ការស៊ើបអង្កេតទាក់ទិននឹងភាពមិនប្រក្រតីក្នុងសំណុំរឿងដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំបានឈានដល់ការកោះហៅអតីតប្រធានតុលាការក្រុងភ្នំពេញមកសាកសួរបន្ទាប់ពីមនុស្សជំនិតម្នាក់របស់លោក ត្រូវបានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសដើម្បីរងចាំជំនុំជំរះទោស។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃច័ន្ទនេះថាលោកគ្រោងនឹងកោះហៅលោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញមកសាកសួរនៅសប្តាហ៍នេះទាក់ទិននិងការដោះលែងឪពុកម្តាយលោកថោង សារ៉ាត់ ឲ្យនៅក្រៅឃុំ។
«បីបួនថ្ងៃនេះដែលយើងធ្វើទាំងយប់ទាំងថ្ងៃគឺបានលទ្ធផលប៉ុណ្ណឹង។ យើងខ្ញុំស្តាប់ចម្លើយបាន៤នាក់ហើយ យើងខ្ញុំគិតថានៅសល់ពីរនាក់ឬ បីនាក់ទៀតក្នុងនោះរួមមានលោកព្រហ្ម ពេជមុន្នី និង មានលោក អាំង មាលតី ផងដែរគាត់ត្រូវឆ្លើយសំនួរខ្ញុំដែរលើបញ្ហានេះបន្ទាប់មកទៀតប្រតិបត្តិការឆែកឆេរមួយចំនួនទៀតដើម្បីរកភស្តុតាងតើមានស្អីទេ។»
លោក ថោង ចំរើន អាយុ៦៥ឆ្នាំ ត្រូវជាឪពុក និង អ្នកស្រី កែវ សារី អាយុ ៥៥ ឆ្នាំ ជនជាតិវៀតណាម ត្រូវជាម្តាយលោក ថោង សារ៉ាត់ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយមាន ការបង់ប្រាក់ធានាកាលពី២សប្តាហ៍មុន ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខុសច្បាប់។
ជនជាប់ចោទទាំងពីរត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងទៀតក្នុង ខណៈប៉ុនប៉ងគេចខ្លួនទៅកាន់ប្រទេសវៀតណាម ហើយក្រោយមកត្រូវបានតុលាការក្រុងភ្នំពេញចេញដីការសម្រេចឃុំខ្លួន សារជាថ្មី ក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃច័ន្ទសប្តាហ៍មុន។
លោកឧត្តមសេនីយ៍ត្រី ព្រហ្ម ពេជមុន្នី មនុស្សជំនិតនិងលោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញត្រូវបានចាប់ខ្លួន ហើយក្រោយមកត្រូវបានតុលាការសម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារកាលពីសប្តាហ៍មុនពីបទសង្ស័យថា«ទាក់ទិននិងការជ្រៀតជ្រែកកិច្ចការសារធារណៈរបស់តុលាការ»។
VOA មិនអាចទាក់ទងជាមួយលោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញ ដើម្បីសុំប្រតិកម្មលោកបានទេ ដោយទូរស័ព្ទរបស់លោកមិនមានអ្នកទទួល។
លោក ឱម យិនទៀង មានប្រសាសន៍ថាមនុស្សបួននាក់ដែលលោកបានសាកសួរទាក់ទិនក្នុងសំណុំរឿងនេះមានអ្នកស្រី កែវ សារី ម្តាយលោកថោង សារ៉ាត់ លោកស្រី ទាវ ធីតា ភរិយាទី២ ប្អូនស្រី ពៅរបស់លោកថោង សារ៉ាត់ ដែលជាអ្នកកាន់លុយរបស់ក្រុមហ៊ុន និង លោក រស់ ផល្លា មេធាវីការពារក្តី។
លោកបានបញ្ជាក់ថានៅល្ងាចថ្ងៃច័ន្ទនេះអង្គភាពប្រឆាំងអំពើពុករលួយនិងចុះស៊ើបអង្កេតក្រុមហ៊ុន មានជ័យ Investment របស់លោក ថោង សារ៉ាត់ដើម្បីពិនិត្យមើលការចំណាយ និងចំណូលរបស់ក្រុមហ៊ុន បានដោយរបៀបណា។
«អញ្ចឹងល្ងាចនេះយើងខ្ញុំនឹងមានការប្រជុំក្រុមពិសេសមួយរបស់យើងខ្ញុំសម្រាប់បញ្ជូនទៅធ្វើការឆែកឆេរបញ្ជីស្នាមទាំងអស់នៅក្នុងក្រុមហ៊ុនដើម្បីរកមើលភស្តុតាង»។
លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតអង្កការសិទ្ធិមនុស្សលីកាដូមានប្រសាសន៍ថា ការបន្តធ្វើការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយគឺជាដំណើរការល្អមួយ។ ក៏ប៉ុន្តែលោកស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យមើលតុលាការនិងចៅក្រមផ្សេងៗទៀតនៅតាមខេត្តក្រុងមួយចំនួនទៀតដែលមានភាពមិនប្រក្រតីយ៉ាងច្រើនស្រដៀងគ្នានេះដែរ។
«បញ្ហាអំពើពុករលួយនៅប្រព័ន្ធតុលាការខ្ញុំគិតថាវាច្រើនដែលកំពុងតែកើតឡើង។ គឺទីមួយគឺបញ្ហានៃការស៊ីសំណូក បញ្ហាទីពីរគឺពាក់ព័ន្ធទៅហ្នឹងការសម្រេចចិត្តដោយសម្ពាធ»។
លោក ថោង សារ៉ាត់ ជនចោទដែលសង្ស័យថាជាប់ពាក់ព័ន្ធនិងការបាញ់សម្លាប់លោក ឧកញ៉ា អ៊ឹង ម៉េងជឺ កំពុងរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច។ លោកបានបង្ហាញខ្លួនជាញឹកញាប់តាមរយះបណ្តាញសង្គមហ្វេសប៊ុកថាលោកមិនជាប់ពាក់ព័ន្ធនិងករណីឃាតកម្មនេះទេ៕