ប្រទេសអេក្វាទ័រនិយាយថាខ្លួននឹងផ្អាកការអនុញ្ញាតឱ្យពលរដ្ឋចិនចូលក្នុងប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ ចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ ដោយលើកឡើងពី «ការព្រួយបារម្ភ» កាន់តែខ្លាំងអំពីបញ្ហាចំណាកស្រុកខុសធម្មតា។
កាលពីពីរបីឆ្នាំមុននេះ ប្រទេសអេក្វាទ័រជាចំណុចចាប់ផ្តើមសម្រាប់ពលរដ្ឋចិនជាច្រើនពាន់នាក់ដែលបានសម្រេចចិត្តធ្វើដំណើរយ៉ាងយូរនិងប្រកបដោយគ្រោះថ្នាក់កាត់តាមអាមេរិកខាងត្បូង អាមេរិកកណ្តាលនិងប្រទេសម៉ិកស៊ិកដើម្បីឱ្យបានទៅដល់ព្រំដែនខាងត្បូងសហរដ្ឋអាមេរិក។
ពលរដ្ឋចិនខ្លះដែលបានធ្វើចំណាកស្រុកទៅដល់សហរដ្ឋអាមេរិកហើយនោះបាននិយាយថា សេចក្តីសម្រេចនេះរបស់ប្រទេសអេក្វាទ័រនិងការតាំងចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំងក្នុងការបញ្ឈប់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ជាសញ្ញាមួយថា ទ្វារប្រហែលត្រូវបានបិទសម្រាប់ក្រុមជនដែលចង់ធ្វើដំណើរចូលសហរដ្ឋអាមេរិកតាមច្រកព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកដែលហៅថា «Walk the Line» ឬដែលជនជាតិចិននិយមហៅថា « zouxian»។
លោក Wang Zhongwei ជាជនជាតិចិនអាយុ៣៣ឆ្នាំមកពីខេត្ត Anhui ដែលបានទៅដល់សហរដ្ឋអាមេរិកដោយ«ការធ្វើដំណើរ Walk the Line» ពីប្រទេសអេក្វាទ័រកាលពីខែឧសភា ឆ្នាំ២០២៣។ លោកបាននិយាយថា ក្រោយសេចក្តីប្រកាសនេះរបស់រដ្ឋាភិបាលអេក្វាទ័រ «ការពិភាក្សាក្នុងចំណោមពួកជនអន្តោប្រវេសន៍ខុសច្បាប់មានភាពក្តៅគគុក ហើយការណ៍នេះមានផលប៉ះពាល់ខ្លាំងពីព្រោះជាង៨០%នៃជនទាំងនេះមកអាមេរិកឆ្លងកាត់តាមប្រទេសអេក្វាទ័រ។
បើតាមស្ថិតិនៃមន្ទីរគយនិងការយាមល្បាតព្រំដែនសហរដ្ឋអាមេរិកថា មានជនជាតិចិនទៅដល់ព្រំដែននិរតីអាមេរិកប្រចាំខែកើនឡើងច្រើនដល់ជិត៦ពាន់នាក់ក្នុងខែធ្នូ ឆ្នាំ២០២៣។ កាលពីប៉ុន្មានខែថ្មីៗនេះ ចំនួននេះបានចាប់ផ្តើមចុះថយមកនៅត្រឹមតែជាង៣៦០០នាក់ក្នុងខែឧសភា។
