ទោះបី​ប្រឈម​នឹង​ពន្ធ​គយ​ខ្ពស់​ ចិន​បន្ត​ប្រឹង​ដណ្ដើម​ឱកាស​ទីផ្សារ​យានយន្ត​អគ្គិសនី​នៅ​លើ​ពិភព​លោក

រថយន្ត BYD ម៉ាកYangWang U8 ត្រូវបានដាក់បង្ហាញ​នៅ​ការតាំងពិពណ៌​នៅ ទីក្រុងប៉ារីសកាលពីថ្ងៃទី​១៤ តុលា ឆ្នាំ២០២៤។

ខណៈ​ដែល​ចិន​ព្យាយាម​សងសឹក​ទៅ​លើ​សហភាព​អឺរ៉ុប​ឆ្លើយ​តប​ទៅ​នឹង​ការ យក​ពន្ធ​ខ្ពស់​លើ​រថយន្ត​អគ្គិសនី​ផលិត​ដោយ​ក្រុមហ៊ុន​ចិន យុទ្ធនាការ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការគ្រប់​គ្រង​វិស័យ​យានយន្ត​អគ្គិសនី​កំពុង​ដើរ​ទៅ​មុខដោយ​គ្មាន​ការ​ថម​ថយ។ លោក Michael Baturin រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។

អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ​ដែល​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ធំៗ​ដូចជា BYD និង​ក្រុមហ៊ុន​ឯទៀតៗ បាន​ចេញ​ដំណើរ​ពី​ទីផ្សារ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ឆ្ពោះ​ទៅ​កាន់​តំបន់អាមេរិកឡាទីន និង​ទ្វីប​អាហ្វ្រិក​ ទោះបីជា​ពួកគេ​ប្រឈម​នឹង​ការយក​ពន្ធ​ខ្ពស់​រហូត​ដល់​ទៅ១០០ភាគរយ​នៅ​ប្រទេស​កាណាដា​និង​សហរដ្ឋ​អាមេរិកនិង៤៥​ភាគរយ​នៅ​សហភាព​អឺរ៉ុប​ក៏​ដោយ។

ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ចិន​បាន​ប្រកាស​ពី​ផែនការ​វិនិយោគ​ដែល​មាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ​ដើម្បី​កសាង​រោងចក្រ​ថ្មី​ទៀត​នៅ​ប្រទេស​ថៃ​និង​ប្រេស៊ីល និង​បាន​បើក​ក្រុមហ៊ុន​លក់​នៅ​ប្រទេស​សំប៊ី កេនយ៉ា​និង​អាហ្វ្រិក​ខាងត្បូង។

ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ចិន​ភាគច្រើន​និយាយ​ថាពួកគេ​នឹង​បន្ត​លក់​រថយន្ត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ហើយ​នឹង​មិន​ដំឡើង​តម្លៃ​ដើម្បី​កាត់កង​ទៅ​លើ​ពន្ធគយ​ទាំង​នោះ​ទេ។ ការណ៍​នេះ​ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថាវា​ជា​រឿង​សម​ហេតុផល​ព្រោះ​ថា ពួកគេ​ក៏​ផ្ដោត​ទៅ​លើ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ។

លោក Ryan Berg នាយក​កម្មវិធី​ប្រចាំ​ទ្វីប​អាមេរិក​នៅ​មជ្ឈ​មណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ និយាយ​ថា​ទីផ្សារ​រថយន្ត​អគ្គិសនី​ប្រៀប​ដូចជា​ប៉េងប៉ោង​ឬ​បាឡុង ​ដែល​កំពុង​ហោះ​ឡើង​ពេញ​ទំហឹង។

