នៅមុនការឃោសនាបោះឆ្នោតចាប់ផ្តើមនៅដើមខែកក្កដាខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបង្កើនកិច្ចខិតខំរបស់ខ្លួនថែមទៀត ដើម្បីបញ្ជ្រាបព័ត៌មានថ្មីៗស្តីពីការបោះឆ្នោតជាតិអាណត្តិទីប្រាំមួយ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមសារផ្ញើជាបន្តបន្ទាប់តាមប្រព័ន្ធទូរសព្ទសំខាន់ៗក្នុងប្រទេសតាំងពីសប្តាហ៍មុនមកទល់នឹងដើមសប្តាហ៍នេះ។
កាលពីថ្ងៃសៅរ៍ គ.ជ.ប. បានប្រកាសសារផ្ញើតាមប្រព័ន្ធទូរសព្ទក្រុមហ៊ុន Mobitel ថា ខ្លួនស្វាគមន៍អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិពីគ្រប់ទិសទី និងសម្រេចទទួលស្គាល់ជាផ្លូវការ អ្នកសង្កេតការណ៍ជាតិជាង៣៤០០០នាក់ និងអ្នកសង្កេតការណ៍អន្តរជាតិមានចិន និងមីយ៉ាន់ម៉ា។ នៅថ្ងៃសៅរ៍ដដែលនោះ គ.ជ.ប.បានបញ្ជាក់ថា អ្នកបោះឆ្នោតដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ពីថ្ងៃទី២៨ មិថុនា ដល់២៧កក្កដា ២០១៨។
កាលពីថ្ងៃច័ន្ទម្សិលមិញនេះ គ.ជ.ប. បានផ្ញើសារបញ្ជាក់ពីការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយនៅតាមគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៩មិថុនា ដល់ថ្ងៃទី៥ខែកក្កដា ឆ្នាំ២០១៨។
នៅថ្ងៃអង្គារនេះ VOA មិនអាចទាក់ទងលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.ដើម្បីសុំការអធិប្បាយទៅលើការផ្ញើសារតាមទូរសព្ទ ដែលរងការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញទូរសព្ទមួយចំនួនដែលថា ការផ្ញើសារនោះជាការរំខាននោះ។ VOA ក៏បានព្យាយាមទាក់ទងអ្នកនាំពាក្យម្នាក់ទៀតរបស់គ.ជ.ប. គឺលោក ឌឹម សុវណ្ណារុំ តែក៏មិនទាន់អាចទាក់ទងបានដែរមកដល់ល្ងាចថ្ងៃអង្គារនេះ។
សេចក្តីប្រកាសមួយរបស់គ.ជ.ប. ចុះថ្ងៃទី២២ ខែមិថុនាបានឲ្យដឹងថា គ.ជ.ប.បានរៀបចំផ្តល់សេវាព័ត៌មានតាម «ការផ្ញើសារ (SMS)សំខាន់ៗជារៀងរាល់ថ្ងៃទៅកាន់ទូរសព្ទដៃចំនួន៥លាន។ ម្ចាស់ឆ្នោតបាននឹងកំពុងទទួលបានសារគ.ជ.ប.។
សេចក្តីប្រកាសដដែលបានសរសេរក្នុងន័យដើមថា៖
«គ.ជ.ប.បាននឹងកំពុងផ្សាយសាកល្បងទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online ដែលអាចទាញយកដាក់ក្នុងទូរសព្ទដៃបាន (Download) តាមរយៈកម្មវិធី (App) CamNEC News។ ការផ្តល់សេវានេះគឺមានន័យថា ជាអ្នកបម្រើសេវាសម្រាប់ម្ចាស់ឆ្នោត ដែលជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៧ ដែលជាត្រីវិស័យរបស់គ.ជ.ប.»។
គ.ជ.ប. ក៏បានឲ្យដឹងតាមសារដាច់ដោយឡែកផ្សេងកាលពីថ្ងៃច័ន្ទតាមន័យដើមថា៖
«គ.ជ.ប.បានផ្តល់ប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោតបានចំនួនជាង៥លាន៥សែននាក់ ស្មើនឹង ៦៦,៦៨ភាគរយ គិតត្រឹមថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៨ និងក្រុមការងារបន្តចែកដល់ថ្ងៃទី៥ កក្កដា ឆ្នាំ២០១៨»។
ការបង្កើនកិច្ចប្រឹងប្រែងបង្កើនការយល់ដឹងជាសាធារណៈចំពោះការបោះឆ្នោតសាកលដែលនឹងចាប់ផ្តើមនៅចុងខែកក្កដានោះបានធ្វើឡើង នៅស្របពេលមានការរិះគន់ពីដំណើរការបោះឆ្នោត ដែលនឹងមិនមែនជាការបោះឆ្នោតពិតប្រាកដនោះទេ ដោយសារការបដិសេធសិទ្ធិចូលរួមឈរឈ្មោះបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងតុលាការឲ្យរំលាយចោលកាលពីឆ្នាំមុន។
