បញ្ហាកាត់ដីឧទ្យានជាតិ និងដីព្រៃអភិរក្សសម្រាប់ការអភិវឌ្ឍឯកជនកំពុងក្លាយជាក្តីបារម្ភរបស់យុវជនមួយក្រុមដែលពួកគេបានស្នើឱ្យរដ្ឋាភិបាលដកហូតដីដែលបានកាត់រួច ដូចជាដីនៅឧទ្យានជាតិគិរីរម្យជាដើម យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។
ក្រុមយុវជនបានបង្ហាញការមិនពេញចិត្ត និងក្តីព្រួយបារម្ភដែលរដ្ឋាភិបាលបានកាត់ដីឧទ្យានជាតិគិរីរម្យក្នុងខេត្តកំពង់ស្ពឺ ដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ឆ្នាំង និងដីដែនជម្រកសត្វព្រៃកែវសីម៉ានៅខេត្តមណ្ឌលគិរី សរុបទាំងអស់ប្រមាណ៩៥០ហិកតា ផ្តល់ឱ្យក្រុមហ៊ុនឯកជនសម្រាប់ការអភិវឌ្ឍគម្រោងទេសចរណ៍ និងគ្រប់គ្រងបែបឯកជន។
យុវជន និងសកម្មជនបរិស្ថានប្រមាណ២០នាក់ បានស្នើសុំទៅលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យបញ្ឈប់ការកាត់ដីឧទ្យានជាតិនៅកម្ពុជា និងដកហូតសិទ្ធិពីវិស័យឯកជនមកឱ្យរដ្ឋគ្រប់គ្រងវិញ។ នេះបើតាមញត្តិរបស់ក្រុមយុវជនដែលវីអូអេទទួលបាន និងបានដាក់ទៅក្រសួងបរិស្ថានកាលពីថ្ងៃចន្ទ។
ក្រុមយុវជនបរិស្ថានបញ្ជាក់ក្នុងញត្តិថា៖ «យើងខ្ញុំស្នើសុំក្រសួងបរិស្ថានពិចារណាក្នុងការបញ្ឈប់ការកាត់ឧទ្យានជាតិនានានៅកម្ពុជា និងដកហូតសិទ្ធិពីក្រុមហ៊ុនឯកជនទាំងនោះមកឱ្យរដ្ឋគ្រប់គ្រងឡើងវិញ ហើយគួរតែផ្តោតលើការអភិវឌ្ឍគម្រោងអេកូទេសចរណ៍ដែលគ្រប់គ្រងឡើងដោយសហគមន៍មូលដ្ឋាន ដើម្បីធានាបាននូវការគ្រប់គ្រង់ធនធានធម្មជាតិ ប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព និងភាពគង់វង្សយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ»។
ពួកគេបានលើកឡើងថាការកាត់ដីព្រៃនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតគិរីរម្យ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃកែវសីម៉ា ទៅឱ្យក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុគន្ធាវី បង្កើតនូវក្តីព្រួយបារម្ភនៃការបំផ្លាញធនធានធម្មជាតិ។
អ្នកស្រី ជឹង សុគន្ធាវី ជាអគ្គនាយិកាក្រុមហ៊ុន វ៉នម៉រ លីមីតធីត និងក្រុមហ៊ុនមួយចំនួនទៀត ដែលទទួលបានដីប្រមាណ៩៥០ហិកតា ពីតំបន់ទាំង៣ខាងលើ។ អ្នកស្រីត្រូវជាកូនរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ។ អ្នកស្រី ជឹង សុភាព ត្រូវជាភរិយារបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា គឺលោក ឡៅ ម៉េងឃីន ដែលជាឧកញ៉ាល្បីឈ្មោះម្នាក់។
