កម្រងរូបភាព៖ ទិដ្ឋភាពការបោះឆ្នោតឃុំសង្កាត់នៅខេត្តសៀមរាប
អ្នកភូមិនៅក្នុងស្រុកស្វាយលើ ឃុំតាសៀម កំពុងស្វែងរកឈ្មោះ និងលេខរៀង ដើម្បីចូលបោះឆ្នោតជ្រើសរើសអ្នកដឹកនាំឃុំ នៅក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទីបួន។ (ផន បុប្ផា/VOA)
អ្នកស្រីព្រឹន ហៃ អាយុ៤០ឆ្នាំ កសិករនៅក្នុងឃុំបឹងមាលា ស្រុកស្វាយលើប្រាប់VOAថា ប្រជាពលរដ្ឋជាច្រើនបានចាកចេញពីឃុំនេះទៅធ្វើការនៅប្រទេសថៃ។ លោកស្រីសង្ឃឹមថា មេឃុំថ្មីនឹងជួយរកការងារឲ្យប្រជាពលរដ្ឋ ជួយធ្វើឲ្យតម្លៃផលកសិកម្មរបស់កសិករខ្មែរកើនឡើង និងជួយធ្វើឲ្យការអប់រំនៅក្នុងឃុំនេះមានភាពប្រសើរឡើង។ (ផន បុប្ផា/VOA)
លោកហ៊ុន ហួន អាយុ៦០ឆ្នាំ មន្ត្រីក្រុមប្រឹក្សាស្រុក នៅក្នុងស្រុកស្វាយលើ ឃុំបឹងមាលា ប្រាប់VOAថាលោកចង់ឲ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំរបស់លោកឲ្យបានកាន់តែច្រើនទៀត ហើយលោកក៏ចង់ឲ្យមានការតបណ្តាញទឹកចូលក្នុងឃុំរបស់លោកផងដែរ។លោកសង្ឃឹមថា អាជ្ញាធរឃុំនឹងដឹកនាំឃុំ ដោយមានតម្លាភាពនិងធ្វើតាមឆន្ទៈប្រជាពលរដ្ឋ។ (ផន បុប្ផា/VOA)
លោកស្រីលឹមសុផាន អាយុ៦១ឆ្នាំ ជាអ្នកភូមិក្នុងស្រុកសូត្រនិគម ឃុំដំដែក ប្រាប់VOAថា លោកស្រីបោះឆ្នោតដើម្បីផ្លាស់ប្តូរមេឃុំ ហើយលោកស្រីសង្ឃឹមថា មេឃុំថ្មីនឹងជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនៅក្នុងឃុំដំដែកក្នុងស្រុកសូត្រនិគមរបស់លោកស្រី។ (ផន បុប្ផា/VOA)
កញ្ញាជិន ស្រីធុច អាយុ១៨ឆ្នាំ សកម្មជនរបស់គណបក្សសង្គ្រោះជាតិ កំពុងរកឈ្មោះ និងលេខរៀងរបស់អ្នកបោះឆ្នោតនៅក្នុងឃុំដំដែកស្រុកសូត្រនិគមនៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យដំដែក។ (ផន បុប្ផា/VOA)
ប្រជាពលរដ្ឋក្នុងឃុំបាគងចូលរូមបោះឆ្នោតឃុំសង្កាត់នៅរសៀលថ្ងៃអាទិត្យក្នុងសាលាបឋមសិក្សាលលៃក្រុងស្រុកព្រះបាគង។ (ផន បុប្ផា/VOA)
លោកកែ ចាន់គ្រឹស្នា អាយុ២៥ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងឃុំគោកចក និងដែលជាបុគ្គលិកក្រុមហ៊ុនឯកជនបានប្រាប់ VOAថា លោកចង់ឲ្យគណបក្សសង្គ្រោះជាតិមានតួនាទីខ្លះនៅក្នុងការដឹកនាំប្រទេស។ (ផន បុប្ផា/VOA)
លោកទំ សុធី អាយុ៤១ឆ្នាំ អ្នករត់រ៉ឺម៉កកង់បី ដែលរស់នៅក្នុងក្រុងសៀមរាប ឃុំគោកចក ដែលក្នុងឃុំនេះប្រជាជនភាគច្រើនត្រូវបានអាជ្ញាធរអប្សារាហាមឃាត់មិនឲ្យសង់ផ្ទះ ដើម្បីជាសវាងការប៉ះពាល់ដល់ប្រាសាទអង្គរវត្តមានប្រសាសន៍ថា លោកបោះឆ្នោតដើម្បីផ្លាស់ប្តូរមេឃុំរបស់លោក។ លោកប្រាប់ VOA ថា លោកចង់ឲ្យមានការផ្លាស់ប្តូរការដឹកនាំប្រទេសទាំងមូល។ (ផន បុប្ផា/VOA)
លោក សំភា អាយុ២៨ អ្នកលក់នំប៉័ងសាច់ នៅក្នុងឃុំបឹងមាលា ដែលធ្លាប់ធ្វើជាកម្មករនៅក្នុងប្រទេសថៃប្រាប់VOA នៅក្រោយលោកបោះឆ្នោតថា លោករំពឹងថា មេឃុំថ្មីនឹងអាចជួយធ្វើឲ្យតម្លៃផលកសិកម្មដូចជាស្រូវ និងដំឡូងឲ្យមានតម្លៃខ្ពស់។ (ផន បុប្ផា/VOA)
លោកស្រីកែវ សាវ៉ៃ អាយុ៤២ឆ្នាំ អ្នកលក់ទឹកអំពៅនៅក្នុងឃុំបាគងមាន ស្រុកព្រះបាគងបានប្រាប់VOAថា លោកស្រីបោះឆ្នោត ដើម្បីជ្រើសរើសយកមេដឹកនាំថ្នាក់ឃុំ ដែលអាចជួយរកការងារឲ្យប្រជាពលរដ្ឋនៅក្នុងឃុំ និងសាងសង់ផ្លូវបន្ថែម។ (ផន បុប្ផា/VOA)
ប្រជាពលរដ្ឋនៅក្នុងឃុំគោកចក ក្នុងក្រុងសៀមរាប កំពុងរង់ចាំមើលលទ្ធផលនៃការរបោះឆ្នោតជ្រើសរើសឃុំសង្កាត់នៅរសៀលថ្ងៃអាទិត្រនេះ។ (ផន បុប្ផា/VOA)