អ្នកតស៊ូមតិប្រឆាំងនឹងការចាប់បញ្ជូនពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក ត្រឡប់ទៅប្រទេសកម្ពុជាវិញ លើកឡើងថា ការដែលសហរដ្ឋអាមេរិកធ្វើបែបនេះទៅលើជនជាតិខ្មែរ គឺជាអំពើអមនុស្សធម៌។
Your browser doesn’t support HTML5
លោក សេក កុសល សកម្មជនខ្មែរអាមេរិកាំងនៅក្នុងរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ដែលកំពុងព្យាយាមបញ្ឈប់ការចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់ទៅកម្ពុជាវិញនោះ មានប្រសាសន៍បែបនេះនៅក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃច័ន្ទ ទី១៩ ខែធ្នូនេះ៖
«អ្នកដែលមកសហរដ្ឋអាមេរិកនៅមុនឆ្នាំ១៩៩៤ ដូចជានៅក្នុងអំឡុងឆ្នាំ១៩៧០ ឬ១៩៨០អីហ្នឹង បើយើងនិយាយទៅ គឺជាជនដែលគ្មានអ្វីទាំងអស់។ យើងចូលមកក្នុងប្រទេសគេ ភាសាគេក៏យើងអត់ចេះ ច្បាប់ទម្លាប់ក៏យើងអត់ចេះ ហើយបងប្អូនភាគច្រើន គាត់មកជាកូនកំព្រា អត់ឪពុកអត់ម្ដាយ អញ្ចឹងការណែនាំក៏ខ្វះខាត។ ដូច្នេះ ការដឹកជញ្ជូនពួកគាត់នេះទៅស្រុកខ្មែរវិញ វាអមនុស្សធម៌មែនទែន»។
រហូតមកដល់ពេលនេះ មានជនជាតិខ្មែរជាច្រើនរយនាក់ហើយ ត្រូវបានចាប់បញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញ ហើយជាច្រើននាក់ទៀត កំពុងរង់ចាំការបញ្ជូនខ្លួន ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០២ រវាងរដ្ឋាភិបាលកម្ពុជានិងសហរដ្ឋអាមេរិក។
ក្រោមច្បាប់អន្តោប្រវេសន្តដ៏តឹងរ៉ឹងមួយរបស់អាមេរិក អាជ្ញាធរអាមេរិក មានសិទ្ធិអំណាចចាប់បញ្ជូនពលរដ្ឋណាដែលប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងសហរដ្ឋអាមេរិក រួមទាំងពលរដ្ឋខ្មែរផង ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។
ប៉ុន្តែ លោក សេក កុសល ថ្លែងថា ចំពោះករណីពលរដ្ឋខ្មែរ វាមានលក្ខណៈពិសេសជាងជាតិសាសន៍ដទៃ ដោយសារពលរដ្ឋខ្មែរដែលបានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិកមុនឆ្នាំ១៩៩៤ ភាគច្រើនគឺជាជនរងគ្រោះនៃសង្គ្រាម ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកផងដែរ។
«កាលៈទេសៈយើងទាក់ទងនឹងការទម្លាក់គ្រាប់បែកនៅស្រុកខ្មែរយើងពីឆ្នាំ១៩៦៨ ដល់១៩៧៣ អញ្ចឹង យើងចង់ឲ្យសហរដ្ឋអាមេរិកនេះ គាត់ទទួលខុសត្រូវ ឲ្យគាត់មានកាតព្វកិច្ច កុំឲ្យគាត់បញ្ចូលអ្នករងគ្រោះ ដែលគាត់បានប្រព្រឹត្តលើហើយហ្នឹងទៅប្រទេសកម្ពុជាវិញ»។
សកម្មជនប្រឆាំងនឹងការចាប់បញ្ជូនខ្លួនពលរដ្ឋខ្មែរទៅកាន់ប្រទេសកំណើតវិញ លើកឡើងថា ពលរដ្ឋខ្មែរមួយចំនួនធំ ដែលធំដឹងក្ដីនៅសហរដ្ឋអាមេរិកនេះ មិនចេះនិយាយភាសាខ្មែរ និងមិនដែលស្គាល់ប្រទេសកម្ពុជាផង ហើយអ្នកខ្លះ ថែមទាំងមិនបានកើតនៅក្នុងប្រទេសកម្ពុជាទៅទៀត ដោយសារឪពុកម្ដាយរបស់ពួកគេ ត្រូវរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ដើម្បីគេចពីសង្គ្រាមក្នុងស្រុកនៅអំឡុងទសវត្ស១៩៧០និង១៩៨០ មុនពេលដែលពួកគេបានដកដល់ទឹកដីសហរដ្ឋអាមេរិកនៅដើមទសវត្សឆ្នាំ១៩៩០នោះ។
