កម្ពុជា​ត្រូវ​បាន​ទាញ​ឲ្យ​ធ្លាក់​ក្នុង​ជម្លោះ​ដោយសារ​នយោបាយ​ក្នុង​ស្រុក​ថៃ

អ្នកគាំទ្រ​ម្នាក់​​នៃសម្ព័ន្ធភាព​ប្រជា​រាស្រ្ត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​​ដែល​គេ​ស្គាល់​ថា ពួក​អាវ​លឿងដេកនៅលើផ្លូវ​ នៅ​ជិត​វិមាន​រដ្ឋាភិបាល​​ក្នុង​ទីក្រុង​បាងកក។​

ហ្សាការតា ឥណ្ឌូនេស៊ី៖ នយោបាយ​ក្នុង​ស្រុក​កំពុង​ធ្វើ​ឲ្យមាន​ភាព​តានតឹង​កាន់តែ​ធំឡើង​រវាង​ថៃ និង​កម្ពុជា។ ក៏ប៉ុន្តែ ​ខណៈដែល​អ្នកខ្លះ​យល់​ថា ជម្លោះ​ព្រំដែន​នា​ពេល​បច្ចុប្បន្ន​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ខាង​យោធា​ អ្នក​ខ្លះ​ទៀត​យល់​ថា វាគ្រាន់​តែ​ជា​ការធ្វើ​ដើម្បី​ចំណេញ​ផ្នែក​នយោបាយ។

ប្រាសាទ​ព្រះវិហារ​ដែល​មាន​រចនាបទ​បែប​ហិណ្ឌូ​ ដែល​តាំងនៅ​ព្រំដែនកម្ពុជា ថៃ ​ជា​ប្រភព​នៃ​ការរង្កៀសចិត្ត​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ នៅ​ឆ្នាំ​១៩៦២ អង្គការ​សហប្រជាជាតិ​បាន​កាត់សេចក្តី​ថា ប្រាសាទ​បុរាណនេះស្ថិត​នៅ​ក្នុងប្រទេស​កម្ពុជា​ ក៏ប៉ុន្តែ​ដី​ភាគ​ច្រើន​នៅ​ជុំវិញ​នោះ​ជា​ទឹកដីរបស់ថៃ។

ជម្លោះ​លើ​តំបន់​នោះ​ ត្រូវ​បាន​បញ្ឆេះ​ឡើង​នៅ​ឆ្នាំ​២០០៨ ដោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នាបន្តិច​បន្តួច​យូរ​ៗ​ម្តង​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ចាប់តាំង​ពីពេលនោះ​មក។

ក៏ប៉ុន្តែ​ ភាព​តានតឹង​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង​នៅ​ខែ​ធ្នូ ​នៅ​ពេល​ដែល​សកម្មជន​ជាតិ​ថៃ​៧​នាក់​ដែល​បាន​ចូល​រួម​ជាមួយ​សម្ព័ន្ធភាព​ប្រជា​រាស្រ្ត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​គេ​ស្គាល់​ថា ពួក​អាវ​លឿង​បាន​ទៅ​តំបន់​ព្រំដែន​មាន​ជម្លោះ​មួយ​ទៀត ហើយ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន។

លោក ផាវីន​ ឆាឆាវ៉ាលផុងពុង (Pavin Chachavalpongpun )​ អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​សិក្សា​កិច្ច​ការ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​សឹង្ហបូរី​ និយាយ​ថា​ សកម្មជន​ថៃ​ចង់​បង្កើត​ឲ្យ​មាន​វិបត្តិ​ដើម្បី​ប្រមូល​ផ្តុំ​ការ​គាំទ្រ​ខាង​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើឡើង​នៅ​ចុងឆ្នាំ​នេះ។ លោក​និយាយ​ទៀត​ថា ការ​ដែល​កម្ពុជា​ចាប់​ខ្លួន​ពួក​សកម្មជន​ និង​ការ​គម្រាម​កំហែង​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​ចារកម្ម ​កម្ពុជា​បាន​ផ្តល់​ឲ្យ​សកម្មជន​នូវ​ អ្វី​ដែល​ពួកគេ​ចង់​បាន។ លោក​ផាវីន ថ្លែង​ដូច្នេះ​ថា៖

