ក្រសួង​អប់រំ​បង្កើន​ការ​ត្រួត​ពិនិត្យ​ការ​ប្រើ​ប្រាស់​ទូរសព្ទ​នៅ​ក្នុង​ថ្នាក់​រៀន

រូបឯកសារ៖ សិស្សានុសិស្សកំពុងប្រើទូរស័ព្ទស្មាតហ្វូន នៅក្នុងបរិវេណសាលារៀនមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ ដោយ​ជំរុញ​ឱ្យ​បង្កើន​ការ​ត្រួត​ពិនិត្យ​ការ​ប្រើ​ប្រាស់​ទូរសព្ទ​នៅ​ក្នុង​ថ្នាក់​រៀន ដើម្បី​បញ្ចៀស​ការ​ប្រើ​ប្រាស់ឧបករណ៍​អេឡិច​ត្រូនិក​នៅ​ក្នុង​ម៉ោង​សិក្សា ដែល​មិន​មាន​ប្រយោជន៍​សម្រាប់​ការ​សិក្សា​របស់​សិស្សា​នុសិស្ស។

នៅ​ក្នុង​សេចក្តី​ណែនាំ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ក្រសួង​អប់រំ​បញ្ជាក់​ថា​ក្រសួង​មាន​គោលដៅ​ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​ឧបករណ៍​អេឡិច​ត្រូនិក​ក្នុង​បរិវេណ​គ្រឹះស្ថាន​សិក្សា​សាធារ​ណៈ​ គ្រប់​បណ្ដា​គ្រឹះស្ថាន​សិក្សា​រាជធានី ខេត្ត ដើម្បី​ពង្រឹង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា។ សេច​ក្ដី​ណែ​នាំ​ដដែល​បញ្ជាក់​ថា​រាល់​ស​កម្ម​ភាពនៅ​ក្នុង​ថ្នាក់​រៀន​ និង​ក្នុង​បរិ​វេណ​សា​លា​ សិស្ស​មិន​អនុ​ញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ទូរ​សព្ទ​ដៃ​ ឬឧប​ករណ៍​អេ​ឡិច​ត្រូ​និក​ក្នុង​ម៉ោង​សិក្សា​ ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ពី​គ្រូ​បង្រៀន​។

ក្រសួង​អប់រំ​បញ្ជាក់​ថា៖ «ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​ ឬ​ឧបករណ៍​អេឡិច​ត្រូនិក​ក្នុង​ម៉ោង​រៀន​ ឬ​ម៉ោង​សិក្សា​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូ​កំពុង​បង្រៀន​ ជា​ពិសេស​ការ​លេង​ហ្គេម និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដែល​មិន​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​សិក្សា»។

ក្រ​សួង​អប់រំ​លើក​ឡើង​ថា​ក្នុង​បរិបទ​នៃ​ការ​អប់រំ​ឌី​ជី​ថល ឧប​ករណ៍​អេ​ឡិច​ត្រូ​និក​ ប្រព័ន្ធ​អ៊ីន​ធើ​ណិត និង​មា​តិ​កា​ឌី​ជី​ថល​ មាន​សារៈ​សំ​ខាន់​ក្នុង​ការ​បម្រើ​ដល់​ការ​បង្រៀន និង​ការ​សិក្សា​ក្នុង​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​ក្រ​សួង​អប់រំ​ នៅ​តែ​ស្នើ​សុំ​ការ​ចូលរួម​តាម​ដាន​ការ​ប្រើ​ប្រាស់​ ទូរ​សព្ទ​ដៃ​ និង​ឧប​ករណ៍​អេ​ឡិច​ត្រូ​និក​ ពីសំ​ណាក់​អាណា​ព្យាបាល​របស់​សិស្ស។

ចំណាត់​ការ​របស់​ក្រសួង​អប់រំ​ត្រូវ​បានគាំទ្រ​ដោយ​គ្រូ​បង្រៀន និង​សិស្សានុ​សិស្ស និង​គ្រូ​បង្រៀន​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ។

លោក ​អោ ​ណារុន​ គ្រូ​បង្រៀន​គណិតវិទ្យា​ថ្នាក់​ទី​១២​នៅ​វិទ្យាល័យ​ជាស៊ីម​ចំរើន​រដ្ឋ ក្នុង​រាជធានី​ភ្នំពេញ ថ្លែង​ថា​លោក​គាំទ្រសេចក្តី​ណែនាំ​របស់​ក្រសួង​ដែល​បាន​ដាក់​ចេញ។

លោក​ប្រាប់​វីអូអេ​ថា៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​គាំទ្រ​នូវ​ការ​ចេញ​ចំណាត់​ការ​របស់​ក្រសួង​ទាំង​ស្រុង ព្រោះ​អី​ធាតុ​ពិត​គាំទ្រ​ឱ្យ​ចេញ​ចំណាត់​ការ​តាំង​ពី​យូរ​ហើយ​ទៀត​ ព្រោះ​អី​បច្ចុប្បន្ន​យើង​ឃើញ​ថា​សិស្ស​ស្ទើរ​តែ​មួយ​រយ​ភាគរយ​គឺ​មាន​ទូរសព្ទ​ដៃ​ ហើយ​ការ​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​របស់​ពួក​គាត់​គឺ​ពុំ​សូវ​ប្រើ​សម្រាប់​មាន​ប្រយោជន៍​ប៉ុន្មាន​ទេ​ ភាគ​ច្រើន​គឺ​គាត់​ប្រើ​ទៅ​លើ​ការ​លេង​ហ្គេម​ ការ​មើល​បណ្តាញ​សង្គម​ផ្សេងៗ​ដែល​ពុំ​សូវ​មាន​ប្រយោជន៍»។

គ្រូ​បង្រៀន​រូប​នោះ​បន្ថែម​ថា​លោក​មាន​វិធាន​ការ​ក្នុង​ការ​ទប់​ស្កាត់​សិស្ស​កុំ​ឱ្យ​ប្រើ​ប្រាស់​ទូរសព្ទ​អំឡុង​ម៉ោង​ដែល​ខ្លួន​បង្រៀន ដូច​ជា​ការ​ដក​ហូត​ទូរសព្ទ​របស់​សិស្ស សួរ​រក​គោល​បំណង​ក្នុង​ការ​ប្រើ​ប្រាស់ និង​មិន​ឱ្យ​ប្រើ​ប្រាស់ បើ​សិន​ជា​មិន​មាន​ការ​ចាំ​បាច់។ លោក​លើក​ទឹក​ចិត្ត​ឱ្យ​សិស្ស​របស់​លោក​ប្រើ​ប្រាស់​ទូរសព្ទ​ក្នុង​ពេល​ចេញ​លេង​ ឬ​ក្នុង​ករណី​ណា​ដែល​ចាំ​បាច់​សម្រាប់​ពួក​គាត់​ក្នុង​ការ​ស្វែង​រក​ឯកសារ​ជំនួយ​មេរៀន។

លោក​ថ្លែង​ថា៖ «ជាទូទៅ​គឺ​មាន​សិស្ស​គាត់​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​នៅ​ក្នុង​ម៉ោង​រៀន​ហើយ ប៉ុន្តែ​យើង​ត្រូវ​មាន​វិធាន​ការ។ វិធាន​ការ​ទូទៅ​ដក​ហូត​ទូរសព្ទ​គាត់​ហើយ​សួរ​គាត់​តើ​ប្អូន​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ ដើម្បី​អ្វី។ បើ​គាត់​ថា​មើល​ទាក់​ទង​នឹង​ឯក​សារ​មេរៀន​ ហើយ​យើង​ឱ្យ​គាត់​បើក​មើល​ បើ​គាត់​មើល​ឯកសារ​មេរៀន​មែន​ លើក​ទឹក​ចិត្ត ក៏​ប៉ុន្តែលើក​ទឹក​ចិត្ត​ឱ្យ​គាត់​ប្រើ​ក្នុង​ពេល​ចេញ​លេង ឬ​ចាំ​ពេល​គ្រូ​អនុញ្ញាត មិន​មែន​គាត់​ប្រើ​ស្រេច​តែ​ចិត្ត​អញ្ចឹង​ទេ»។

លោក​ ពិ​សាល អាយុ​៥២​ឆ្នាំ ជា​អា​ណា​ព្យាបាល​សិស្ស​នៅ​សា​លា​បឋម​សិក្សា​មួយ​ក្នុង​រាជ​ធា​នី​ភ្នំពេញ ប្រាប់​វី​អូ​អេ​ថា​លោក​គាំ​ទ្រ​ឱ្យសា​លា​រៀន​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​នៅ​ក្នុង​ថ្នាក់​រៀន ព្រោះ​វា​អាច​ជះ​ផល​វិបាក​ដល់​សិស្ស​ដទៃ​ទៀត។

លោក​ថ្លែង​ថា​៖ «គេ​ហាម​នេះ​គឺ​ជា​ការ​ល្អ​ប្រ​សើរ​បំ​ផុត​បាទ​គួរ​តែ​ចាប់​ គួរ​តែ​ហាម​ឃាត់​ដាច់​ខាត កុំ​ឱ្យ​គាត់​ប្រើ​នៅ​ពេល​ម៉ោង​រៀន​ទៅ​បាទ​ វា​ទម្លាប់​មិន​ល្អ​ដល់​សិស្ស​ដ​ទៃ»។