លោក​និយាយ​ថា៖«នៅ​ពេល​ដែល​ប្រទេស​នានា​ដូចជា​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប កាណាដា​និង​ប្រទេស​ផ្សេង​ទៀត​ព្យាយាម​ច្របាច់​ប៉េងប៉ោង​នោះ ខ្យល់​នឹង​រសាត់​ទៅ​កន្លែង​ផ្សេង។ ដូច្នេះ​ហើយ ពេល​នេះ​ខ្យល់​នោះ​កំពុង​រសាត់​ទៅ​កាន់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ដែល​មិន​ទាន់​បាន​កំណត់​ពន្ធ​នាំចូល​ខ្ពស់​ទៅ​លើ​រថយន្ត​របស់​ចិន​ជា​លើក​ដំបូង»។

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​ក្រុង​បាងកក ប្រេស៊ីល​និង​អេត្យូពី

នៅ​ប្រទេស​ថៃ ក្រុមហ៊ុន​ចិន​ដូចជា Great Wall និង BYD កំពុង​នាំ​មុខ​គេ។ ក្រុមហ៊ុន BYD បាន​បើក​រោងចក្រ​ក្នុង​ស្រុក​ដើម្បី​ផលិត​រថយន្ត​ប្រភេទ​នេះ​នៅ​ក្នុង​ប្រទេស​ថៃ កាល​ខែ​កក្កដា​កន្លង​ទៅ។ លោក Wang Chuanfu ដែល​ជា​ប្រធាន​ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា BYDបាន​ចាប់យក​ទីផ្សារ​រថយន្ត​អគ្គិសនី៤០ភាគរយ​ហើយ​នៅ​ក្នុង​ប្រទេស​នេះ។ កាល​ពី​ដើម​ឆ្នាំ​នេះ ក្រុមហ៊ុន Great Wall បាន​ក្លាយ​ជា​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ចិន​ទីមួយ​ដែល​បាន​ផលិត​រថយន្ត​អគ្គិសនី​ក្នុង​ចំនួន​ដ៏​ច្រើន​នៅ​ក្រៅ​ប្រទេស តាម​រយៈ​ការបើក​ដំណើរការ​រោងចក្រ​ផលិត​នៅ​ប្រទេស​ថៃ។

ក្រៅ​ពី​ប្រទេស​ថៃ ក្រុមហ៊ុន BYD ក៏​បាន​ចាប់យក​ចំណែក​ទីផ្សារ​ដ៏​ធំ​នៅ​ប្រទេស​សិង្ហ បុរី​និង​ម៉ាឡេស៊ី។ យោង​តាម​ស្ថិតិ​របស់​រដ្ឋាភិបាលសិង្ហបុរី ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ដ៏​ធំ​មួយ​នេះ​ឈរ​នៅ​លំដាប់​ថ្នាក់ទី២ក្នុង​ចំណោម​រថយន្ត​ដែល​ពេញ​និយម​និង​លក់​ដាច់​ច្រើនជាង​គេ​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០២៤នេះ។ BYD ស្ថិត​ក្នុង​ចំណោម​រថយន្ត​ម៉ាក​ល្បីៗចំនួន១០​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី នៅពេល​ប្រៀបធៀប​ទៅនឹង​រថយន្ត​ដែល​បាន​ចុះបញ្ជី​ទាំង​អស់ បន្ទាប់ពី​រថយន្ត​ម៉ាក BMW និង Mercedes-Benz។

នៅ​តំបន់​អាមេរិកឡាទីន ក្រុមហ៊ុនBYD គ្រោង​ចុះ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Uberដើម្បី​នាំ​ចូល​យានយន្ត​អគ្គិសនី​ចិន​ចំនួន១០ម៉ឺន​គ្រឿង​សម្រាប់​អ្នក បើក​បរ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុនBYDកំពុង​រៀបចំ​ផែនការ​បើក​រោងចក្រ​ផលិត​រថយន្ត​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ប្រេស៊ីល​ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៥។ ទាំង​ក្រុមហ៊ុន BYD និង​ក្រុមហ៊ុន Great Wall ​សុទ្ធតែ​មាន​ការិយាល័យ​ស្រាវជ្រាវ​និង​អភិវឌ្ឍ R&D និង​មជ្ឈមណ្ឌល​ផលិតកម្ម និង លក់ របស់​ខ្លួន​នៅ​ប្រទេស​ប្រេស៊ីល។

លោក John Helveston សាស្ត្រាចារ្យ​ជំនួយ​នៅ​សាកល​វិទ្យាល័យGeorge Washingtonផ្នែក​គ្រប់គ្រង​វិស្វកម្ម​និយាយ​ថា បើ​គិត​ពី​ទស្សនៈ​វិស័យ​នៃ​ការធ្វើ​ជំនួញ វា​ជា​រឿង​សមហេតុ​ផល​ដែល​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ចិន​ព្យាយាម​ចូល​ទៅ​កាន់​ទីផ្សារ​ណា​ដែល​ពួក​គេ​អាច​រក​ប្រាក់​ចំណូល​បាន។

លោក​ប្រាប់​វីអូអេ​ថា៖«វា​ដូច​ទៅ​នឹង​ក្រុមហ៊ុន​តូយ៉ូតា MG, Ford និងVolkswagen ដែរ ​ក្រុមហ៊ុន​ផ្សេង​ទៀត​ដូចជា BYD គឺជា​ក្រុមហ៊ុន​សាកល។ ពួកគេ​ចង់​ពង្រីក​អាជីវកម្ម​ដូច​ទៅ​នឹង​អាជីវកម្ម​ដែល​ជោគជ័យ​នានា​ដែរ»។

លោក Paul Nantulya ជា​អ្នក​ជំនាញ​អំពី​ចិន​នៅ​មជ្ឈមណ្ឌល​អាហ្វ្រិក​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ការពារ​ជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន តោន បាន​និយាយ​ថាទ្វីប​អាហ្វ្រិក​ផ្ដល់​ឱកាស​ទីផ្សារ​យ៉ាង​ធំ​សម្រាប់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​របស់​ចិន។

ប៉ុន្តែ​ ឱកាស​ទាំង​នោះ​ក៏​មក​ជាមួយ​នឹង​បញ្ហា​ប្រឈម​ផង​ដែរ។ ដូច​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ដែរ ទ្វីប​អាហ្វ្រិក​នៅ​តែ​មាន​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​រថយន្ត​អគ្គិស នី ដូចជា​កង្វះ​ស្ថានីយ៍​បញ្ជូល​ថាមពល​អគ្គិសនី​ជា​ដើម។

លោក Nantulya ធ្លាប់​បាន​ចូលរួម​វេទិកា​ស្ដី​អំពី​កិច្ច​សហប្រតិបត្តិការ​ចិន​និង​អាហ្វ្រិក។ លោក​និយាយ​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​អាហ្វ្រិក​កំពុង​កសាង​ទំនាក់​ទំនង​រយៈ​ពេល​វែង ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​វិស័យ​ថាមពល​បៃតង​និង​រថយន្ត​អគ្គិសនី។

លោក​ប្រាប់​វីអូអេ​ដូច្នេះ​ថា៖«គម្រោង​ថាមពល​បៃតង១២២គម្រោង កំពុង​ដំណើរការ​នៅ​ក្នុងក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ចិន​និង​អាហ្វ្រិក (FOCAC)។ នៅ​ចន្លោះ​ពី​ឆ្នាំ​២០២១​ ដល់​២០២៤ គម្រោង​ថាមពល​បៃតង​ចំនួន១២២ ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រ​ទេស៤០ទូទាំង​ទ្វីប​អាហ្វ្រិក។ ដូច្នេះ តម្រូវការ​មាន​ទំហំ​ធំ​ណាស់ ហើយ​ឋិតថេរ​ទៀត​ផង»។

កាល​ពី​ខែ​មីនា ចិន​បាន​ចាប់​ដៃគូ​ជាមួយ​ប្រទេស​អេត្យូពី​ ដោយ​បាន​ប្រកាស​ពី​ផែនការ​ប្ដូរ​ទៅ​ប្រើប្រាស់​ការធ្វើ​ដំណើរ​ដើរ​ដោយ​រថយន្ត​អគ្គិសនី។ ផែនការ​នេះ​មាន​គោល​បំណង​ដាក់​ឱ្យ​ដំណើរការ​រថយន្ត​អគ្គិសនី​ជិត​កន្លះ​លាន​គ្រឿង​នៅ​ក្នុង​ប្រទេស​នេះ​ នៅ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ខាង​មុខ។

