ភាព​អស់​សង្ឃឹម​និង​សម្ពាធ​នៃ​កង្វះ​ការ​គាំទ្រ​បង្ខំ​​ឱ្យ​អ្នក​នយោបាយ​ជំទាស់​ចុះ​ចូល​ជា​មួយ​បក្ស​កាន់​អំណាច

រូបឯកសារ៖ លោក សាម អ៊ីន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋា ន​ក្នុងពេល​ដែល​លោក​ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ​ កាលពី​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។ (ស៊ុន ណារិន/វីអូអេ)

រាជធានីភ្នំពេញ — មុន​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​នយោបាយ​លោក​ សាម អ៊ីន​ គឺ​ជា​ប្រធានអង្គការ​ក្នុងស្រុក​មួយ។ ​ប៉ុន្តែ​ដោយ​សារ​មើលឃើញ​អ្នក​នយោបាយ​កំពុង​តែ​ដើរ​នៅលើវប្បធម៌​នយោ​បាយមួយ​ដែល​មិន​ត្រឹម​ត្រូវហើយ​ដែល​អាច​នាំ​ហានិភ័យ​ដល់​ជាតិ លោក​ក៏​សម្រេច​បោះជំហាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​នយោបាយ​ ដោយ​បាន​បង្កើត​គណបក្ស​នយោបាយថ្មី​មួយ​ដើម្បី​ប្រកួត​ប្រជែង​យក​អំណាច​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា។

ការ​ចាប់ផ្តើម​ជីវិត​ជាអ្នក​នយោបាយ​ដំបូង​ លោក ​សាម អ៊ីន​ ហាក់​មាន​ក្តី​សង្ឃឹម​ និង​ទឹកចិត្ត​ដ៏ពុះ​កញ្ជ្រោល​នៅ​គ្រា​ដំបូងៗ​ ចំពោះ​ការ​បំពេញ​ការងារ​របស់​លោក​ជាអ្នក​នយោបាយ​នៅក្នុង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដ៏​តូច​មួយ។

ទោះ​ជា​យ៉ាង​ណា​ក្តី​ ក្រោយ​គណបក្ស​របស់​លោក​គឺ​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ ហៅកាត់​ថា​ គ.ប.ម​ បាន​ចូល​រួម​ការ​បោះ​ឆ្នោត​ប៉ុន្មាន​លើក​មក​ ការ​គាំទ្រ​ពី​ប្រជាពល​រដ្ឋ​ហាក់​មិន​មាន​សន្ទុះ​ខ្លាំង​ ហើយ​ការ​ស្រងាក​ចិត្ត​ក៏​កើត​ឡើង​បន្តិច​ម្តងៗ​ រហូត​ធ្វើ​ឱ្យ​លោក​កើត​ក្តី​អស់​សង្ឃឹម​ ហើយ​ក៏​ចាប់ផ្តើម​គិត​ពី​អនាគត​នយោបាយ​របស់​លោកសា​ជាថ្មី។

​បន្ទាប់​ពី​ធ្វើការ​ពិចារណា​ជាច្រើន​លើកច្រើនសា​អំពី​អ្វី​ដែល​លោក​អាច​ធ្វើ​បាន​ក្នុង​ឆាក​នយោបាយ​កម្ពុជា​ លោក សាម អ៊ីន អតីត​អគ្គលេខាធិការ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន ក៏​បាន​សម្រេច​ចិត្តលា​ឈប់​ពី​តួនាទី​របស់​លោក ហើយទៅ​ចូលរួម​ជីវភាព​នយោ​បាយ​ជាមួយ​គណបក្ស​កាន់​អំ​ណាច ហើយរូប​លោក​ត្រូ​វបាន​តែង​តាំង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​បរិស្ថាន។