កញ្ញា រៀម ស្រីពេជ្យរតនា យុវជនមកពីខេត្តកំពង់ធំ ដែលបានចូលរួមដាក់ញត្តិ សង្ឃឹមថាក្រសួងបរិស្ថាននឹងទទួលយកសំណើរបស់ក្រុមយុវជន និងយកចិត្តទុកដាក់ ស្តាប់សំឡេងរបស់យុវជន ដើម្បីដោះស្រាយក្តីបារម្ភទាក់ទងនឹងធនធានធម្មជាតិ។ កញ្ញាយល់ថាការអភិវឌ្ឍនានាជាសិទ្ធឯកជន ប៉ុន្តែការកាត់ឧទ្យានជាតិគិរីរម្យឱ្យទៅឯកជននឹងបង្កជាផលប៉ះពាល់នានា ដូចជាការបាត់បង់ព្រៃឈើ បាត់បង់សោភ័ណ្ឌភាពជាដើម។
កញ្ញាបញ្ជាក់ថា៖ «ចំពោះស្ថានភាពថ្មីៗនេះតាមដែលទទួលដំណឹង គឺមានការបិទទ្វារនៅតំបន់ដែលរដ្ឋបានកាត់ទៅក្រុមហ៊ុនឯកជន ហើយក្នុងនោះដែរ នៅពេលយើងទទួលដំណឹងថាមានការបិទផ្លូវអីបែបហ្នឹង មានចិត្តមួយចង់ធ្វើពហិកា គឺធ្វើពហិកាបញ្ឈប់ការប្រើប្រាស់នៅទឹកសុទ្ធវីតាល់ មីជាតិដែលជារបស់ក្រុមហ៊ុនរបស់កូនយាយភូ»។
ចំណែកកញ្ញា មាន លីសា អាយុ២០ឆ្នាំ សមាជិកនៃក្រុមចលនាមាតាធម្មជាតិ ប្រាប់ក្រុមអ្នកសារព័ត៌មានថាក្រុមយុវជនបានដាក់ញត្តិទៅកាន់ក្រសួងបរិស្ថានជាច្រើនដងមកហើយ ប៉ុន្តែមិនមានការទទួលការឆ្លើយតបមកវិញឡើយ។ កញ្ញាបន្ថែមថាក្រុមយុវជនដែលជាអ្នកស្រឡាញ់បរិសា្ថន និងធ្វើការងារសង្គម បែរជាត្រូវគេចោទប្រកាន់ថាអ្នកបម្រើសកម្មភាពនយោបាយណាមួយទៅវិញ។
កញ្ញាថ្លែងថា៖ «ទាក់ទងនឹងលទ្ធផលវិជ្ជមានគឺយើងអត់ទទួលបានទេ យើងដាក់ញតិ្តកោះកុងក្រៅ យើងដាក់ញតិ្តបរិស្ថានផ្សេងៗ ការកាត់ដីឧទ្យានជាតិថ្ងៃហ្នឹង ក៏យើងដាក់ទៀត។ ការឆ្លើយតបមកកាន់យុវជនដែលជាយុវជនការងារសង្គម យុវជនបរិស្ថាន សកម្មជនបរិស្ថានគឺមានតែការឆ្លើយតបក្នុងន័យរើសអើង គំរាមគំហែង ហើយថាយើងជាជនមួយក្តាប់តូចបម្រើនយោបាយ ឬគណបក្សប្រឆាំងផ្សេងៗ»។
យុវជនម្នាក់ទៀត គឺលោក គង់ វង្សវិវឌ្ឍ អាយុ២១ឆ្នាំ ដែលបានចូលរួមការដាក់ញតិ្តទៅកាន់ក្រសួងបរិស្ថានលើកឡើងថាក្រុមយុវជនបរិស្ថាននឹងនៅតែបន្តខិតខំប្រឹងប្រែង បើទោះបីជាក្រសួងបរិស្ថានមិនបានឆ្លើយតបនឹងញត្តិកន្លងមកក្តី។ លោកថាក្រុមយុវជនចង់ការពារសម្បតិ្តធនធានធម្មជាតិក្នុងប្រទេសកម្ពុជាឱ្យនៅស្រស់ស្អាត និងជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរកម្សាន្ត។
លោកថ្លែងថា៖ «ប្រសិនបើក្រសួងបរិស្ថាននៅតែមិនគាំទ្រសកម្មភាពរបស់ពួកយើង ពួកយើងជាយុវជននឹងរកវិធីសាស្ត្របែបណាមួយដើម្បីឱ្យក្រសួងបរិស្ថានទទួលការដាក់ញតិ្តរបស់ពួកយើង។ ដោយសារតែពួកយើងជាយុវជន ពួកយើងចង់រក្សានូវសម្បតិ្តធនធានធម្មជាតិប្រទេសកម្ពុជារបស់យើង ដោយសារយើងដឹងហើយថាឧទ្យានជាតិគិរីរម្យ ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជានរណាគេក៏ស្គាល់ដែរ»។
វីអូអេបានព្យាយាមទាក់ទងអ្នកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉នម៉រ និងលោក ឡៅ ម៉េងឃីន ប៉ុន្តែមិនទាន់អាចសុំការឆ្លើយតបបាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោកនេត្រ ភត្រា្ត ថ្លែងថារដ្ឋាភិបាលបានសម្រេចត្រឹមត្រូវ ដោយឈរលើមូលដ្ឋានផលប្រយោជន៍របស់ប្រជាជនជាធំ។ លោកអះអាងថាយុទ្ធនាការរបស់ក្រុមយុវជនមិនមានប្រយោជន៍សម្រាប់ជាតិឡើយ។
ព័ត៌មានទាក់ទង៖ ក្រសួងបរិស្ថានថា យុវជនមាតាធម្មជាតិប្រព្រឹត្តសកម្មភាពប្រាសចាកពីឧត្តមប្រយោជន៍ជាតិលោកថ្លែងថា៖ «រូបភាពក្រុមសកម្មជននយោបាយជ្រកក្រោមផ្លាកអ្នកគិតគូពីធម្មជាតិបាននិងកំពុងតែធ្វើនេះគឺគ្រាន់តែយុទ្ធនាការទុច្ចរិតស៊ីឈ្នួលជនបរទេស ដឹកនាំដោយឈ្មោះ អាឡិច ដើម្បីគោលបំណងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា និងប្រឆាំងទៅនឹងដំណើរការអភិវឌ្ឍរបស់កម្ពុជាតែប៉ុណ្ណោះ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបដិសេធមិនអត្ថាធិប្បាយ ដោយស្នើឱ្យទាក់ទងទៅក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដីវិញ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សេង ឡុត អ្នកនាំពាក្យក្រសួងដែនដីបាននៅឡើយទេ។
កាលពីខែកក្កដា ឆ្នាំ២០២២ រដ្ឋាភិបាលបានកាត់ផ្ទៃដីទំហំ៦៤៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្រាប់ផ្តល់ឱ្យក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី(One Fraternity) ដែលគ្រប់គ្រងដោយអ្នកស្រី ជឹង សុគន្ធាវី សម្រាប់វិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលវីអូអេទទួលបាន។
ចំណែកកាលពីខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលក៏បានសម្រេចកាត់ផ្ទៃដីទំហំ២២១,៩៤ហិកតា ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ ក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សម្រាប់ផ្តល់ឱ្យក្រុមហ៊ុនវ័ន ម័រ (One More) ដែលគ្រប់គ្រងដោយអ្នកស្រី ជឹង សុគន្ធាវី ដែរ។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល។
ចំណែកកាលពីខែកក្កដា ឆ្នាំ២០២២ រដ្ឋាភិបាលក៏បានកាត់ផ្ទៃដីទំហំ៧០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ចំណុចទឹកធ្លាក់ក្បាលព្រះ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីសម្រាប់ផ្តល់ឱ្យក្រុមហ៊ុនOne Prosperity ដែលគ្រប់គ្រងដោយអ្នកស្រី ជឹង សុគន្ធាវី ដែរ។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលវីអូអេទទួលបាន៕