ក្រុមយុវជនបរិស្ថានប្រមាណ២០នាក់ កាលពីព្រឹកថ្ងៃចន្ទ បានដាក់ញត្តិទៅក្រសួងបរិស្ថាន និងទេសចរណ៍ ដើម្បីស្នើឱ្យពន្លឿនដាក់តំបន់កោះកុងក្រៅទាំងមូលនៃខេត្តកោះកុង ជាឧទ្យានជាតិសមុទ្រ និងលុបកិច្ចសន្យាដែលផ្តល់ទៅក្រុមហ៊ុនឯកជនសម្រាប់អភិវឌ្ឍតំបន់នោះ។ នេះបើយោងតាមញត្តិរបស់ក្រុមយុវជន ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែលវីអូអេទទួលបាន។
នៅក្នុងញត្តិនោះ ក្រុមយុវជនបានស្នើឱ្យលុបចោលនូវកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់ អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ដែលក្រុមយុវជនថា ទទួលបានសិទ្ធិក្នុងការអភិវឌ្ឍនៅតំបន់កោះកុងក្រៅ ដែលស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង។ ជាមួយគ្នានោះ ពួកគេក៏ស្នើឲ្យដាក់កោះកុងក្រៅទាំងមូល ទៅជាឧទ្យានជាតិសមុទ្រ។
ញត្តិបញ្ជាក់ថា៖ «លុបកិច្ចសន្យាដើម្បីធ្វើការអភិវឌ្ឍកោះកុងក្រៅ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Koh Kong SEZ ដោយសម្ងាត់ និងមិនបានធ្វើការពិគ្រោះជាមួយភាគីពាក់ព័ន្ធណាមួយ។ ប្រជាជនកម្ពុជា ពិសេសសហគមន៍នៅក្នុងខេត្តកោះកុង ដែលជាទីតាំងកោះដ៏អស្ចារ្យនេះ អាចទទួលបានអត្ថប្រយោជន៍ពីការអភិរក្សកោះកុងក្រៅនៅក្នុងទ្រង់ទ្រាយដើមដូចពេលបច្ចុប្បន្ន ជាជាងការដែលកោះនេះត្រូវបានអភិវឌ្ឍ»។
ក្រុមយុវជនបរិស្ថានក៏បានស្នើឱ្យទម្លាក់រាល់បទចោទប្រកាន់ទាំងអស់លើសកម្មជនបរិស្ថាន រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន ចាន់រស្មី លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត និងកញ្ញា ស៊ុន រដ្ឋា។
កញ្ញា មាន លីសា អាយុ ២១ឆ្នាំ យុវជនចលនាមាតាធម្មជាតិដែលមានវត្តមានក្នុងការដាក់ញត្តិនោះដែរ ប្រាប់វីអូអេថា ប្រសិនបើរដ្ឋាភិបាលនៅតែបន្ដដាក់តំបន់ធម្មជាតិកោះកុងក្រៅ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន នោះវាបង្ហាញពីភាពព្រងើយកន្ដើយចំពោះការទាមទាររបស់ប្រជាពលរដ្ឋ។
កញ្ញាថ្លែងថា៖ «ដូច្នេះយើងបានបង្ហាញពីគោលជំហរហើយ មិនត្រឹមតែប្រជាពលរដ្ឋយើងទេ ដែលស្រឡាញ់កោះកុងក្រៅ យុវជនសកម្មជនយើងទេដែលស្រឡាញ់កោះកុងក្រៅ តែអន្ដរជាតិដែលគេមិនមែនជាសាសន៍យើង គេនៅស្រឡាញ់កោះកុងក្រៅ ហើយចង់ឱ្យកោះកុងក្រៅក្លាយជាឧទ្យានជាតិសមុទ្រ។ ដូច្នេះបើសិនជារដ្ឋាភិបាលនៅតែគឃ្លើនដាក់កោះកុងក្រៅឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឯកជន ដែលមានប្រវត្តិមិនល្អដូច លោក លី យ៉ុងផាត់ បែបអញ្ចឹង គឺយើងនៅតែគិតថានេះមិនមែនជាកាតព្វកិច្ចល្អ មិនមែនជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល»។
កញ្ញា លាង សុវណ្ណា អាយុ ២២ឆ្នាំ ដែលចូលរួមដាក់ញត្តិនេះដែរ លើកឡើងថាក្រុមយុវជនស្នើឲ្យពន្លឿននីតិវិធីក្នុងការដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។
កញ្ញាបារម្ភថា តំបន់នេះនឹងរងការបំផ្លិចបំផ្លាញ ក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន។
កញ្ញាប្រាប់វីអូអេថា៖ «ព្រោះថាយើងឃើញស្រាប់ហើយកន្លងមក នៅពេលដែលមានការទទួលបានអាជ្ញាបណ្ណស្របច្បាប់ទៅឱ្យខាងឯកជនណាមួយ ក្រុមហ៊ុនឯកជនណាមួយ យើងឃើញថាមានការប៉ះពាល់ទៅលើឆ្នេរ មានការលុបសមុទ្រជាដើម។ ការបន្ថែមដើម្បីជាការសាកសងជារីស៊ត ឬក៏កន្លែងទេសចរណ៍របស់គាត់ ហើយម្យ៉ាងវិញទៀត គឺកន្លែងហ្នឹងមានជាព្រៃឈើជាច្រើន ដូច្នេះហើយខាងហ្នឹងប្រាកដណាស់ត្រូវការកាប់បំផ្លាញព្រៃឈើ ដើម្បីយកកន្លែងធ្វើជាកន្លែងរបស់ឯកជនហ្នឹង»។
បើតាមសកម្មជនរូបនោះ បច្ចុប្បន្បនេះ មានការដឹកឈើចេញពីតំបន់កោះកុងក្រៅ ដោយទូកនេសាទធំៗផងដែរ។
កញ្ញាថ្លែងថា៖ «សម្រាប់ខ្ញុំផ្ទាល់ គឺឃើញ មិនមែនជាប្រជាពលរដ្ឋជាក់ស្ដែងទេ ដោយសារតែទូកទាំងអស់ហ្នឹងធំៗខ្លាំងមែនទែនហើយដឹកឈើទាំងអស់ហ្នឹង ដឹកឈើធំ ដោយសារតែយើងឃើញថាប្រជាពលរដ្ឋនៅក្នុងតំបន់ហ្នឹងផ្ទាល់ ភាគច្រើនគឺគាត់អ្នកខាងនេសាទ ដូច្នេះហើយគាត់អត់មានពេលទៅកាប់បំផ្លាញព្រៃឈើទាំងអស់ហ្នឹង»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បដិសេធអត្ថាធិប្បាយជុំវិញការដាក់ញត្តិដោយក្រុមសកម្មជនបរិស្ថាន។ ប៉ុន្តែលោកហៅក្រុមយុវជនទាំងនោះ ជា«ក្រុមចលនាក្រៅច្បាប់» ហើយទទួលបាន«ការបង្គាប់បញ្ជាពីបរទេសក្រោមរូបភាពនយោបាយ» ដើម្បីបង្កភាពវឹកវរដល់សន្ដិសុខសង្គម។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពី លោក លី យ៉ុងផាត់ បាននៅឡើយទេ។
គួរបញ្ជាក់ថា បើតាមក្រុមយុវជនមាតាធម្មជាតិ កោះកុងក្រៅមានផ្ទៃក្រឡាទំហំ ១០៣គីឡូម៉ែត្រការ៉េ មានឆ្នេរប្រវែង ៥៣គីឡូម៉ែត្រ និងមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ កោះកុងក្រៅមានដើមឈើធំៗ កូនភ្នំ សត្វព្រៃ ទឹកធ្លាក់ជាច្រើនកន្លែង ឆ្នេរខ្សាច់សក្បុស និងផ្កាថ្មជាដើម៕