ជប៉ុនបានបន្ដកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីធ្វើឲ្យត្រជាក់ដល់ម៉ាស៊ីន រ៉េអាកទ័រគាំង និងឥន្ធនៈវិទ្យុសកម្មប្រើរួច ដែលនៅចំហរ នៅក្នុងរោងចក្រថាមពល នុយក្លេអ៊ែរដែលខូចយ៉ាងដំណំ ស្ថិតនៅតំបន់ពាយ័ព្យប្រទេស។
រដ្ឋាភិបាលជប៉ុនឲ្យដឹងថា គេត្រូវការពេលវេលាជាច្រើនថ្ងៃទៀតដើម្បីធ្វើឲ្យមានអគ្គីសនីចូលទៅដល់ម៉ាស៊ីនរ៉េអាកទ័រ ដែលនៅក្នុងនោះមានគ្រឿងសំខាន់ៗខ្លះបានត្រូវបំផ្លាញ។ គ្រឿងនោះ ស្ថិតនៅក្នុងម៉ាស៊ីន រ៉េអាកទ័រមូយក្នុងចំណោមម៉ាស៊ីនបីរបស់រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស្ស៊ីម៉ា លេខ១ដែលមន្ដ្រីជប៉ុននិយាយថា បានត្រូវរលាយខ្លះ។
គេបានបូមទឹកសមុទ្របញ្ចូលទៅក្នុងម៉ាស៊ីននោះដើម្បីចៀសវាងមិនឲ្យឥន្ធនៈស្ថិតនៅចំហរ។
ក្រុមហ៊ុនថាមពលតូក្យូ (Tokyo Electric Power) ឲ្យដឹងថា គេបានបន្ដខ្សែភ្លើងពីខាងក្រៅចូលទៅក្នុងរោងចក្រខូចគាំងនោះឡើងវិញ។ ធ្វើដូច្នោះគេអាចអនុញាតឲ្យការីនៅក្នុងរោងចក្រតាមឃ្លាំមើលឡើងវិញយ៉ាងត្រឹមត្រូវ នូវកម្រិតវិទ្យុសកម្ម អាចមានភ្លើងនៅក្នុងបន្ទប់ប្រតិបត្ដិការ និងធ្វើឲ្យមានស្ថិរភាពដល់ដំណើរការធ្វើឲ្យត្រជាក់ដល់ម៉ាស៊ីនរ៉េអាកទ័រ។
លោក ហ៊ីដេហ៊ីកូ នីស្ស៊ីយ៉ាម៉ា (Hidehiko Nishiyama) អគ្គនាយករងរបស់ទីភ្នាក់ងារសុវត្ថិភាព ឧស្សហកម្ម និង នុយក្លេអ៊ែរជប៉ុននិយាយថា ការធ្វើឲ្យមានស្ថិរភាពដល់ម៉ាស៊ីនរ៉េអាកទ័រទី២ អាចប្រើពេលវេលាយូរ។
លោក នីស្ស៊ីយ៉ាម៉ាថ្លែងទៀតថា គេមិនបានជោគជ័យក្នុងការភ្ជាប់ខ្សែភ្លើងទៅនឹងម៉ាស៊ីនបូមទឹកដែលធ្វើឲ្យទឹកចេញចូលក្នុងអាងសម្រាប់ឥន្ធនៈដែលប្រើរួចនោះទេ។ លោកថ្លែងថា មានការចំាបាច់នឹងផ្លាស់ប្ដូរគ្រឿងបន្លះ ហើយគេបានបញ្ជាទិញរួចហើយ។
នៅពេលនេះក្រុមអ្នកពន្លត់ភ្លើង ដែលបានប្ដូរវេនគ្នាដើម្បីចៀសវាងមិនឲ្យប៉ះពាល់វិទ្យុសកម្មហួសហេតុ កំពុងបាញ់ទឹកស្រោចទៅលើអាងទឹកផ្ទុកឥន្ធនៈ និង ម៉ាស៊ីនរ៉េអាកទ័រ ដែលនៅទីនោះមិនទាន់មានអគ្គីសនីបន្ដភ្ជាប់នៅឡើយ។
ប្រែសម្រួលដោយ អ៊ូ ធួក