អ្នកប្រឆាំងខាងនយោបាយបានរិះគន់សុន្ទរកថារបស់លោកប្រធានាធិបតី អូបាម៉ា ស្តីពីថាមពល ដែលបានធ្វើឡើងថ្មីៗនេះនៅឯសាកលវិទ្យាល័យចចថោន (Georgetown University) ប៉ុន្តែក្រុមអ្នកជំនាញផ្នែកថាមពល និយាយថា កិច្ចការជាច្រើន នឹងពឹងផ្អែកទៅលើ ថាតើគំនិតទាំងនេះ ដែលបានស្តែងចេញតាមរយៈសុន្ទរកថា ត្រូវបានអនុវត្តតាមច្បាប់ និងបទបញ្ញត្តិយ៉ាងដូចម្តេចខ្លះ។
នៅក្នុងសុន្ទរកថាស្តីពីថាមពល លោកប្រធានាធិបតី អូបាម៉ា អំពាវនាវសុំឲ្យមានការផ្លាស់ប្តូរទ្រង់ទ្រាយធំ នៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលនឹងកាត់បន្ថយការពឹងផ្អែកទៅលើប្រេងឲ្យនៅត្រឹមតែ១ភាគ៣ ត្រឹមឆ្នាំ២០២៥ និងផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្លាំងទៅលើឥន្ធនៈស្អាតជាងមុន មានដូចជាឧស្ម័នធម្មជាតិ និងថាមពលដែលអាចច្នៃឡើងវិញ ព្រមទាំងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បំពុលបរិស្ថាន ដែលជាប់ពាក់ព័ន្ធទៅនឹងការកើនឡើងកំដៅផែនដី។ សមាជិកព្រឹទ្ធសភាមួយចំនួនខាងគណបក្សសាធារណរដ្ឋមកពីតំបន់ឆ្នេរសមុទ្រម៉ិចសិកូ (Gulf of Mexico) ដែលសម្បូរប្រេង បានចោទប្រកាន់លោកប្រធានាធិបតី ពីបទមិនបានផ្តល់អ្វីថ្មីសោះ។ ក្រុមអ្នកសាធារណរដ្ឋជាច្រើន ផ្តល់ការគាំទ្រចំពោះការបើកឱកាសឲ្យមានតំបន់កាន់តែច្រើន ដើម្បីខួងយកប្រេង និងការកាត់បន្ថយការពន្យាផ្នែកបទបញ្ជា ដែលពួកគេនិយាយថា បានធ្វើឲ្យរាំងស្ទះដល់ការរុករកប្រេង។
លោកប្រធានាធិបតី អូបាម៉ា បានថ្លែងថា លោកមិនបានបំភ្លេចការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយការហៀរប្រេងកាលពីឆ្នាំមុននៅក្នុងឈូងសមុទ្រនោះទេ ហើយថា គម្រោងថ្មីៗ ត្រូវតែពិនិត្យឲ្យបានហ្មត់ចត់ និងអនុវត្តតាមបទបញ្ជាថ្មី ដែលតាក់តែងឡើងសំដៅធ្វើឲ្យគម្រោងថ្មីៗកាន់តែមានសុវត្ថិភាពជាងមុន។ លោក អូបាម៉ា ថ្លែងថា៖
«អ្វីដែលយើងបានរៀនសូត្រពីគ្រោះមហន្តរាយនោះ បានជួយយើងឲ្យដាក់ចេញនូវបទដ្ឋានវៃឆ្លាតជាងមុនសម្រាប់សុវត្ថិភាព និងការទទួលខុសត្រូវ»។
ក្រុមអ្នកជំនាញខាងថាមពល ពិនិត្យមើលការសន្យា និងបញ្ហាមួយចំនួនទាក់ទងទៅនឹងអ្វីដែលលោកប្រធានាធិបតីបានលើកឡើង។
លោកអេរីក ស្មីត (Eric Smith) នាយកនៃវិទ្យាស្ថានឋាមពលធូលេន (Tulane Energy Institute) នៅឯសាកលវិទ្យាល័យធូលេន ក្នុងរដ្ឋញ៉ូអ័រលៀន (New Orleans) បាននិយាយតាមទូរស័ព្ទជាមួយវីអូអេ ថា ឱសានវាទស្តីពីការខួងយកប្រេងថ្មីៗ ដែលបានដាក់ចេញបន្ទាប់ពីឧបទ្ទវហេតុកាលពីឆ្នាំមុន ព្រមទាំងបទបញ្ជាថ្មីបានធ្វើឲ្យយឺតយ៉ាវដល់ការអភិវឌ្ឍផ្នែកថាមពល បើទោះជាលោកប្រធានាធិបតីមានប្រសាសន៍បែបនោះក៏ដោយ។
