លោកសម រង្ស៊ី មេដឹកនាំគណបក្សជំទាស់នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញនៅប៉ុន្មានម៉ោងទៀតនេះ ដើម្បីជួយស្តាស្ថានការណ៍ផ្ទៃក្នុងគណបក្សរបស់លោក និងស្ថានការណ៍នយោបាយកម្ពុជា ដែលកំពុងតានតឹងជាថ្មី ក្រោយពីមានអំពើហិង្សាកើតឡើង។
លោកសម រង្ស៊ី នឹងប្រឈមមុខជាមួយនឹងបញ្ហាស្មុគស្មាញជាច្រើន។ នៅថ្ងៃនេះ ក្រសួងការបរទេសស.រ.អា.បានថ្កោលទោសចំពោះអំពើហិង្សា ដោយអំពាវនាវឲ្យមានការអត់ធ្មត់ និងបញ្ឈប់អំពើហិង្សា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki បានទទូចថា រដ្ឋាភិបាលកម្ពុជាត្រូវលើកបម្រាមធ្វើបាតុកម្មចេញ ហើយអនុញ្ញាតឲ្យមានការអនុវត្តសិទ្ធិក្នុងការជួបប្រជុំដោយសន្តិវិធី។ លោកស្រីក៏បានជំរុញឲ្យមានការដោះលែងមន្ត្រីគណបក្សជំទាស់ទាំង ៨នាក់ផងដែរ។
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានសម្រេចវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅម៉ោង៩ព្រឹកថ្ងៃសៅរ៍នេះ ក្រោយពីការបំពេញទស្សនកិច្ចរបស់លោក ក្នុងបណ្ដាប្រទេសនៅអឺរ៉ុប។
ការវិលត្រឡប់មកវិញមុនកាលកំណត់របស់ លោកសម រង្ស៊ីនេះត្រូវលោកអះអាងថាដើម្បីស្តារស្ថានការណ៍គណបក្សនិងនយោបាយ ដែលកំពុងតែតានតឹងដោយសារការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់របស់លោកជាច្រើននាក់ និងរកវិធីបន្ធូរបន្ថយស្ថានការណ៍នយោបាយដែលតានតឹងទាក់ទងនឹងគណបក្សគ្រប់គ្រងប្រទេស ដែលមិនពេញចិត្តអំពីរឿងពហិការបស់គណបក្សសង្គ្រោះជាតិ មិនចូលប្រជុំសភា ដែលធ្វើឲ្យសភា និងរដ្ឋាភិបាលថ្មីនេះមិនមានភាពស្របច្បាប់។
ថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់លោក មុនពេលត្រឡប់មកកម្ពុជាវិញ ហើយត្រូវគេផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេកប៊ុករបស់លោកនិងគេហទំព័រ គណបក្សសង្គ្រោះជាតិផងនោះលោកសម រង្ស៊ីបានអះអាងថា៖
លោកសម រង្ស៊ី ៖«ថ្ងៃនេះខ្ញុំសង្ឃឹមថា ការវិលត្រឡប់របស់ខ្ញុំនឹងជួយធ្វើឲ្យថមថយ បញ្ឈប់ភាពតានតឹងនយោបាយ ដែលកំពុងមានកំណើនដ៏គួរឲ្យបារម្ភ ធានាឲ្យមានការដោះលែងមន្ត្រីជាប់ឃុំទាំងអស់ ដែលត្រូវគេចោទប្រកាន់ថា មានការពាក់ព័ន្ធនឹងអំពើហិង្សានយោបាយកាលពីពេលថ្មីៗចាប់ផ្តើមកិច្ចចរចាឡើងវិញក្នុងបំណងបំបែកភាពទាល់ច្រកនយោបាយបច្ចុប្បន្ននេះ ហើយនឹងចាប់ផ្ដើមដំណើរការបង្រួបបង្រួមជាតិដើម្បីនាំមកនូវសន្តិភាព និងយុត្តិធម៌ជូនដល់ពលរដ្ឋកម្ពុជា»។
ថ្លែងបន្ទរតាមមេដឹកនាំរបស់លោក មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិគឺលោក យ៉ែម បុញ្ញរិទ្ធបានថ្លែងថា គណបក្សលោកបានជូនដំណឹងអំពីការវិលត្រឡប់ នេះទៅកាន់អង្គទូត អ្នកសារព័ត៌មាន អង្គការនានា និងសាធារណជនឲ្យបាន ដឹងអំពីការវិលត្រឡប់មកវិញរបស់លោកប្រធានសម រង្ស៊ី។
