ដោយ Nick Long
កងទ័ពរបស់សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ (Democratic Republic of Congo) មានពាក្យស្លោកថ្មីមួយគឺ ឡូប៊ី ម៉ូកូឡូ យ៉ាស៊ីកា (Lobi Mokolo Ya Sika) ដែលមានន័យថា ថ្ងៃស្អែកគឺជាថ្ងៃថ្មី។ នោះជាឈ្មោះរបស់កម្មវិធីអប់រំថ្មីមួយ ដើម្បីបង្រៀនទាហានអំពីសិទ្ធិមនុស្ស និងការធ្វើឱ្យទំនាក់ទំនងជាមួយជនស៊ីវិលមានភាពប្រសើរឡើង។
ការប្រគុំបទភ្លេងនៅបណ្ឌិត្យសភាយោធា បានបង្ហាញពីការចាប់ផ្តើមនៃផែនការយុទ្ធនាការអប់រំរយៈពេលបីថ្ងៃមួយ ដើម្បីធានាឱ្យប្រាកដថា គ្រប់អង្គភាពទាំងអស់នៅក្នុងជួរកងទ័ពកុងហ្គោ ត្រូវបានបង្រៀនអំពីមូលដ្ឋាននៃសិទ្ធិមនុស្សនិងច្បាប់សង្រ្គាម។
ក្រុមប្រទេសផ្តល់ជំនួយបានផ្តល់ថវិការទៅក្នុងការបណ្តុះបណ្តាលស្តីអំពីសិទ្ធិមនុស្ស សម្រាប់កងទ័ពរបស់កុងហ្គោ នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកហើយ។ កម្មវិធីពិសេសនេះកំពុងត្រូវបានធ្វើឡើងដោយកងយោធា ដោយមានជំនួយពីអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលមានឈ្មោះថា អង្គការស្វែងរកមូលដ្ឋានរួម (Search for Common Ground) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
លោក ឌ័ក វ៉ាន់កូច (Dirk Van Koch) នាយកនៃអង្គការស្វែងរកមូលដ្ឋានរួម នៅប្រទេសកុងហ្គោ ថ្លែងថា នៅតែមានកិច្ចការដែលត្រូវធ្វើបន្តទៀត។
«រដ្ឋាភិបាលបានធ្វើដំណើរយ៉ាងវែងឆ្ងាយមួយ ហើយយើងបានជួយពួកគេជាមួយនឹងការបណ្តុះបណ្តាល។ តើយើងបានបញ្ចប់កិច្ចការនោះហើយឬនៅ? មិនទាន់ទេ។ ហេតុនេះហើយ យើងកំពុងបន្តការបណ្តុះបណ្តាល។ ហើយជាពិសេសអ្វីដែលយើងមើលឃើញនោះគឺថា មានក្រុមថ្មីជាបន្តបន្ទាប់មកទៀត ដែលត្រូវបានចូលទៅក្នុងកងទ័ព។ ជារឿយៗ កងទ័ពថ្មី ត្រូវបានជ្រើសរើសចេញមកដោយគ្មានការអប់រំទេ ហើយនេះគឺជាអ្វីដែលយើងនឹងផ្តោតការយកចិត្តទុកដាក់»។
លោក វ៉ាន់កូច កំពុងនិយាយអំពីអតីតកងជីវពល។ ជារឿយៗ ក្មេងប្រុស ត្រូវបានជ្រើសរើស ដែលមានវ័យក្មេងនៅឡើង ពីសំណាក់ក្រុមប្រដាប់អាវុធជាច្រើន នៅភាគខាងកើតនៃប្រទេស កុងហ្គោ។
អង្គការស្វែងរកមូលដ្ឋានរួម បានថតសក្ខីកម្មរបស់អតីតកងជីវពល។ ឧទាហរណ៍ បុរសវ័យក្មេងមួយរូប បានឆ្លើយបំភ្លឺថា ក្រុមរបស់គាត់បានប្រមូលសរីរាង្គមនុស្ស ហើយថែមទាំងបានកាត់សុដន់របស់មនុស្សស្រី ដើម្បីប្រើប្រាស់ជាគ្រឿងមន្តអាគម ដើម្បីការពារខ្លួនពីសត្រូវ។
