អ្នកផលិត​ឱសថ​ថា វ៉ាក់សាំង Pfizer មាន​សុវត្ថិភាព​សម្រាប់​កុមារ​អាយុ​ចន្លោះពី ៥ ដល់​ ១១​ឆ្នាំ

រូបឯកសារ៖ កុមារី Maya Huber ចូលរួម​ចំណែក​ក្នុងការសិក្សា​វ៉ាក់សាំង Pfizer នៅ​សាកល​វិទ្យាល័យ Rutgers នៅ​ក្រុង New Brunswick រដ្ឋ New Jersey កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

ក្រុមហ៊ុន​ឱសថ​ Pfizer ​និង​ BioNTech ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា វ៉ាក់សាំង​កូវីដ១៩ ​កម្រិត​ខ្សោយ​ចំនួន​ពីរ​ដូស​ គឺ​មាន​សុវត្ថិភាព ​និង​ប្រសិទ្ធភាព​សម្រាប់​កុមារ​អាយុ​ចន្លោះ​ពី​ ៥​ ដល់​១១​ឆ្នាំ។​

ក្រុម​ហ៊ុន​អាមេរិក​ និង​ក្រុមហ៊ុន​ BioNTech ​របស់​អាល្លឺម៉ង់ ​ដែលជា​ដៃគូ​ បាន​ឲ្យ​ដឹង​ថា ការ​សាកល្បង​បង្ហាញ​ថា​ វ៉ាក់សាំង​នេះ​មិន​ខ្លាំង​ តែ​សកម្ម​ក្នុង​ការ​បង្កើត​ការ​ឆ្លើយតប​នៃ​អង្គ​បដិប្រាណ ​ដោយ​ប្រើ​កម្រិត​ដូស​ទាប ​ដែល​ចាំ​បាច់​ចំពោះ​កុមារ​តូចៗ។​

ក្រុម​ហ៊ុន​ Pfizer ​បាន​និយាយ​ថា​ ក្នុង​ពេល​ឆាប់ៗ​នេះ ​ខ្លួន​មាន​គម្រោង​សុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​នេះ​សម្រាប់​អ្នក​ជំងឺ​វ័យក្មេង​នៅ​សហ​រដ្ឋ​អាមេរិក​ ចក្រភព​អង់គ្លេស​ និង​សហភាព​អឺរ៉ុប​ ដែលអាច​ពង្រីក​វិសាលភាព​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង។ ​ កុមារ​អាមេរិក​ប្រហែល​ ២៨​លាន​នាក់​ មាន​អាយុពី ​៥​ ដល់ ​១១​ឆ្នាំ​ ហើយ​មនុស្ស​ពេញវ័យ​រាប់​លាន​នាក់ ​នៅ​តែ​បដិសេធ​មិន​ចាក់​វ៉ាក់សាំង។​

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ ​(CDC)​ របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ជាង ​១៨១ ​លាន​នាក់​ បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​នៅ​ក្នុង​ប្រទេស ​ប៉ុន្តែ​មនុស្ស​ ៧០ ​លាន​នាក់​ទៀត​ដែល​មាន​អាយុ​ចាប់​ពី ​១២ ​ឆ្នាំ​ឡើង​ មិន​បាន​ចាក់​វ៉ាក់សាំង​ទេ។​

ក្រុមហ៊ុន ​Pfizer​ បាន​និយាយ​ថា ​ខ្លួន​បាន​សិក្សា​អំពី​ដូស​កម្រិត​ខ្សោយ ​គឺ​មួយភាគ​បី​នៃ​ដូស​របស់​មនុស្ស​ពេញ​វ័យ​ នៅ​ក្នុង​ការ​ធ្វើ​តេស្ត​ដែល​មាន​សិស្ស​មត្តេយ្យ​ និង​សិស្ស​សាលា​បឋម​សិក្សា​ជាង ​២២០០ ​នាក់​ចូល​រួម។​ កុមារ​ពីរ​ភាគ​បី​ត្រូវ បាន​ចាក់​វ៉ាក់សាំង​ហើយ​ចំនួន​ដែល​នៅ​សល់​ត្រូវ​បាន​ចាក់​ថ្នាំ​ទឹកប្រៃ។ ​ក្រុមហ៊ុន​បាន​និយាយ​ថា ​កុមារ​ដែល​ចាក់​វ៉ាក់សំាង​បាន​បង្កើត​កម្រិត​អង្គបដិប្រាណ​ដែល​រឹងមាំ​ដូចអង្គបដិប្រាណ​ក្នុង​ខ្លួន​ក្មេង​ជំទង់​ និង​មនុស្ស​ពេញវ័យ​ ដែល​បាន​ចាក់​វ៉ាក់សំាង​រួច​ដែរ។​

ឥឡូវ​នេះ​ នៅ​ពេល​ដែល​សិស្ស​បាន​ចូល​សាលារៀន​វិញ ​ហើយវីរុស​បំប្លែងថ្មី​ប្រភេទ​ដែលតា ​(Delta)​ រីក​រាល​ដាល​ពាស​ពេញ​សហ​រដ្ឋ​អាមេរិក​នោះ​ ឪពុក​ម្តាយ​ជាច្រើន​ចង់​ឲ្យ​មន្រ្តី​សុខាភិបាល​រដ្ឋាភិបាល​អនុម័ត​វ៉ាក់សាំង​សម្រាប់​កូន​តូចៗ​របស់​ពួកគេ។​

បើ​ប្រៀបធៀប​ជាមួយ​មនុស្ស​ពេញវ័យ ​កុមារ​មាន​ហានិភ័យ​ទាប​ចំពោះ​ការ​ឈឺ​ធ្ងន់ធ្ងរ​ ឬ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​ ប៉ុន្តែ​កុមារ​ជាង​៥​លាន​នាក់​នៅ​អាមេរិក​បាន​ឆ្លង​ជំងឺ​នេះ ហើយ​យ៉ាង​ហោច​ណាស់​កុមារ​ ៤៦០ ​នាក់​បាន​ស្លាប់។​ នេះបើ​តាម​បណ្ឌិត្យ​សភា​អាមេរិក​ផ្នែក​ពេទ្យកុមារ​ (American Academy of Pediatrics)។​

ក្រុមហ៊ុន​ផលិតវ៉ាក់​សាំង​អាមេរិក​ Moderna ​ក៏​កំពុង​សិក្សា​អំពី​ថ្នាំ​របស់​ខ្លួន​សម្រាប់​កុមារ​តូចៗ​ផង​ដែរ។​ ទាំង​ក្រុម​ហ៊ុន ​Pfizer​ និង​ Moderna ​កំពុង​សិក្សា​ពី​ការ​ប្រើ​វ៉ាក់សាំង​ចំពោះ​ទារក​ចាប់​ពី​អាយុ​ ៦​ ខែ​ ដោយ​រំពឹង​ថា​ នឹង​ចេញ​លទ្ធផល​នៅ​ចុង​ឆ្នាំ​នេះ។​
គិតត្រឹម​ថ្ងៃ​ចន្ទ​ ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក ​បាន​កើន​ឡើង​ដល់​ ៦៧៥.៩៧៥​ នាក់​ហើយ៕​

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press ​និង Reuters។