វ៉ាក់សាំងដែលត្រូវបានសាកល្បងនៅក្នុងប្រទេសចិននេះបានធ្វើឲ្យប្រព័ន្ធភាពស៊ាំភាគច្រើននៅក្នុងរាងកាយមនុស្សមានប្រតិកម្ម តែមិនទាំងអស់នោះទេ ហើយអ្នកជំងឺជាច្រើនមានផលប៉ះពាល់អវិជ្ជមានដោយសារវ៉ាក់សាំងនោះ។
ការសិក្សានេះ គឺជាការចេញផ្សាយលើកដំបូងបំផុតនូវលទ្ធផលពីដំណាក់កាលទីមួយនៃការសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩។ មានវ៉ាក់សាំងជាង ១០០ ផ្សេងទៀតនៅជុំវិញពិភពលោក កំពុងត្រូវគេស្រាវជ្រាវបង្កើតឡើង ក្នុងនោះមានវ៉ាក់សាំង៩ផ្សេងទៀតស្ថិតនៅក្នុងដំណាក់កាលព្យាបាលសាកល្បង។
លោក Gary Simon ដែលជាប្រធានផ្នែកជំងឺឆ្លងនៅសាលាវេជ្ជសាស្ត្រ និងវិទ្យាសាស្រ្តសុខាភិបាល នៃសាកលវិទ្យាល័យ George Washington ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងក្នុងសម្តីដើមថា៖
«ប្រសិនបើវាជាវ៉ាក់សាំងតែមួយគត់ដែលមាននោះ ខ្ញុំគិតថា មនុស្សជាច្រើននឹងសុខចិត្តប្រើវា»។
ប៉ុន្តែ លោក Gary Simon បានថ្លែងបន្ថែមក្នុងសម្តីដើមថា៖
«ប្រសិនបើគេមិនអាចបន្ថយផលអវិជ្ជមានរបស់វ៉ាក់សាំងនេះបានច្រើនជាងមុនទេ ខ្ញុំគិតថា វានឹងមិនមានតួនាទីធំដុំ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះទេ»។
ដំណាក់កាលទី១
ការសាកល្បងបឋមខ្នាតតូចនេះ បានធ្វើតេស្តទៅលើអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អចំនួន ១០៨ នាក់នៅទីក្រុងវូហាននៃប្រទេសចិន ដែលជាកន្លែងដែលវីរុសនេះ ត្រូវបានគេរកឃើញដំបូង។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតវ៉ាក់សាំងចិនដែលមានឈ្មោះថា CanSino Biologics ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ហើយនៅក្នុងការផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ក្រុមហ៊ុននេះ បានទទួលការគាំទ្រពីរដ្ឋាភិបាលចិន។
២៨ ថ្ងៃ ក្រោយការចាក់វ៉ាក់សាំងនោះ ពាក់កណ្តាលនៃអ្នកស្ម័គ្រចិត្តចូលរួមសាកល្បងវ៉ាក់សាំងទាំង១០៨នាក់នោះ ដែលអ្នកខ្លះបានទទួលថ្នាំវ៉ាក់សាំងកម្រិតទាប ឬពាក់កណ្តាលដូស ក្នុងខ្លួនរបស់ពួកគេបានផលិតអង់ទីគ័រប្រឆាំងនឹងវីរុសកូរ៉ូណា។ បីភាគបួននៃអ្នកដែលបានទទួលវ៉ាក់សាំងក្នុងចំនួនច្រើន បានផលិតអង់ទីគ័រនេះ។
អ្នកចូលរួមស្ទើរតែទាំងអស់ មានប្រតិកម្មវិជ្ជមានពីប្រព័ន្ធភាពស៊ាំផ្សេងៗគ្នារបស់ពួកគេក្នុងរយៈពេល ១៤ ថ្ងៃ។
គេមិនទាន់ដឹងនៅឡើយទេថា តើប្រតិកម្មពីប្រព័ន្ធភាពស៊ាំរបស់រាងកាយរបស់ពួកគេអាចល្មមគ្រប់គ្រាន់ដើម្បីការពារអ្នកជំងឺបាននោះ។ ការធ្វើតេស្តដំណាក់កាលដំបូងនេះ មិនត្រូវបានបង្កើតឡើងដើម្បីកំណត់ថា តើវ៉ាក់សាំងមានប្រសិទ្ធភាព ឬអត់នោះទេ។ វាគ្រាន់តែដើម្បីឲ្យដឹងថា តើវ៉ាក់សាំងនេះមានសុវត្ថិភាពដែរឬទេ ហើយនឹងថា តើប្រព័ន្ធភាពស៊ាំរបស់មនុស្ស ឆ្លើយតបទៅនឹងវាដែរ ឬទេ។
