ភាពយន្ត​ឯកសារ​ស្តីពី​ការ​ផ្លាស់ទី​របស់​ពលរដ្ឋ​ពី​អគារ​ប៊ូឌិញ​​ឈ្នះ​ពាន​រង្វាន់​ភាពយន្ត​អន្តរជាតិ

ទិដ្ឋភាព​លើ​ដំបូល​នៃ​អគារ​មួយ​ដែល​ជា​ផ្នែក​នៃ​អគារ​ប៊ូឌិញ មុន​ពេល​អគារ​នេះ​ត្រូវបាន​វាយ​កម្ទេច​ចោល​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ថ្មី កាលពី​ខែ​កក្កដា ឆ្នាំ​២០១៧។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ៖ លោក​នាង កាវិច/Anti-Archive)

ខ្សែភាពយន្ត​ឯកសារ​មួយ ដែល​មាន​ចំណង​ជើង​ថា «យប់​មិញ​បង​ឃើញ​អូន​ញញឹម‍» របស់​កម្ពុជា​ដែល​ត្រូវបាន​ដឹក​នាំ​ផលិត​ដោយ​ផលិតករ​ខ្មែរ​វ័យ​ក្មេង​មួយ​រូប និងដែល​បង្ហាញ​ពី​ការ​ផ្លាស់​ទីលំនៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ពី​អគារ​ប៊ូឌិញ បានឈ្នះ​ពាន​រង្វាន់​​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​មួយ កាលពី​ពេល​ថ្មីៗ​នេះ។

វ៉ាស៊ីនតោន — ខ្សែ​ភាពយន្ត​ឯកសារ «យប់​មិញ​បង​ឃើញ​អូន​ញញឹម‍» បង្ហាញ​ពី​ទិដ្ឋភាព​ផ្លាស់ទី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៤៩៣គ្រួសារ ចេញ​ពី​អគារ​ «ស‍» ឬ​ដែល​ត្រូវបាន​ស្គាល់​ជា​ទូទៅ​ថា​អគារ​ប៊ូឌិញ​ដ៏​ទ្រុឌទ្រោម នៅ​រាជធានី​ភ្នំពេញ។

ប៉ុន្តែ​ទិដ្ឋភាព​នៃ​ការ​រើ​ឥវ៉ាន់ និង​ផ្លាស់ទី​នេះ ក៏​អម​មក​ជាមួយ​នូវ​ក្តី​អាលោះ​អាល័យ ​ការ​ចងចាំ​ និង​អនុស្សាវរីយ៍​របស់​ពលរដ្ឋ​ខ្មែរ ស្រី​ប្រុស ចាស់​ក្មេង ដែល​បាន​ធំ​ដឹងក្តី និង​កសាង​ជីវិត​គ្រួសារ​និង​ជីវភាព​រស់នៅ​របស់​ពួកគេ​ អស់​រយៈពេល​ជាង​ច្រើន​ទសវត្សរ៍​មក​ហើយ​ នៅ​ក្នុង​អគារ​ដ៏​ចាស់​មួយ​នេះ។

ខ្សែភាពយន្ត​នេះ ដែល​ត្រូវបាន​ដឹកនាំ​ផលិត​ដោយ​លោក នាង កាវិច បាន​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ​ NETPAC សម្រាប់​ភាពយន្ត​ល្អ​បំផុត​ពី​តំបន់​អាស៊ី នៅ​ក្នុង​មហោស្រព​ភាព​យន្ត​អន្តរជាតិ Rotterdam នៅ​ប្រទេស​ហូឡង់ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ និង​ពាន​រង្វាន់​ Special Jury Award សម្រាប់​ខ្សែភាពយន្ត​ឯកសារ​អន្តរជាតិ​ខ្នាត​វែង នៅ​ក្នុង​មហោស្រព​ភាពយន្ត​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​ទីក្រុង Los Angeles កាលពី​ខែ​ឧសភា​កន្លង​ទៅ។