ថ្លែង​នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​កាលពី​ថ្ងៃទី ១ ខែ​មេសា ឆ្នាំ​ ២០២៣ លោក​សាម អ៊ីន បាន​លើកឡើង​ដោយ​សំដៅលើ​លោក​ យ៉ង សាំង​កុមារដែល​បាន​ចាក​ចេញ​ពីបក្ស​មុន​លោកថា៖ «ដល់បង​ កុមារ គាត់​សម្រេច​ចិត្ត​ចេញ​ទៀត​ ខ្ញុំ​ក៏​ចាប់ផ្តើម​សួរ​ខ្លួន​ឯ​ងថាតើ​ខ្ញុំ​ត្រូវធ្វើអី? ញាំង​ចិត្ត​មកវិញអត់​សម្រាប់ខ្ញុំ​ ក្តី​សង្ឃឹម​មាន​មក​វិញ​អត់​សម្រាប់​ខ្ញុំ? រយៈពេល​ ៣ខែជិត ​៤ខែ ខ្ញុំ​សួរខ្លួន​ឯ​ងរហូត ប៉ុន្តែខ្ញុំ​បាន​ចម្លើយ​មក​ដដែលៗ ហើយ​និង​ភាព​អស់​សង្ឃឹម​កាន់តែ​ខ្លាំង​ទៅ ភាព​ធុញថប់​ក្នុង​អារម្មណ៍​កាន់​តែ​ខ្លាំង»។

លោក​បន្ថែម​ថា​ ការ​ចាក​ចេញ​របស់​លោក​ យ៉ង សាំងកុមារ​ នោះ​តែ​ម្តង​ ដែល​បាន​ដាក់​សម្ពាធ​មក​លើ​លោក​កាន់​តែ​ខ្លាំង​ ហើយ​ត្រូវ​បង្ខំ​ចិត្ត​លា​ចេញ​ពីបក្ស​ដែល​មាន​អ្នក​វិភាគ​នយោបាយ​លោក​ កែម ឡី​ ជា​បិតា​ស្ថាបនិក។

លោក​ថ្លែងថា៖​ «ខ្ញុំ​ថា ខ្ញុំមិន​អាច​ស្ថិតនៅក្នុង​សភាព​បែបហ្នឹង​បាន​ទៀតទេ។ ខ្ញុំត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្តមួយ​ដាច់​ស្រេច​ថា ​ខ្ញុំត្រូវ​ឈប់​ពី​ គ.ប.ម ព្រោះ​បេសកកម្ម​នេះ ខ្ញុំ​កំណត់​ខ្លួន​ឯ​ងថា ​ខ្ញុំ​មិនមាន​សមត្ថភាព​ធ្វើ​បេសកកម្ម​ដ៏​ធំ​នេះ​ហ្នឹង​ទេ។ ខ្ញុំមិន​មាន​លទ្ធភាព ខ្ញុំ​មិន​មាន​សមត្ថភាព​បំពេញ​បេសកកម្ម​ដ៏​ធំនេះ​ទេ។ អ៊ីចឹង​ខ្ញុំ​ត្រូវ​តែធ្វើការ​សម្រេច​ចិត្ត​ដ៏​ច្បាស់​លាស់​មួយ កុំ​ទុក​នៅ​អ៊ីចឹង​តទៅ​ទៀត»។

លោក​ យ៉ង សាំង​កុមារ​ គឺ​ជា​អតីត​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក្នុងនាម​លោក​មាន​តួនាទី​ជា​ប្រធានគណៈកម្មាធិការ​នាយកគណបក្ស​នេះ។ ក្រោយ​ពេល​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ យ៉ង សាំងកុមារ​ ទទួល​បាន​មុខ​តំណែង​រដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។ ​

​បន្ទាប់​ពីលោក សាម​ អ៊ីន​ បាន​ចុះចូល​ជាមួយ​គណបក្ស​គ្រប់​គ្រប់ប្រទេស​នោះ ​អ្នក​នយោបាយ​ជើងថ្មី​រូបនេះ​ ថ្លែងថា​ លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​មិនទាន់​អាច​បោះ​ពួយ​ទៅ​មុខ​លឿន​បាន​នោះ​ឡើយ​នៅ​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ផ្តល់​អាទិភាពលើ​ស្ថិរភាពនយោ​បាយ​ និង​ការ​អភិវឌ្ឍ។

លោក​បញ្ជាក់ថា​៖ «យើង​ចូល​គណបក្ស​ប្រជាជនក៏​វា​មិន​ប្រឆាំង​នឹង​មនសិការ​យើងខ្លាំង​ដែរ​ ជា​គណបក្ស​មួយ​ដែលគេ​បាន​កសាង​សន្តិភាព កសាង​ស្ថិរភាព គ្រាន់ថា​គាត់​មិនទាន់រុញ​ទៅ​លទ្ធិប្រជាធិ​បតេយ្យ​បែបជឿន​លឿន​ បែប​ស៊ីវីល័យ ប៉ុន្តែ​អារឿង​សន្តិភាព ​រឿង​ស្ថិរភាព ជា​រឿង​សំខាន់​ចម្បង។ ខ្ញុំគិតថា ​ប្រហែល​ជា​ស្ថានការណ៍​ស្រុក​ខ្មែរ​វា​ត្រូវ​ការ​ទៅ​បន្តិច​ម្តងៗ»។

