មនុស្ស​រាប់​សិប​នាក់​ស្លាប់​ដោយសារ​ខ្យល់​គួច​ tornado ខុស​រដូវ​នៅ​សហរដ្ឋ​អាមេរិក

រថយន្ត​បាន​រង​ការ​បំផ្លាញ​បន្ទាប់​ពី​ខ្យល់​គួច​ tornado ​បាន​បោកបក់​កាត់​តំបន់ Dawson Springs រដ្ឋ Kentucky កាល​ពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០២១។ (AP)

ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ពី​គ្រោះថ្នាក់​បង្ក​មក​ពីខ្យល់​គួច​tornado ជា​ច្រើន​ខុស​រដូវ​ជា​បន្តបន្ទាប់ដែល​បាន​បក់បោក​កាត់​តាម​រដ្ឋ​ចំនួន​៦​នៅ​ភាគ​ខាង​ត្បូង​និងភាគ​កណ្តាល​សហរដ្ឋ​អាមេរិកកាល​ពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បើ​ទោះ​បី​មន្ត្រីសង្គ្រោះ​បន្ទាន់ម្នាក់​បាន​សម្តែង​នូវ​ក្តីសង្ឃឹម​ថា នឹង​អាចរក​ឃើញអ្នកនៅ​រស់រាន​មាន​ជីវិត​ច្រើន​ថែម​ទៀត។

ការ​បំផ្លិចបំផ្លាញ​នោះធ្ងន់ធ្ងរបំផុត​នៅ​ក្នុង​រដ្ឋ Kentucky ដោយ​ចំនួន​មនុស្ស​ស្លាប់​នៅ​ទីនោះមាន៨០​នាក់ រួច​ហើយ។ ការ​ស្លាប់​ទាំង​នោះ​ភាគច្រើន​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ខ្យល់​គួច​tornado បាន​បំផ្លាញ​រោងចក្រ​ផលិត​ទាន​មួយ​កន្លែង។

ខ្យល់​គួច​tornado ជា​ច្រើនដ៏​ប្រល័យ​ទាំង​នេះ​ដែល​ជា​ទូទៅ​មិនកើត​មាន​នៅ​ក្នុង​ខែ​ធ្នូ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទេ​នេះ បាន​បោកបក់​ចម្ងាយ​៣៦៥​គីឡូម៉ែត្រ​កាត់តាម​រដ្ឋ Arkansas, Illinois, Mississippi, Missouri, Tennessee និង​រដ្ឋ Kentucky ក៏ប៉ុន្តែ ការ​បំផ្លិចបំផ្លាញ​នោះ​មាន​ប្រវែង​ចម្ងាយ​៣២១​គីឡូម៉ែត្រ​នៅ​ក្នុង​រដ្ឋKentucky ។

អភិបាល​រដ្ឋKentucky លោក Andy Beshear បាន​ប្រាប់កម្មវិធី​«State of the Union»​ នៃ​បណ្តាញ​ទូរទស្សន៍ CNN ថា «ខ្ញុំ​ដឹង​ថា យើង​បាន​បាត់បង់​ពលរដ្ឋ Kentucky ជាង​៨០​នាក់។ ចំនួន​មនុស្ស​ស្លាប់ នឹង​មានជាង​១០០​នាក់។ នេះ​ជា​ព្យុះ​ខ្យល់​គួច tornado​ដ៏​ប្រល័យ​ដែល​យើង​មិន​ដែល​ធ្លាប់​ឃើញ។

លោក Beshear បាន​និយាយ​ទៀត​ថា វា​នឹង​ក្លាយជាអព្ភូតហេតុ​មួយ ប្រសិន​បើ​យើង​នៅអាចសង្គ្រោះមនុស្ស​ថែម​ទៀត​ពី​កម្ទេចបាក់បែក​នៅ​រោងចក្រ​ទាន​នៅ​ក្នុង​ទីក្រុង Mayfield ដែល​ជា​ទីក្រុង​ដ៏​តូច​មួយ​នៃ​រដ្ឋ Kentucky នោះ៕