ជំងឺ​គ្រុនឈាម​​នៅកម្ពុជាកើន​ឡើង​ដោយសារ​ការ​ធ្វេស​ប្រហែស

កុមារ​ជាច្រើន​នាក់​ដែល​មាន​ជំងឺ​គ្រុនឈាម កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​នៅមន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញ។ (ធីតា វីន/VOA)

យោង​តាម​ឪពុក​ម្តាយ​របស់​កុមារ​ដែល​មាន​ជំងឺ​គ្រុនឈាម​ភាគច្រើន​ ​ការ​ធ្វេស​ប្រហែស​ដោយ​គ្មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​បំបាត់​ជម្រក​មូស​ខ្លា​ គឺ​ជា​មូលហេតុ​មួយ​ដែល​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុនឈាម​នៅ​ក្នុង​ឆ្នាំ​នេះ។

ដៃ​ទាំងពីរ​កំពុង​កាន់​ក្តោប​ដៃ​កូន​ប្រុស​ទាំង​សង​ខាង​ ដែល​កំពុង​ដេក​លង់លក់​លើ​គ្រែ​ ដែល​មាន​កម្រាល​ពណ៌​ស​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​គន្ធបុប្ជា​ ​ដោយ​មាន​បន្តោង​សេរ៉ូម​ផង​ ​លោក​ ​ថ្លឹង​ ​សុខា​ ​សម្លឹង​មើល​មុខ​កូន​របស់​ខ្លួន​ស្ទើរ​មិន​ទម្លាក់​ភ្នែក។​

​ទឹកមុខ​ស្រពោន​ ​លោក​ពោល​ដោយ​ទឹកភ្នែក​រលីង​រលោង​បង្កប់​ដោយ​ក្តី​បារម្ភ។​

«ដូច​ថា​អស់​ព្រលឹង​ពី​ខ្លួន​តែ​ម្តង​ ​ពេល​ដែល​ឃើញ​កូន​សន្លឹម​ ​បាត់​ស្មារតី»។​

នៅ​មន្ទីរពេទ្យ​គន្ធបុប្ជា​អាគារ​សម្រាប់​ដាក់​កុមារ​ ដែល​មាន​ជំងឺគ្រុនឈាម​ត្រូវ​ពេញ​ហៀរហូរ​រហូត​ដល់​កុមារ​ដែល​មាន​ជំងឺគ្រុនឈាម​ ត្រូវ​បញ្ជូន​ទៅ​ដាក់​នៅ​អគារ​ជំងឺ​ផ្សេងទៀត។​ ​ខ្សែ​សេរ៉ូម​យោល​រណេង​រណោង​ ​ហើយ​គ្រែ​នីមួយៗ​ភាគច្រើន​ត្រូវ​ដាក់​ឲ្យ​កុមារ​ដែល​មាន​ជំងឺ​គេង​គ្នា​ពីរ​នាក់​បញ្ច្រាស​ជើង​គ្នា។​ ដោយឡែក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​វិញ​ ​ចំនួន​កុមារ​ដែល​មាន​ជំងឺ​គ្រុនឈាម​កំពុង​កើន​ឡើង​ជា​បន្តបន្ទាប់។ បន្ទប់​ព្យាបាល​ពេញ​គ្មាន​សល់​រហូតដល់​កុមារ​ដែល​មាន​ជំងឺ​ខ្លះ​ត្រូវ​សម្រាក​តាមផ្លូវ​ដើរ។​

លោក​ ​ហ៊ុល​ ​សារួន​ ​ជា​នាយក​រង​នៃ​សាលា​ឯកជន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ ​កំពុង​អង្គុយ​ចុង​ជើង​មើល​កូន​របស់​លោក​ ដែល​កំពុង​បន្តោង​សេរ៉ូម​ក្នុង​បន្ទប់​ដែល​មាន​កុមារ​ឈឺ​ណែន​តាន់តាប់​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ។​

លោក​ ​ហ៊ុល​ ​សារួន​ ​យល់​ថា​ ជំងឺ​គ្រុន​ឈាម​ដែល​បាន​វាយ​ប្រហារ​មក​លើ​កូន​របស់​លោក​ ​មួយ​ផ្នែក​បណ្តាល​មក​ពី​ការ​មិន​សម្អាត​នៅ​បរិវេណ​ក្បែរ​លំនៅដ្ឋាន។​

«សម្អាត​បាន​មួយ​ចំនួន​តែ​មួយ​ចំនួន​ទៀត​មិន​បាន​សម្អាត​ជា​រៀងរាល់​ថ្ងៃ​នោះ​ ឬ​ជា​ ​រៀងរាល់​សប្តាហ៍​ទេ​ ម្យ៉ាង​ទៀត​ដោយ​សារ​តែ​យើង​រវល់​ការងារ​ផង។ ឥឡូវ​កំពុង​តែ​មាន​បញ្ហា​ប្រឈម​នឹង​ជំងឺ​គ្រុនឈាម​ ហើយ​គ្រុនឈាម​កើត​ចេញ​ពី​មូស​ខ្លា​ ​ចេញ​ពី​ការ​ដក់​ទឹក»។​

យោង​តាម​ឪពុក​ម្តាយ​របស់​កុមារ​ដែល​មាន​ជំងឺ​គ្រុនឈាម​ភាគច្រើន​ ​ការ​ធ្វេស​ប្រហែស​ដោយ​គ្មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​បំបាត់​ជម្រក​មូស​ខ្លា​ គឺ​ជា​មូលហេតុ​មួយ​ដែល​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុនឈាម​នៅ​ក្នុង​ឆ្នាំ​នេះ។