រូបឯកសារ៖ លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ដឹកនាំក្បួនឃោសនារកសំឡេង​ឆ្នោត នៅក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី​ ២១ ខែឧសភា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ សកម្មជន​នយោបាយ​ រួម​ទាំង​សកម្មជន​សង្គមបាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​បន្ទាប់​នៅមុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាងមុខ។ ហើយ​គិត​ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​ ២០១៧​ មាន​សមាជិក​បក្ស​ និង​អ្នកគាំទ្រ​បក្សជំទាស់​នេះ​ជា​ច្រើននាក់ក៏បាន​ចុះចូល​ជាមួយ​គណ​បក្សប្រជាជន​កម្ពុជា​ ដែល​មាន​លោក ហ៊ុន​ សែន​ ជាប្រធាន។

សកម្មជន​ខ្លះដែល​បាន​ចុះចូល​តែប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោតជាតិ​ឆ្នាំ​ ២០២៣​ នេះ​ ​ក៏​បាន​ផ្តើម​បើក​ការ​វាយប្រហារ​លើ​កា​រដឹកនាំ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​ ក្រោយ​អាជ្ញាធរ​កម្ពុជាសង្ស័យ​ថា​ គណបក្ស​នេះ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

អ្នក​នយោបាយ​មួយ​ចំនួន​ នៅ​គណបក្ស​ជំទាស់​មួយ​ទៀត​ដែលទើប​ចាប់​ផ្តើម​ដំណើរ​ការឡើង​វិញ​មុនការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​ ២០២២​ គឺ​គណបក្ស​ភ្លើងទៀន​ ក៏បាន​រង​សម្ពាធ​ផ្លូវ​ច្បាប់​ ហើយ​ខ្លះ​ត្រូវ​បង្ខំចិត្ត​ទទួល​ស្គាល់​កំហុស​ ហើយ​ចុះចូល​នឹង​បក្ស​កាន់​អំណាច ជាថ្នូរ​នឹង​សេរីភាព​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង។​

ប្រធាន​គណបក្ស​ខ្មែរឈ្នះ ​លោក សួង សុភ័ណ្ឌ​ អតីត​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​ខេត្តប៉ៃលិន​ មកពី​អតីត​គណបក្ស​សង្គ្រោះជាតិ​ នៅក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣​ ប្រាប់​វីអូអេ​ថា​ ការ​សម្រេច​ចិត្ត​របស់​លោក​ចូលរួម​ជីវភាព​ន​យោបាយ​ជាមួយគណបក្ស​ប្រជាជន​កម្ពុជា​ បាន​កើត​ឡើង​ដោយ​សារតែ​លោក​មើល​ឃើញ​ថា គណបក្ស​ប្រឆាំង​មិន​អាច​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​បាន​ឡើយ ហើយ​លោក​ក៏មាន​ការ​ឆ្អែត​ឆ្អន់​ណាស់​ទៅ​ហើយ ចំពោះ​ការបម្រើ​នយោបាយ​ជំទាស់។

បើ​តាម​ប្រធាន​គណបក្ស​រូបនេះ​ បើ​ទោះ​ជា​លោក​បាន​ចុះ​ចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជាទៅ​ហើយ​ ប៉ុន្តែ​មនសិការ​ស្រឡាញ់​ជាតិ​របស់​លោក​គឺ​នៅ​ដដែល។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ ខ្ញុំនឹង​ប្រឹងប្រែង​គ្រប់វីធី​សាស្ត្រ​ទាំង​អស់​ដើម្បី​ធ្វើយ៉ាងណា​ការពារ​ផល​ប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ​ ហើយខ្ញុំអត់​លះបង់​ជំហរ​របស់​ខ្ញុំ​ពីដើម​ទេ។ ពី​ដើម​មានន័យថា ​ខ្ញុំ​ការពារ​ប្រជាពលរដ្ឋ​ ការពារ​យុត្តិធម៌ ខ្ញុំនៅ​តែធ្វើកិច្ច​ការងារ​ហ្នឹង​ដដែល»។