បន្ថែមលើសេចក្តីសម្រេចមួយកាលពីពេលថ្មីៗនេះ ដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក្នុងការរឹតត្បិតបណ្តោះអាសន្នលើការសុំសិទ្ធិជ្រកកោននៅឯព្រំដែនរវាងសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិក មានសញ្ញាថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំងកំពុងរកវិធីឬយ៉ាងហោចណាស់ប្រឹងប្រែងធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហានេះ។
កាលពីខែឧសភា ក្រសួងការបរទេសចិនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថារដ្ឋាភិបាលក្រុងប៉េកាំង«ចង់ធ្វើការចរចានិងធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងវិស័យពង្រឹងអន្តោប្រវេសន៍»និងទទួលយកមនុស្សមានសញ្ជាតិចិនឱ្យត្រឡប់ទៅប្រទេសចិនវិញ។
ក្នុងខែមេសា រដ្ឋមន្ត្រីសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Alejandro Mayorkasបាននិយាយប្រាប់សវនាការមួយក្នុងសភាថា លោកបាន«ទាក់ទង»ជាមួយពួកសមភាគីចិនរបស់លោក ហើយថាប្រទេសចិនបានចាប់ផ្តើមទទួលយកជនអន្តោប្រវេសន៍ចិនដែលគ្មានសិទ្ធិស្របច្បាប់ដើម្បីរស់នៅក្នុងអាមេរិកឱ្យត្រឡប់ទៅប្រទេសចិនវិញ។
វីអូអេបានផ្ញើអ៊ីមែលទៅកាន់ក្រសួងសន្តិសុខមាតុភូមិដើម្បីសួរអំពីកិច្ចសហប្រតិបត្តិការវាងសហរដ្ឋអាមេរិកនិងប្រទេសចិនអំពីការបញ្ចូនជនជាតិចិនទៅប្រទេសចិនវិញ ប៉ុន្តែមិនបានទទួលការឆ្លើយតបទាន់ពេលផ្សាយអត្ថបទនេះទេ។
លោក Guo Bin ជាជនជាតិចិនម្នាក់មកពីខេត្ត Guangxi ដែលបានមកដល់សហរដ្ឋអាមេរិកជាមួយកូនស្រីអាយុ១២ឆ្នាំនៅដំណាច់ឆ្នាំមុន បានថ្លែងថាលោកបានឮថាជនជាតិចិនខ្លះដែលបានឆ្លងព្រំដែនភាគខាងត្បូងចូលក្នុងសហរដ្ឋអាមេរិកត្រូវបានបញ្ជូនខ្លួនពីក្រុង Los Angeles ឱ្យត្រឡប់ទៅប្រទេសចិនវិញចាប់តាំងពីខែឧសភាមក។
លោកថា«ពិតជាមានការបញ្ជូនទៅប្រទេសចិនវិញមែន ហើយពួកគេអាចត្រូវបញ្ជូនទៅវិញភ្លាមៗនៅនឹងកន្លែងតែម្តង»។
បើតាមសារដែលត្រូវបានបង្ហោះនៅលើគណនីល្បីមួយឈ្មោះមួយក្នុងបណ្តាញសង្គមហៅថា Teacher Li កាលពីពេលថ្មីៗនេះអាជ្ញាធរចិនបានចេញឯកសារពីរទៅឱ្យពួករដ្ឋអាជ្ញាសាធារណៈដែលគូសបញ្ជាក់ការប្តេជ្ញារបស់ពួកគេក្នុងការបង្ក្រាបលើជនទាំងឡាយណាដែលធ្វើដំណើរឆ្លងព្រំដែនភាគខាងត្បូងចូលក្នុងសហរដ្ឋអាមេរិកនិងបន្តឹងការគ្រប់គ្រងព្រំដែន។
វីអូអេមិនអាចពិនិត្យផ្ទៀងផ្ទាត់ដោយឯករាជ្យអំពីភាពត្រឹមត្រូវនៃឯកសារទាំងនេះទេ ប៉ុន្តែនៅពេលខ្លួនសួរស្ថានទូតចិនអំពីឯកសារទាំងនេះ អ្នកនាំពាក្យមិនបាននិយាយថាឯកសារទាំងនេះត្រូវបានប្រឌិតទេ។