ស្ថិតនៅចម្ងាយ៧០០ម៉ាល នៅក្នុងទីក្រុង ប៊ូនៀ (Bunia) ដែលជាទីក្រុងមួយនៅភាគខាងកើតប្រទេស កុងហ្គោ ដំណាក់កាលថ្មីមួយនៃកម្មវិធីអប់រំ បានចាប់ផ្តើមរួចហើយ។
វរេសនីយឯកនៃកងទ័ពកុងហ្គោ មួយនេះ កំពុងតែបង្រៀនក្រុមមន្រ្តីយោធា ដែលនឹងត្រូវបានបញ្ជូនត្រឡប់ទៅអង្គភាពរបស់ពួកគេវិញ ដោយមានការណែនាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស។ លោកនិយាយថា ត្រូវចងចាំថា អ្នកទាំងអស់គ្នានឹងនិយាយជាមួយកងទ័ព និងក្រុមមន្រ្តីយោធា ដែលមិនដែលបានឮអំពីសិទ្ធិមនុស្សឬច្បាប់សង្រ្គាម។
សូម្បីតែជាមួយនឹងក្រុមមន្រ្តីយោធានេះ លោកវរេសនីយឯកបានគិតថា វាមានតម្លៃនៅក្នុងការលើកឡើងថា វាប្រឆាំងទៅនឹងច្បាប់សង្រ្គាមចំពោះការកាត់អវៈយវៈណាមួយរបស់សាកសព។
ការរំលោភបំពានជាទូទៅកាន់តែច្រើន ដែលជនស៊ីវិលជួបប្រទះពីសំណាក់កងទ័ព គឺការលួចឆក់ប្លន់។ លោកវរសេនីយឯកផ្តល់ការបង្ហាញអំពីរបៀបដែលកងទ័ពបំភិតបំភ័យជនស៊ីវិល។
លោកស្រែកឡើងថា «ហ្អេ ចុះមកក្រោម មនុស្សទាំងអស់ដែលនៅខាងលើនេះហើយ។ ពួកអ្នកឯងជាឧក្រិដ្ឋជន។ ពួកឯងត្រូវតែឱ្យសត្វពពែមកយើង។ បើមិនអញ្ចឹងទេ ពួកយើងនឹងកាត់ក្បាលពួកឯងចោល»។ លោកវរសេនីយឯកនិយាយថា វិធីសាស្រ្តទាំងអស់នេះមិនត្រូវបានអនុញ្ញាតទេ នៅក្រោមច្បាប់នៃការប្រព្រឹត្តរបស់កងទ័ព។
វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ គ្រប់ដណ្តប់ទៅលើក្រមនៃការប្រព្រឹត្តរបស់កងទ័ព ដែលរាប់ចាប់តាំងពីរបៀបនៃការជៀសវាងការបង្កការខូចខាតដល់ជនស៊ីវិលដោយអចេតនា រហូតដល់ការបញ្ឈប់អំពើហិង្សាផ្លូវភេទ។ នៅក្នុងម៉ោងសិក្សាមួយ ក្រុមទាហានទស្សនាខ្សែភាពយន្តមួយស្តីអំពីកុមារីម្នាក់ ដែលត្រូវបានរំលោភដោយមនុស្សមួយក្រុម ហើយទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។ ឥឡូវនេះ នាងខូចប្រដាប់បន្តពូជ ហើយមិនអាចមានកូនបានឡើយ។ ក្រុមមន្រ្តីយោធាត្រូវបានសួរឱ្យស្រមៃមើល ថាតើពួកគេមានទឹកចិត្តយ៉ាងដូចម្តេច ប្រសិនបើពួកគេ ជាប្តីឬជាឪពុករបស់ក្មេងស្រីនោះវិញ។
ការផ្សព្វផ្សាយជាសាធារណស្តីពីអំពើហិង្សាផ្លូវភេទ ពីសំណាក់ក្រុមប្រដាប់អាវុធនៅប្រទេស កុងហ្គោ គឺជាមូលហេតុចម្បងមួយ ដែលវគ្គបណ្តុះបណ្តាលទាំងនេះត្រូវបានរៀបចំឡើង។ ក្រុមយោធាក៏មានជាប់ទាក់ទងទៅនឹងស្ថិតិកម្រិតខ្ពស់ដ៏គួរឱ្យតក់ស្លុតស្តីពីការចាប់រំលោភរបស់ប្រទេសនេះ ដោយជំរុញឱ្យលោកប្រធានាធិបតី ចូស្សេហ្វ កាប៊ីឡា (Joseph Kabila) ប្រកាសអំពីគោលនយោបាយនៃគ្មានការអត់ឱនចំពោះជនល្មើសផ្នែកផ្លូវភេទនៅក្នុងជួរយោធា។
លោកវរេសនីយត្រី ចូស្សេហ្វ អ៊ីលុងហ្គា (Joseph Ilunga) អនុព័ន្ធយោធាទទួលបន្ទុកសារព័ត៌មាន ប្រាប់វីអូអេថា ការរំលោភផ្លូវភេទពីសំណាក់កងទ័ព មិនអាចការពារបានទេ។
លោកនិយាយថា នៅក្នុងច្បាប់របស់ កុងហ្គោ មិនមានការអភ័យទោសចំពោះអំពើហិង្សាផ្លូវភេទពីសំណាក់កងយោធាទេ ហើយទំនៀមទម្លាប់របស់ប្រទេស កុងហ្គោ បានហាមប្រាមអំពើនេះទៀតផង។
ក្រៅពីការជួយពាំនាំសារនេះ អង្គការស្វែងរកមូលដ្ឋានរួម ធ្វើការដើម្បីធានាឱ្យប្រាកដថា អំពើហិង្សាផ្លូវភេទនិងបទឧក្រិដ្ឋកម្មផ្សេងៗទៀត ដែលប្រព្រឹត្តឡើងដោយក្រុមយោធា នឹងត្រូវបានរាយការណ៍។
លោក វ៉ាន់កូច និយាយថា អង្គការរបស់លោកបានជួយបង្កើតនិងបណ្តុះបណ្តាលគណកម្មាធិការនៃក្រុមមន្រ្តីយោធា ដើម្បីត្រួតពិនិត្យមើលបទល្មើសដែលប្រព្រឹត្តឡើងដោយក្រុមទាហាន។
«យើងបណ្តុះបណ្តាលពួកគេឲ្យចេះស៊ើបសួរ នៅពេលដែលកងទ័ពរបស់ពួកគេប្រព្រឹត្តអំពើរំលោភបំពានទាំងឡាយ ហើយពួកគេនឹងមិនព្យាយាមលាក់បាំងអំពើទាំងនោះទេ។ ការលាក់បាំងនេះធ្លាប់តែជាការអនុវត្តកាលពីអតីតកាល។ ប៉ុន្តែ ពួកគេនឹងបរិហារអំពើបែបនេះនៅចំពោះមុខតុលាការយោធា»។
អង្គការស្វែងរកមូលដ្ឋានរួម មានផែនការបញ្ចូលជនស៊ីវិលទៅក្នុងគណកម្មាធិការនេះ ដើម្បីធ្វើឱ្យពួកគេកាន់តែមានការឆ្លើយតបលឿនជាងមុន។
យុទ្ធសាស្រ្តបែបនេះកំពុងចាប់ផ្តើមផ្តល់លទ្ធផលហើយ។
បេសកកម្មអង្គការសហប្រជាជាតិនៅក្នុងប្រទេស កុងហ្គោ ដែលហៅកាត់ជាភាសាអង់គ្លេសថា MONUSCO បានឲ្យដឹងថា នៅក្នុងរយៈពេលមួយឆ្នាំរហូតដល់ខែកក្កដាមុន មានការកាត់ទោសទាហានឬប៉ូលីសចំនួន២២៤នាក់របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អំពីការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ប្រហែលជាពាក់កណ្តាលនៃរឿងក្តីទាំងនេះមានជាប់ពាក់ព័ន្ធទៅនឹងអំពើហិង្សាផ្លូវភេទតែម្តង។
ប៉ុន្តែ មានតែ២០ភាគរយនៃការរំលោភបំពានទេ ដែល MONUSCO បានដឹង ហើយត្រូវបាននាំយកទៅកាត់ទោស។ ហើយវាមិនទាន់ច្បាស់នៅឡើយទេថាតើពួកគេពិតជាទទួលទោសត្រឹមកម្រិតណា បន្ទាប់តុលាការយោធាកាត់ឲ្យជាប់ទោសនោះ៕
ប្រែសម្រួលដោយ ឌី ខាំបូលី