លោក នាង កាវិច គឺជា​ផលិតករ​ភាពយន្ត​ខ្មែរ​ម្នាក់​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផលិត​ភាពយន្ត Anti-Archive។ ខ្សែភាពយន្ត​ឯកសារ​របស់​លោក ដែល​មាន​ចំណង​ជើង​ថា «យប់​មិញ​បង​ឃើញ​អូន​ញញឹម‍» បាន​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ​មួយ​ចំនួន​នា​ឆ្នាំ​នេះ។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ៖ លោក​នាង កាវិច/Anti-Archive)

ចាប់​តាំង​ពី​ត្រូវបាន​ផលិត​ឡើង​នៅ​ដើម​ឆ្នាំ​២០១៩​មក ខ្សែ​ភាពយន្ត​ឯកសារ​នេះ​ត្រូវបាន​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្នុង​តំបន់​និង​អន្តរជាតិ​ជាច្រើន ដោយ​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ទស្សនា​អន្តរជាតិ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក នាង កាវិច ដែល​លោក​ក៏​ជា​សហ​ស្ថាបនិក​ម្នាក់​នៃ​ក្រុមហ៊ុន​ផលិត​ភាពយន្ត Anti-Archive នៅ​កម្ពុជា។

លោក​បាន​ប្រាប់ VOA ថា៖ «ដូច​ខ្ញុំ​ជា​សិល្បៈករ​ ចំពោះ​ខ្ញុំ​ ខ្ញុំ​មាន​អារម្មណ៍​រំភើប ហើយ​សប្បាយ ពីព្រោះ​មុន​ដំបូង ខ្ញុំ​អត់​គិត​ថា នៅ​ពេល​ខ្ញុំ​ធ្វើ​ទៅ វា​ហ្នឹង​មាន​អ្នក​ចាប់​អារម្មណ៍​ ឬ​ក៏​មាន​អ្នក​សួរ​សំណួរ​អី​ទេ ព្រោះ​នេះ​វា​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​យើង។ តែ​នៅ​ពេល​គេ​ចាប់​ផ្តើម​និយាយ​ទៅ ខ្ញុំ​ថា នៅ​ស្រុក​នេះ​គេ​យល់​ដែរ ហើយ​ការ​គិត​របស់​គេ ក៏​ទូលំ​ទូលាយ។ ហើយ​គេ​តែងតែ​លើក​ទឹក​ចិត្ត​យើង ទី​មួយ​ដែល​យើង​បាន​ធ្វើ​រឿង​ហ្នឹង ហើយ​ទីពីរ ដូច​ថា គាត់​ធ្លាប់​តែ​គិត​រឿង​សម័យ​របប​ខ្មែរក្រហម ប៉ុន្តែ​តាម​ពិត​ទៅ ស្រុក​ខ្មែរ​យើង​វា​មាន​រឿង​អី​ផ្សេង​ពី​នេះ​ដែរ‍»។

ខ្សែ​ភាពយន្ត​ឯកសារ​ «យប់​មិញ​បង​ឃើញ​អូន​ញញឹម‍» ដែល​ជា​ចំណង​ជើងបទ​ចម្រៀង​មួយ​បទ​របស់​លោក ស៊ិន ស៊ីសាមុត ក្នុង​អំឡុង​ទសវត្សរ៍​៦០ ជា​គ្រា​ដែល​អគារ​ប៊ូឌិញ​នេះ​ត្រូវបាន​សាងសង់​ឡើង​នៅ​ឆ្នាំ​១៩៦៣ បង្កប់​នូវ​អតីតកាល​ដ៏​វែង​ឆ្ងាយ​របស់​ផលិតករ​ខ្សែភាពយន្ត​ឯកសារ​នេះ​ផ្ទាល់។

លោក នាង កាវិច បាន​ធំដឹង​ក្តី​នៅ​ក្នុង​អគារ​ប៊ូឌិញ​នេះ។ លោក​និង​ក្រុម​គ្រួសារ​របស់​លោក​រស់នៅ​ក្នុង​អគារ​ B បន្ទប់​លេខ ៣៧ តាំង​ពី​ពេល​ដែល​លោក​កើត​នៅ​ឆ្នាំ ១៩៨៧​មក​ម៉្លេះ។ ដូច​គ្នា​នឹង​អ្នក​រស់នៅ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ក្នុង​អគារដ៏​ទ្រុឌទ្រោម​មួយ​នេះ ឪពុក​របស់​ផលិតករ​រូប​នេះ ​បាន​ចាប់​ទីតាំង​មក​រស់នៅ​ក្នុង​អគារ​នេះ នៅ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​បាន​កោះ​ហៅ​ក្រុម​អ្នក​សិល្បៈ​ចាស់ៗដែល​រួច​រស់​ពី​របប​ខ្មែរ​ក្រហម មក​តាំង​ពី​ទីលំនៅ​នៅ​ទី​នោះ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ។

