សាលាបឋមសិក្សា Discovery ពិតជាស័ក្តិសមទៅនឹងឈ្មោះរបស់វា។ សាលានេះមានរាប់ចាប់ពីអាហារដ្ឋានដែលកូនសិស្សប្រើជញ្ជីងវាស់លើបរិមាណកាកសំណល់អាហារ រហូតដល់ប្រតិទិនដើរដោយថាមពលព្រះអាទិត្យដែលភ្ជាប់នឹងសាលា ដែលអាចប្រាប់កូនសិស្សពីពេលវេលា និងការសម្គាល់នៃការប្រែប្រួលរដូវកាល។
លោក Greg Rusk អ្នកសម្របសម្រួលបច្ចេកវិទ្យាសម្រាប់បង្ហាត់បង្រៀនរបស់សាលាបឋមសិក្សា Discovery នេះ និយាយថា បន្ទះសូឡាប្រហែល១.៧០០បន្ទះនៅលើដំបូលអគារសាលារៀន បានផលិតថាមពលគ្រប់គ្រាន់សម្រាប់ដំណើរការសាលារៀនទាំងមូល។
«ថាមពលទាំងនោះ ត្រូវបានបំប្លែងទៅជាចរន្តអគ្គិសនីផ្សេងទៀត ហើយចរន្តនេះត្រូវរក្សាទុកនៅកន្លែងស្តុកនិងផ្គត់ផ្គង់អគ្គិសនីរួម បន្ទាប់មកយើងនឹងទាញយកអគ្គិសនីនោះទៅប្រើពេលត្រូវការប្រើប្រាស់។ គោលដៅដែលយើងចង់បាន គឺសំណល់ពិន្ទុសូន្យ មានន័យថាយើងផលិតថាមពលអគ្គិសនីតែក្នុងបរិមាណមួយដែលយើងត្រូវការដើម្បីប្រើប្រាស់ប៉ុណ្ណោះ។ ប៉ុន្តែ ក្រុមស្ថាបត្យករ និយាយថា ពួកគេរចនាអគារបែបនេះ គឺដើម្បីបង្កើតសំណល់លេខវិជ្ជមាន ដែលយើងសង្ឃឹមថានឹងអាចឲ្យយើងផលិតថាមពលអគ្គិសនីកាន់តែច្រើន»។
លោក Rusk និយាយថា ជញ្ជាំងអគារជាងមួយភាគបីធ្វើពីកញ្ចក់ គឺដើម្បីអាចប្រើប្រាស់ពន្លឺព្រះអាទិត្យឲ្យបានក្នុងកម្រិតអតិបរមា និងមានបង្កប់បំពង់ពន្លឺព្រះអាទិត្យនៅលើពិដាន ដែលបញ្ជូនពន្លឺទៅផ្នែកសំខាន់ៗនៃអគារ។ អំពូលពន្លឺ LED ដែលអាចភ្លឺបានល្អ ត្រូវបានដាក់នៅទីដែលពន្លឺព្រះអាទិត្យមិនអាចទៅដល់។ ពិដាននេះមានបន្ទះស្រូបសំឡេង គឺដើម្បីកាត់បន្ថយការបំពុលដោយសំឡេង»។
«សាលារៀននេះ ស្ថិតនៅកណ្តាលវាល ដែលអាចបង្កើតឲ្យមានការឡងសំឡេងជាច្រើន។ ដូច្នេះដើម្បីបង្ការ គេត្រូវដាក់បន្ទះជាច្រើននៅពិដានដើម្បីអាចស្រូបសំឡេងបានខ្លះ និងអាចឲ្យកូនសិស្សផ្តោតការយកចិត្តទុកដាក់លើការរៀនសូត្រ»។
ថ្នាក់រៀននីមួយៗ មានតុគ្រូ និងតុសិស្សដែលមានសណ្ឋានប្លែកៗពីគ្នា ហើយការរៀបចំកៅអីមានរបៀបផ្សេងៗគ្នា។
«ថ្នាក់រៀនមួយចំនួនមានកៅអីចល័ត ហើយថ្នាក់រៀនខ្លះទៀតមានកៅអីរ៉ឺស័រ។ របៀបរៀបកៅអីគឺទៅតាមជម្រើសរបស់កូនសិស្ស ឬតាមជម្រើសគ្រូបង្រៀន។ ខ្ញុំគិតថា របៀបរៀបបែបនេះ នឹងជំរុញទឹកចិត្តគ្រូបង្រៀន និងកូនសិស្សប្រើប្រាស់បរិវេណផ្ទាល់ខ្លួនសម្រាប់ការរៀនសូត្រ»។
បន្ថែមលើការរចនាដែលមិនធ្វើតាមបែបប្រពៃណីនេះ សាលាបឋមសិក្សា Discovery ក៏មានឧបករណ៍សម្រាប់រំអិលខ្លួនចុះដែលកូនសិស្សអាចប្រើដើម្បីសម្រូតចុះទៅជាន់ក្រោម ជំនួសឲ្យការប្រើជណ្តើរ។
«ការរចនាអគារបែបនេះ ជាការរៀបចំដែលមានលក្ខណៈតាមលំដាប់ខ្សែបណ្តោយ ហើយកូនសិស្សតែងតែនិយាយអំពីរឿងនេះនៅពេលពួកគេនៅក្រៅសាលារៀន។ វាជាផ្នែកមួយដ៏សំខាន់នៃលក្ខណៈពិសេសរបស់សាលារៀននេះផ្ទាល់»។
ការរចនាអគារបែបនេះ មិនគ្រាន់តែជួយសន្សំសំចៃថាមពលទេ វាថែមទាំងផ្តល់នូវទស្សនវិជ្ជាបែបអប់រំផងដែរ។
«អគារបើកទូលាយបែបនេះ នឹងជំរុញលើកទឹកចិត្តឲ្យកូនសិស្សធ្វើការជាមួយគ្នា។ ប្រសិនបើអ្នកដកបច្ចេកវិទ្យាទាំងអស់នោះចេញ ពួកគេនៅតែធ្វើការរួមគ្នា ហើយនោះគឺជាគន្លឹះសម្រាប់ភាពជោគជ័យសកល។ ខ្ញុំគិតថា យើងត្រូវតែបន្តការធ្វើបែបនេះ និងចាត់ទុកវាជាគោលបំណងសម្រាប់អប់រំមួយ»។
អ្នកស្រី Erin Russo នាយកសាលាបឋមសិក្សា Discovery ក៏បានយល់ស្របបែបនេះដែរ។ អ្នកស្រីនិយាយថា៖
«សាលាបឋមសិក្សានេះ មិនមែនគ្រាន់តែជាអគារសិក្សាដែលកូនសិស្សមករៀនរាល់ថ្ងៃទេ វាក៏ជាអគារដែលកូនសិស្សអាចសិក្សាស្វែងយល់ពីវាជារៀងរាល់ថ្ងៃផងដែរ។ គ្រប់ជ្រុង គ្រប់ច្រកផ្លូវ សុទ្ធតែជាឱកាសសម្រាប់ការរៀនសូត្រ។ ជាក់ស្តែង ក្រុមកូនសិស្សរៀនថ្នាក់ទី៥ របស់យើង បានធ្វើការសិក្សាស្រាវជ្រាវលើទិដ្ឋភាពមួយនៃនិរន្តរភាពរបស់អគារនេះ ហើយខ្ញុំជឿជាក់ថា ប្រសិនបើអ្នកសាកសួរកូនសិស្សទាំងនោះ នោះអ្នកនឹងឃើញថា នេះគឺជាចំណុចលេចធ្លោនៃការសិក្សារបស់ពួកគេក្នុងឆ្នាំនេះ»។
កុមារីអាយុ១០ឆ្នាំម្នាក់ឈ្មោះ Anna Sprinker បានសិក្សាអង្កេតលើអណ្តូងផ្តល់កំដៅក្រោមដី ដែលស្ថិតនៅខាងក្រោមទីធ្លាក្មេងលេង ដែលអណ្តូងនេះស្រូបថាមពលពីខាងក្រោមស្រទាប់ខាងក្រៅនៃផែនដី។
«ខ្ញុំបានដឹងពីទីតាំងរបស់អណ្តូងទាំងនោះ ដឹងពីជម្រៅរបស់វា ដឹងពីរបៀបដែលអណ្តូងទាំងនោះជួយឲ្យមានការប្រើប្រាស់ថាមពលដល់កម្រិតសូន្យ និងដឹងពីរបៀបដែលអណ្ដូងទាំងនោះចូលរួមការពារបរិស្ថាន។ ប្រសិនបើអ្នកអានសៀវភៅវិទ្យាសាស្រ្ត អ្នកនឹងមើលឃើញរូបភាពជាឧទាហរណ៍តែប៉ុណ្ណោះ ប៉ុន្តែវារឹតតែប្រសើរថែមទៀតនៅពេលយើងមើលឃើញវិទ្យាសាស្ត្រនោះពិតជាក់ស្តែង»។
ឧទាហរណ៍ទាំងអម្បាលម៉ានដែលលោកគ្រូអ្នកគ្រូបាននិយាយនេះ ធ្វើឲ្យសាលាបឋមសិក្សា Discovery នេះផ្ទាល់ក្លាយជាកិច្ចតែងការសម្រាប់ការបង្រៀន។
«យើងទើបតែចាប់ផ្តើមរៀនអំពីអគារនេះ និងសិក្សាលើរបៀបដែលអគារនេះអាចលើកកម្ពស់ការសិក្សារបស់កូនសិស្ស។ យើងតែងនិយាយថា យើងធ្វើការងារដែលកំពុងតែមានដំណើការ»។
ហើយពួកយើងកំពុងរៀនសូត្រពីបទពិសោធន៍មួយដ៏គួរជាទីរំភើបសម្រាប់ទាំងកូនសិស្ស និងគ្រូបង្រៀន៕
ប្រែសម្រួលដោយ កោះ សុគន្ធី