ដំរីកាវ៉ាន ចាប់ផ្តើម​ជីវិត​នៅ​កម្ពុជា ជាមួយ​ក្តីសង្ឃឹម​ថ្មី​នៃ​សេរីភាព

​​​​ដំរី​ឈ្មោះ​កាវ៉ាន​ (Kaavan) ដែល​ត្រូវ​បាន​គេស្គាល់ថា​ជាដំរី​ឯកោ​ បាន​ចាប់ផ្តើម​សម្រប​ខ្លួន​ទៅនឹង​ស្ថានភាព​រស់នៅ​ នៅ​ដែន​ជម្រក​សត្វព្រៃ​នៅ​កម្ពុជា​ ខេត្ត​ឧត្តរមានជ័យ​ នៅ​ថ្ងៃទី​០១ ខែធ្នូ​ ឆ្នាំ​២០២០។ (ខាន់ សុគុំមនោ/VOA)

ព្រឹក​ដំបូង​នៅ​ពេល ​Kaavan​ (កាវ៉ាន)​ បើក​ភ្នែក​ឡើង​នៅ​លើ​ទឹក​ដី​ខេត្ត​ឧត្តរ​មាន​ជ័យ​នៃ​ប្រទេស​កម្ពុជា សត្វដំរី​នេះ ​បាន​ចាប់​ផ្តើម​ទាក់​ទង​ជាមួយ​ដំរី​ញីនៅ​ឯ​លាន​ក្បែរ​ខាង​គ្នា​ ខណ្ឌ​ដោយ​បង្គោលរបង។ ទំនាក់​ទំនង​នេះ មើល​ឃើញតាម​រយៈ​កាយ​វិការដំរី​ទាំង​ពីរព័ន្ធ​ប្រមោយ​គ្នា។

លោក ​Darrick Thomson (ដារិក ថមសុន) គ្រូ​បង្វឹក​ដំរី ដែល​ជា​ជន​ជាតិ​កាណាដា​មួយ​រូប បាន​ប្រាប់​វីអូអេ​ថា ​សត្វ​ដំរី​ឈ្មោះ​កាវ៉ាន ​ដែល​នាំ​មក​ពី​ប្រទេស​ប៉ាគីស្ថាន មក​ដល់​អាកាសយាន​ដ្ឋាន​សៀមរាប ​កាល​ពី​ថ្ងៃ​ចន្ទ​ ពេល​នេះ​មាន​សុខភាព​ល្អ​ជា​ធម្មតា ទោះ​បីជា​វារៀង​ហត់​បន្តិច​ ក្រោយ​ជិះ​យន្ត​ហោះ​ប្រមាណ​១០​ម៉ោង។

លោក​ Darrick Thomson​ និយាយ​ថា៖ «វា​បាន​ឆ្លង​កាត់​ដំណើរដ៏​សឹង​មិន​គួរ​ឲ្យ​ជឿ​មួយ​ដែល​មាន​តែ​ដំរី​តិច​តួច​ប៉ុណ្ណោះ​ធ្លាប់​មាន​បទ​ពិសោធន៍​នេះ»។

ដំរី​ឈ្មោល​ អាយុ​៣៥​ឆ្នាំ​នេះ ត្រូវ​បាន​គេស្គាល់​ថា​ ជា​ដំរី​ឯកោ​មួយ​ក្បាល។ ពេល​នេះ វា​ចាប់​ផ្តើម​សម្រប​ខ្លួន​ទៅ​នឹង​ស្ថាន​ភាព​រស់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ ជាមួយ​ក្តី​សង្ឃឹម​ថ្មី ហើយ​អាជ្ញាធរ​កម្ពុជា​សង្ឃឹម​ថា ​វា​នឹង​បង្កាត់​កូន​ផង​ដែរ ដើម្បី​រក្សា​ពូជ​ដំរី​ដ៏​កម្រ​នេះ។

កម្ពុជា​ នឹង​ក្លាយ​ជា​ជម្រក​ថ្មី​សម្រាប់​កាវ៉ាន ដើម្បី​ព្យាបាល​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ ​និង​កសាង​ទំនាក់​ទំនង​សង្គម​ថ្មី។