បុរស​ម្នាក់​កំពុង​រៀបចំ​សម្លៀក​បំពាក់​ទុក​ក្នុង​កាបូប​នៅ​ពេល​លោក​និង​ក្រុម​គ្រួសារ​លោក​ត្រូវ​ផ្លាស់​ទី​ចេញ​ពី​គេហដ្ឋាន​របស់​ពួកគេ​នៅ​ក្នុង​អគារ​ប៊ូឌិញ ដែល​ត្រូវបាន​វាយ​កម្ទេច​ចោល​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ថ្មី កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៧។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ៖ លោក​នាង កាវិច/Anti-Archive)

ទិដ្ឋភាព​នៅ​ក្នុង​គេហដ្ឋាន​មួយ​នៃ​អគារ​ប៊ូឌិញ ខណៈ​ពេល​ដែល​ពលរដ្ឋ​ចំនួន​៤៩៣​គ្រួសារ ត្រូវបង្ខំចិត្ត​រើ​ឥវ៉ាន់​ផ្លាស់​ទី​លំនៅ​ថ្មី ចេញ​ពី​អគារ​ដ៏​ទ្រុឌទ្រោម​មួយ​នេះ ដើម្បីបើក​ផ្លូវ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ថ្មី កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៧។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ៖ លោកនាង កាវិច/Anti-Archive)

អគារ​«ស‍» ឬ​អគារ​ប៊ូឌិញ​នេះ​ ត្រូវបាន​រចនាបថ​ឡើង​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​១៩៦០ ដោយ​ស្ថាបត្យករ​ខ្មែរ​លោក លូ បានហាប់ និង​ស្ថាបត្យករ​ជនជាតិ​សូវៀត Vladimir Bodiansky មុន​របប​ខ្មែរ​ក្រហម​បាន​កាន់កាប់​ប្រទេស​និង​ជម្លៀស​ប្រជា​ពលរដ្ឋ​ចេញ​ពី​អគារ​នេះ​នៅ​ទីក្រុង​ភ្នំពេញ ទៅ​កាន់​តំបន់​ជនបទ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥។ នេះ​បើ​តាម​ឯកសារ​យោង​របស់​ខ្សែភាពយន្ត​ឯកសារ​ «យប់​មិញ​បង​ឃើញ​អូន​ញញឹម‍»។

ក្រោយ​ពី​ខ្មែរ​ក្រហម​ត្រូវបាន​ផ្តួល​រំលំ​ដោយ​ការ​ឈ្លានពាន​របស់​កងទ័ព​វៀតណាម​នៅ​ដើម​ឆ្នាំ ១៩៧៩ ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ចាប់ផ្តើម​វិល​ត្រឡប់​ចូល​ទីក្រុង ហើយ​អ្នក​ខ្លះ​បាន​ចូល​មក​រស់នៅ​ក្នុង​អគារ​ប៊ូឌិញ​នេះ។ ក្នុង​នោះ​រួម​មាន​ឪពុកម្តាយ​របស់​លោក នាង កាវិច ផង​ដែរ។

នៅ​ខែ​ឧសភា ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ចិត្ត​ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលទ្រព្យ​ឯកជន​បរទេស​មួយ ដើម្បី​អភិវឌ្ឍ​អគារ​ដ៏​ទ្រុឌទ្រោម​នេះ​ទៅ​ជា​សំណង់​អគារ​ផ្ទះ​ជួល​បែប​ទំនើប។

សូម​ចុចមើល​កម្រង​រូបភាព​នៃ​ការ​ផ្លាស់ទី​របស់​ពលរដ្ឋ​នៅ​អគារប៊ូឌិញ

large កម្រង​រូបភាព៖​ ​អ្នក​ស្នាក់នៅ ​«អគារស​ឬ​បូឌិញ» ​មួយ​ចំនួន​ដែល​ព្រម​ទទួល​សំណង​ ​ចាប់​ផ្តើម​រុះរើ​សម្ភារៈ​ចេញ​ពី​អគារ

នៅ​ពេល​ដែល​លោក​បាន​ទទួល​ដំណឹង​ថា ក្រុម​គ្រួសារ​និង​អ្នក​ជិត​ខាងលោក​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់​ទី​ពី​អគារ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សម្រេច​លក់​អគារ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​ឯកជន ភ្លាមៗនោះ​លោក​ នាង កាវិច ក៏​សម្រេច​ចិត្ត​ថត​ចងក្រង​បទ​ពិសោធន៍​ផ្លាស់ទី​របស់​ក្រុម​គ្រួសារ​លោក និង​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​អគារ​នេះ ដោយ​មិន​មាន​គោល​បំណង​ផលិត​ជា​ខ្សែភាពយន្ត​អី្វ​នោះ​ទេ។

លោក​បាន​ប្រាប់ VOA ថា៖ «‍មុន​ដំបូង​ខ្ញុំ​អត់​ដឹង​ថា ខ្ញុំ​ត្រូវ​ថត​ពី​អី​ទេ ព្រោះ​ខ្ញុំ​គិត​ថា បើ​សិន​ជា​ខ្ញុំ​មិន​ថត​ទេ ​ថ្ងៃក្រោយ​ទៅ​គឺ​ខ្ញុំ​លែង​បាន​ថត​ហើយ ព្រោះ​អំឡុង​ពេល​ហ្នឹង ប្រជាជន​ទាំង​អស់​ ហើយ​គ្រួសារ​របស់​ខ្ញុំ​ហ្នឹង គាត់​ត្រូវ​រៀបចំ​ឥវ៉ាន់​អីចឹង​ទៅ​ណា។ ហើយ​ដោយសារ​តែ​ខ្ញុំ​នៅ​ទី​ហ្នឹង​យូរ​ពេក​ទៅ ខ្ញុំ​ឃើញ​ប្រជាជន​និង​គ្រួសារ​ខ្ញុំ​ មាន​អារម្មណ៍​ថា ស្រមៃ​គិត ដូច​ថា​ យើង​មាន​អនុស្សាវរីយ៍​ជាមួយ​អគារ​ប៊ូឌិញ​ច្រើន»។

ក្នុង​រយៈពេល​ប្រហែល​ជាង​មួយ​ខែ ចាប់​តាំង​ពី​ចុង​ខែ​ឧសភា រហូត​ដល់​ខែ​សីហា ឆ្នាំ​២០១៧ នៅ​ពេល​ដែល​អគារ​នេះ​ត្រូវបាន​បំផ្លាញ​ចោល​ទាំង​ស្រុង លោក​នាង កាវិច បាន​ថត​វីដេអូ និង​សម្ភាស​ក្រុម​គ្រួសារ​លោក និង​អ្នក​ជិត​ខាង​លោក ដែល​សរុប​មាន​រយៈពេល​ប្រហែល​ជាង ៤០​ម៉ោង។

លោក​បាន​រៀបរាប់​ថា រាល់​ពេល​ដែល​លោក​មើល​វីដេអូ​ដែល​លោក​បាន​ថត​នៅ​អគារ​ប៊ូឌិញ​នោះ ទិដ្ឋភាព​ទាំង​នោះ​បាន​រំឭក​លោក​ពី​អតីតកាល​កាលពី​ពេល​លោក​នៅ​ក្មេង និង​ការ​ចងចាំ​ជា​ច្រើន​ដែល​លោក​មាន​ជាមួយ​នឹង​អគារ​នេះ។

លោក​នាង កាវិច បាន​ឲ្យ​ដឹង​ថា លោក​សម្រេច​ចិត្ត​ផលិត​ខ្សែភាពយន្ត​ឯកសារ​នេះ​ឡើង ដើម្បី​ចងក្រង​ជា​កម្រង​ឯកសារ​អំពី​អគារ​ចាស់ៗ​របស់​កម្ពុជា​ដែល​ត្រូវបាន​បំផ្លាញ​ចោល​ដោយសារ​ការ​អភិវឌ្ឍ​ថ្មីៗ និង​ដើម្បី​ការ​ចងចាំ​របស់​ពលរដ្ឋ​ដែល​បាន​កសាង​ជីវិត​ក្រុមគ្រួសារ និង​បាន​រស់នៅ​ក្នុង​អគារ​ចាស់ៗ​ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​នៅកម្ពុជា។

លោក កាវិច បាន​ប្រាប់ VOA ថា៖ «‍ខ្ញុំ​គិត​ថា វា​សំខាន់​ដែរ ព្រោះ​ទី​១ អគារ​ដែល​ខ្ញុំ​នៅ វា​មាន​អាយុកាល​និង​មាន​ប្រវត្តិសាស្ត្រ​ទាក់ទង​ជាមួយ​នឹង​ architect [ស្ថាបត្យកម្ម] ខ្មែរ​យើង។ ហើយ​ដូច​រាល់​ថ្ងៃ អគារ​ចាស់ៗ​ភាគ​ច្រើន​ ត្រូវបាន​គេ​វាយ​ចោល​ ធ្វើ​អី​ផ្សេង​អីចឹង។ ទី២ ខ្ញុំ​គិត​ថា ពេល​ថ្ងៃ​ក្រោយ​ទៅ បើ​សិន​យើង​ចង់​បាន​ឯកសារ​ទាក់ទង​នឹង​អគារ​ចាស់ៗ ខ្ញុំ​គិត​ថា វា​មាន​សារៈសំខាន់​សម្រាប់​ក្មេង​ជំនាន់​ក្រោយ»។

ក្រុម​គ្រួសារ​មួយ​កំពុង​មើល​កម្មវិធី​ប្រដាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ នៅ​ក្នុង​គេហដ្ឋាន​របស់​ពួកគេ​នៅ​អគារ​ «ស‍» ឬ​អគារ​ប៊ូឌិញ មុន​ពេល​អគារ​ដ៏​ទ្រុឌទ្រោម​មួយ​នេះ​ត្រូវបាន​វាយ​កម្ទេច​ចោល នៅ​ខែ​កក្កដា ឆ្នាំ​២០១៧។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ៖ លោក​នាង កាវិច/Anti-Archive)

បុរស​មួយ​ក្រុម​កំពុង​មើល​កញ្ចក់​ទូរទស្សន៍ នៅ​ក្នុង​គេហដ្ឋាន​មួយ​នៅ​អគារ​ «ស‍» ឬ​អគារ​ប៊ូឌិញ មុន​ពេល​អគារ​ដ៏​ទ្រុឌទ្រោម​មួយ​នេះ​ត្រូវបាន​វាយ​កម្ទេច​ចោល នៅ​ខែ​កក្កដា ឆ្នាំ​២០១៧។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ៖ លោក​នាង កាវិច/Anti-Archive)

នៅ​ពេល​ថត​ខ្សែភាពយន្ត «យប់​មិញ​បង​ឃើញ​អូន​ញញឹម‍» ដែល​មាន​រយៈពេល ៧៨នាទី​នេះ លោក នាង​ កាវិច បាន​ប្រាប់​ឲ្យ​ដឹង​ពី​អារម្មណ៍​របស់​ពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​ទីនេះ ហើយ​ត្រូវ​ផ្លាស់​ទី​ទៅ​កន្លែង​ថ្មី​ថា៖

«‍ខ្ញុំ​បាន​ជួប​អ្នក​ខ្លះ ដែល​គាត់​មាន​អារម្មណ៍​ស្រណោះ​ស្រណោក​ជាមួយ​ផ្ទះ​របស់​គាត់ ដែល​គាត់​ធ្លាប់​នៅ​តាំង​ពី​ឆ្នាំ តាំង​ពី​បែក​ប៉ុល ពត មក។ អីចឹង​ចំពោះ​គាត់ អ្វី​ដែល​គាត់​ធ្លាប់​មាន​ជាមួយ​អគារ​ប៊ូឌិញ​ហ្នឹង គឺ​វា​មាន​ច្រើន ដូច​អ្នក​ខ្លះ​គាត់​ស្រមៃ​ថា ផ្ទះ​ដែល​គាត់​នៅ​រាល់​ថ្ងៃ​ហ្នឹង គាត់​ចាត់​ទុក​ជា​ឪពុកម្តាយ​របស់​គាត់ ព្រោះ​គាត់​គិត​ថា បើ​អត់​ផ្ទះ​ហ្នឹង​ទេ គឺ​ពិបាក ជីវិត​គាត់​នឹង​ពិបាក មិន​ដឹង​តែលតោល​ដល់​ណា»។

ហើយ​សម្រាប់​ឪពុក​លោក​ផ្ទាល់​វិញ ផលិត​ករ​រូប​នេះ​បាន​លើក​ឡើង​ថា៖ «ដូច​ប៉ា​ខ្ញុំ គាត់​អត់​និយាយ​អី​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​ចាប់ផ្តើម​រើ​ឥវ៉ាន់​ចុះ​ទៅ បាន​គាត់​មាន​អារម្មណ៍​ថា អត់​ចង់​ក្រឡេក​មើល​មក​ក្រោយ ព្រោះ​ក្រឡេក​មើល​មក​ក្រោយ​ទៅ វា​ធ្វើ​ឲ្យ​គាត់​ចេះ​តែ​នឹក ស្រមៃ​អីចឹង‍»។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ លោក នាង កាវិច និង​ក្រុម​ការងារ នឹង​រៀបចំ​គម្រោង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​អំពី​អគារ​ប៊ូឌិញ​ដែល​ត្រូវបាន​បំផ្លាញ​ចោល​នេះ ទៅ​កាន់​ពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​ក្នុង​អគារ​នេះ​ពី​មុន។

លោក​បាន​បញ្ជាក់​ពី​គោល​បំណង​នៃ​ការ​បញ្ចាំង​ខ្សែភាពយន្ត​នេះ​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ​ថា៖ «‍ខ្ញុំ​ចង់​អញ្ជើញ​អ្នក​នៅ​ជិត​ខាង​ខ្ញុំ​ ហើយ​អ្នក​នៅ​ក្នុង​អគារ​ប៊ូឌិញ​ពី​មុន ដើម្បី​ឲ្យ​គាត់​បាន​មើល។ ខ្ញុំ​គិត​ថា បើ​គាត់​បាន​មើល​ទៅ គាត់​អាច​ចែក​រំលែក​បទពិសោធន៍​ ឬ​រំលែក​ពី​អារម្មណ៍​របស់​គាត់​អីចឹង។​ហើយ​ខ្ញុំ​ក៏​គិត​ថា អគារ​ចាស់ៗ ខ្មែរ​យើង​មិន​ទាន់​ដឹង​ថា វា​មាន​សារៈសំខាន់​យ៉ាង​ម៉េច​ខ្លះ​ទេ។ តែ​នៅ​ពេល​ដែល​យើង​បាត់បង់​ហើយ បាន​យើងចាប់ផ្តើម​គិត​ថា វា​មាន​សារៈសំខាន់។ ហើយ​បើ​យើង​អាច​ការពារ​ និង​អភិរក្ស ខ្ញុំ​គិត​ថា​ វា​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ពិភាក្សា​គ្នា​អីចឹង»។

ផលិតករ​វ័យ​ក្មេង​រូប​នេះ​ក៏​សង្ឃឹម​ថា ប្រជាពលរដ្ឋ​ទូទៅ​គួរ​តែ​ស្វែង​យល់​ឲ្យ​បាន​ច្រើន​ពី​សារៈសំខាន់​នៃ​ប្រវត្តិ​សំណង់​អគារ​ចាស់ៗ​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ មុន​នឹង​អគារ​ទាំង​អស់​នេះ​ត្រូវបាន​បំផ្លាញ​ចោល ដើម្បី​បើក​ផ្លូវ​ដល់​ការ​អភិវឌ្ឍ​ថ្មី៕