នៅ​ពេល​សួរថា​តើ​លោក​នឹង​មាន​ការ​ជំរុញ​ឱ្យរដ្ឋាភិបាល​បើកលម្ហ​សេរីភាព​នយោបាយ​យ៉ាង​ម៉េច ដោយសារ​តែ​លោក​ធ្លាប់​លើកឡើង​ពីក្តី​បារម្ភ​ពាក់ព័ន្ធ​នឹងបញ្ហា​នេះ​ លោក សួង សុភ័ណ្ឌ​ ថ្លែង​ថា៖ «ឱ្យមាន​ធានា​នូវភាព​អព្យាក្រឹត រួម​ទាំង គ.ជ.ប ​ផងដែរ ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​សុក្រឹត​ភាព​ក្នុង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​បេក្ខជន​នា​យក​រដ្ឋមន្ត្រី ឬក៏​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​ខាងមុខ​ផង​ដែរ»។

អ្នក​តាម​ដាន​យល់ថា​ ការចុះចូល​ថ្មីៗ​នេះ​របស់សកម្មជន​នយោបាយ​និង​សង្គម​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ទំនង​ជា​មាន​ទំនាក់ទំនង​នឹង​យុទ្ធសាស្ត្រ​នយោបាយ​របស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​លោក​កំពុង​ប្រើ គឺ​យុទ្ធសាស្ត្រ​ IF (Isolate and Finish) ដែល​មានន័យ​ថា​ ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​ឯងសម្រាប់​អ្នក​មាន​ទស្សនៈជំទាស់​ និង​បញ្ចប់មនោគម​វិជ្ជា​នយោបាយ​ជ្រុល​និយម​របស់​លោក​ សម រង្ស៊ី។​

ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​ អាច​ផ្តល់​ប្រយោជន៍​ខ្លះ​ដែរ​ សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​ ពោល​គឺ​គណបក្ស​តូចៗ​ ដែល​បង្កើត​ឡើង​ដោយ​អតីត​មន្ត្រីបក្ស​ជំទាស់​ និង​អ្នក​នយោបាយ​មួយចំនួន​ទៀត នឹង​ត្រូវ​ផាត់​ចេញ​ពី​បញ្ជីឈ​រ​ឈ្មោះ​បោះឆ្នោត​ ហើយ​ពលរដ្ឋ​ក៏​នឹង​លែង​មាន​ការភាន់​ច្រឡំ​ពេល​ធ្វើ​ការ​សម្រេច​ចិត្តលើ​សន្លឹក​ឆ្នោត។

អ្នក​វិភាគ​នយោបាយ​លោក​ សេង សារី ​ប្រាប់វីអូអេ​ថា៖ «សម្រាប់​ខ្ញុំៗ​មើល​ឃើញ​ថា​លោក​នាយក​រដ្ឋមន្ត្រី​កំពុងតែបោស​សម្អាត​លាង​សង្វៀន​នយោបាយ​កម្ពុជា​ហ្នឹង ឱ្យ​កាន់តែ​មានភាព​ច្បាស់លាស់ ហើយ​ពលរដ្ឋកាន់​តែ​មើល​ឃើញ​ថា គួរ​តែ​ជ្រើស​រើស​បក្ស​ណា ដែល​កន្លងមក​ហ្នឹង​ធ្វើ​ឱ្យប្រជាពលរដ្ឋ​មាន​ការ​យល់​ច្រឡំ​ ហើយ​គណបក្ស​តូចៗក៏​ធ្វើ​ឱ្យ​មាន​ការ​បែក​សំឡេងអ្នក​ប្រជាធិបតេយ្យ​ផងដែរ»។

សម្រាប់​ជោគវាសនា​របស់​យុវជន ឬ​ក៏​សកម្មជន​នយោបាយ​ដែល​ព្រមស្ម័គ្រ​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សេង សារី យល់​ថា សមត្ថភាព​របស់​អ្នក​ទាំង​នោះ​ជាកត្តា​កំណត់​អនាគត​នយោបាយ​របស់​ពួកគេ។​

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមក្នុងពិធីគម្រប់ខួបទី ៧១ នៃគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្តាលបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។

រូបឯកសារ៖ គណបក្ស​ប្រជាជន​កម្ពុជាចាប់​ផ្តើម​ហែ​ក្បួន​ឃោសនា​ការបោះ​ឆ្នោត​ថ្ងៃ​ដំបូង​នៅ​ផ្លូវ​៦០ម៉ែត្រ​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​២១ ខែឧសភា​ ឆ្នាំ២០២២។ (លាស់ លីប​លីប/វីអូអ)

លោក​ថ្លែង​ថា៖ «អ៊ីចឹង​វាអាស្រ័យ​ទៅលើ​សមត្ថភាព​ ភាព​ចេះ​ដឹង​ ចំណេះ​ជំនាញ​របស់​យុវជន​ទាំង​អស់​នោះ​ ថា​តើពួក​គាត់​អាច​រក្សា​បាន​តួនាទី​ប៉ុណ្ណា? ប៉ុន្តែ​ខ្ញុំ​មើល​ភាគ​ច្រើន​យុវជន​ដែល​ចូល​ទៅថ្មីៗ​នេះ​ ពួក​គាត់​ភាគ​ច្រើន​ជា​សកម្មជន​នយោបាយ​ ពួក​គាត់​មិន​សូវ​ជា​មាន​ចំណេះ​ដឹង​ខាង​គ្រប់​គ្រង​ ដឹកនាំរដ្ឋអី​ទេ។ ដូច្នេះ​ខ្ញុំ​មើល​ឃើញ​ថា​ភាគរយ​តិច​ណាស់​ដែល​អាច​រក្សា​តំណែង​ដល់​អាណត្តិ​ក្រោយ ២០២៣»។

បើ​តាម​អ្នក​វិភាគ​រូប​នេះ​ មុន​ចូលប្រឡូក​ក្នុង​វិស័យ​នយោបាយ​ យុវជន​ត្រូវ​មាន​ចំណេះ​ដឹង​នយោ​បាយ​ក៏​ដូច​ជា​របៀប​នៃ​ការ​ដឹកនាំ​រដ្ឋ​ ជាការ​ចាំបាច់​ដើម្បី​អាច​បញ្ចៀស​នូវហា​និភ័យ​សម្រាប់​ជាតិ ឬ​ការ​កេង​ប្រវ័ញ្ច​ខាង​នយោបាយ​នា​ពេល​ខាង​មុខ។

ប្រធាន​វិទ្យា​ស្ថាន​ប្រជាធិប​តេយ្យ​កម្ពុជា​លោក​ ប៉ា ច័ន្ទរឿន​ លើក​ឡើង​ថា​ ការ​ជំរុញ​ឱ្យ​មាន​ការ​ចុះចូល​ខាង​នយោបាយ​នេះ​ ជា​យុទ្ធសាស្ត្រ​នៃ​ការ​កៀរ​គរ​កម្លាំង​របស់​គណបក្ស​នីមួយៗ​ដើម្បី​កាត់​បន្ថយ​ចរន្តប្រ​ឆាំង​ និង​បំបែក​ការ​គាំទ្រ​គណបក្ស​ជំទាស់។ យ៉ាង​ណាក្តី លោក​ថា​ ការ​ចុះ​ចូល​ខាង​នយោបាយ​មួយ​រយៈពេល​ចុងក្រោយនេះ​ អាច​មួយ​ផ្នែក​បណ្តាល​មក​ពី​ការ​យល់​ឃើញ​របស់​បុគ្គលម្នាក់ៗ​ និង​មួយផ្នែក​មួយ​ទៀត​អាច​មក​ពីការ​គំរាមកំហែង​ខាង​នយោបាយ។​

លោក​ថ្លែង​ថា៖ «ការ​ចុះចូល​ខ្លះ​អាច​កើត​ឡើង​ដោយ​ចេតនា ​ដោយ​សមាន​ចិត្ត​របស់​សកម្មជន​ហ្នឹង។ ការ​ចុះ​ចូលខ្លះទៀត​កើត​ឡើង​ដោយ​សារ​តែ​សកម្មជន​ឬក៏​អ្នក​នយោបាយ​ហ្នឹង​គាត់​រង​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ការ​គាប​សង្កត់ ការ​បិទ​សិទ្ធិ​សេរីភាព​ធ្ងន់​ធ្ងរ​ ដែល​វាអត់​មាន​ជម្រើសអី​ ក្រៅ​ពី​ទៅចូលរួម មិន​អាច​បន្តនៅ​ជីវិត​នយោបាយ​ហ្នឹង​ត​ទៅ​ទៀត»។