Kaavan ​កើត​នៅ​ប្រទេស​ស្រីលង្កា ក្នុង​ឆ្នាំ​១៩៨៥។ ពេល​អាយុ​បាន​មួយ​ឆ្នាំ​ ​រដ្ឋាភិបាល​ស្រីលង្កាជូន​អំណោយ​សត្វ​ដំរី​មួយ​ក្បាល​នេះទៅ​ឲ្យរដ្ឋា​ភិបាលប៉ាគីស្ថាន។ Kaavan ត្រូវ​គេ​ដាក់​ច្រវាក់​ជើង​អស់​រយៈ​ពេល​៣៥​ឆ្នាំ​ នៅ​ក្នុង​សួន​សត្វ​មួយ​នៅ​ក្រុង​អ៊ីស្លាម៉ាបាដ។

Your browser doesn’t support HTML5

ប្រធានាធិបតី​ប៉ាគីស្ថាន ​ជួប​ដំរី​ឯកោ​មុន​បញ្ជូន​ទៅ​កម្ពុជា

កាល​ពី​ឆ្នាំ​២០១៥​ អ្នក​តស៊ូ​មតិ​ ដើម្បី​ការពារ​សិទ្ធិ​សត្វ និង​តារា​ចម្រៀង​ល្បី​អាមេរិក​ម្នាក់ គឺ​អ្នកស្រី Cherilyn Sarkisian ដែល​គេ​ស្គាល់ថា​ Cher ​បាន​បង្កើត​យុទ្ធនា​ការ​ទាម​ទារសិទ្ធិ​សេរីភាព​ឱ្យ​ Kaavan ក្រោយ​ដំរី​នេះ​រង​ការ​រំលោភ​បំពាន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ និង​បានបាត់​បង់​ដៃ​គូ​តែ​មួយ​គត់​របស់​វា​កាល​ពី​៨​ឆ្នាំ​មុន។​

​អ្នកស្រី Cher បាន​ប្រាប់​សារព័ត៌មាន​ Reuters ​ថា ​កម្ពុជា​ជា​កន្លែង​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ហើយ ​«ជីវិត​របស់​វា​ នឹង​ក្លាយជា​ជីវិត​របស់​សត្វ​ដំរី មិន​មែន​ជា​ជីវិត​នៃ​អ្នក​ទោស​ទេ»។

លោក Darrick Thomson​ គ្រូ​បង្វឹក​ដំរីនិង​សហ​ស្ថាបនិក​នៃ​មូលនិធិ Save the Elephant Foundation​ បាន​ប្រាប់​វីអូអេ​ថា៖ «អ្នក​ប្រហែល​ឃើញ​រូបភាព​របស់​Kaavan ដែល​ជាប់​ក្នុង​ទ្រុង បញ្ចេញ​អាកប្ប​កិរិយា​មិន​ប្រក្រតី​ ធ្វើ​អ្វី​ដដែលៗ​ ដូច​ជា​ធុញ​ទ្រាន់។ វា​មើល​ទៅ​សោក​សង្រេង។ ដំរី​នេះ​ធ្លាក់​ទឹក​ចិត្ត វា​ទល់​នឹង​ក្បាល​នឹង​ជញ្ជាំង​ជា​ច្រើន​ម៉ោង។​ ការ​បញ្ជាដែល​វា​ទទួល​បាន ​កាលនោះ​ គឺ​ឆេវឆាវ​ កាច​ឃោរ​ឃៅ និង​ហិង្សា។​ ទីនេះ​ Kaavan​ មិន​ត្រូវ​ការ​វា​ទេ។​ វា​យល់​ពី​សេចក្ដី​ស្រឡាញ់​ ហើយ​វា​ឆ្លើយ​តប​ទៅ​វិញ»។