នៅក្នុងសុន្ទរកថា លោកប្រធានាធិបតី អូបាម៉ា ស្តីបន្ទោសឧស្សាហកម្មប្រេង និងឧស្ម័ន ពីបទមិនបានផលិតឲ្យបានច្រើនពីតំបន់ដែលពួកគេទទួលបានកិច្ចសន្យារួចហើយ។ លោកមានប្រសាសន៍ថា៖
«ឥឡូវនេះ ឧស្សាហកម្មនេះ គ្រប់គ្រងលើផ្ទៃដីជាប់កិច្ចសន្យារាប់សិបលានអាគ័រ (acres) ដែលពួកគេ មិនបានផលិតប្រេងមួយដំណក់សោះ។ ពួកគេ កំពុងអង្គុយលើប្រភពថាមពលរបស់អាមេរិក ដែលអាចធ្វើនិស្សារកម្មបាន»។
ប៉ុន្តែ លោក អេរីក ស្ម៊ីត មានប្រសាសន៍ថា វោហារសាស្ត្រនេះ ធ្វើឲ្យសាធារណជនយល់ខុសទាក់ទងទៅនឹងភាពស្មុគ្រស្មាញនៃឧស្សាកម្មប្រេង និងឧស្ម័ន ព្រមទាំងពេលវេលា ដែលឧស្សាហកម្មនោះត្រូវការដើម្បីអភិវឌ្ឍលើកិច្ចសន្យា។ លោកស្ម៊ីត បន្តថា៖
«ពេលវេលាជាមធ្យមរាប់ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចសន្យា រហូតដល់ការរុករកប្រេងពិតប្រាកដ ត្រូវការពេលប្រហែល៥ឆ្នាំ ហើយបន្ទាប់មក វាត្រូវការពេល៥ឆ្នាំទៀត ដើម្បីបង្កើតឧបករណ៍គ្រប់ប្រភេទ សម្រាប់ផលិតប្រេងនោះ។ ដូច្នេះ ការណ៍ដែលអង្គុយនៅទីនោះ ហើយនិយាយថា ក្រុមហ៊ុនប្រេង មានចេតនាមិនខួងអណ្តូងប្រេងនៅលើដី ដែលពួកគេ បានចំណាយលុយទិញ ហើយថា ពួកគេដឹងថាមានប្រេងនៅទីនោះ គឺជាគំនិតមិនបរិសុទ្ធ»។
ប៉ុន្តែ លោក ស្ម៊ីត មានសេចក្តីរីករាយជាមួយនឹងអ្វីដែលលោកប្រធានាធិបតីនិយាយអំពីឧស្ម័នធម្មជាតិ។ លោកអូបាម៉ា បានថ្លែងថា ឥឡូវនេះ សហរដ្ឋអាមេរិកឧស្ម័នដែលអាចផ្គត់ផ្គង់បានចំនួន១០០ឆ្នាំ ដែលមួយផ្នែកធំ ដោយសារស្នាមបែកបណ្តាលមកពីកម្លាំងទឹក ដែលជាដំណើការនៃសារជាតិថ្មផូស៊ីលកប់នៅយ៉ាងជ្រៅក្រោមស្រទាប់ដី ត្រូវបែកដោយមានទឹកនិងសារជាតិគីមីប្រកបដោយសម្ពាធខ្ពស់ ដូច្នេះវានឹងបញ្ចេញឧស្ម័ន។ ក្រុមអ្នកបរិស្ថានមួយចំនួន និយាយថា ដំណើការនេះអាចបំពុលទឹកប្រើប្រាស់ ហើយលោកប្រធានាធិបតីមានប្រសាសន៍ថា ការព្រួយបារម្ភទាំងនោះត្រូវតែលើកឡើង។ ប៉ុន្តែ លោក អេរីក ស្មីត បានឲ្យដឹងទៀតថា លោកប្រធានាធិបហតី ធ្វើកិច្ចការត្រឹមត្រូវក្នុងការធ្វើឲ្យកិច្ចការនេះដំណើរការទៅមុខ ទោះបីជាមានការព្រួយបារម្ភទាំងនោះក៏ដោយ។
នៅទីបញ្ចប់ លោក ស្មីត ថ្លែងថា ជោគជ័យនៃទស្សនៈវិស័យផ្នែកថាមពលរបស់លោកប្រធានាធិបតី អូបាម៉ា នឹងពឹងផ្អែកទៅលើអ្វីដែលរដ្ឋសភា អនុម័ត និងថាតើគោលដៅទាំងនោះត្រូវអនុវត្តយ៉ាងដូចម្តេចខ្លះ៕
ប្រែសម្រួលដោយ លី សុខឃាង