ភាពយន្តឯកសារដែលមានចំណងជើងថា រ៉េស្ត្រេប៉ូ (Restrepo) បានបង្ហាញអំពីការពិតនៃសង្រ្គាមតាមរយៈបទពិសោធន៍របស់កងអនុសេនាតូចអាមេរិកមួយ នៅអាហ្គានីស្ថាន។
អំពើហឹង្សាជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់កងអនុសេនាតូចដែលមានសមាជិកចំនួន១៥រូបមួយនេះ ដែលត្រូវបានចាត់តាំងឲ្យប្រចាំការនៅក្នុងតំបន់ជ្រលងកូរេនហ្កាល (Korengal Valley) ភាគខាងកើតនៃអាហ្កានីស្ថានក្នុងរវាងឆ្នាំ២០០៧និង២០០៨។
ភាពយន្តនេះចាប់ផ្តើមដោយការផ្ទុះគ្រឿងផ្ទុះមួយគ្រាប់ដែលកងទ័ពនៅក្នុងរថពាសដែកមួយបានជួបប្រទះ។ លោក សេបាស្ទាន ចាំងហ្គ័រ (Sebastian Junger) ដែលបានសរសេរសៀវភៅដែលលក់ដាច់ជាងគេបំផុតមួយដែលមានចំណងជើងថា «ព្យុះល្អឥតខ្ចោះ» (The Perfect Storm) និយាយថា ខ្សែភាពយន្តឯកសារនេះមិនបានធ្វើការវិនិច្ឆ័យអ្វីទាំងអស់។ លោកថ្លែងថា៖
«យើងចង់ផលិតភាពយន្តមួយសម្រាប់អ្នកទស្សនា ដែលបង្ហាញពីបទពិសោធន៍ផ្ទៃក្នុងដ៏ពេញលេញនៃសង្រ្គាម អំពីការប្រយុទ្ធរបស់យុទ្ធជន។ កងទ័ពមិនជជែកដេញដោលគ្នាអំពីសំណួរនយោបាយទូលំទូលាយទេ ខណៈដែលពួកគេកំពុងប្រយុទ្ធ។ ពួកគេដឹងតែពីធ្វើ»។
ភាពយន្តឯកសារតាមថតសកម្មភាពរបស់កងអនុសេនាតូចលេខ២ កងអនុសេនាធំចម្បាំង ក្រុមប្រយុទ្ធកងពលតូចអាកាសលេខ១៧៣ ខណៈដែលពួកគេសាងសង់ប៉ុស្តិ៍ប្រចាំការមួយនៅលើកំពូលភ្នំ ដែលស្ថិតនៅចំកណ្តាលនៃទីតាំងរបស់ពួកតាលីបាន។
ពួកគេបានដាក់ឈ្មោះភាពយន្តនោះថា រ៉េសត្ត្រេប៉ូ (Restrepo) ដោយយកតាមឈ្មោះរបស់កងទ័ពម្នាក់ឈ្មោះ ហ័ន រ៉េស្ត្រេប៉ូ (Juan Restrepo) ដែលជាពេទ្យទាហានវ័យ២០ឆ្នាំរូប ត្រូវបានសម្លាប់កាលពីការដាក់ពង្រាយកងទ័ពដំបូង។
ផលិតករភាពយន្តលោក ហេធ័រីនតុន (Hetherington) និយាយថា កងទ័ពទាំងនេះបានសម្របខ្លួនទៅនឹងស្ថានភាពជាក់ស្តែងដ៏ឃោរឃៅមួយ។ លោកមានប្រសាសន៍ថា៖
«អ្នកអាចនិយាយថា សង្រ្គាមគឺជាភាពអាម៉ាសមួយ។ វាបំផ្លាញអ្វីៗទាំងឡាយ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ សង្រ្គាមក៏ធ្វើឲ្យអ្នកមានមនុស្សធម៌ដែរ។ នេះក៏ជាអ្វីដែលប្រជាពលរដ្ឋពិបាកយល់ដែរ»។