Your browser doesn’t support HTML5

ដំរី​ឈ្មោះ​ខាវ៉ាន​ (Kaavan) បាន​ចាប់ផ្តើម​ជីវិត​ថ្មីនៅ​កម្ពុជា

អ្នក​ជំនាញ​នៃ​អង្គការ​ FOUR PAWS​ ដែល​មាន​បេសកកម្មទាម​ទារ​សិទ្ធិ​សម្រាប់​សត្វ បាន​បង្វឹក ​Kaavan ជា​ច្រើន​សប្តាហ៍ ​ដើម្បី​ឱ្យ​ដំរី​នេះ​ ព្រម​នៅ​កន្លែង​ចង្អៀត និង​ទ្រាំ​បាន​នឹង​សំឡេង​ខ្លាំងៗ​ ពេល​ជិះ​យន្ត​ហោះ​មក​កម្ពុជា។ ទ្រុង​ដែល​ដឹក​ដំរី​នេះ​ ត្រូវ​បាន​លាប​ពណ៌​តាម​បែប​ប្រពៃណី​ប៉ាគីស្ថាន ដែល​តុប​តែង​ដោយ​រូប​សត្វ​ពណ៌​ឆើត និង​ទង់ជាតិ​ប៉ាគីស្ថាន។

មុន​នឹង​ដឹក​មក​ដល់​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​ទឹកដី​ខេត្ត​ឧត្តរ​មាន​ជ័យ ដំរី​នេះ​ បាន​ទទួល​ការ​ស្វាគមន៍​ពី​កម្ពុជា​ ដោយព្រះ​សង្ឃ​បាន​ប្រោះ​ព្រំ​ទឹក​មន្តឱ្យវា​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា។ ​

លោក Darrick Thomson​ គ្រូ​បង្វឹក​ដំរី​ និង​សហ​ស្ថាបនិក​នៃ​មូលនិធិ ​Save the Elephant Foundation​ បាន​ឲ្យ​ដឹង​ថា​ Kaavan​ មាន​អារម្មណ៍​ធូរ​ស្រាល​ តែ​នៅ​ហត់​នឿយ​នៅ​ឡើយ។​

គ្រូ​បង្វឹក​ដំរីរូប​នេះ​រៀប​រាប់​ថា៖ «វា​លេង​ជាមួយ​ភក់ វា​គ្រវាត់​ភក់​លើ​ខ្លួន​វា​ ដូច​កំពុង​បាំង​ថ្ងៃ។ វា​លេង​ខ្សាច់​ដូចជាងូត​ខ្សាច់​សំដិល​ថ្ងៃ។ កាយ​វិការ​នេះ​ មានមុខងារ​ច្រើន។​ វា​អាច​បង្ហាញ​ថា​ វា​ដេញ​សត្វ​ល្អិត​ ​មូស និង​រុយ​ជា​ដើម​ដែល​រំខាន​វា។​ […]​ឥឡូវ​នេះ មើល​ទៅ​ វា​នៅ​ហត់នឿយ។ បើ​អ្នក​មើល​អាកប្ប​កិរិយា​វា​ ភ្នែក​មីរៗដូច​ងងុយ​គេង។ ​វា​ទើប​តែ​ចុះ​ពី​យន្ត​ហោះ​ ដើម្បី​មក​ទី​នេះ។​ យើង​ជួយ​វា​ឆ្លង​កាត់​បញ្ហា​ថប់​បារម្ភ និង​ភាព​ភ័យខ្លាច។​ ដូច្នេះ​នេះ ជា​រឿង​ល្អ។​ […] ខ្ញុំ​ជឿ​ជាក់​ថា Kaavan​ ទទួល​បានជម្រក​សម​គួរនៅ​ទី​នេះ​ ក្នុង​ចំណោម​ហ្វូង​ដំរី​ញី»។

Kaavan​ កំពុង​ព្យាយាមប្រមូល​ព័ត៌មាន​ជុំវិញ​ជម្រកថ្មី​របស់​ខ្លួន ស្ថិត​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​គូលែនព្រហ្ម​ទេព​ ស្ថិត​នៅ​ក្នុង​ភូមិ​អូតា​ម៉េង​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់វែង ​ខេត្ត​ឧត្តរ​មានជ័យ។ ​ដែន​អភិរក្ស​នេះ​មាន​ទំហំ​ ប្រមាណ៤.៣៥០ ហិកតា។