លោក​បន្ថែមថា ការ​ចុះ​ចូល​របស់អ្នក​នយោបាយ​ទាំងនោះ​ ក៏នឹង​នាំមក​នូវ​ទាំង​គុណ​សម្បត្តិ​ និង​គុណ​វិបត្តិ។

លោក​បញ្ជាក់ថា៖ «វា​ជួយធ្វើ​ឱ្យប្រជាពល​រដ្ឋងាយស្រួល​ក្នុងការ​ជ្រើសរើស​គណបក្ស​ឬបុគ្គល​ដែល​ពួកគាត់​នឹង​បោះឆ្នោត​ឱ្យធ្វើ​ជាតំណាង​របស់ខ្លួន​ ប៉ុន្តែ​ការ​ចាកចេញ​របស់​អ្នក​នយោបាយ និង​សកម្មជន​នយោបាយ​ពីក្នុង​គណបក្សប្រឆាំងខ្លួន​ឯង ក៏​វាប៉ះពាល់​ដែរ ប៉ះពាល់​ទៅដល់​បាត់​បង់​ធន​ធាន»។

​កង្វះ​ការ​គាំទ្រពី​សហគមន៍​អន្តរជាតិ​ ដោយសារ​តែ​ប្រទេស​មហា​អំណាច​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យជាប់​រវល់​ជាមួយ​នឹង​បញ្ហា​របស់​ពិភពលោក តួយ៉ាង​សង្គ្រាម​នៅ​អ៊ុយក្រែ​ន ក៏​ជាកត្តា​ធ្វើ​ឱ្យសកម្មជន​នយោបាយ​និង​សង្គម​ទាំងនោះ​គ្មាន​លទ្ធភាព​គាំទ្រ​និន្នាការ​ជំទាស់​ ហើយ​គួប​ផ្សំ​ជាមួយនឹង​សម្ពាធ​នយោបាយ​ផងនោះ ពួកគេមាន​ជម្រើស​តែមួយ​ប៉ុណ្ណោះ​ គឺ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច។​ នេះបើតាម​ការ​វិភាគ​របស់​សាស្ត្រាចារ្យវិ​ទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា។​

លោក​ថ្លែង​ថា៖ «ខ្វះ​ការ​គាំទ្រ​ពី​អ្នក​នៅក្នុងស្រុក​និង​អ្នកនៅក្រៅ​ស្រុក។ អ្នក​នៅ​ក្រៅ​ស្រុក​ យើងសំដៅ​លើទៅ​សហគមន៍​អន្តរជាតិ តាម​គោលការណ៍​ច្បាប់​អន្តរជាតិ។ ហើយអ្នក​នៅ​ក្នុងស្រុក​យើង​សំដៅ​ទៅលើ​ពលរដ្ឋ​ខ្មែរ​ទាំងក្នុង​និងក្រៅ​ប្រទេស។ អ៊ីចឹង​វា​ធ្វើ​ឱ្យអ្នក​ទាំងអស់​ហ្នឹង​ខ្វះ​លទ្ធភាព​នៅក្នុង​ការតស៊ូ​មតិ ហើយ​រងសម្ពាធ​នៃការ​ដាក់​បន្ទុក សម្ពាធ​គំរាម​កំហែង​សន្តិសុខ​សុវត្ថិភាព​ និង​ការ​រកស៊ី​របរផ្សេងៗ​ធ្វើ​ឱ្យគាត់មាន​ជម្រើស​តែមួយទេ​ចុះចូល។

នៅមុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដែល​ខិត​ជិត​មក​ដល់ក្នុងឆ្នាំ​ ២០២៣​ នេះ​ ហើយ​ក៏​ជា​អន្តរកាល​នៃគម្រោង​ផ្ទេរ​អំ​ណាច​ទៅ​ឱ្យ​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ គឺលោក ​ហ៊ុន ម៉ាណែត ​លោក ​ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​បន្ទាប់​ត្រូវ​បាន​អ្នក​តាមដាន​យល់​ថា​ លោក​បាន​និង​កំពុង​តែ​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង ដោយការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅលើ​គូប្រជែង​របស់​លោក។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា​ អ្នក​ដែល​និយាយ​ថា​ការចុះ​ចូល​របស់​សកម្មជន​ទាំងនោះ​ដោយសារ​តែការ​ធ្វើទុក្ខបុក​ម្នេញ​នយោបាយ​ ជា​ការ​និយាយ​ដោយ​មាន​និន្នាការ​នយោបាយ​និង​លម្អៀង។ លោក​អះអាង​ថា ​ការ​ចុះចូល​របស់​ពួកគេ​ ដោយសារតែ​មើល​ឃើញ​ពី​ភាពវិជ្ជមាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ការមក​ចូលរួម​ជីវភាព​នយោបាយ​គណបក្ស​ប្រជាជន​មិនមែន​អាស្រ័យ​ដោយ​មាន​ការ​គាបសង្កត់ ឬអាស្រ័យ​ដោយមាន​ការ​សំឡុត​គំរាមកំហែង​ណា​មួយទេ»។

