រ ផលិត​ដោយ ​ទែន​ សុខស្រីនិត, និពន្ធ​នាយក Chris Decherd​ និង​ ចាប ​ចិត្រា

ស្ទើរតែ​គ្រប់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ រួមទាំង​កម្ពុជា បាន​បង្កើត​និង​អនុវត្ត​កម្មវិធី​សិក្សា​ស្តី​អំពី​សុខភាព​បន្តពូជ​និង​ផ្លូវភេទចាប់​តាំង​ពី​កម្រិត​បឋម​សិក្សា​រហូត​ដល់​កម្រិត​ឧត្តម​សិក្សា។ ការ​អប់រំ​នេះ ត្រូវបាន​អ្នក​ជំនាញ​ខាង​សមភាព​យេនឌ័រ យល់​ថា មាន​សារៈសំខាន់ ក្នុងការ​ពង្រឹង​ចំណេះ​ដឹង​និង​សេរីភាព​របស់​ស្ត្រី​ពេញ​វ័យ ដើម្បី​បង្កើត​ជម្រើស​ផ្ទាល់​ខ្លួន ក្នុង​ការ​សម្រេចចិត្ត។

ដោយឡែក នៅកម្ពុជា កម្មវិធី​សិក្សា​អប់រំ​បែប​នេះ​ក៏​មាន​និង​ត្រូវបាន​អនុវត្ត ក៏ប៉ុន្តែ​ក្នុង​កម្រិត​មួយ​ដែល​អ្នក​ជំនាញ​ខ្លះ​យល់​ថា មិន​សូវ​បើក​ចំហ និង​មិន​មាន​លក្ខណៈ​ទូលាយ ដែល​អាច​ផ្តល់​ចំណេះដឹង​គ្រប់គ្រាន់​និង​ស៊ីជម្រៅ​ដល់​មនុស្ស​ពេញ​វ័យ​នៅ​កម្ពុជា អំពី​ការ​ថែទាំ​សុខភាព​បន្តពូជ​និង​ផ្លូវភេទ។ ហេតុអ្វី​បានជា​ការ​អប់រំ​នេះ​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​មួយ?

Your browser doesn’t support HTML5

ភាគទី ១០៖ សារៈសំខាន់​នៃ​ការ​អប់រំ​ស្តី​អំពី​សុខភាព​បន្តពូជ​និង​ផ្លូវភេទ​ដែល​បើក​ចំហ​និង​ស៊ីជម្រៅ



ស្តាប់ភាគទី ១០ លើបណ្តាញ Apple Podcasts និង Google Podcasts






កញ្ញា ញ៉ឹក ពេជ្រពណ្ណរង្សី អ្នក​និពន្ធ​និង​អ្នកស្រាវជ្រាវ​ក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជា​ឆ្នាំ ២០៤០» បាន​ថ្លែង​ថា៖ «មិន​ចង់​និយាយ​ពី​រឿង​ហ្នឹង អីចឹង​គាត់​មិន​បាន​ផ្តល់​ការ​អប់រំ​ដល់​ក្មេងៗ​អំពី​រឿង​ហ្នឹង។ ហើយ​សាលា​ក៏​មិន​សូវ​យក​ចិត្ត​ទុកដាក់​លើ​រឿង​ហ្នឹង។ ចុង​ក្រោយ​អត្រា​ក្នុងការ​មាន​ផ្ទៃពោះ​របស់​ក្មេងៗ​កើន​ឡើង ហើយ​ជំងឺ​កាមរោគ​ក៏​កើន​ឡើង។