គ្រូបង្វឹក​ និង​សហ​ស្ថាបនិក​នៃ​ Save the Elephant Foundation​ លោក Darrick Thomson កំពុង​ជួយ​កសាង​ទំនាក់​ទំនង​រវាង​ដំរី​ឈ្មោះ​កាវ៉ាន​ (Kaavan) និង​ដំរី​ញី​នៅ​កម្ពុជា​ នៅ​ដែន​ជម្រក​សត្វព្រៃ​នៅ​កម្ពុជា​ ខេត្ត​ឧត្តរមានជ័យ​ នៅ​ថ្ងៃទី​០១ ខែធ្នូ​ ឆ្នាំ​២០២០។ (ខាន់ សុគុំមនោ/វីអូអេ)​

លោក​ Darrick ដែល​ពេល​នេះ​ជា​គ្រូ​បង្វឹក​ដំរី​នេះ​ផ្ទាល់​ និង​បង្វឹក​ដំរី​ញីបីក្បាលទៀត ​បាន​ឲ្យ​ដឹង​ថា ឃាន​វិញ្ញាណ ឬ​ការ​ដឹង​ក្លិន​របស់សត្វ​ដំរី​នេះ គឺអស្ចារ្យ​បំផុត​ ដែល​នាំ​ឲ្យ​ពួក​វា ស្គាល់​ពិភព​លោក។ ​

លោកពន្យល់ថា៖ «​យប់​មិញ​ ខ្ញុំ​ឃើញ​ទំនាក់​ទំនង​របស់​ពួក​គេ ដែលចំណាយ​ពេល​វេលា​ច្រើន​ជាមួយ​គ្នា។​ ខ្ញុំ​បាន​ឃើញ​ដាន​ជើង​ដំរី​ញី​ពីរ​នៅ​អាង​ទឹក​ ហើយ ​Kaavan​ នៅ​ម្ខាង​ទៀត។​ ​យប់​មិញ​ពួកគេ​ព័ន្ធ​ប្រមោយ​គ្នា ស្ទាបចុះ​ស្ទាប​ឡើង ហើយហិត។​ កាយ​វិការ​ទាំងនេះ​មាន​ន័យ​ណាស់​សម្រាប់​ពួក​គេ។ ពួក​គេ​ប្រើ​សមត្ថភាព​ធម្ម​ជាតិ​ដ៏​វៃឆ្លាត ក្នុង​ការ​ចាប់​យក​និង​ប្រមូល​ព័ត៌មានឲ្យ​ច្រើន​នៅ​ក្នុង​បិរយាកាស​ថ្មី ​តាម​រយៈ​ប្រមោយ​ដែល​មាន​ហ្សែន​ទទួល​ព័ត៌មាន។ ដូច្នេះ​របៀប​ដែល​វា​ស្ទាប​គ្នា​ ហិត​ក្លិន​គ្នា​ ​ចាប់​យក​ព័ត៌មាន​ផ្សេង​ទៀត ​និង​ភាពរស់​រវើក គឺ​ជា​ពិភពផ្សេង​របស់​ពួក​គេ ដែល​យើង​មិន​អាច​យល់​បាន»។

កម្រងរូបភាព៖ ដំរី​ឈ្មោះ​កាវ៉ាន​ (Kaavan) បាន​ចាប់ផ្តើម​ជីវិត​ថ្មីនៅ​កម្ពុជា

​Kaavan ជា​ដំរី​ពូជ​អាស៊ី​មួយ​ប្រភេទ​ ដែល​រង​ការ​គំរាម​កំហែង​ជិត​ផុត​ពូជ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន។ លោក​បាន​ឲ្យ​ដឹង​ថា​ នៅ​កម្ពុជាប្រភេទ​ដំរីពូជ​អាស៊ីនេះ​ មាន​ចន្លោះ​ពី​៤០០​ទៅ​៦០០​ក្បាល ​ដែល​កំពុង​តែ​រស់​នៅ​ក្នុង​ព្រៃ​ការពារ​ធម្មជាតិខេត្ត​រតនគិរី​ មណ្ឌលគិរី​ និង​នៅ​ក្នុង​តំបន់​ជួរភ្នំ​ក្រវ៉ាញ។