«កម្ពុជា​មាន​ប្រតិកម្ម​ខ្លាំង​ហួស​ ប៉ុន្តែ​និយាយ​ឲ្យ​យុត្តិធ៌ម​សម្រាប់​កម្ពុជា​ នេះ​ជា​បញ្ហា​នយោបាយ​ក្នុង​ស្រុក​របស់​ថៃ។ ហើយ​ចលនា​នៅ​ក្នុង​ប្រទេស​ថៃ​ បាន​ព្យាយាម​ទាញ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ជម្លោះ​នេ»។

តុលាការ​កម្ពុជា ​បាន​ដោះលែង​សកម្មជន​ប្រាំ​នាក់​ក្នុង​ចំណោម​សកម្មជនប្រាំពីរ​នាក់។ សកម្មជន​ពីរ​នាក់​ទៀត ​បាន​ត្រូវ​ឃុំខ្លួន​ដើម្បី​កាត់ទោស ហើយ​សាលក្រម​រឿងក្តី​របស់​ពួកគេ ​អាច​ចេញ​នៅថ្ងៃ​ពុធ​នេះ។ មួយ​សប្តាហ៍​កន្លង​មកនេះ​ ពួកបាតុករ​អាវ​លឿង​រាប់ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្នុង​ទីក្រុង​បាងកក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ​យក​តំបន់​មាន​ជម្លោះ​នោះមកវិញ​ដោយ​កម្លាំង។ កម្ពុជា​បាន​ធ្វើការ​ឆ្លើយតប​ដោយ​បង្កើន​កម្រិត​កងទ័ព​នៅតាម​ព្រំដែន។

លោក​ខាល ថេយ័រ​ (Carl Thayer) ​ជា​អ្នក​ឯកទេស​ខាង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​ នៅ​សាកលវិទ្យា​ល័យ​ញូសោធ​វ៉េលស៍​ (New South Wales) នៅ​បណ្ឌិត​សភាព​ការពារ​ប្រទេស​អូស្រ្តាលី។ លោក​និយាយ​ថា ទោះបី​មាន​ការ​បង្កហេតុ​កាល ពី​ពេល​ថ្មីៗ​នេះ​ក៏ដោយ​ ក៏​មាន​បុព្វហេតុ​បន្តិច​បន្តួច​ដែល​ត្រូវ​ព្រួយ​កង្វល់​អំពី​ការ​ប៉ះ​ទង្គិច​ខាង​យោធា​នោះ។ លោក​បន្ត​ថា៖

«រឿង​ទាំងនេះ​ជា​រឿង​តូចតាច​ ហើយ​ភាគី​ទាំងពីរ​ បានបំផ្លើស​ឲ្យមាន​អារម្មណ៍ថា ទឹកដី​របស់​គេ​ស្ថិត​នៅក្រោម​ការគម្រាម​កំហែង​ ដែល​តាមការពិត​មិនមែន​ដូច្នោះ​ទេ។ អ្វី​ដែល​មាន​តាំងពីដើម​មក​គឺ​នៅ​តែ​ដដែល»។

លោក​ហៅ​ស្ថានភាពនា​ពេល​បច្ចុប្បន្ន​នេះ​ថា​ជា​ឆាកល្ខោន​នយោបាយ​ហើយលោក​និយាយ​ទៀត​ថា ពួក​មេ​ដឹក​នាំ​យោធា​ថៃ​បាន​ចង្អុល​បង្ហាញ​ថា​ស្ថានភាព​នោះនឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី។ ក៏ប៉ុន្តែ​ លោក​ផាវិន​ និយាយ​ថា រដ្ឋាភិបាល​ថៃ ​អាច​ត្រូវ​គេ​បង្ខំ​ឲ្យរក្សា​ការគាំទ្រ​ពួក​អាវ​លឿង។ លោក​និយាយថា៖

«បើ​រដ្ឋាភិបាល​ថៃ​ប្រកាស​សង្គ្រាម​ជាមួយ​ប្រទេស​កម្ពុជា​ វា​ជា​រឿង​មិនសម​ហេតុ​ផល​ទេ។ មាន​មូលហេតុ​ជា​ច្រើន​ ដែល​រដ្ឋាភិបាលគួរ​ដកថយវិញ​ ។ ក៏ប៉ុន្តែ​ ខ្ញុំ​មិន​ដឹង​ថាតើ​វា​យឺតពេល​បន្តិច​ហើយ​ឬ​ទេ​» ។

ទាំង​លោក ផាវីន ទាំង​លោក ថេយរ៍​ និយាយ​ថា ភាព​តាន​តឹង​ មាន​កម្រិត​ ខ្ពស់ ភាគ​ច្រើន​កើត​ឡើង​ដោយសារ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេសថៃ​ដែល​មាន​ការ​បែង​ចែក​យ៉ាង​ខ្លាំង។

ពួក​អាវ​លឿង​ដែល​ត្រូវ​គេ​ចាត់​ទុក​ជា​អ្នក​ទីក្រុង និង​អ្នក​មាន​វណ្ណៈ​ថ្នាក់​កណ្តាលភាគ​ច្រើន​បាន​កាន់​កាប់​ការិយាល័យ​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០០៨ ហើយ​បាន​បិទ​អាកាសយាន្តដ្ឋាន​ក្នុង​ទីក្រុង​ ។ ការប្រឆាំង​តវ៉ា​របស់​ពួកគេ ​បាន​ធ្វើ​ឲ្យ​មាន​ការ​បណ្តេញ​រដ្ឋាភិបាល​ពីរ ​ដែល​មាន​សម្ព័ន្ធភាពជាមួយ​អតីត​នាយករដ្ឋមន្រ្តី​ថាក់ស៊ីន ​ស្ស៊ីណាវ៉ាត្រា ​(Thaksin Shinawatra)​ ​ចេញពី​អំណាច ហើយ​បាន​នាំឲ្យមាន​ការ​បង្កើត​រដ្ឋាភិបាល​នាពេល​បច្ចុប្បន្ន​នេះ។

នៅ​ឆ្នាំ​២០១០ ​ពួក​អាវ​ក្រហម​រាប់​ម៉ឺន​នាក់​ដែល​តំណាង​ឲ្យ​ពួក​អ្នកស្រុក​ជា​ច្រើន​នៃ​តំបន់​ជនបទ​ បាន​ធ្វើ​ការប្រឆាំង​តវ៉ា​ដោយ​ខ្លួនឯង​នៅ​ក្នុង​ទីក្រុង​បាងកកទាមទារ​ឲ្យមាន​ការបោះឆ្នោត​ថ្មី។ បន្ទាប់​ពី​បាតុកម្ម​អស់​រយៈពេល​ពីរ​ខែ​ យោធា​ថៃ​ បាន​ធ្វើអន្តរាគមន៍ ហើយ​មនុស្ស​៩០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រឈម​មុខគ្នា​នោះ។

លោក​ផាវីន​ និយាយ​ថា យុទ្ធសាស្រ្ត​របស់​ពួក​អាវលឿង​ដែល​មាន​បំណង​បង្រួប​បង្រួម​ជនជាតិ​ថៃ​ប្រឆាំង​សត្រូវ​រួម​ក្នុង​ប្រទេស​កម្ពុជា​នោះ តាមពិត អាច​នឹង​បំបែក​ពួកគេ​ពី​សម្ព័ន្ធភាព​ក្នុង​គណៈ​បក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណៈបក្ស​កំពុង​កាន់អំណាច។ លោក​ផាវីន​និយាយថា៖

«ប្រសិនបើអស់​លោក​អ្នក​ពិនិត្យ​ឲ្យកាន់​តែ​ស៊ី​ជម្រៅ ​នេះ​ជា​ការបែកបាក់​នៅក្នុង​ក្រុម​រាជានិយម ហើយ​ខ្ញុំ​គិត​ថា វរជន​ទីក្រុង​បាងកក​ វរជន​តាម​ប្រពៃណី​ មិន​រីករាយ​នឹង​ការដែល​ឃើញ​មាន​ការ​បែក​បាក់​ក្នុង​ក្រុម​រាជា​និយម​ដែល​មាន​គំនិតដូចគ្នា​នោះ​ទេ» ។

អ្នកវិភាគ​ទាំងនេះ​ និយាយ​ថា ភាព​តាន​តឹង​រវាង​កម្ពុជា និង​ថៃ​នឹងទំនង​បន្ត

រ​ហូត​ដល់​ការបោះ​ឆ្នោត​ថ្មី​ដែល​ត្រូវ​កំណត់​ធ្វើ​ក្នុង​ប្រទេស​ថៃហើយ​គណៈបក្ស​នយោបាយ​នានា​ផ្តោត​ម្តង​ទៀត​លើ​បញ្ហា​ក្នុង​ស្រុក៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន