តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​រ៉ែ​រក​​ឲ្យ​ឃើញ​តួលេខ​ប្រហាក់ប្រហែល​រឿង​​នាំ​ចូល​ខ្សាច់

លោក ឌិត ទីណា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​ការបំភ្លឺ​ជូន​គណៈ​កម្មការ​ទី​១០​នៃ​រដ្ឋសភា​នៅ​ក្រសួងរ៉ែ និង​ថាមពល​នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

​លោក ហូរ វ៉ាន់​ បញ្ជាក់​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​​និង​ថាមពល​ ឆ្លើយ​បំភ្លឺ​មិន​ច្បាស់លាស់​លើ​​ករណី​​តួលេខ​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី​ដែល​មាន​ភាព​ខុស​គ្នា​ជាង​៩៧%​នៃ​តួលេខ​ក្រសួង​រ៉ែ​កម្ពុជា និង​ស្នើ​​​ឲ្យ​រដ្ឋមន្រ្តី​​​ស្វែង​រក​​តួលេខ​ដែល​​ត្រឹមត្រូវ។

បន្ទាប់​ពី​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​បាន​បំភ្លឺ​ពាក់ព័ន្ធ​នឹង​តួលេខ​នាំ​ចេញ​ខ្សាច់​របស់​កម្ពុជា​ខុសគ្នា​ខ្លាំង​ពី​តួលេខ​នាំ​ចូល​ខ្សាច់​របស់​ប្រទេស​សិង្ហបុរី​ថា ​ដោយសារ​វិធីសាស្រ្ត​នៃ​ការកត់ត្រា និង​ប្រភេទ​ទំនិញ​របស់​ប្រទេស​នីមួយៗ​មាន​ភាព​ខុស​គ្នា​ គណៈកម្មការ​ទី​១០​នៃរដ្ឋសភាដែល​មាន​លោក ហូរ វ៉ាន់ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ជា​ប្រធាន បាន​ស្នើ​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​រ៉ែរក​ឲ្យឃើញ​ពី​តួលេខ​ដែល​ប្រហាក់​ប្រហែល​គ្នា​ជាមួយ​តួលេខ​របស់សិង្ហបុរីមក​បង្ហាញ។

​លោក ហូរ វ៉ាន់​ បញ្ជាក់នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋមន្រ្តី​ក្រសួង​រ៉ែនិង​ថាមពល​ ឆ្លើយ​បំភ្លឺ​មិន​ច្បាស់លាស់​លើករណីតួលេខ​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី​ដែល​មាន​ភាព​ខុស​គ្នា​ជាង​៩៧%​នៃ​តួលេខ​ក្រសួង​រ៉ែ​កម្ពុជា និង​ស្នើ​ឲ្យ​រដ្ឋមន្រ្តី​ស្វែង​រកតួលេខ​ដែលត្រឹមត្រូវ។

​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ​នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្គាប់​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​និង​ថាមពល​ ចូល​បំភ្លឺ​ចំពោះ​មុខ​សមាជិក​គណៈកម្មការ​ទី១០​នៃ​រដ្ឋសភា​ទៅ​តាម​ការ​ស្នើសុំ​របស់​លោក ហូរ វ៉ាន់ ដែល​ជា​ប្រធាន​គណៈកម្មការ​នេះ បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល​ជិត​៥០​អង្គការ​បាន​រក​ឃើញ​តួលេខ​របស់​ UN COMTRADE ​បង្ហាញ​ពី​ការ​នាំចូល​ខ្សាច់​ពី​កម្ពុជា​របស់ប្រទេស​សិង្ហបុរី ​មាន​ភាព​ខុស​គ្នា​ជាមួយ​តួលេខ​របស់​ក្រសួង​រ៉ែ​កម្ពុជាដល់​ទៅ​៧០​លាន​តោន ឬ​ស្មើនឹង​ជាង​៩៧%។

