លោក Trump ថា ​លោក​នឹង​ទៅ​តុលាការ​នៅ New York ចូលរួម​សវនាការ​អំពី​ការ​ធ្វើ​អាជីវកម្ម​របស់​លោក

រូបឯកសារ៖ អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump ចូលរួម​យុទ្ធនាឃោសនា​បោះឆ្នោត​នៅទីក្រុង Summerviller រដ្ឋ South Carolina នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

នៅ​ពេល​ដែល​ការ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​អចលនទ្រព្យ​ផ្ទាល់​ខ្លួន​ដ៏​មាន​តម្លៃ​បំផុត​មួយ​ចំនួន​កំពុង​ជួប​គ្រោះថ្នាក់ ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ​បាន​និយាយ​ថា ​លោក​នឹង​ធ្វើ​ដំណើរ​ដ៏​កម្រ​ដោយ​ស្ម័គ្រចិត្ត​ទៅ​កាន់​តុលាការ​នៅ​ក្នុង​ទីក្រុង New York ​នៅ​ថ្ងៃ​ចន្ទ​នេះ​សម្រាប់​ការ​ចាប់ផ្ដើម​នៃ​សវនាការ​លើ​បណ្ដឹង​រដ្ឋប្បវេណី​មួយ​ដែល​ចៅក្រម​បាន​សម្រេច​រួច​ហើយ​ថា​លោក​បាន​ប្រព្រឹត្តការ​ក្លែង​បន្លំ​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​លោក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Trump ​បាន​ព្រលះ​នៅ​ក្នុង​សារ​បង្ហោះ​របស់​លោក​ដាក់​អ្នកស្រី​អគ្គរដ្ឋអាជ្ញា Letitia James ដែល​ប្ដឹង​លោក ​និង​ដាក់​លោក​ចៅក្រម Arthur Engoron ដែល​ធ្វើ​ជា​អធិបតី​លើ​សវនាការ​ដែល​គ្មាន​ការ​ចូលរួម​ពី​គណៈវិនិច្ឆ័យ​តុលាការ​និង​បាន​ធ្វើ​សេចក្ដី​សម្រេច​លើ​សំណុំ​រឿង​ក្លែង​បន្លំ​នេះ​កាលពី​សប្ដាហ៍​មុន។

លោក Trump បាន​សរសេរ​ថា៖ «សំណុំ​រឿង​ទាំង​មូល​គឺ​ក្លែងក្លាយ!!!។ ជួប​គ្នា​នៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ»។

សវនាការ​នេះ​គឺ​ជា​លទ្ធផល​ចុងក្រោយ​នៃ​ការ​ស៊ើប​អង្កេត​រយៈពេល​ជាច្រើនឆ្នាំ​របស់​អ្នកស្រី James ដែល​បាន​ចោទ​លោក Trump និង​គូកន​របស់​លោក​ថា​បាន​កុហក​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ទ្រព្យ​សម្បត្តិ​របស់​លោក​នៅ​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ។

កាលពី​សប្ដាហ៍​មុន លោក​ចៅក្រម Engoron បាន​ដោះស្រាយ​ការ​តវ៉ា​កំពូល​របស់​បណ្ដឹង​មួយ​មុន​ពេល​សវនាការ​ចាប់ផ្ដើម ដោយ​បាន​សម្រេច​ថា​លោក Trump បាន​បោក​ប្រាស់​ម្ដង​ហើយ​ម្ដង​ទៀត​លើ​ធនាគារ ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​កន្លែង​ផ្សេង​ទៀត​ដោយ​ការ​បំផ្លើស​អំពី​តម្លៃ​នៃ​ទ្រព្យ​សម្បត្តិ​លើ​ឯកសារ​ដែល​ប្រើ​នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ព្រមព្រៀង​និង​ទទួល​បាន​ប្រាក់​កម្ចី។

លោក Trump និង​បុគ្គល​ល្បី​ឈ្មោះ​នៅ​ក្នុង​រង្វង់​ក្រុម​របស់​លោក ដែល​នោះ​គឺ​កូន​ប្រុស​ច្បង ២ នាក់​របស់​លោក ក្រុម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Trump Organization និង​អតីត​មេធាវី​ក្លាយជា​សត្រូវ​លោក Michael Cohen សុទ្ធតែ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​អាច​ធ្វើ​ជា​សាក្សី​។

គេ​មិន​រំពឹង​ថា​លោក Trump នឹង​ផ្ដល់​សក្ខីកម្ម​នោះ​ទេ​សម្រាប់​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។ ការ​ធ្វើ​ដំណើរ​របស់​លោក​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ចន្ទ​នេះ​គឺ​កំណត់​ឱ្យ​ឃើញ​អំពី​ការ​ដើរ​ចេញ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ពី​ការ​អនុវត្ត​របស់​លោក​ពី​មុន។

អ្នកស្រី James ខាង​គណបក្ស​ប្រជាធិបតេយ្យ មាន​បំណង​ពិន័យ​លោក Trump ជា​ទឹក​ប្រាក់​ចំនួន ២៥០ លាន​ដុល្លារ​និង​ហាម​ឃាត់​លោក​មិន​ឱ្យ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​រដ្ឋ New York៕