លោក​ នេត្រ ភក្ត្រា​ ប្រាប់​វីអូអេ​ថា​ ក្រៅ​ពីការជួយ​ដំរី​នេះ​ឲ្យ​លែងឯកោ​ គោល​បំណង​ដ៏សំខាន់​នោះ គឺ​ការ​បង្កាត់​ពូជ​ដំរី​ប្រភេទ​នេះ។

លោក​មាន​ប្រសាសន៍ថា​៖ «អញ្ចឹង​ការ​បន្សាំ​ Kaavan នៅ​ក្នុង​ព្រៃ​នៅ​ប្រទេស​កម្ពុជា គឺ​ស្រប​ទៅ​នឹងប្រព័ន្ធ​ហ្សែនេទិក និង​ប្រភេទ​សត្វ​ដំរី​ដូច​គ្នា។ នេះ​ ជា​ចំណុច​ល្អ​មួយ។ មួយ​ទៀត​ គឺ​បរិស្ថាន​នៅ​តំបន់​របស់​យើង​ប្រហាក់​ប្រហែល​គ្នា»។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​រូប​នោះ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ពុំ​មាន​របាយ​ការណ៍​ណា​មួយ​បង្ហាញពី​ករណីបរបាញ់​សត្វ​ដំរី ​ដើម្បី​យក​ភ្លុក កន្ទុយ ​ឬ​រោម​មក​ប្រើ​ប្រាស់​តាម​ជំនឿ​ដូច​ពី​មុន​ទេ។ ក៏​ប៉ុន្តែ​លោក​ថា នៅ​១០​ឆ្នាំ​ចុង​ក្រោយ​ មាន​ដំរី​ចំនួន​៨​ក្បាល​នៅ​កម្ពុជា បាន​បាត់បង់ជីវិត។

លោក​ប្រាប់​អំពី​មូល​ហេតុ​នេះ​ថា៖ «ស្លាប់​ដោយ​ជំងឺ​ ស្លាប់​ដោយ​ការ​បាញ់​ ដែល​សង្ស័យ​ថា វា​មាន​ជម្លោះ​រវាង​មនុស្ស​និង​ដំរី គឺ​ដំរីចូល​ទៅ​ស៊ី​ដំណាំ​របស់​ប្រជាពលរដ្ឋនិង​ការ​ជាប់​អន្ទាក់​ ឬ​ក៏​ជាប់​ជើង​នឹង​ល្បាក់​ថ្ម​នៅ​ពេល​ដែល​ហែល​ឆ្លង​កាត់ ហើយ​និង​កើត​មក​ គឺ​ស្លាប់​ដោយ​សារ​តែ​សុខភាព​មិន​សូវ​ល្អ​។ តាម​ការ​រកឃើញ​ ដំរី​មួយ​ចំនួន​ជាប់​ជើង​នឹង​អន្ទាក់ បើ​ទោះ​បី​ជា​មន្ត្រី​ឧទ្យានុរៈ​បាន​សហការ​ដក​អន្ទាក់​ប្រមាណ​មួយឆ្នាំ​ជាង​៤​ម៉ឺន​អន្ទាក់​ចេញ​ពី​ព្រៃ​ធម្មជាតិ​របស់​យើង​ ដើម្បី​ការពារ​សត្វព្រៃ»។

ក្រុម​អ្នក​ស្រឡាញ់​ការពារសត្វព្រៃ​ ក្រុម​អ្នក​ស្រលាញ់​បរិស្ថាន ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​ ព្រមទាំងពលរដ្ឋ​កម្ពុជា​ជា​ម្ចាស់​ប្រទេស​ សាទរ​នឹង​ការ​ទទួល​យក​សត្វ​ដំរី​ «ឯកោ»​ មួយ​នេះឲ្យ​ជ្រក​នៅ​កម្ពុជា។​