វ៉ាក់សាំងនោះ ត្រូវបានគេរកឃើញថា វាបង្កបញ្ហាសុវត្ថិភាព។ ជាងពាក់កណ្តាលនៃអ្នកដែលបានទទួលវ៉ាក់សាំងនោះ ឈឺដៃ។ ជិតពាក់កណ្តាលទៀតមានគ្រុនក្តៅ ហើយមានម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប្រហែលជា ៤០ ភាគរយនៃអ្នកដែលបានទទួលវ៉ាក់សាំងនោះ មានអាការៈឈឺក្បាល ឬអស់កម្លាំង។
«លទ្ធផលមិនអស្ចារ្យ»
លោក Paul Offit ប្រធានមជ្ឈមណ្ឌលអប់រំផ្នែកវ៉ាក់សាំងនៅមន្ទីរពេទ្យកុមារក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania បានថ្លែងក្នុងសម្តីដើមថា៖
«ដោយសារមានបញ្ហាសុវត្ថិភាព ដោយសារអ្នកជំងឺជាច្រើនមិនបានផលិតអង់ទីគ័រការពាររាងកាយដល់កម្រិតខ្ពស់នោះ ខ្ញុំថា នេះគឺជាការសិក្សាមួយ ដែលលទ្ធផលមិនមានអ្វីអស្ចារ្យទេ»។
លោក Paul Offit បានថ្លែងបន្ថែមក្នុងសម្តីដើមថា៖
«ខ្ញុំជឿថា នឹងមានវ៉ាក់សាំងមួយចំនួនដែលនឹងលេចចេញមក ដែលវានឹងមានសុវត្ថិភាព និងប្រសើរជាងវ៉ាក់សាំងនេះ»។
ការសិក្សានេះ ផ្តោតតែទៅលើរយៈពេលតែ ២៨ ថ្ងៃដំបូងបន្ទាប់ពីការចាក់វ៉ាក់សាំងនោះទៅអ្នកស្ម័គ្រចិត្តប៉ុណ្ណោះ។ លទ្ធផលចុងក្រោយ នឹងគេត្រូវវាយតម្លៃក្នុងរយៈពេល ៦ ខែទៀត។
វ៉ាក់សាំងនេះកំពុងឈានទៅរកការសាកល្បងទ្រង់ទ្រាយធំជាងនេះមួយនៅទីក្រុងវូហាន។
វ៉ាក់សាំងនាំមុខគេ
របាយការណ៍អំពីលទ្ធផលវ៉ាក់សាំងនៅចិននេះ គឺជាការស្រាវជ្រាវចុងក្រោយបំផុតនៅក្នុងចំណោមសេចក្តីប្រកាសស្រាវជ្រាវវ៉ាក់សាំងកាលពីថ្មីៗនេះ ដែលវាផ្តល់ឲ្យនូវព័ត៌មានលើកទឹកចិត្តមួយចំនួនដែរ។
ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Moderna និយាយថា វ៉ាក់សាំងរបស់ខ្លួនបានផលិតអង់ទីគ័រការពាររាងកាយពីមេរោគនៅក្នុងចំណោមអ្នកជំងឺទាំង ៨ នាក់ដែលបានទទួលវ៉ាក់សាំងនោះ។
ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុននេះ មិនបានបញ្ចេញទិន្នន័យទេ ហើយអ្នកវិទ្យាសាស្ត្របានបង្ហាញការព្រួយបារម្ភអំពីតម្លាភាព។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនចិន SinoVac បានរាយការណ៍ថា វ៉ាក់សាំងរបស់ពួកគេការពារសត្វស្វាពីជំងឺកូវីដ១៩។
ក៏ប៉ុន្តែ ការសិក្សាទាំងនេះ ក៏បានរកឃើញសញ្ញាថា ទោះបីវ៉ាក់សាំងទាំងនេះ ជួយការពារមិនឲ្យមនុស្សឈឺក៏ដោយ ក៏ការចាក់ថ្នាំវ៉ាក់សាំងនេះ មិនអាចរារាំងពួកគេមិនឲ្យចម្លងជំងឺកូវីដ១៩នេះ ទៅអ្នកផ្សេងបានដែរ។
អ្នកស្រី Sarah Fortune ប្រធានផ្នែកជំងឺឆ្លងនៅសាលាសុខភាពសាធារណៈ T. H. Chan នៃសាកលវិទ្យាល័យ Harvard បានថ្លែងក្នុងសម្តីដើមថា៖
«សត្វដែលត្រូវបានចាក់វ៉ាក់សាំងនោះ នៅតែមានវីរុសនៅក្នុងច្រមុះ និងបំពង់ករបស់ពួកវា។ ប្រសិនបើរឿងដូចគ្នានេះ កើតឡើងចំពោះមនុស្ស ហើយប្រសិនបើវីរុសទាំងនោះ អាចឆ្លងទៅមនុស្សផ្សេងទៀតនោះ (ចំណុចទាំងពីរនេះ គឺមិនទាន់មានភាពជាក់លាក់នៅឡើយទេ) មានន័យថា ដើម្បីការពារប្រជាពលរដ្ឋ មនុស្សជាច្រើនទៀតណាស់ ដែលនឹងត្រូវចាក់វ៉ាក់សាំង»។