លោក​បន្ដ​ថា​កូន​ៗ​របស់​លោក​ប្រើ​ប្រាស់​ទូរ​សព្ទ​សម្រាប់​សិក្សា និង​មួយ​ចំនួន​ទៀត​សម្រាប់​លេង​ហ្គេម។ យ៉ាង​ណា​មិញ​ លោក​តែង​តែតាម​ដាន​ការ​ប្រើ​ប្រាស់​ទូរ​សព្ទ​របស់​កូន​ៗ និង​ពន្យល់​ណែ​នាំ​កុំ​ឱ្យ​ចំ​ណាយ​ពេល​ជា​មួយ​ទូរ​សព្ទ រហូត​ដល់​ភ្លេច​ការ​សិក្សា។

ចំ​ណែក​អ្នកស្រី អេង​ គឹម​នាង​ អាយុ​៤៥​ឆ្នាំ​ ជា​អា​ណា​ព្យា​បាល​សិស្ស​ដែល​សិក្សា​នៅ​វិទ្យា​ល័យ​ព្រះ​ស៊ី​សុ​វត្ថិ​ ប្រាប់​វី​អូ​អេ​ថា​ការ​ហាម​ឃាត់​មិន​ឱ្យ​សិស្ស​ប្រើ​ប្រាស់​ទូរ​សព្ទ​ដៃ​នៅ​ក្នុង​ថា្នក់​រៀន​គឺ​ជា​រឿង​ល្អ​មួយ។

អ្នកស្រី​ថ្លែង​ថា​៖ «ទេ​ប្រ​សិន​បើ​អត់​ឱ្យ​ប្រើ​តែ​ក្នុង​ថ្នាក់​ហ្នឹង​ អាច​បាន។ តែ​បើ​អត់​ឱ្យ​ប្រើ​ដល់​ក្នុង​គ្រាន់​តែ​បរិ​វេណ​សាលា​ចុះ​ដូច​ថា​អា​ណា​ព្យា​បាល​អី​ចង់​តេ​ទៅ​ចឹង​ទាក់​ទង​តាម​ណា​បាន​ទៅ​ ឬ​មួយ​ក៏​ដល់​ម៉ោង​ចេញ​អញ្ចឹង មិន​ត្រូវ​តេ​មក​ឱ្យ​អ្នក​ទៅ​យក​អញ្ចឹង​ទៅ​ណា»។

យុវ​ជន​កាន​ បរិញ្ញា​រិន​ ជា​សិស្ស​ថ្នាក់​ទី​១២​ នៅ​វិទ្យា​ល័យ​ព្រះ​ស៊ី​សុ​វត្ថិ ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ ប្រាប់​វីអូអេ​ថា​ប្រ​សិន​បើ​ការ​ហាម​ឃាត់​មិន​ឱ្យ​សិស្សា​នុ​សិស្ស​ប្រើ​ទូរ​សព្ទ​នៅ​ក្នុង​ថ្នាក់​រៀន​ យុវជន​រូបនេះ​យល់​ស្រប ក៏​ប៉ុន្ដែ​បើ​ហាម​ឃាត់​ទាំង​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​បរិ​វេណ​សាលា​ទៀត​ អាច​ធ្វើ​ឱ្យ​រូប​គេ​ពិបាក​ក្នុង​ការទាក់​ទង​ជាមួយ​មិត្ត​ភក្តិ​ ឬ​មើល​ឯក​សារ​មេ​រៀន​តាម​រយៈ​ទូរ​សព្ទ​ដៃ និង​ឧប​ករណ៍​អេ​ឡិច​ត្រូ​និក។

យុវ​ជន​រូប​នេះ​ថ្លែង​ថា​៖ «ខ្ញុំ​គិត​ថា​បើ​ក្នុង​ថ្នាក់​ទៅដូច​មាន​ហេតុ​ផល​អី​ត្រឹម​ត្រូវ ប៉ុន្ដែ​ដល់​ពេល​បរិ​វេណ​សាលា​ទៅ​ បើ​ដាក់​ថា​ច្បាប់​សាលា​ចឹង​ទៅ​វា​ពិបាក​ប្រតិ​បត្តិ​តាម​ទៀត​ ចឹង​ទៅ​ហើយ​ដូច​ថា​គ្រាន់​តែ​Social​ Media (​បណ្ដាញ​សង្គម​)យើង​ប្រើ​នៅ​ក្រៅ។ នៅ​ក្នុង​ថ្នាក់​បើ​ថា​អត់​អាច​ប្រើ​បាន​ទៅ​អត់​អី​ ប៉ុន្ដែ​បើ​នៅ​បរិ​វេណ​សា​លា​ទៀត​ដូច​វា​នេះ​ពេក​ណា​បង»។

យុវ​តី មុំ​ខ្លឹម បរិ​ធិ​មុនី​នាថ​ ជា​សិស្ស​ថ្នាក់​ទី​១១ នៅ​វិទ្យា​ល័យ​បាក់​ទូក​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ប្រាប់​វី​អូ​អេ​ថា​ការ​ហាម​ឃាត់​មិន​ឱ្យ​ប្រើ​ទូរ​សព្ទ​នៅ​ក្នុង​ថ្នាក់​រៀន និង​ក្នុង​បរិ​វេណ​សាលា​នេះ​អាច​ជួយ​ដល់​សិស្សា​នុ​សិស្ស​ផ្ដោត​អារ​ម្មណ៍​ក្នុង​ការ​រៀន​សូត្រ។ យុវតីរូប​នេះ​បន្ដ​ថា​កន្លង​មក​ក៏​ធ្លាប់​មាន​ករណី​សិស្សលួច​លេង​ទូរ​សព្ទនៅ​ក្នុង​ម៉ោង​រៀន​ផង​ដែរ។ យុវតី​រូប​នោះ​ប​ន្ថែម​ថា​ក្នុង​ករណី​បែប​នេះ លោកគ្រូ​អ្នកគ្រូ​ក៏​បាន​ពន្យល់​ណែ​នាំ​ពាក់​ព័ន្ធ​នឹង​ការប្រើ​ទូរសព្ទ​ក្នុង​ថ្នាក់​រៀន។

យុវត្តី​រូប​នេះ​ថ្លែង​ថា​៖ «​ធ្លាប់​មាន​ដែរ​បង​ ពេល​ខ្លះ​មិត្ត​ភក្តិ​ខ្ញុំ​លេង​ភ្លេច​ខ្លួន​ចឹង លោកគ្រូ​អ្នកគ្រូ​ចាប់​បាន​គាត់​ព្រមាន​អត់​ឱ្យ​លេង​ទៀត។ ប៉ុន្តែ​បើ​ករណី​ខ្លាំង​ជាង​ហ្នឹង​ គាត់​ចាប់​យក​ទុក​លើ​តុ ហើយ​ទាល់​តែ​ចេញ​ទៅ​ផ្ទះ​បាន​គាត់​ឱ្យ​វិញ»។

អ្នកស្រី អ៊ុក ​ឆា​យ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ប្រាប់​វីអូអេ​ថា​យុវ​ជន​ត្រូវ​ការ​អ៊ីនធឺ​ណិត​ប្រើប្រាស់ ដើម្បី​ស្រាវ​ជ្រាវ​ការ​សិក្សា​របស់​ពួកគេ ដែល​អ្នក​ស្រី​មើល​ឃើញ​ថា​ការ​យកទូរសព្ទ​ចូល​ក្នុង​សាលា​គឺ​ជា​រឿង​ល្អ​ម៉្យាង ដើម្បី​ពួក​គាត់​អាច​ងាយ​ស្រួល​ទាក់​ទង​ជាមួយ​អាណា​ព្យាបាល។

អ្នកស្រី​ថ្លែង​ថា៖ «ការ​ដែល​ពួក​គាត់​យក​ទូរសព្ទ​ចូល​ក្នុង​សាលា​ក្នុង​អី​ហ្នឹង​ ក៏​ជា​រឿង​ល្អ​ម៉្យាង​ ដោយ​សារ​តែ​យើង​ឃើញ​ថា​សភាព​ជុំវិញ​ទាំង​អស់ គឺ​យើង​ឃើញ​ថា​មាន​ការ​ចាប់​ក្មេង​ ចឹង​ឪពុក​ម្តាយ​របស់​គាត់​មាន​ការ​បារម្ភ​ពី​កូន​ចឹង​ហើយ​ពេល​ដែល​គាត់​មក​រៀន​គាត់​ត្រូវ​ឱ្យ​កាន់​ទូរសព្ទ​ដើម្បី​គាត់​ទាក់​ទង​ ឬ​ទាក់​ទង​ទៅ​គាត់»។

អ្នកស្រី​បន្ថែម​ថា​មាន​ករណី​គ្រឿង​ញៀន​ច្រើន ដូច្នេះ​ហើយ​បាន​ជា​អាណា​ព្យាបាល​មួយ​ចំនួន​បារម្ភ​អំពី​សុវត្ថិភាព​កូន និង​ចង់​ដឹង​អំពី​សុខ​ទុក្ខ​កូន​នៅ​សាលា​រៀន៕