លោក សេក កុសល មានប្រសាសន៍ថា មធ្យោបាយមួយដែលអាចជួយបញ្ឈប់ការបញ្ជូនខ្លួនពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនេះត្រឡប់ទៅកម្ពុជា គឺការកែប្រែកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរគឺកម្ពុជា-អាមេរិក និងការស្នើកុំឲ្យរដ្ឋាភិបាលកម្ពុជា ទទួលយកពលរដ្ឋខ្មែរ ដែលត្រូវគេចាប់បញ្ជូនខ្លួនពីអាមេរិកនេះទៅ។
«បើសិនជាភាគីមួយមិនអនុវត្ត អញ្ចឹងវាមិនអាចទៅមុខបានទេ។ បើសិនជាសហរដ្ឋអាមេរិក គេមិនស្ដាប់យើង គេមិនចង់ឭពីយើង អញ្ចឹងយើងកុំទទួលយកបងប្អូនខ្មែរយើងហ្នឹងវិញទៅ អញ្ចឹងរឿងហ្នឹងវាចង់ត្រឹមហ្នឹងហើយបាទ»។
តែទោះជាយ៉ាងនេះក្តី លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលជាស្ថាប័នតំណាងរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋទៅវិញទៅមករវាងប្រទេសទាំងពីរ (MOU on Repatriation) បានថ្លែងប្រាប់ VOAថា អាជ្ញាធរកម្ពុជា កំពុងចរចាជាមួយភាគីអាមេរិកលើបញ្ហានេះហើយ។
លោកបន្ថែមថា រដ្ឋាភិបាលប្រកាន់ជំហរស្ម័គ្រចិត្តសម្រាប់ជនដែលត្រូវគេចាប់ខ្លួនបញ្ជូនមកប្រទេសកម្ពុជាវិញ។
«យើងកំពុងតែពិនិត្យMOU ហ្នឹងឡើងវិញក្នុងការពិចារណា ហើយគោលជំហរហ្នឹងគឺថា សុំធ្វើយ៉ាងណាគឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដែលរាជរដ្ឋាភិបាលកំពុងគិត។ ឈរលើគោលការណ៍ស្ម័គ្រចិត្តរបស់ពលរដ្ឋខ្មែរយើងនៅទីនោះ។ បើគាត់ស្ម័គ្រចិត្តមក យើងទទួល។ បើគាត់មិនស្ម័គ្រចិត្តទេ យើងមិនទទួល»។
ប៉ុន្តែ លោក ខៀវ សុភ័ក្រ ទទួលស្គាល់ថា ការសម្រេចណាមួយ គឺត្រូវធ្វើឡើងតាមរយៈការចរចារវាងភាគីទាំងពីរ គឺកម្ពុជា និងអាមេរិក ដូច្នេះ វាទាមទារឲ្យមានការចរចាគ្នាបន្ថែមទៀត។
យ៉ាងណាក៏ដោយ លោក សេក កុសល ផ្ដល់យោបល់ថា កម្ពុជាគួរតែបន្តការទទូចរបស់ខ្លួនតទៅទៀត រហូតដល់មានការចរចាឈានទៅដល់ការកែប្រែកិច្ចព្រមព្រៀងទ្វេភាគីនេះ ដើម្បីធានាថា ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក នឹងមិនត្រូវបានចាប់បញ្ជូនខ្លួនទៅប្រទេសកម្ពុជាតទៅទៀត។
លោកបន្ថែមថា ទោះបីជាពលរដ្ឋខ្មែរដែលបានប្រព្រឹត្តបទល្មើសនៅសហរដ្ឋអាមេរិកនេះក៏ដោយ ក៏ពួកគេគួរតែត្រូវទទួលទោសត្រឹមនៅក្នុងសហរដ្ឋអាមេរិក តែអាចបន្តរស់នៅជួបជុំក្រុមគ្រួសាររបស់ពួកគេនៅទីនេះតទៅទៀត ពីព្រោះលោកថា ការបញ្ជូនខ្លួនពួកគេទៅប្រទេសដែលពួកគេ មិនទាំងចេះនិយាយភាសានៃប្រទេសនោះផង គឺជាទង្វើអមនុស្សធម៌ខ្លាំងណាស់៕