ក្រោយ​បញ្ចប់​ការ​បំភ្លឺ​អស់​រយៈពេល​ជិត​៣​ម៉ោង​របស់​រដ្ឋមន្រ្តី​រ៉ែ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៥​ នេះ លោក ហូរ វ៉ាន់ តំណាងរាស្រ្ត​គណបក្សសង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ទី១០​នៃ​រដ្ឋសភា​ ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​បកស្រាយ​របស់​លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​រ៉ែ មាន​ភាព​មិន​ច្បាស់​លាស់​ត្រង់ទិន្នន័យ​ចំនួន​នាំចេញ​ខ្សាច់​របស់​កម្ពុជា​ និង​ចំនួន​នាំចូល​ខ្សាច់​របស់ប្រទេស​សិង្ហបុរី។ ​លោក​បន្ថែម​ថា បន្ទាប់ពី​រដ្ឋមន្រ្តី​រ៉ែ​បាន​បកស្រាយពីតួលេខ​ដែល​ខុសគ្នា​នេះ​ថា​ ​ដោយសារ​តែវិធីសាស្រ្ត​នៃ​ការ​កត់ត្រារបស់ប្រទេស​ទាំង​ពីរ​មាន​ភាព​ខុស​គ្នា ដូច្នេះ​លោកគ្រាន់​តែ​ស្នើ​ឲ្យ​រដ្ឋមន្រ្តី​រ៉ែ​ស្វែង​រក​វិធី​ដើម្បី​កំណត់តួ​លេខ​ដែល​ត្រឹមត្រូវ​កុំឲ្យ​មាន​ភាព​ខុសគ្នា​ ​រវាង​ចំនួន​នាំ​ចេញ​ខ្សាច់​ដែល​កត់ត្រា​ដោយកម្ពុជា និង​ចំនួននាំ​ចូល​ខ្សាច់​ដែល​កត់ត្រា​ដោយសិង្ហបុរី។

លោក​ ហូរ វ៉ាន់ បញ្ជាក់​ថា៖

«គាត់​និយាយ​ថា ​វា​ជា​ទំហំ​ពាណិជ្ជកម្ម​ទាំង​មូល មិន​មែន​ជា​ការ​កត់ត្រា​ពី​ប្រទេស​ដើមដែលលក់ ហើយ​និង​ប្រទេស​នាំចូល​នោះ​មិន​ដូច​គ្នា​ទេ ហ្នឹង​ជា​រឿង​ទូទៅ ប៉ុន្តែ​ដោយសារ​ប្រទេសយើង​ខុស​គ្នា​ឆ្ងាយ​ពេក ក៏​យើង​ស្នើ​សុំ​ថា​ មិន​អាច​ទុក​តួលេខ​ហ្នឹង​ឲ្យ​ខុសគ្នា​ឆ្ងាយ​អញ្ចឹង​ទេ យើង​សុំ​ឲ្យ​ប្តូរ​តួលេខ​ហ្នឹង។ ឲ្យ​គាត់​សម្រប​សម្រួល​គ្នា ចរចា​គ្នា​ជាមួយ​សិង្ហហ្គាពួរ (សិង្ហបុរី) ដើម្បី​រកឲ្យ​ឃើញ​ការ​ខុសគ្នា​ហ្នឹង​នៅ​ត្រង់​ណា ដើម្បី​យើង​កាត់​បន្ថយ​តួលេខ​ហ្នឹង​ ថ្ងៃ​ក្រោយ​ទៅ​ដើម្បី​កុំ​ឲ្យ​តួ​លេខ​ហ្នឹង​ខុសគ្នា​ឆ្ងាយ​អញ្ចឹង​ទៀត»។

លោក ហូរ វ៉ាន់ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ពី​ការ​បំភ្លឺ​របស់​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​នៅ​រដ្ឋសភា​ពាក់ព័ន្ធនឹង​តួលេខ​នៃ​ការ​នាំ​ចេញ​ខ្សាច់​ពី​កម្ពុជា និង​ការ​នាំ​ចូល​ខ្សាច់​របស់​សិង្ហបុរី នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក ហូរ វ៉ាន់ មិន​បាន​បញ្ជាក់​ថា ​គណៈកម្មការ​នឹង​ធ្វើ​បែប​ណា​បន្ត​ក្រោយ​ពី​ការ​បំភ្លឺ​របស់​រដ្ឋមន្រ្តីក្រសួង​រ៉ែ​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា​ គណៈកម្មការ​នឹងបន្ត​ការ​តាមដាន​លើ​ការ​អនុវត្ត​ការ​នាំចេញ​ខ្សាច់​នេះ​ជា​បន្ត។

លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល បដិសេធ​មិន​ធ្វើ​អធិប្បាយក្រោយ​ចេញ​ពី​ការ​បំភ្លឺភ្លាមៗ។

លោក ឌិត ទីណា អ្នកនាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ថ្លែង​ក្នុង​សន្និសីទ​ស្តី​ពី​ការ​បំភ្លឺ​ជូន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភាថា ក្រសួង​រ៉ែ និង​ថាមពល មិនមែន​ជា​ស្ថាប័ន​ផ្តាច់មុខ​តែ​មួយ​គត់​ ដែល​ទទួល​បន្ទុក​ការ​នាំ​ចេញ​ខ្សាច់​នោះ​ទេ។ លោក​បន្ថែម​ថា ការ​នាំ​ចេញ​ខ្សាច់​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ដោយ​ឡែក និង​ផ្សេង​ពី​គ្នា ស្រប​តាម​បទ​បញ្ញត្តិ​ច្បាប់​ពាក់ព័ន្ធ និង​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេង​គ្នា។ ចំណែក​ការ​កត់ត្រា​ពី​ការ​នាំចេញ​នាំ​ចូល និង​ការ​កំណត់​ប្រភេទ​ទំនិញរបស់​ប្រទេស​នីមួយៗ​ក៏​មាន​វិធីសាស្រ្ត​ខុស​គ្នា​ ដែល​លោក​ថា ជា​មូលហេតុ​ធ្វើ​ឲ្យ​ចំនួន​នៃ​តួលេខ​ដែល​បាន​បង្ហាញ​ពី​ប្រទេស​នីមួយៗ​មាន​ចំនួន​ខុស​គ្នា។

លោក​ ឌិត ទីណា បញ្ជាក់​ថា៖

«ពេល​ដែល​ប្រទេស​នីមួយៗ​គាត់​មាន​វិធាន​ប្រភព​ដើម​ខុស​គ្នា ​ការ​កត់​ត្រា​របស់​គាត់​ក៏​អាច​ខុសគ្នា មិនមែន​ខ្ញុំ​អ្នក​និយាយ​ទេ គឺ UN COMTRADE នៅ​ក្នុង DATA Base (ទិន្នន័យ) គឺ​គាត់​សរសេរខ្លួន​ឯង ហើយ​យើង​ក៏​មិន​ដឹង​ថា​ប្រព័ន្ធ​កត់​ត្រា​របស់​សិង្ហហ្គាពួរ​យ៉ាង​ម៉េច​ដែរ ដូច្នេះ​ហើយបើ​ឲ្យ​ក្រសួង​មក​វិភាគ​ថា ​តើ​អ្នកណា​ខុស​អ្នកណា​ត្រូវ មាន​សិង្ហហ្គាពួរ​ខុស កម្ពុជា​ខុស ឬ​មួយ​ក៏ UN ​ខុស យើង​មិន​យក​មកវិភាគ​បែប​នេះ​ទេ។ សូម​ឲ្យ​ដឹង​ថា ម្នាក់ៗ ហើយ​ប្រព័ន្ធ​នីមួយៗ​គេ​ធ្វើ​ឡើង​សុទ្ធ​តែ​មាន​គោលដៅ​របស់​គេ ហើយ​សុទ្ធ​តែ​មាន​គោលការណ៍​ក្នុង​ការ​ប្រើប្រាស់​របស់​គេ​ខុសៗ​គ្នា»។

លោក ឌិត​ ទីណា បានបដិសេធ​ក្នុង​ការ​ស្នើ​សុំ​ពិភាក្សា​ជាមួយ​ភាគី​ប្រទេស​សិង្ហបុរី ដើម្បី​ស្វែង​រក​ចំណុច​រួម​ដែល​អាច​បង្ហាញ​ឲ្យច្បាស់​ពាក់ព័ន្ធ​នឹង​ករណី​នេះ។

​លោក ​សន ជ័យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ​ដែល​ជា​សង្គម​ស៊ីវិល​មួយ ក្នុង​ចំណោម​សង្គម​ស៊ីវិល​ដែល​បាន​ស្នើ​ឲ្យ​ក្រសួង​រ៉ែ​បង្ហាញ​ទិន្នន័យលម្អិត​ពី​ការ​នាំ​ចេញ​ខ្សាច់​ពី​កម្ពុជា​ទៅ​សិង្ហបុរី​ក្នុង​ពេល​កន្លង​មក​ បាន​ប្រាប់ VOA ថា ការ​បកស្រាយ​របស់​អ្នកនាំ​ពាក្យ​ក្រសួង​រ៉ែ មិន​មាន​ភាព​គ្រប់គ្រាន់​ក្នុង​ការបង្ហាញ​ពី​តម្លាភាព និង​ភាព​ច្បាស់​លាស់​ពាក់ព័ន្ធ​នឹង​ការ​នាំ​ខ្សាច់​ចេញនៅ​ឡើយ។ លោក​បន្ថែម​ថា ប្រសិនបើតួលេខ​នៃ​ការ​នាំ​ខ្សាច់​ចេញ​ពិត​ជា​បាត់​ដូច​តួលេខ​ដែល UN COMTRADE ​បាន​បង្ហាញ នោះនឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់ជាច្រើនក្នុង​សង្គម និង​បរិស្ថាន​ ទាំង​ផល​ប៉ះពាល់​រយៈពេល​វែង និង​ផល​ប៉ះពាល់​រយៈពេល​ខ្លី។

លោក សន ជ័យ ​បញ្ជាក់​ថា៖

«បើ​សិន​ជា​មាន​ការ​លួច​នាំ​ចេញ​ដោយ​ខុស​ច្បាប់​ វា​មាន​ការ​ខាត​ប្រយោជន៍​ជាតិ វា​អាច​មាន​ទំហំនៃ​ការ​បូម​ខ្សាច់​ដោយ​ខុសច្បាប់ហ្នឹង​វា​អាច​មាន​ចំនួន​មួយ​កើន​ឡើង។ ហើយ​កុំ​ភ្លេច​ថា​ដំណើរចុះ​ស៊ើប​អង្កេត​របស់​សង្គម​ស៊ីវិល ជាមួយ​នឹង​រដ្ឋាភិបាល​ទៅ​កាន់ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ​ទី​៦ ទី៧​ហ្នឹង យើង​បាន​ឃើញ​ការ​បូម​ខ្សាច់នៅ​តាម​តំបន់​ដែល​មិន​មាន​អាជ្ញាប័ណ្ណ។ តំបន់​ដែល​មិន​ផ្តល់អាជ្ញាប័ណ្ណ​ហ្នឹង​ជា​តំបន់​ដែល​មានផល​ប៉ះ​ពាល់​ខ្លាំងដល់​បរិស្ថាន អញ្ចឹង​កម្រិត​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់»។

កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ​ ​អង្គការ​សង្គម​ស៊ីវិល​ជិត​៥០​ ​បាន​ទាមទារ​ឲ្យ​ក្រសួង​រ៉ែ​ ​និង​ថាមពល​បង្ហាញ​ទិន្នន័យ​នាំ​ខ្សាច់​ចេញ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៧​ ​ដល់​ឆ្នាំ​២០១៥​ ​ដោយ​សារ​តួលេខ​ផ្លូវការ​ របស់​រដ្ឋាភិបាល​កម្ពុជាតាម​រយៈ​ក្រសួង​ពាណិជ្ជកម្ម​ គឺ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​កាន់​ប្រទេស​សឹង្ហបុរី​មាន​ត្រឹម​តែ​ជាង​២,៨​លាន​តោន​ ​ប៉ុណ្ណោះ​ខណៈ​ដែល​ទិន្នន័យ​ស្ថិតិ​ពាណិជ្ជកម្ម​លើ​ទំនិញ​របស់​អង្គការ​សហប្រជា​ជាតិ​ ​ដែល​បាន​ទិន្នន័យ​ពី​នាយកដ្ឋាន​ស្ថិតិ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​សិង្ហបុរី​បង្ហាញ​ថា​ ​ការ​នាំ​ខ្សាច់​ចេញ​ពី​កម្ពុជា​ចូល​សិង្ហបុរី​ ​មាន​ប្រមាណ​ជា​៧២,៨​លាន​តោន​ ​សម្រាប់​រយៈ​ពេល​ដូចគ្នា៕