តុលាការ​កំពូល​អាមេរិក​លុបចោល​​គោលនយោបាយ​​អនុគ្រោះ​ជនភាគតិច​ពេល​ចុះ​ឈ្មោះ​​ចូលរៀន​មហាវិទ្យាល័យ​

ក្រុម​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​​តុលាការ​កំពូល​​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​ ឆ្នាំ​២០២៣​ ដែល​ជា​ថ្ងៃ​តុលាការ​នេះ​បាន​លុបចោល​​គោលនយោបាយ​​អនុគ្រោះ​ជនភាគតិច​ពេល​ចុះ​ឈ្មោះ​​ចូលរៀន​មហាវិទ្យាល័យ​។

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​លុបចោលគោល​នយោបាយ​អនុគ្រោះ​ជន​ភាគតិចក្នុង​ការ​ទទួល​និស្សិតចូលរៀន​នៅ​តាម​មហាវិទ្យាល័យ​នានា ​ដោយ​បង្ខំ​ឱ្យ​ស្ថាប័ន​ឧត្តមសិក្សារបស់​អាមេរិក ត្រូវរក​វិធីថ្មី​ផ្សេង​ ដើម្បី​សម្រេច​បាន​នូវ​ស្ថាប័ន​អប់រំ​និស្សិត​ ដែល​មាន​ភាព​ចម្រុះគ្នា។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AP។

តុលាការ​កំពូល​ដែល​មាន​ចៅក្រម​ភាគ​ច្រើន​ខាង​អភិរក្សនិយម​នោះ​ ​បាន​បដិសេធ​ចោលផែនការ​ទទួល​និស្សិត​ចូល​សិក្សា​របស់​សាកលវិទ្យាល័យ​ Harvard ​និង​សាលវិទ្យាល័យ North Carolina ​ដែល​ជា​មហា​វិទ្យាល័យ​ឯកជន​និង​រដ្ឋ​ ​ដែល​មាន​អាយុកាល​យូរជាង​គេបង្អស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​

ប្រធាន​តុលាការ​កំពូល​លោក​ចៅក្រម​ John Roberts ​បាន​និយាយ​ថា​ សាកលវិទ្យាល័យ​ជា​ច្រើន​ បាន​ប្រព្រឹត្ត​ខុស​អស់​ពេល​ជា​យូរ​មក​ហើយ ​ដែល​ថា​គុណតម្លៃ​នៃ​អត្តសញ្ញាណ​របស់​បុគ្គល​ម្នាក់ៗ​ មិន​ផ្អែក​ទៅ​លើ​ការប្រកួត​ប្រជែង​ ​ការ​កសាង​ជំនាញ ឬ​ក៏​មេរៀន​ដែល​គេ​បាន​រៀន​សូត្រ​នោះ​ឡើយ​ តែ​បែរ​ជា​ស្ថិត​នៅ​លើ​ពណ៌សម្បុរ​ស្បែក​របស់​គេ​ទៅ​វិញ។​ ​ ប្រវត្តិ​រដ្ឋធម្មនុញ្ញ​របស់​យើង​ មិន​អត់ឱនទៅ​លើការ​អនុវត្ត​ដូច​នេះ​នោះ​ឡើយ»។

ចៅក្រម​តុលាការ​កំពូល​លោកស្រី​ Sonia Sotomayor បាន​លើក​មតិ​ជំទាស់​ដោយ​និយាយ​ថា​ ការអនុវត្ត​នោះ ​កើត​មាន​ឡើង​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ សម្រាប់​ការ​ចម្រើន​ទៅមុខ​ដ៏​សំខាន់​ និង​ធ្លាប់តែ​កើត​មាន​យ៉ាង​ដូច​នេះ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​លោក​Joe Biden​ និយាយ​ថា​លោក​មិន​យល់​ស្រប​ «យ៉ាងខ្លាំង, យ៉ាងខ្លាំង» ​នឹង​ការសម្រេច​ចិត្ត​របស់​តុលាការ​កំពូល​ក្នុង​ការបញ្ឈប់​គោល​នយោបាយ​អនុគ្រោះ​ជនភាគតិច​នៅ​ក្នុង​ការ​ចូល​រៀន​នៅ​មហាវិទ្យាល័យ។ លោក Biden ​បាន​និយាយ​ថា​ ក្រុម​ចៅក្រម​តុលាការ​កំពូលបាន​បោះចោល​អ្វី​ដែល​បាន​អនុវត្ត​ «រាប់​ទសវត្សរ៍​មុន»​ ហើយ​ការរើសអើង​ផ្អែក​លើ​ពូជសាសន៍​នៅតែ​បន្ត​កើតមាន​នៅ​ក្នុង​ប្រទេស​អាមេរិក៕