នៅក្នុងការឆ្លើយតបតាមសារអ៊ីមែលមួយទៅនឹងសំណួរអំពីការផ្សាយអត្ថបទនោះលោកLiu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកបាននិយាយថា «តុលាការកំពូលនៃប្រទេសចិនបំពេញកាតព្វកិច្ចខ្លួនទៅតាមច្បាប់»។
លោកបានថ្លែងថា៖ «ពាក់ព័ន្ធនឹងការធ្វើចំណាកស្រុកខុសច្បាប់ គោលជំហរប្រទេសចិនគឺច្បាស់លាស់និងទៀងទាត់។ យើងប្រឆាំងនិងប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរាល់ទម្រង់នៃការធ្វើចំណាកស្រុកខុសច្បាប់និងការជួញដូរមនុស្ស»។
លោក Li ក៏បានថ្លែងដែរថា«ទីភ្នាក់ងារពង្រឹងច្បាប់នៃប្រទេសចិនកំពុងធ្វើការជាមួយពួកប្រទេសពាក់ព័ន្ធដើម្បីប្រយុទ្ធនឹងការជួញដូរមនុស្សនិងអំពីការបញ្ជូនមនុស្សឱ្យត្រឡប់មកប្រទេសដើមវិញនៅក្នុងការប្រឹងប្រែងរួមគ្នាដើម្បីឱ្យមានលំហូរមនុស្សដោយមានរបៀបរៀបរយឆ្លងកាត់ប្រទេសនានា»។
កាលពីដើមឆ្នាំនេះ ប្រទេសម៉ិកស៊ិកបានពង្រឹងការគ្រប់គ្រងព្រំដែនខ្លូនដោយបង្កើតកន្លែងឆែកឆេរថ្មីៗនៅតាមផ្លូវធំៗនិងបានបង្កើនការយាមល្បាតនៅចំណុចឆ្លងដែនចូលក្នុងសហរដ្ឋអាមេរិក។ ជនចំណាកស្រុកខុសច្បាប់ច្រើនជាងមុនត្រូវបានស្ទាក់ដែលជាលទ្ធផលនៃវិធានការទាំងនេះ។
បើតាមការិយាល័យនៅវ៉ាស៊ីនតោនខាងកិច្ចការទ្វីបអាមេរិកឡាទីនថា កងកម្លាំងម៉ិកស៊ិកមានកំណត់ត្រាថ្មីមួយអំពីចំនួនការចាប់ខ្លួនក្រុមជនអន្តោប្រវេសន៍នៅក្នុងខែមករានិងខែកុម្ភៈនៃឆ្នាំនេះ។
លោក Guo ថ្លែងថា លោកបានឮអំពីជនជាតិចិនខ្លះដែលត្រូវបានស្ទាក់នៅពេលឆ្លងកាត់ប្រទេសម៉ិកស៊ិក។
លោកបាននិយាយថា«ពួកមន្ត្រីអន្តោប្រវេសន៍សហរដ្ឋអាមេរិកធ្វើការសហការជាមួយរដ្ឋាភិបាលម៉ិកស៊ិកហើយបានចូលទៅក្នុងផ្នែកកណ្តាលប្រទេសម៉ិកស៊ិកដើម្បីស្ទាក់ក្រុមជនអន្តោប្រវេសន៍ទាំងនោះ»។
លោក Guo បានពោលថា ពេលក្រុមជនចំណាកស្រុកចិនត្រូវបានស្ទាក់ ពួកគេត្រូវបានបញ្ជូនខ្លួនទៅផ្នែកខាងត្បូងប្រទេសម៉ិកស៊ិក។
ប្រសិនបើពួកគេនៅតែចង់បន្តធ្វើដំណើរចូលសហរដ្ឋអាមេរិកតាមរយៈការឆ្លងព្រំដែនភាគខាងត្បូងទៀត ពួកគេត្រូវតែចាប់ផ្តើមទៀតពីកន្លែងមួយនៅឆ្ងាយពីអាមេរិកដែលពួកគេនឹងត្រូវចំណាយប្រាក់និងពេលវេលាច្រើនជាងមុន។
