ក្រោយការបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ និងដកសក្តិអតីតអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង នឹងត្រូវប្រឈមមុខនៅតុលាការ ក្រោមការស៊ើបអង្កេតបន្តទៀត។ នេះបើយោងតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
អតីតអធិការស្រុកកំរៀង លោក គឹម ពន្លក ត្រូវបានបណ្តេញចេញពីការងារ និងដកសក្តិកាលពីថ្ងៃច័ន្ទ ក្រោយផ្ទុះករណីពលករខ្មែរឆ្លងដែនពីប្រទេសថៃដោយមិនធ្វើចត្តាឡីស័ក។ នេះបើយោងតាមលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ការបណ្តេញចេញនេះ ធ្វើឡើងក្រោយការថ្លែងរបស់លោកហ៊ុន សែន ពាក់ព័ន្ធនឹងការបណ្ដោយឲ្យមានការដោះលែងអ្នកនាំមនុស្សឆ្លងព្រំដែនចូលមកកម្ពុជា ដោយមិនធ្វើចត្តាឡីស័ក ឬដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។
លោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ប្រាប់VOAនៅថ្ងៃអង្គារនេះថាអតីតអធិការស្រុកកំរៀងរូបនេះ នឹងត្រូវប្រឈមមុខផ្លូវច្បាប់ ដោយតុលាការនឹងបន្តការស៊ើបអង្កេត។ លោកបន្តថាអតីតអធិការស្រុករូបនេះ ត្រូវបានសង្ស័យរឿងអនុញ្ញាតឲ្យមនុស្សចាកចេញ ដោយមិនធ្វើចត្តាឡីស័ក។ ប៉ុន្តែលោកថាលោកមិនទាន់មានព័ត៌មានពាក់ព័ន្ធនឹងរឿងយកលុយអ្វីនោះទេ។
ក្នុងសារសំឡេងមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃច័ន្ទ បានលើកឡើងថាការសម្ភាសជាមួយអ្នកដែលបានគេចរួចពីចត្តាឡីស័កតាមព្រំដែន បានរំលេចនូវករណីនៅច្រកឡែម ដែលលោកថាមានអ្នកជូនដំណើរឆ្លងកាត់តំបន់ដែលមានកម្លាំង និងតម្រូវឲ្យយកប្រាក់មួយចំនួន។ លោកក៏បានបញ្ជាឲ្យមានការពិន័យដាក់ទោសទណ្ឌខ្លាំងជាងមុនលើអ្នកគេចពីការធ្វើចត្តាឡីស័កផងដែរ៕