រដ្ឋធានីវ៉ាស៊ីនតោន៖ ខ្សែភាពយន្ដឯកសារមួយ មានចំណងជើង «ការរះឡើង» ឬ “Rise” បានត្រូវផ្សព្វផ្សាយទូទាំង សហរដ្ឋអាមេរិកដើម្បីរំឭកវិញ្ញាណក្ខន្ធអ្នករងគ្រោះ ពីសោកនាដកម្ម និងផ្សព្វផ្សាយឲ្យដឹងអំពីរឿងរបស់កីឡាប៉ាតាំង។
នៅថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ ១៩៦១ សោកនាដកម្មមួយ បានកើតឡើង នៅពេលដែលយន្ដហោះជិះដោយក្រុមកីឡាករប៉ាតំាងល្បីឈ្មោះ គ្រូបង្វឹក និង គ្រួសាររបស់គេ បានធ្លាក់នៅពេលធ្វើដំណើរទៅកាន់ទីក្រុង ប្រ៊ុស្ស៊ែល (Brussels) ប្រទេសបែលហ្ស៊ិក បណ្ដាលឲ្យអ្នកជិះទាំងអស់ស្លាប់។ ក្រុមកីឡាករអាមេរីកទាំងនោះ ធ្វើដំណើរទៅប្រកួតយកជើងឯកពិភពលោកក្នុងការសម្ដែងលើទឹកកកក្នុងឆ្នាំ១៩៦១នៅក្នុងទីក្រុង ប្រាហ្ក តែកម្មវិធីបានត្រូវលប់ចោលទៅវិញ បន្ទាប់ពីគ្រោះថ្នាក់យន្ដហោះនោះ។ រឿងរ៉ាវគ្រោះថ្នាក់នេះ ដក់ជាប់ក្នុងខួរក្បាលរបស់សហគមន៍កីឡាករប៉ាតំាងជានិច្ច។
គ្រោះថ្នាក់យន្ដហោះនោះបានធ្វើឲ្យរន្ធត់ចិត្ដដល់សហគមន៍កីឡាប៉ាតំាងសហរដ្ឋអាមេរិក។ កីឡាករល្បីឈ្មោះក្នុងពិភពលោក ទំាងអស់ ១៨ នាក់ និង មន្ដ្រីអាជ្ងាកណ្ដាលអន្ដរជាតិ ១៦ នាក់ គ្រូបង្វឹក និងសមាជិកគ្រួសារ បានបាត់បង់ជីវិតជាមួយ អ្នកជិះដទៃ ២៧ នាក់ និងបុគ្គលិកបម្រើក្នុងយន្ដហោះផងដែរ។
មិនដល់មួយសប្ដាហ៍ក្រោយពីគ្រោះថ្នាក់ មូលនិធិរំឭកវិញ្ញាណក្ខន្ធមួយបានត្រូវបង្កើតឡើង សម្រាប់អត្ដពលករអាមេរីក ១៨នាក់ ដែលបានបាត់បង់ជីវិត។ រហូតមកដល់ថ្ងៃនេះ កីឡាករប៉ាតំាងបានទទួលមូលនិធិ ក្នុងគោលដៅនឹងផ្ដល់ឲ្យអត្ដពលករ នូវជំនួយថវិកា សម្រាប់មជ្ឈមណ្ឌលប៉ាតាំងផង និងសម្រាប់សាលារៀនផង។
អ្នកសម្របសម្រួលកីឡាប៉ាតាំងអាមេរិក នាង ឌ្យូលី ស្ស្ម៊ីតហ្ស៍ (Julie Schmitz) ថ្លែងប្រាប់វីអូអេ អំពីឥទ្ឋពលយូរអង្វែងរបស់ក្រុមកីឡាករប៉ាតំាង នៃឆ្នាំ១៩៦១ ថា៖
«មូលនិធិ វិញ្ញាណក្ខន្ធ ពិតជាកេរដំណែលអចិន្ដ្រៃយរបស់ក្រុមកីឡាករឆ្នាំ១៩៦១ ពីព្រោះជំនួយនោះមានជាអចិន្ដ្រៃយរហូតដល់ពេលនេះ។ ហើយបានផ្ដល់ថវិកាជាង៣សែនដុល្លាររៀងរាល់ឆ្នាំដល់កីឡាករប៉ាតំាង ដែលអាចយកទៅប្រើប្រាស់ក្នុងការចំណាយមកលើការហាត់ហ្វឹកហ្វឺន ឬការរៀនសូត្រ។ នេះពិតជាកេរដំណែលដ៏យូរអង្វែង»។
ព្រឹត្ដការណ៍សំខាន់នៃខួបឆ្នាំទី ៥០ បានត្រូវយកមកលាតត្រដាងបង្ហាញនៅមុខសាធារណជន ក្នុងខ្សែភាពយន្ដឯកសារ “RISE” ដែលយកមកបញ្ចាំងនៅក្នុងរោងភាពយន្ដ ទូទាំងប្រទេស តែមួយលើកគត់។ ក្រុមក្លិបនៃកីឡាករប៉ាតំាងទូទាំងសហរដ្ឋអាមេរិកបានជួយលើកតម្កើងភាពយន្ដនោះ ហើយប្រាក់ចំណូលពីការលក់សំបុត្រ បានត្រូវប្រគល់ផ្ទាល់ទៅឲ្យមូលនិធិវិញ្ញាណក្ខន្ធ។
នាង ស្ស្ម៊ីតហ្ស៍ និយាយថា ពិធីបុណ្យរំឭកវិញ្ញាណក្ខន្ធ បានចងភ្ជាប់កីឡាករក្មេងជំនាន់ក្រោយជាមួយអ្នករងគ្រោះស្លាប់នៅឆ្នាំ១៩៦១។ នាង ស្ស្ម៊ីតហ្ស៍ មានជំនឿថា ខ្សែភាពយន្ដនោះ ឧទ្ទិសដល់កីឡាករប៉ាតំាងជំនាន់មុន និងកីឡាករប៉ាតំាងជំនាន់ក្រោយ ដែលមិនទាន់យល់ដឹងអំពីជម្រៅនៃព្រឹត្ដការណ៍ ។ នាងបន្តថា៖
«យើងហាក់ដូចជាដឹងថា ពេលនេះមានសារៈសំខាន់ណាស់នៅក្នុងប្រវត្ដិសាស្រ្ដសហរដ្ឋ អាមេរិក និងប្រវត្ដិសាស្ដ្ររបស់ កីឡាករអាមេរិក។ ព្រឹត្ដការណ៍នេះពិពណ៌នាប្រាប់ក្មេងជំនាន់ក្រោយ និងកីឡាករប៉ាតាំងក្មេងៗ អំពីអ្វីៗដែលកើតមានឡើង។ តែរឿងនេះ បានប៉ះពាល់ដល់សន្ដានចិត្ដរបស់មនុស្សមិនដែលស្គាល់កីឡាប៉ាតាំង ពីព្រោះវា ជាព្រឹត្ដការណ៍គួរឲ្យចាប់អារម្មណ៍»។
ខ្សែភាពយន្ដមានគោលដៅនឹងបង្ហាញការលូតលាស់របស់កីឡាករប៉ាតំាងអាមេរិក ហើយនឹងអំពីការងើបឡើងពីសោកនាដកម្មរបស់កីឡានេះ។ គ្រូបង្វឹកក្មេងៗជាច្រើននាក់ និងអ្នកលេងប៉ាតាំងចាស់ចូលនិវត្ដន៍ បានត្រូវបង្ខំខ្លួនឲ្យចេញមុខ ក្នុងការចាត់វិធានការដើម្បីជួយមិត្ដភក្ដិ និងសមាជិកគ្រួសាររបស់អ្នករងគ្រោះដែលស្លាប់ទៅហើយនោះ។
ខ្សែភាពយន្ដ «RISE» ពិពណ៌នាបង្ហាញឲ្យឃើញអំពីថាតើកីឡាករប៉ាតំាងគ្រប់ជំនាន់ចាប់តំាងពីគ្រោះថ្នាក់នោះ មានការពាក់ព័ន្ឋនឹងក្រុមកីឡាករប៉ាតាំងឆ្នាំ១៩៦១ ដោយមធ្យោបាយណា។
ពេលណាដែលយើងចូលកាន់តែជ្រៅទៅក្នុងរឿងនេះ យើងរឹតតែចេះដឹងច្រើនអំពី របៀបនៃការទាក់ទងគ្នា ហើយនិងឮរឿងអំពីមិត្ដភក្ដិ និងញាតិសន្ដាន ដែលរស់រានមានជីវិត ហើយរឹតតែធ្វើឲ្យយើងមានការប្រាដប្រជាឡើង។
នាង ស្ស្ម៊ីហ្ស៍ សង្ឃឹមថា រឿងភាពយន្ដនោះនឹងបម្រើជាការលើកទឹកចិត្ដមូយសម្រាប់កីឡាករប៉ាតំាង ហើយនឹងអ្នកដទៃ ដែលមិនបានតាមដានកីឡានេះដោយដិតដល់។ នាងថ្លែងថា៖
«នេះគួរឲ្យរំជួលចិត្ដដ៏ខ្លាំង ហើយអ្នកនឹងដើរចេញដោយមានអារម្មណ៍ថាអ្នកចង់ត្រឡប់ឡើងវិញ។ អ្នកបន្សល់ទុកអារម្មណ៍រំភើប និងចាប់ផ្ដើមលេងប៉ាតាំងម្ដងទៀត។ យើងសង្ឃឹមថា នឹងមានមនុស្សជាច្រើនចង់ចេញទៅលេងកីឡាប៉ាតាំង ឬហាត់លេងកីឡានេះ ទោះជាគេមិនធ្លាប់លេងកីឡានេះក៏ដោយ ។ តែរឿងនេះប៉ះពាល់ដល់អារម្មណ៍របស់មនុស្សគ្រប់រូប។ នេះនឹងជាបទពិសោធន៍មូយដល់មនុស្សគ្រប់រូប ដែលបានមើលខ្សែភាពយន្ដនេះ»។
ក្នុងការប្រគួតយកជើងឯកខាងកីឡាដើរប៉ាតាំង ជាលើកដំបូង នៅក្នុងសរអ ក្រោយពីគ្រោះថ្នាក់ធ្លាក់យន្ដហោះ Barbara Roles Williams ឈប់ចូលនិវត្ដ ហើយទៅប្រគួតដណ្ដើមយកបានមេដាយមាស។ កម្មវិធីបានវិលយឺតៗមករកភាពល្បីល្បាញឡើងវិញ ដោយមានការប្រគួតប្រជែង៣សម្រាប់បុរស ស្រ្ដី និង គូប្រុសស្រី ហើយទទួលជាប់លេខ ក្នុងចំណោម កីឡាករ១០នាក់ប្រគួតគ្នាក្នុងកីឡាអូឡាំពិក នៃឆ្នាំ១៩៦៤ ដោយបានទទួល មេដាយសម្រិតមួយ។ នៅឆ្នាំ១៩៦៨ កីឡាការី ភែហ្គី ហ្វ្ល៊ែមីង(Peggy Fleming) បានទទួលរង្វាន់មេដាយមាសសម្រាប់ស្រ្ដីក្នុងកីឡាអូឡាំពិក និង ដៃគូ អាមេរិកម្នាក់ទៀត ធីម វូដ (Tim Wood) បានទទួលមេដាយប្រាក់ នៃទីក្រុងហ្ក្រិណូបល(Grenoble) ប្រទេសបារាំង។
ប្រែសម្រួលដោយ អ៊ូ ធួក