លោកយ៉ែម បុញ្ញរិទ្ធ៖«សង្ឃឹមថា គាត់អញ្ជើញមកដល់ គោលជំហររបស់គណបក្សសង្គ្រោះជាតិ ដូចខ្ញុំធ្លាប់ជំរាបជូន គឺយើងចង់ដោះស្រាយវិបត្តិជាប់កាំងនយោបាយហ្នឹងដោយសន្តិវិធី និងអហិង្សា។ ដូច្នេះជាគោលការណ៍ ជាជំហររបស់គណបក្សសង្គ្រោះជាតិគឺយើងនៅប្រកាន់គោលការណ៍អហិង្សាដដែល»។
ក្រុមមន្ត្រីបានអះអាងថា ប្រសិនបើគ្មានការរារាំងពីអាជ្ញាធរ ដែលការពារនិងចាត់ ចែងសន្តិសុខ និងសណ្ដាប់ធ្នាប់ទេ នោះនឹងមានប្រជាពលរដ្ឋ និងអ្នកគាំទ្រ គណបក្សជំទាស់ជាច្រើនដែលមិនសប្បាយចិត្តនឹងការចាប់ឃុំខ្លួនបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ហើយនឹងលទ្ធផលបោះឆ្នោតនោះ រង់ចាំទទួលលោកសម រង្ស៊ីនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងស្ដាប់ការសម្រេចចិត្តចុងក្រោយរបស់លោក សម រង្ស៊ីអំពីបញ្ហាស្មុគស្មាញផ្នែកនយោបាយចុងក្រោយនេះ។
មន្ត្រីគណបក្សបាននិយាយថា ពួកគេនឹងពិតជាត្រូវការប្រជុំ និងសម្រេចរួមគ្នានៅពេលលោក សម រង្ស៊ីធ្វើដំណើរមកដល់កម្ពុជា ជាពិសេសរឿងការចាប់ខ្លួនមន្ត្រីជំទាស់ទាំង ៨នាក់។
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ៧នាក់របស់គណបក្សសង្គ្រោះជាតិ និងមន្ត្រីជាន់ខ្ពស់ម្នាក់ផ្សេងទៀតត្រូវចាប់ខ្លួនជាបន្តបន្ទាប់ចាប់តាំងពីមានបាតុកម្មសុំឲ្យមានការបើកសួនប្រជាធិបតេយ្យដើម្បីធ្វើបាតុកម្មតវ៉ា និងបញ្ចេញមតិ ដែលក្រោយមកកើតមានអំពើហិង្សាធ្វើឲ្យមនុស្ស៥០នាក់ ទាំងសន្តិសុខនិងបាតុករដែលមិនខ្លាចការបង្រ្កាប ត្រូវរងរបួស។
គណបក្សនយោបាយទាំងពីរអះអាងរៀងៗខ្លួនថា ខ្លួនមិនចាប់ផ្តើមអំពើហិង្សានេះទេ នៅពេលគណបក្សទាំងពីរខកខានក្នុងការចរចាដើម្បីបញ្ចប់ការជាប់គាំងនយោបាយជិតមួយឆ្នាំទៅហើយនោះ។ ការអូសបន្លាយពេល ការតស៊ូសាកល្បងកម្លាំងនយោបាយគ្នានៅបន្តរហូតដល់ពេលមានអំពើហិង្សានេះ ដែលអាចធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងវិបត្តិនយោបាយ សេដ្ឋកិច្ច ភាពអត់ការងារធ្វើ ការផ្អាកជំនួយ បញ្ហាសង្គមកាន់តែជ្រៅក្នុងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
នេះបើតាមការអះអាងរបស់ក្រុមអ្នកវិភាគក្នុងប្រទេស ដែលឃ្លាំមើលស្ថានការណ៍នយោបាយ ហើយដែលបានសម្តែងក្តីបារម្ភ។ ក្រុមអ្នកការទូត ដែលជាម្ចាស់ជំនួយសំខាន់ៗ និងក្រុមអង្គការជាតិ អន្តរជាតិជាច្រើនក្នុង និងក្រៅប្រទេសកម្ពុជា បានទាមទារឲ្យមានការដោះលែងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត ហើយភាគីទាំងពីរត្រូវងាកបែរមកកាន់តុចរចាគ្នាវិញ។