កញ្ញា​បាន​បន្ថែម​ថា៖ «មាន​រឿង​ផ្សេង​ទៀត​ដូចជា Abortion Rate [អត្រា​រំលូត​កូន] ក៏​កើន​ឡើង គឺ​ដោយសារតែ​គាត់​អត់ដឹង​រឿង​ទាំងអស់​ហ្នឹង។ ដោយសារ​តែ​ម្នាក់ៗ​ខំប្រឹង​បិទបាំង អត់​ជជែក វែក​ញែក ពិភាក្សា​អំពី​រឿង​ហ្នឹង បានគេ​គិត​ថា រឿងនេះ​ជា​រឿង​ដែល​ត្រូវបាន​បិទ​បាំង រារាំង​រហូត​ទាល់តែ​ពេល​មាន​ប្តី មាន​កូន​អ៊ីចឹង។

ចាប់តាំង​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​និង​អនុវត្ត​យុទ្ធសាស្ត្រជាតិ​សម្រាប់​សុខភាព​បន្តពូជ និង​សុខភាព​ផ្លូវភេទ កាលពី​ឆ្នាំ​ ២០០៦​មក អត្រា​មរណភាព​មាតា​បាន​ថយចុះ​ពី​ចំនួន ២០៦ នាក់​ក្នុង​ឆ្នាំ ២០១០ មក​ត្រឹម ១៧០ នាក់ ក្នុង​ចំណោម​មាតា ១ សែន​នាក់ ក្នុង​ឆ្នាំ ២០១៥។ ហើយ​ស្ត្រី​ប្រមាណ ៥៦ ភាគរយ នៃ​ចំនួន​ស្ត្រី​សរុប​ក្នុង​វ័យ​បន្ត​ពូជ អាយុពី ១៥ ឆ្នាំ​ដល់ ៤៩ ឆ្នាំ បាន​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត

រូបឯកសារ៖ គ្រួសារមួយបាននាំគ្នាមើលថ្ងៃលិច នៅក្បែរច្រាំងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០។

ក៏ប៉ុន្តែ កម្ពុជា​នៅ​មាន​កិច្ចការ​ជាច្រើន​ដែល​ចាំបាច់​ត្រូវ​ធ្វើ ជាពិសេស​ពាក់ព័ន្ធ​នឹង​អត្រា​មាន​ផ្ទៃពោះ​ដោយ​យុវតីវ័យ​ក្មេង​។ យោង​តាម​របាយការណ៍​របស់​អង្គការ UNFPA ចុះផ្សាយ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ ក្មេងស្រី​អាយុ​ចន្លោះ ១៥ ឆ្នាំ ទៅ ១៩ ឆ្នាំ ប្រមាណ ១២ ភាគរយ កំពុង​មាន​ផ្ទៃពោះ ឬ​បាន​សម្រាល​កូន​ហើយ​ក្លាយជា​ម្តាយ​ជា​លើក​ដំបូង។

បន្ថែម​លើ​នេះ នៅ​កម្ពុជា ស្ត្រី​នៅ​តែ​បន្ត​ប្រឈម​នឹង​អំពើ​ហិង្សា​ពី​ដៃគូ​ផ្លូវ​ភេទ បើ​ទោះបី​ជា​មាន​ការ​អប់រំ​និង​ផ្សព្វផ្សាយ អំពី​ច្បាប់​និង​សិទ្ធិ​របស់​បុរស​និង​ស្ត្រី​ក្នុងការ​ជ្រើសរើស​ដៃគូ​រួមភេទ​ក៏​ដោយ។ យោង​តាម​សេចក្តី​រាយការណ៍​របស់​អង្គការ UNFPA ស្ត្រី​វ័យ​ក្មេង​កម្ពុជា ដែល​មាន​អាយុ​ចន្លោះ​ពី ១៥ ឆ្នាំ​ទៅ ៣០ ឆ្នាំ ប្រមាណ ២០ ភាគរយ បាន​រងគ្រោះ​ពី​អំពើ​ហិង្សា​ផ្លូវភេទ។

ក្នុង​អំឡុង​ជំងឺ​រាតត្បាត​កូវីដ១៩ អង្គការ​សហប្រជាជាតិ​ក៏​បាន​រាយការណ៍​ថា អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ កាលពី​ពេល​ថ្មីៗនេះ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា បាន​បង្ហាញ​ក្តីបារម្ភ​អំពី​អំពើ​ហិង្សា​លើ​ស្ត្រី។