ផលិតករភាពយន្តម្នាក់ៗបានប្រើម៉ាស៊ីនថតវីដេអូតូចៗ ដើម្បីថតយករូបភាពនៃការវាយប្រហាររបស់ពួកតាលីបាន ប្រកបដោយហឹង្សា ចូលរួមការប្រជុំប្រចាំសប្តាហ៍ជាច្រើនម៉ោងដ៏គួរឲ្យធុញជាមួយនឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោកចាំងហ្គ័រ និយាយថា ភាពយន្តបានបង្ហាញពីភាពមិនប្រាកដប្រជា ការភ័យខ្លាច និងការរាប់អានគ្នាជាមិត្តភក្តិ ដែលកងទ័ពជួបប្រទះក្នុងសង្រ្គាម។ លោកបន្តថា៖
«ពីសង្រ្គាមមួយទៅសង្រ្គាមមួយ ពីមួយសតវត្សរ៍ទៅមួយសតវត្សរ៍ ខ្ញុំគិតថា វាមិនមានការផ្លាស់ប្តូរច្រើននោះទេ។ វាគឺជាបទពិសោធន៍នៃក្រុមយុវជន ដែលប្រឈមនឹងការស្លាប់ និងការការពារគ្នាទៅវិញទៅមក។ ខ្ញុំគិតថា មានសមាសភាពសំខាន់មួយក្នុងបទពិសោធន៍នេះ ដែលពិតជាមិនមានការផ្លាស់ប្តូរច្រើននោះទេ»។
ផលិតករភាពយន្តនិយាយថា ភាពយន្តនេះមិនប្រឆាំង ហើយក៏មិនគាំទ្រសង្រ្គាមដែរ ហើយលោក ហេធ័រីនតុន និយាយថា តាមរយៈភាពយន្តនេះ ជនស៊ីវិលដឹងពីបទពិសោធន៍របស់កងទ័ពនៅឯសមរភូមិមុខ។
«យើងទាំងពីរនាក់យល់ថា ប្រជាពលរដ្ឋអាមេរិកនៅក្នុងប្រទេសត្រូវដឹងឲ្យបានគ្រប់ជ្រុងជ្រោយអំពីអ្វីដែលពួកគេបានសុំឲ្យយុវជនទាំងនេះធ្វើ នៅពេលពួកគេបញ្ជូនយុវជនទាំងនេះទៅកាន់សមរភូមិ។ ពួកគេចាំបាច់ត្រូវដឹងអំពីការពិតទាំងនេះ។ ហើយយើងចង់ឲ្យភាពយន្តរបស់យើងក្លាយទៅជាស្ពានមួយភ្ជាប់រវាងសាធារណជន និងភាពជាកងទ័ព»។
លោកនិយាយថា ការធ្វើរបៀបនេះអាចនាំឲ្យមានការសន្ទនាប្រកបដោយការយល់ដឹងដ៏ប្រសើរមួយ អំពីការចំណាយ និងលទ្ធផលនៃសង្រ្គាម។ អ្នករិះគន់បានសរសើរភាពយន្តនេះថា ជារូបភាពដ៏គ្រោតគ្រាត និងតឹងតែងមួយ។ មនុស្សមួយចំនួនបានរអ៊ូថា ភាពយន្តនេះបង្ហាញឲ្យឃើញនូវបទពិសោធន៍តិចតួចនៅអាហ្កានីស្ថានពីទស្សនៈរបស់ជនជាតិអាមេរិកម្នាក់។ ហេធ័រីនតុន និងចាំងជ័រ សារភាពថា ការលើកឡើងច្រើនអំពីសង្រ្គាមគឺហួសពីដែនកំណត់របស់ពួកគេ ហើយនិយាយថា គោលបំណងរបស់ភាពយន្តនេះគឺដើម្បីប្រាប់អំពីរឿងរ៉ាវរបស់កងទ័ព៕៚
ប្រែសម្រួលដោយ ឌី ខាំបូលី