ផល​ប្រយោជន៍​សម្រាប់​ទាំង​អស់​គ្នា

អ្នក​វិភាគ​ទាំង​បី​រូប​បាន​និយាយ​ថាការជ្រៀត​ចូល​ទីផ្សារ​ពិភពលោក​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​បាន​ជំរុញ​ដោយ​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដែល​ចិន​អាច​ផ្ដល់​ទៅ​ឲ្យ​ទីផ្សារ​ទាំង​នោះ។ ជា​ឧទាហរណ៍ លោក Helveston និយាយ​ថា​ប្រទេស​ជាច្រើនកំពុង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការចូល​ទីផ្សារ​នេះ ជា​ថ្នូរ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ភាព​ប្រសើរ​ឡើងនិង​បច្ចេកវិទ្យា។

លោក​និយាយ​ថាក្រុមហ៊ុន​ចិន​ជាច្រើន បាន​កសាង​ផ្លូវ​ថ្នល់ រថភ្លើង សាលា​រៀន និង​មន្ទីរពេទ្យ​ នៅ​ក្នុង​ប្រទេស​ក្រីក្រ​ខ្លះ​នៅ​លើ​ពិភពលោក ហើយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មើល​ឃើញ​ជំនួញ​យានយន្ត​នេះ​ថា គ្រាន់​តែ​ជា​ការ​ពឹងផ្អែក​លើ​ទំនាក់​ទំនង​ដែល​មាន​ឡើង​នៅ​ប្រទេស​ទាំង​នោះ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។

លោក Berg នៃ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​និយាយ​ថា «ប្រទេស​ជាច្រើន​នៅ​តំបន់​អាមេរិកឡាទីន ចាប់​អារម្មណ៍​ចង់​បាន​ការវិនិយោគ​របស់​ចិន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​នានា​ដូចជា​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​ជា​ដើម»។ លោក​កត់​សម្គាល់​ថាប្រទេស​នៅ​អាមេរិកឡាទីន​មើល​ឃើញ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​ថា​ជា​ឧស្សាហកម្ម​គួរ​ឱ្យ​ទុក​ចិត្តនិង​ផ្ដល់​ឱកាស​ការងារ​ជា​យ៉ាង​ច្រើន។

លោក Nantulya បន្ថែម​ថាបច្ចេកវិទ្យា​ចិន​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ជា​វិធី​មួយ​ដែល​អាច​ជួយ​ឱ្យ​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​ថាមពល​បាន ដូច ជា​ដោះស្រាយ​បញ្ហា​ដាច់​ភ្លើង​អគ្គីសនី​ជាដើម។

លោក​បន្ត​ថា​ចិន​បាន​អនុវត្ត​វិធានការ​បុរេ​សកម្ម តាម​រយៈ​ការកសាង​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ​ធំៗនៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ចំណែក​សហរដ្ឋ​អាមេរិក​វិញ​មិន​បាន​អនុវត្ត​គម្រោង​ធំៗ​បែប​នេះ​ទេ។

ទោះ​ជា​បែប​នេះ​ក្ដី រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោន​ក៏​មិន​បាន​ព្រងើយ​កន្តើយ​ដែរ។ នៅ​ក្នុង​ជំនួប​កំពូល​មេដឹកនាំ​អាមេរិក​និង​អាហ្វ្រិក​កាល​ពី​ឆ្នាំ២០២២ សហរដ្ឋ​អាមេរិក​បាន​សន្យា​ផ្ដល់​ថវិកា៥៥ពាន់​លាន​ដុល្លារ​សម្រាប់​រយៈ​ពេល៣ឆ្នាំ ដែល​រួមមាន​ការវិនិ យោគ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​កកើត​ឡើង​វិញ ថាមពល​ស្អាត និង​កិច្ច​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន