ដោយ Elizabeth Arrott
ការកើនឡើងនៃអំពើហិង្សាផ្លូវភេទនាពេលថ្មីៗនេះទៅលើស្ត្រីនៅប្រទេសអេហ្សីប (Egypt) ទទួលការថ្កោលទោសពីក្រុមសិទ្ធិមនុស្សនៅក្នុងតំបន់និងអន្តរជាតិ។ ការតវ៉ាត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃអង្គារ នៅខាងក្រៅស្ថានទូតអេហ្សីបទាំងអស់នៅទូទាំងពិភពលោក។
ស្រ្តីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងបដិវត្តន៍ អេហ្សីប ចាប់តាំងពីការបះបោរកាលពីពីរឆ្នាំមុន រហូតដល់ការតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតីបច្ចុប្បន្ន មូហាមមេដ មូស៊ី (Mohamed Morsi)។ ពួកគេទទួលរងគ្រោះពីការប្រឆាំងតវ៉ានៅជួរមុខ ប៉ុន្តែនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការគំរាមកំហែងដែលមានការកើនឡើងមួយបានលេចឡើង។
អំពើហិង្សាផ្លូវភេទជាក្រុមប្រឆាំងនឹងអ្នកតវ៉ាស្រ្តី បានកើនឡើងយ៉ាងខ្លាំង នៅក្នុងអំឡុងពេលប៉ុន្មានខែកន្លងទៅនេះ ដែលយ៉ាងហោចណាស់ ការវាយប្រហារចំនួន១៩ករណី ត្រូវបានរាយការថា បានកើតឡើង នៅឯទីលានតាហៀរ (Tahrir) ក្នុងទីក្រុងគែរ នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។
វីដេអូមិនផ្លូវការទាំងឡាយ និងការរៀបរាប់របស់សាក្សី បានពណ៌នាអំពីរបៀបដែលស្រ្តីម្នាក់នៅក្នុងហ្វូងមនុស្ស ត្រូវបានជ្រើសរើស និងត្រូវបានឡោមព័ទ្ធដោយបុរសមួយក្រុម។ បុរសទាំងនោះបានហែកសម្លៀកបំពាក់របស់ស្ត្រី ហើយបានរំលោភបំពានស្រ្តីទាំងនោះដោយដៃ ដំបង និងយ៉ាងហោចណាស់មានមួយករណីដោយកាំបិត។
ខណៈដែលការវាយប្រហារត្រូវបានដឹងឮ បុរសមួយចំនួនបានធ្វើពុតជាមកជួយសង្រ្គោះ ដូចមកចូលរួមក្នុងអំពើរំលោភបំពាននោះដែរ។ បុរសខ្លះទៀតគ្រវីកាំបិត ដើម្បីរារាំងអ្នកជួយសង្រ្គោះពិតប្រាកដ ឳ្យចេញឆ្ងាយពីទីកន្លែងនោះ។
ស្រ្តីបានប្រមូលផ្តុំគ្នាតវ៉ា ដើម្បីទាមទារឱ្យលោកប្រធានាធិបតីធ្វើការស៊ើបអង្កេត និងនាំយកអ្នកទាំងឡាយ ដែលទទួលខុសត្រូវមកកាត់ទោស។ អង្គការលើកលែងទោសអន្តរជាតិ ក៏បានអំពាវនាវដល់លោក មូស៊ី ឲ្យចាត់វិធានការផងដែរ។
ក្រុមអង្គការសិទ្ធិមនុស្ស បានជំរុញថ្នាក់ដឹកនាំ អេហ្សីប ជាយូរមកហើយ ក្នុងការដោះស្រាយបញ្ហានៃអំពើហិង្សាប្រឆាំងនឹងស្ត្រីនៅក្នុងប្រទេសនេះ ដែលនៅទីនោះស្រ្តីជាច្រើនត្រូវបានរាយការថា បានទទួលរងការបៀតបៀនផ្លូវភេទជាញឹកញាប់ គ្រាន់តែចាប់ផ្តើមធ្វើអ្វីមួយសម្រាប់ការរស់នៅរបស់ពួកគេ។ ស្រ្តីទាំងឡាយដូចជានិស្សិតសាកលវិទ្យាល័យរូបនេះ ចាត់ទុកបញ្ហានេះថាមានស្មុគស្មាញពិបាកយល់ណាស់។
«នៅពេលដែលខ្ញុំចេញមកតាមផ្លូវ ហើយប្រទះឃើញអ្វីមួយវាយខ្ញុំ ឬប៉ះរាងកាយរបស់ខ្ញុំ។ តើពួកគេកំពុងគិតពីអ្វី? តើពួកគេអាចធ្វើរឿងនេះដោយរបៀបណា?»
ការវាយប្រហារជាក្រុមនៅទីលានតាហៀរ បានបង្កើតឡើងសំណួរ និងការចោទប្រកាន់កាន់តែអាក្រក់ថែមទៀត ដែលថាអំពើហិង្សានេះ មិនគ្រាន់តែផ្អែកលើផ្លូវភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្អែកទៅលើនយោបាយទៀតផង។
អ្នកស្រី នេហាដ អាប៊ូអាលកំសាន (Nehad Abu Al Komsan) គឺជានាយកមជ្ឈមណ្ឌល អេហ្សីប សម្រាប់សិទ្ធិនារី។
អ្នកស្រីនិយាយថា ការវាយប្រហារទាំងនេះត្រូវបានរៀបចំឡើង ជាមធ្យោបាយមួយដើម្បីធ្វើឲ្យទីលាននេះគ្មានមនុស្ស និងធ្វើឱ្យក្រុមអ្នកប្រឆាំងមានការភ័យខ្លាច។ អាប៊ូអាលកំសាន ពណ៌នាការវាយប្រហារទាំងនោះថាជា«សារទៅកាន់សង្គម ដូច្នេះ ពួកគេភ័យខ្លាចក្នុងការបញ្ចេញមតិយោបល់»។
ក្រុមសកម្មជនចង្អុលបង្ហាញថា មិនមានរបាយការណ៍ស្តីពីការវាយប្រហារជារក្រុម នៅឯការប្រមូលផ្តុំដែលគាំទ្ររដ្ឋាភិបាលនោះទេ។
អ្នកវិភាគនយោបាយ សេដ សាដែក (Said Sadek) និយាយថា ការអនុវត្តបែបនេះ ធ្វើដំណើរត្រឡប់ថយក្រោយរាប់សិបឆ្នាំមុន។
នេះគឺជាវប្បធម៌ដែលគិតថា ការធ្វើឲ្យអាម៉ាស់ខាងផ្លូវភេទ នឹងរារាំងពួកគេមិនឲ្យមានសកម្មផ្នែកនយោបាយ។ ដូចេ្នះ នេះគឺជាអ្វី ដែលកំពុងត្រូវបានធ្វើឡើង ហើយមិនមានអ្នកណាម្នាក់ត្រូវបានចាប់ខ្លួននោះទេ ទោះបីជាថា អ្នកមានកាសែតវីដេអូអំពីមនុស្ស ដែលបានប្រព្រឹត្តរឿងនេះក៏ដោយ។
ខណៈពេលដែលវប្បធម៌និទណ្ឌភាពមិនមែនជារឿងថ្មី ការកើនឡើងនៃការវាយប្រហារ បានដាក់សម្ពាធកាន់តែធ្ងន់ទៅលើលោកប្រធានាធិបតី មូស៊ី និងក្រុមមេដឹកនាំអ៊ីស្លាមនិយមដ៏ទៃទៀត ឱ្យធ្វើការប្រកាសផ្តន្ទាទោសឱ្យបានច្បាស់ចំពោះអំពើហិង្សានេះ និងធ្វើការដើម្បីទប់ស្កាត់បញ្ហានេះ។
ចិត្តវិទូ ហ្វារ៉ាហ៍ ស្សា (Farah Shash) ធ្វើការនៅឯមជ្ឈមណ្ឌល ណាឌីម (Nadeem) សម្រាប់ជនរងគ្រោះដោយអំពើហិង្សា។
«ប្រជាពលរដ្ឋនឹងជំរុញឱ្យមានច្បាប់សម្រាប់អនុវត្ត សម្រាប់ច្បាប់ទាំងឡាយ ដែលនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភា ដើម្បីបញ្ឈប់សកម្មភាពប្រភេទទាំងនេះ ទោះបីជាការបៀតបៀនផ្លូវភេទ អំពើហិង្សាផ្លូវភេទ ឬប្រភេទនៃអំពើហិង្សាណាមួយ ដែលបានកើតឡើងក៏ដោយ។»
សញ្ញាចង្អុលបង្ហាញមួយ ដែលថាតើការខិតខំប្រឹងប្រែងនេះមានការលំបាកយ៉ាងណា បានកើតឡើងកាលពីថ្ងៃច័ន្ទ នៅពេលសមាជិកអ៊ីស្លាមនិយមនៃអង្គនីតិបញ្ញត្តិតែមួយគត់របស់ អេហ្សីប គឺក្រុមប្រឹក្សា ស្សូរ៉ា (Shura) បានស្តីបន្ទោសជនរងគ្រោះចំពោះឧក្រិដ្ឋកម្មនេះ ដោយបាននិយាយថា ស្រ្តីទាំងនោះបានធ្វើខ្លួនឯងឱ្យស្ថិតនៅក្នុងគ្រោះថ្នាក់ ដោយការធ្វើដំណើរទៅចូលរួមការតវ៉ា។
នៅខណៈពេលនេះ និងបើទោះបីជាមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ ស្រ្តីអេហ្សីប ជាច្រើននិយាយថា ពួកគេនៅតែប្តេជ្ញាចិត្តដើម្បីធ្វើឱ្យសម្លេងរបស់ពួកគេត្រូវបានស្តាប់ឮ ហើយការតវ៉ាត្រូវបានគ្រោងធ្វើ នៅខាងក្រៅស្ថាទូត អេហ្សីប នៅទូទាំងពិភពលោក៕
ប្រែសម្រួលដោយ ឌី ខាំបូលី