អ្នកស្រី Sarah Fortune បានថ្លែងបន្ថែមក្នុងសម្តីដើមថា៖
«ខ្ញុំគិតថា វាជាការគួរឲ្យព្រួយបារម្ភដោយសារថា គ្រាដែលយើង អាចនឹងទទួលបានការការពារប្រឆាំងនឹងជំងឺកូវីដ១៩នេះ យើងក៏ប្រហែលជានឹងមិនអាចទទួលបានការការពារដែលមានប្រសិទ្ធភាពឲ្យបានគ្រប់គ្រាន់ប្រឆាំងនឹងការឆ្លងជំងឺនេះទេ»។
រីឯលោក Paul Offit ប្រធានមជ្ឈមណ្ឌលអប់រំផ្នែកវ៉ាក់សាំងនៅមន្ទីរពេទ្យកុមារក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania បានថ្លែងបន្តថា មិនមានវិធីណានឹងអាចឲ្យយើងដឹងបានទេថា តើវ៉ាក់សាំងទាំងនេះនឹងមានសុវត្ថិភាព និងមានប្រសិទ្ធិភាពនោះ រហូតទាល់តែវាត្រូវបានធ្វើតេស្តទៅលើមនុស្សរាប់ម៉ឺននាក់ជាមុនសិន។
លោក Paul Offit បានថ្លែងបន្ថែមក្នុងសម្តីដើមថា៖
«ខ្ញុំគិតថា យើងគួរតែរង់ចាំ ហើយព្យាយាមមិនទស្សន៍ទាយទុកជាមុននូវអ្វីដែលនឹងកើតឡើងនោះទេ រហូតដល់យើងឃើញភស្តុតាងជាក់ច្បាស់សិន»។
ក្នុងល្បឿនដ៏លឿន
ដោយសារមានមនុស្សជាច្រើនសែននាក់បានស្លាប់ ហើយសេដ្ឋកិច្ចបានរងប៉ះពាល់យ៉ាងខ្លាំងនៅទូទាំងពិភពលោកដោយសារជំងឺកូវីដ១៩នេះ ក្រុមហ៊ុន និងរដ្ឋាភិបាលនានា កំពុងរូតរះផលិតវ៉ាក់សាំងនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកខ្លះ កំពុងបោះជំហានមិនធម្មតា (និងចំណាយច្រើន) ក្នុងការបង្កើនល្បឿនផលិតវ៉ាក់សាំងមួយចំនួន មុនពេលមានភស្តុតាងបញ្ជាក់ថា វ៉ាក់សាំងណាមួយមានប្រសិទ្ធភាពនិងសុវត្ថិភាពនោះ។
ក្រុមហ៊ុន Moderna បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីចាប់ផ្តើមផលិតវ៉ាក់សាំងរបស់ខ្លួននៅខែកក្កដា ដោយមានការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
រដ្ឋបាលលោក Trump បានប្រកាសថា នៅខែតុលា ខ្លួននឹងមានវ៉ាក់សាំងយ៉ាងហោចណាស់ចំនួន ៣០០ លានដូស នៃវ៉ាក់សាំងដែលជាលទ្ធផលពីក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford តាមរយៈកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនផលិតឱសថ AstraZeneca។
ការកំណត់ពេលវេលានោះ ធ្វើឲ្យលោក Offit ព្រួយបារម្ភ។ លោក Offit បានថ្លែងបន្តក្នុងសម្តីដើមថា៖
«ខ្ញុំមិនជឿថា យើងនឹងអាចមានទិន្នន័យដែលយើងត្រូវការ ដើម្បីធ្វើឲ្យប្រាកដថា វ៉ាក់សាំងទាំងនេះ មានសុវត្ថិភាព និងប្រសិទ្ធភាពបានយ៉ាងដូចម្តេចនោះ។ ខ្ញុំគ្រាន់តែព្រួយបារម្ភថា មានកត្តានយោបាយពាក់ព័ន្ធនឹងរឿងនេះ ដែលពួកគេគ្រាន់តែចង់ធ្វើឲ្យប្រាកដថា យើងមានអ្វីមួយ នៅមុនការបោះឆ្នោត» នៅខែវិច្ឆិកាខាងមុខនេះ។
លោក Offit បានបន្ថែមទៀតថា៖
«អ្វីដែលយើងត្រូវការគឺទិន្នន័យ។ ខ្ញុំសង្ឃឹមថា រឿងនេះមិនត្រូវគេយកទៅធ្វើជារឿងនយោបាយនោះទេ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់