មេដឹកនាំប្រទេសកេនយ៉ា(Kenya) អេត្យូពី(Ethiopia) និងស៊ូដង់ខាងត្បូង(South Sudan) បានបើកសម្ពោធការសាងសង់កំពង់ផែ ដែលជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធយ៉ាងធំសម្បើម ដើម្បីភ្ជាប់ប្រទេសទាំងបី។ ផែនការនេះ រាប់បញ្ចូលទាំងប្រព័ន្ធបំពង់បង្ហូរប្រេងថ្មីមួយ ពីស៊ូដង់ខាងត្បូង ដែលនឹងអនុញ្ញាតឲ្យប្រទេសនេះគេចផុតពីការដឹកជញ្ជូនប្រេងឆៅឆ្លងកាត់តាមប្រទេសជិតខាងនិងគូប្រជែងរបស់ខ្លួន គឺប្រទេសស៊ូដង់(Sudan)។
កំពង់ផែ ឡាមូ (Lamu) គឺជាផ្នែកមួយដ៏សំខាន់សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានស្គាល់ថាជា ច្រករបៀង ឡាបសេត (Lapsset) ដែលមានគោលដៅជំរុញពាណិជ្ជកម្មរវាងប្រទេសកេនយ៉ា អេត្យូពី និងស៊ូដង់ខាងត្បូង។ បន្ទាប់ពីបានថ្លែង កាលពីថ្ងៃសុក្រ នៅឯពិធីបញ្ចុះបឋមសិលា ក្នុងទីក្រុង ឡាមូ លោកប្រធានាធិបតីកេនយ៉ា វ៉ាយ គីបាគី មានប្រសាសន៍ថា គម្រោងនេះ បង្ហាញឲ្យឃើញពីការបោះជំហានទៅមុខដ៏សំខាន់ សម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់តំបន់។
«ខ្ញុំជឿជាក់ថា ថ្ងៃនេះ នឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្ត ថាជាពេលវេលាកំណត់មួយ ដែលយើងធ្វើការអភិវឌ្ឍន៍យ៉ាងធំធេង ដើម្បីភ្ជាប់ប្រជាពលរដ្ឋរបស់យើង ជាមួយនឹងឱកាសជាច្រើនក្នុងវិស័យសេដ្ឋកិច្ចនិងសង្គម នៅពេលខាងមុខ។»
ដោយត្រូវចំណាយទឹកប្រាក់អស់ជិត ២៥ ពាន់លានដុល្លារអាមេរិក គម្រោងនេះមិនមែនជាគម្រោងតូចតាចឡើយ។
ក្រៅពីកំពង់ផែ ច្រករបៀង ឡាបសេត (Lapsset) ក៏ត្រូវបានរំពឹងថានឹងមានផ្លូវរថភ្លើងទំនើបចម្ងាយ១ពាន់៦០០គីឡូម៉ែត្រ ផ្លូវហៃវ៉េចម្ងាយ១ពាន់៧០០គីឡូម៉ែត្រ និងអាកាសយានដ្ឋានអន្តរជាតិចំនួនបីទៀតផង។
គម្រោងនេះ ក៏នឹងអំពាវនាវសុំឲ្យមានបំពង់បង្ហូរប្រេងថ្មីមួយ ដែលនឹងនាំប្រេងរបស់ប្រទេសស៊ូដង់ខាងត្បូង ទៅកាន់កំពង់ផែថ្មីដែរ។
ស៊ូដង់ខាងត្បូង ត្រូវបានបង្ខំឲ្យពឹងផ្អែកលើបំពង់បង្ហូរប្រេង ដែលឆ្លងកាត់តាមប្រទសស៊ូដង់ ប៉ុន្តែកាលពីខែមករា បានបញ្ឍប់ការផលិតប្រេង ដោយសារមានជម្លោះជាមួយស៊ូដង់ខាងជើង ទាក់ទងនឹងតម្លៃសម្រាប់ការបង្ហូរប្រេងឆ្លងកាត់។
មានការព្រួយបារម្ភជាច្រើនទៀតទៅលើកំពង់ផែ ឡាមូ។ ប្រជាពលរដ្ឋមួយចំនួននៃសហគមន៍ស្វាហ៊ីលី (Swahili) នៃតំបន់ឆ្នេរយ៉ាងស្ងប់ស្ងាត់និងគួរឲ្យចាប់អារម្មណ៍ បានជំទាស់ទៅនឹងការសាងសង់នេះ។
ញាត្តិមួយ ដែលត្រូវបានផ្សព្វផ្សាយដោយអង្គការមួយ ឈ្មោះថា«ជួយសង្គ្រោះទីក្រុងឡាមូ» ឬហៅជាភាសាអង់គ្លេសថា Save Lamu លើកឡើងពីភាពខ្វះការសម្របសម្រួលជាមួយអជ្ញាធរមូលដ្ឋាន និងព្រួយបារម្ភពីការបំផ្លិចបំផ្លាញបរិស្ថាន។ អ្នកដទៃទៀត បារម្ភថា ដីធ្លីរបស់ខ្លួន នឹងត្រូវរឹបអូសដោយ ក្រុមអ្នកវិនិយោគដែលអន្ទះសារចង់បានខ្លាំង។
លោកប្រធានាធិបតី គីបាគី បានព្យាយាមនិយាយសម្រាលចំពោះភាពមន្ទិលសង្ស័យនោះ ដោយប្រាប់អ្នកតាំងលំនៅក្នុងទីក្រុងឡាមូថា កម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់ពួកគេ ត្រូវបានការពារ នៅក្នុងរដ្ឋធម្មនុញ្ញថ្មី៕
ប្រែសម្រួលដោយ គឹង ភិរុណ