លោក​ ស៊ូ​ សាវ៉ាត​ វ័យ​៣៨​ឆ្នាំ​ ពលរដ្ឋ​រស់​នៅ​ក្នុង​ទី​ក្រុង​សៀមរាប​ មាន​អារម្មណ៍​រំភើប​ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​សាច់​ញាតិ​របស់​លោក​ដែល​ធ្វើ​ការ​នៅ​ព្រលាន​យន្តហោះ​ ​អំពី​ការ​មក​ដល់​របស់​ដំរី​នេះ។ លោក​បន្ត​ថា​ ការ​នាំយក​សត្វ​ដំរី​នេះ​មក​រស់​នៅ​កម្ពុជា ​បង្ហាញ​ពី​ទំនុក​ចិត្ត​របស់​អន្តរជាតិ​មក​លើ​កម្ពុជា​ ក្នុង​ការ​ថែ​រក្សា​សត្វ​ដំរី។

លោក​ប្រាប់​វីអូ​អេ​ថា៖ «ល្អ​ដែរ​បាន​គេ​យក​[ដំរី​]ពី​ប្រទេស​គេ​ មក​ប្រទេស​ខ្មែរ​យើង។ អាច​មាន​ប្រជាជន​ ឬ​បរទេស​ច្រើន​ គេ​ចាប់​អារម្មណ៍​ទៅ​មើល​នៅ​កន្លែង​អភិរក្ស​សួន​សត្វ។ យក​មក​ដាក់​ប្រទេស​យើង​ចឹង​ មាន​ន័យ​ថា​ គេ​ជឿ​ជាក់​លើ​ប្រទេស​យើង​ថា​ល្អ​ គ្រាន់​បើ​ជាង​ប្រទេស​ធ្វើ​បាប​វា​ដូច​មុន​ចឹង»។

កាល​ពី​ចុង​ឆ្នាំ​២០១៩ សត្វ​ដំរី​ស្រុកចំនួន​១៤​ក្បាល ដែល​ធ្លាប់​ដឹក​ភ្ញៀវ​ទេសចរ​នៅ​តំបន់​ឧទ្យាន​បុរាណ​អង្គរ​ក្នុង​ខេត្ត​សៀមរាប ត្រូវ​បាន​ឲ្យ​សម្រាក​ចូល​និវត្តន៍ ក្រោយ​អាជ្ញាធរបាន​សម្រេច​លែង​ឱ្យ​ប្រើប្រាស់​ជា​មធ្យោបាយ​ទេស​ចរណ៍ ​ជិត​២០​ឆ្នាំ។ កម្ពុជា មាន​ដំរី​ស្រុក​សរុប​ប្រមាណ​៧០ក្បាល។

បើ​តាម​អង្គការ FOUR PAWS ការ​តាំង​ទីលំ​នៅ​ថ្មី​របស់​សត្វដំរី Kaavan នឹង​ធ្វើ​ឡើង​ក្នុង​៣​ដំណាក់​កាល។​ ដំបូង Kaavan ត្រូវ​បាន​ដាក់​នៅ​ឲ្យ​ដាច់​ដោយ​ឡែក​ពី​គេ​ ដើម្បី​អាច​ស្គាល់​ចរិត​ពិត​របស់​វា​ និងធ្វើ​ឲ្យ​វាស្ងប់​អារម្មណ៍។​ បន្ទាប់​មក​ទៀត​ វាអាច​មាន​សេរីភាព​ជាង​មុន ដោយ​ផ្ទេរ​ទៅ​ជម្រក​មាន​ដែន​ធំ​ជាង​មុន​ និងមានស្រះ​ទឹក ដែល​វា​អាច​ចែក​រំលែក​គ្នាបាន​ជាមួយ​នឹង​ដំរី​ញី​ទាំង​អស់។​ ចុង​ក្រោយ​ Kaavan នឹង​អាច​ចល័ត​ក្នុង​ដីព្រៃ​អភិរក្ស៕