លោក Wang និងលោក Guo ថ្លែងថា ដោយមិនគិតពីឧបសគ្គ ពួកជនទាំងនេះនៅតែធ្វើដំណើរទៅព្រំដែនទៀត។
លោក Wang និយាយថា មនុស្សនៅតែចង់ចេញពីប្រទេសចិនយ៉ាងខ្លាំងហើយថាជនខ្លះកំពុងស្វះស្វែងរកផ្លូវថ្មីៗទៀត។
លោក Wang ថា«លោកអ្នកអាចធ្វើដំណើរតាមយន្តហោះទៅប្រទេសគុយបា ហើយលោកអ្នកក៏អាចធ្វើដំណើរតាមយន្តហោះទៅបូលីវីផងដែរ។
កាលពីខែឧសភា រដ្ឋាភិបាលគុយបាបានចាប់ផ្តើមអនុញ្ញាតឱ្យពលរដ្ឋចិនចូលក្នុងប្រទេសចំនួន៩០ថ្ងៃដោយមិនចាំបាច់សុំទិដ្ឋាការ។ ប្រទេសបូលីវីអនុញ្ញាតឱ្យពលរដ្ឋចិនមានលិខិតឆ្លងដែនធម្មតាអាចទទួលបានទិដ្ឋាការទេសចរណ៍នៅពេលធ្វើដំណើរទៅដល់។ ពួកជនមានទិដ្ឋាការឆ្លងកាត់អាចស្ថិតក្នុងប្រទេសនេះ១៥ថ្ងៃឬ៣០ថ្ងៃជាមួយទិដ្ឋាការទេសចរណ៍។
ពីប្រទេសគុយបាទៅផ្នែកខាងត្បូងបំផុតនៃរដ្ឋ Florida មានចម្ងាយប្រមាណ១៥០គ.ម.។ ផ្លូវទឹកចង្អៀតនេះជាផ្លូវដឹកជញ្ជូនមនុស្សខុសច្បាប់ច្រើនទសវត្សរ៍មកហើយ។ ហើយ ជនជាតិចិនខ្លះបានប្រឹងប្រែងរួចហើយ ទោះជាមានការប្រថុយប្រថានក៏ដោយ។
កាលពីខែតុលាឆ្នាំ២០២៣ អាជ្ញាធរនៅរដ្ឋ Florida និយាយថា ពលរដ្ឋចិនភេទប្រុស១១នាក់និងភេទស្រី៦នាក់ត្រូវបានចាប់ខ្លួនក្រោយបានចូលតំបន់ Key Largo រដ្ឋ Florida ដោយខុសច្បាប់ពីប្រទេសគុយបា។
លោក Li Xiaosan ជាអ្នកប្រឆាំងចិនម្នាក់ដែលបានមកដល់សហរដ្ឋអាមេរិកកាលពីខេកុម្ភៈ ឆ្នាំ២០២៣ដោយការធ្វើដំណើរឆ្លងព្រំដែនភាគខាងត្បូង Walk the Line នេះ។ លោកថាលោកមានសំណាងដោយអាចចាប់ផ្តើមជីវិតជាថ្មី ហើយលោកអាណិតជនឯទៀតដែលចង់ចាកចេញពីប្រទេសចិននៅពេលនេះ។ តាំងពីមកដល់សហរដ្ឋអាមេរិក លោក Li បានបើកក្រុមហ៊ុនបកប្រែភាសាមួយនៅក្រុង New York ហើយលោកបានជាប់សវនាការដំបូងសម្រាប់ការសុំសិទ្ធិជ្រកកោនខាងនយោបាយ។ លោកក៏បានទទួលការអនុញ្ញាតឱ្យធ្វើការដែរ។
លោកថានៅពេលណាគោលនយោបាយថ្មីនៃប្រទេសអេក្វាទ័រចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា ទោះជាពលរដ្ឋចិនប្រើផ្លូវឯទៀតក៏ដោយ ក៏ឱកាសនៃការមកដល់អាមេរិកដោយជោគជ័យនិងដើម្បីរស់នៅនៅក្នុងប្រទេសនេះនឹងត្រូវកាត់បន្ថយច្រើនគួរសម។
លោក Li ថ្លែងថា«ទ្វារត្រូវបានបិទហើយ។ តើមានមនុស្សប៉ុន្មាននាក់អាចប្រជ្រៀតខ្លួនដើម្បីឆ្លងព្រំដែនបានទៀត?»
ប្រែសម្រួលដោយលោក ឈឹម សុមេធ