នៅ​ពេលសួរ​ថាតើ​អ្នក​ដែលចុះ​ចូលទាំងនោះ​នឹង​ត្រូ​វបាន​គណបក្ស​យក​ទៅ​បំពេញ​ការងារយ៉ាង​ដូចម្តេច លោក​ សុខ ឥសាន​ បញ្ជាក់​ថា ​វាអាស្រ័យ​ទៅលើ​សមត្ថភាព​និងចំណេះ​ជំនាញ​របស់​ពួក​គេ​ទាំងអស់នោះ។

ប្រធាន​គណៈ​កម្មាធិការ​នាយក​ស្តីទី​របស់​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ លោក​ សេក សុខា ប្រាប់វីអូអេ​ថា​ បើទោះជា​មាន​ថ្នាក់​ដឹក​នាំមួយ​ចំនួន​របស់​គណបក្ស​បាន​នាំ​គ្នា​ចាក​ចេញ​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់អំ​ណាច ​គណបក្ស​បាន​រៀបចំ​រចនា​សម្ព័ន្ធ​សាជាថ្មី​ ហើយ​នៅ​តែមាន​ឆន្ទៈ​ឆ្ពោះ​ទៅមុខ​ប្រកប​ដោយ​ទស្សនវិស័យ​ដើម្បី​ទាញ​ការ​គាំទ្រពី​ប្រជាជន​នៅពេល​អនាគត។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​ក្រោយ​មក​យើ​ងបាន​ពង្រឹងគ្នា​យើងឡើង​វិញ ពង្រឹង​សមាសភាព​យើង​ឡើង​វិញ យើងក៏​អត់អី​ទេ។ យើ​ងបាន​តាំងចិត្ត​ ហើយដើរ​ទៅ​តាម​មាគ៌ា​ ទៅ​តាម​ផ្លូវ​ដែល​យើង​បាន​ត្រួសត្រាយ​រួចមកហើយ។ អ៊ីចឹង​យើង​អត់​អស់​សង្ឃឹម​ទេ នៅតែ​ដើរ​ទៅ​មុខ»។

យ៉ាង​ណា​ក៏​ដោយ​ លោក​ សាម អ៊ីន ​អតីត​អគ្គលេខាធិការ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​ បាន​អះ​អាង​ថា​ បើ​ការ​ចុះ​ចូល​រប​ស់​លោក​មិន​អាច​ធ្វើ​អ្វី​បាន​សម្រា​ប់​ការ​រីក​ចម្រើន​នៃ​ប្រទេស​ជាតិ​ លោក​នឹង​លា​ឈប់​ពី​តួនា​ទី​នេះ ហើយ​ចូល​និវត្តន៍​តែម្តង។

លោករៀបរាប់​ថា៖ «សម្រាប់ខ្ញុំ ខ្ញុំ​ដាក់ក្តី​សង្ឃឹម​ចង់​ចូលជួយ​ ហើយ​ខ្ញុំ​ចង់​ក្លាយ​ជា​ចំណែក​នៃដំណោះស្រាយ។ អ៊ីចឹង​ខ្ញុំ​ដាក់ចិត្ត​ដាក់កាយ​ចង់ជួយ ប៉ុន្តែ​បើសិន​ជាខ្ញុំ​ចូល ទៅ​ហើយ​មិន​អាចធ្វើ​អ្វី​បានសោះ​ គ្រាន់តែ​ទៅ​អង្គុយ​អាន​កាសែត ខ្ញុំគិតថា ​វា​ដល់​ពេល​វេលា​ដែល​ខ្ញុំត្រូវ​ឈប់​សម្រាក»៕