គណបក្សប្រជាជនកម្ពុជា ដែលខ្វះភាពស្របច្បាប់ពេញលេញជិត១ឆ្នាំនោះ ត្រូវគេដឹងថា ឈ្នះការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ ដោយទទួលបានសំឡេង៦៨អាសនៈឬជាសំឡេងច្រើនជាង៥០ភាគរយបូក១ ដែលអាចបង្កើតរដ្ឋាភិបាលថ្មីមួយ។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិ ដែលឈ្នះអាសនៈចំនួន៥៥ក្នុងចំណោម១២៣អាសនៈសរុបនោះ បានអះអាងថា ក្នុងការបោះឆ្នោតនេះ ខ្លួនគឺជាអ្នកឈ្នះ ដោយចោទប្រកាន់ថា មានការគៃបន្លំសន្លឹកឆ្នោត ហើយបានសម្រេចធ្វើពហិការមិនចូលប្រជុំសភាដែលធ្វើឲ្យសភានេះមិនមានភាពពេញលេញតាមគោលការណ៍
ប្រជាធិបតេយ្យ សេរីពហុបក្សទេ ក្រោយពេលគណបក្សគ្រប់គ្រងប្រទេសមិនបានផ្ដល់ការយល់ព្រមឲ្យមានការកែទម្រង់ស្ថាប័នជាតិសំខាន់ៗមួយចំនួន ជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគណបក្សជំទាស់បានទាមទារឲ្យដាក់ក្នុងច្បាប់រដ្ឋធម្មនុញ្ញ ហើយត្រូវមានសំឡេងគាំទ្រ២ភាគ៣ក្នុងការសម្រេច បង្កើត ឬតែងតាំង។
ការទាមទារឲ្យដាក់ក្នុងច្បាប់រដ្ឋធម្មនុញ្ញ ហើយត្រូវមានសំឡេងគាំទ្រ២ភាគ៣នេះ ធ្វើឡើងដើម្បីឲ្យក្រុមជំទាស់មានសំឡេងក្នុងធ្វើការសម្រេចកែប្រែបដិសេធសមភាពច្បាប់ និងបញ្ហាផ្សេងៗទៀតផងនោះ។ យ៉ាងណាមិញគណបក្សប្រជាជនកម្ពុជាពុំព្រមទេ ដោយចាត់ទុកថា សំឡេង២ភាគបីនេះនឹងនាំឲ្យមានការជាប់គាំងនយោបាយ ហើយបានបញ្ជាក់ថា នឹងមិនចរចាទៀតទេ បើមានការលើកអំពីសំឡេង២ភាគ៣នេះ។
ថ្លែងប្រាប់វីអូអេនៅសប្ដាហ៍នេះ លោកជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការអចិន្ត្រៃយ៍សភាផ្នែកហិរញ្ញវត្ថុ បានទទូចឲ្យគណបក្សសង្គ្រោះជាតិចូលរួមក្នុងសភា ហើយធ្វើការតវ៉ាគ្នា ដោយប្រើប្រាស់វេទិកាសភា ឬបន្តការចរចាទៅមុខដើម្បីធ្វើឲ្យស្របតាមរដ្ឋធម្មនុញ្ញ។
លោកជាម យៀប៖ «មានតែសភាទេ ដែលជាអ្នកត្រូវរៀបចំកែទម្រង់ ទាំងរដ្ឋធម្មនុញ្ញ កែទម្រង់ច្បាប់ ទាំងឡាយ អ្វីៗផ្សេងៗទៀតនោះគឺថា យើងយកវេទិកាសាធារណៈរបស់រដ្ឋសភា ធ្វើជាវេទិកាផ្សព្វផ្សាយសម្រាប់ម្ចាស់ឆ្នោតឲ្យបានជ្រាបកុំដើរទៅនិយាយតាម ចិញ្ចើមថ្នល់ ដូចគណបក្សសង្គ្រោះជាតិ រយៈកាលកន្លងមកនោះ»។
គណបក្សសង្គ្រោះជាតិបានបញ្ជាក់ជាច្រើនលើកថា ខ្លួននឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួនក្នុងការទាមទារធ្វើឲ្យប្រទេសមានដំណើរការប្រជាធិបតេយ្យពិតប្រាកដ ដូចប្រព័ន្ធផ្ទៀងផ្ទាត់ក្នុងសភា និងការធានាដំណើរការប្រជាធិបតេយ្យ ការរៀបចំស្ថាប័នរដ្ឋ ជាពិសេសស្ថាប័នបោះឆ្នោតសេរី យុត្តិធម៌ ត្រឹមត្រូវ បើគណបក្សកាន់អំណាចមិនចង់ឲ្យមានការឆែកឆេរ ការចោទប្រកាន់ ការគៃបន្លំសន្លឹកឆ្នោតដែលគណបក្សជំទាស់អះអាងថា បានប្ដូរលទ្ធផលដែលខ្លួនបានឈ្នះនោះ ហើយលោកសម រង្ស៊ីក៏បានបញ្ជាក់ថា វាដល់ពេលវេលាដែលត្រូវដោះស្រាយស្ថានការណ៍អាក្រក់នេះ ដើម្បីផលប្រយោជន៍ពលរដ្ឋកម្ពុជា និងប្រទេសជាមិត្តកម្ពុជាទាំងអស់៕