កាលពី​ពាក់​កណ្តាល​ខែ​មករា ឆ្នាំ ២០២១ រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារីបាន​លើក​ឡើង​ថា អំពើ​ហិង្សា​លើ​ស្រ្តីកើន​ឡើង ក្នុង​ពេល​កម្ពុជា​ប្រឈម​នឹង​វិបត្តិជំងឺ​កូវីដ​១៩ ដោយសារ​មូល​ហេតុ​នៃ​ការ​បាត់​បង់​ការងារ ដែល​នាំ​ឲ្យ​មាន​ភាព​តាន​តឹង​ជា​ច្រើន​នៅ​ក្នុង​គ្រួសារ។


​អំពី​វាគ្មិន៖ កញ្ញា ញ៉ឹក ពេជ្រពណ្ណរង្សី

រឿងរ៉ាវ​ក្នុង​ក្រុមគ្រួសាររបស់កញ្ញា ញ៉ឹក ពេជ្រពណ្ណរង្សី បាន​ធ្វើ​ឲ្យ​កញ្ញា​ជ្រួតជ្រាប​ពី​ភាព​រឹងមាំ​និង​តម្លៃ​ពិតប្រាកដ​ជាក់ស្ដែង​របស់​ស្ត្រី​តស៊ូ​នៅក្នុង​សង្គមខ្មែរ ដែលនៅតែមានការលម្អៀង​ឱ្យ​តម្លៃ​លើ​បុរស​ជាង​នារី។ ក្នុង​អំឡុង​ទសវត្សរ៍​ទី ៨០ ពេល​ប្រទេស​ជាតិ​ទើប​រួចផុតពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ជីដូន​របស់ រង្សី បាន​ស្វះស្វែង​ចិញ្ចឹម​កូន​តែ​ម្នាក់ឯង រួមមាន​ទាំង​ម្តាយបង្កើត​របស់​រង្ស៊ី​ផង ដោយ​ជម្នះ​លើ​ពាក្យ​សម្តី​របស់​អ្នក​ជិតខាង។ បទពិសោធន៍​ជីវិត​ដ៏​ឯករាជ្យ​របស់​ជីដូន រង្សី បាន​លើក​ទឹក​ចិត្ត​ឲ្យ រង្ស៊ី ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្មើភាព​រវាង​បុរស​និង​ស្ត្រី​តាមរយៈ​ការងារ​ស្ម័គ្រចិត្ត និង​សកម្មភាព​សង្គម​នានា។ សព្វ​ថ្ងៃ​នេះ រង្សី​កំពុង​ចាប់​យក​ជំនាញ​វេជ្ជសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ។ រង្សី​ យល់​ថា ការ​អប់រំ​សុខភាព​ផ្លូវភេទ​និង​សុខភាព​បន្តពូជ ជា​បញ្ហា​ដែល​សាធារណជន​ទូទៅ​មិន​អាច​ជៀស​ផុត ប៉ុន្តែ​ពួកគេ​ភាគច្រើន​តែ​តែង​មើល​រំលង។កាលពី​ឆ្នាំ ២០១៩ ​រង្សី​ បាន​ចូលរួម​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូកក្នុង​សៀវភៅ​«Cambodia 2040 ឬ កម្ពុជា​ឆ្នាំ ២០៤០ ដោយ​បង្ហាញ​ទស្សន​វិស័យ​នានា​ដែល​រង្សី​ចង់​ឃើញ​ដើម្បី​ការ​ផ្លាស់ប្តូរ​ក្នុង​វិស័យ​អប់រំ​ស្តី​សុខភាព​ផ្លូវភេទ​និង​សុខភាព​បន្តពូជ ក្នុង​ពេល​ពីរ​ទសវត្សរ៍​ទៅ​មុខ​ទៀត៕