អង្គការសំខាន់ៗពីរដែលឃ្លាំមើលការបោះឆ្នោតគឺអង្គការខុមហ្វ្រែល និង Nicfec បានប្រកាសដកខ្លួនចេញពីការសង្កេតការណ៍ ដោយបានអះអាងថា ពួកគេបានរងសម្ពាធពីរដ្ឋាភិបាលនាពេលកន្លងមកពាក់ព័ន្ធនឹងការចោទប្រកាន់ថា អង្គការឃ្លាំមើលការបោះឆ្នោតមួយចំនួនបានគាំទ្រការធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាល។
អង្គការតម្លាភាពកម្ពុជា កាលពីពេលថ្មីៗនេះ ក៏បានប្រកាសមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតជាតិនាចុងខែកក្កដានេះដែរ ដោយអះអាងថា ស្ថានភាពនយោបាយនៅមុនការបោះឆ្នោតធ្វើឲ្យខ្លួនមិនអាចប្រមូលធនធានគ្រប់គ្រាន់ ដើម្បីរួមចំណែកក្នុងដំណើរការបោះឆ្នោតខាងមុខ។
រីឯអង្គការបណ្ដាញអាស៊ានដើម្បីការបោះឆ្នោតដោយសេរី ឬហៅកាត់ថា ANFREL បានចេញរបាយការណ៍កម្រាស់១៥ទំព័រ កាលពីថ្ងៃទី១៥ ខែមិថុនា ដោយវាយតម្លៃថា «ការបោះឆ្នោតនៅកម្ពុជាគ្មានភាពយុត្តិធម៌ និងសេរីនោះទេ»។ របាយការណ៍នោះបានលើក៤ចំណុចសំខាន់ៗគឺសិទ្ធិពលរដ្ឋជាមូលដ្ឋាន និងសិទ្ធិនយោបាយបានរងការគំរាមកំហែង និងការរឹតត្បិត។
ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតខែកក្កដាខាងមុខនេះ ក្រៅពីការប្រកាសដកខ្លួនរបស់ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសំខាន់ៗនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលជាសាស្ត្រាចារ្យច្បាប់ផងនោះ បានប្រកាសច្បាស់ៗ នៅពេលចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយកាលពីចុងខែមេសាថា ការបោះឆ្នោតជាតិខាងមុខនោះ នឹងមិនមែនជាការបោះឆ្នោតពិតប្រាដកនោះឡើយ នៅពេលគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងសំខាន់ត្រូវបានគេផាត់ចេញពីបញ្ជីឈ្មោះបោះឆ្នោត។
ថ្មីៗនេះ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានចេញសេចក្តីប្រកាសមួយបញ្ជាក់ឲ្យដឹងថា ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដានៅប្រទេសកម្ពុជា ជាការធ្វើឲ្យខូចខាតកាន់តែខ្លំាងថែមទៀតនៃភាពស្របច្បាប់សម្រាប់ការបោះឆ្នោត ហើយថា ជម្រើសបុគ្គលម្នាក់ៗចំពោះការចូលរួម ឬមិនចូលរួមការបោះឆ្នោតនោះ ត្រូវតែទទួលបានការគោរព។
នៅឯនៅក្រៅប្រទេសវិញ គេឃើញក្រុមសហគមន៍ខ្មែរនានាដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានតវ៉ាទាមទារសុំឲ្យប្រទេសជប៉ុនដកការគាំទ្ររបស់ខ្លួននៅក្នុងដំណើរការរៀបចំបោះឆ្នោតខែកក្កដានេះ ដោយហេតុថាមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ។
ចំណែកសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក បានផ្អាកការគាំទ្រដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីតុលាការបានរំលាយគណបក្សសង្គ្រោះជាតិ។ បច្ចុប្បន្ននេះ នៅសល់តែប្រទេសជប៉ុនមួយប៉ុណ្ណោះដែលជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ នៅបន្តគាំទ្រលើផ្នែកបច្ចេកទេស ហើយកាលពីខែកុម្ភៈ បានផ្តល់ហិបឆ្នោតជាង១០.០០០ដែលមានតម្លៃ៧,៥លានដុល្លារដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតក្នុងស្រុកមួយចំនួនបានលើកឡើងថា ការបង្កើនយ៉ាងខ្លាំងក្លានៃការឃោសនាតាមប្រព័ន្ធទូរគមន៍ ឬទូរសព្ទរបស់គ.ជ.ប.ដើម្បីលើកកម្ពស់ការយល់ដឹងទូលំទូលាយជាងមុននៃការរៀបចំបោះឆ្នោតនេះ ជាផ្នែកមួយនៃការព្រួយបារម្ភថា ចំនួនអ្នកបោះឆ្នោតអាចមានកម្រិតទាប។
សេចក្តីប្រកាសមួយរបស់គ.ជ.ប.ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងថា យុទ្ធនាការឃោសនាបោះឆ្នោតនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