កុមារ​ជាច្រើន​នាក់​ដែល​មាន​ជំងឺ​គ្រុនឈាម កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារជាតិ។​ (ធីតា វីន/VOA)

កុមារ​ជាច្រើន​នាក់​ដែល​មាន​ជំងឺ​គ្រុនឈាម កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារជាតិ។​ (ធីតា វីន/VOA)

កុមារ​ជាច្រើន​នាក់​ដែល​មាន​ជំងឺ​គ្រុនឈាម កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារជាតិ។​ (ធីតា វីន/VOA)

ជំងឺ​គ្រុនឈាម​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី។​ ហើយ​ជំងឺ​នេះ​ភាគច្រើន​កើត​នៅ​ក្នុង​អំឡុង​រដូវ​វស្សា​ ដោយ​គិត​ចាប់ពី​ខែមិថុនា​រហូត​ដល់​ខែតុលា។​ ជំងឺ​នេះ​អាច​បង្ក​ឲ្យ​ស្លាប់​បាន​ ប្រសិន​បើ​អ្នកជំងឺ​មិន​ត្រូវ​បាន​ព្យាបាល​មុន​រយៈពេល​មួយ​សប្ដាហ៍​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត​ ​ហ៊ុយ​ ​រ៉េកុល​ ​ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ ​ប៉ារ៉ាស៊ីត​សាស្ត្រ​និង​បាណកសាស្ត្រ បាន​ឲ្យ​ដឹង​ថា នៅក្នុង​ឆ្នាំនេះ​ ក្នុង​រយៈពេល​២១សប្តាហ៍​មាន​កុមារ​គ្រុនឈាម​ទូទាំង​ប្រទេស​ចំនួន ១៣,៨៤៣នាក់​ ​ស្លាប់២៤នាក់​ ​ដែល​ចំនួន​នេះ​មាន​ការ​កើនឡើង​ ​៥ដង​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨​ ដែល​មាន​កុមារ​ឈឺ​ត្រឹម​តែ​ ២,៥៣០នាក់​ និង​ស្លាប់​៧នាក់។​

​លោក​បាន​អះអាង​ថា ​ក្រសួង​បាន​ដឹង​ថា​ ជំងឺ​គ្រុនឈាម​ឆ្នាំនេះ​នឹង​មាន​ការ​កើន​ឡើង​ហេតុ​ដូច្នេះ​ហើយ ក្រសួង​បាន​ត្រៀម​ថ្នាំ​អាប៉េត​ ​ថ្នាំ​បាញ់​មូស​ និង​មាន​ការ​បណ្តុះ​បណ្តាល​តាម​មន្ត្រី​ថ្នាក់​ផង​ដែរ​ ក្នុង​ការ​ជួយ​ទប់​ស្តាត់​បំបាត់​ជម្រក​មូស​ខ្លា។​

​«ដឹង​ថា​ស្ថានភាព​ជំងឺ​ឆ្នាំនេះ​យ៉ាងដូច​ម្តេច​ ​ឆ្នាំ​នោះ​យ៉ាង​ដូច​ម្តេច​ ​មក​ដល់​ពេល​នេះ យើង​មាន​សម្ភារៈ​នៅ​ហ្នឹង​កន្លែង​គ្រប់គ្រាន់​អស់ហើយ​ ​ក្រៅពី​នោះ​ទៀត​យើង​បាន​ ​ធ្វើការ​សហការ​ជាមួយ​បណ្តាញ​សារពត៌មាន​ បណ្តាញ​សង្គម​គឺ​រង់​ចាំតែ​ម្យ៉ាង​ទេ​ គឺ​រង់​ចាំ​ការ​ចូលរួម​ពី​បុគ្គល​គ្រប់រូប​ ​សូម​ចូលរួម​អនុវត្ត​ទើប​យើង​ឈាន​ទៅ​ជួប​នូវ​សេចក្តី​សុខ​ និង​ជៀស​ផុត​ពី​ជំងឺ​គ្រុន​ឈាម​ហ្នឹង​បាន។ គឺជា​ស្ថានភាព​មួយ​ដែរ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ទាំងអស់​គ្នា»។​

​យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្ត្រ​និង​ ​បាណកសាស្ត្រ បាន​ឲ្យ​ដឹង​ថា ​ករណី​ជំងឺគ្រុនឈាម​មាន​ប្រមាណ​ជាង​មួយ​ម៉ឺន​ករណី​ក្នុង​មួយ​ឆ្នាំៗ​ និង​ជាង​ ​៥០០នាក់​ស្លាប់​ក្នុង​អំឡុង​ទសវត្សរ៍​១៩៨០។​ ក៏​ប៉ុន្តែ​អត្រា​អ្នក​ស្លាប់​បាន​ធ្លាក់​ចុះ​មក​ជាង​ ​០.៥ភាគរយ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។​

ជំងឺ​គ្រុនឈាម​កើត​នៅ​លើ​ទាំង​មនុស្សចាស់​និង​ក្មេង​ ក៏​ប៉ុន្តែ​ក្មេង​ក្រោម​អាយុ​១៥ឆ្នាំ​មាន​ចំនួន​៨៥ភាគរយ។​

ខេត្ត​ ​រាជធានី​ ដែល​កំពុង​ទទួលរង​ការ​ឆ្លង​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំនេះ​ មាន​ដូចជា​ក្រុងភ្នំពេញ​ ​ខេត្តកំពង់ធំ​ ​សៀមរាប​ ​កណ្តាល​ ​ខេត្ត​កំពង់ចាម​ ​បាត់ដំបង​ ​បន្ទាយមានជ័យ​ ​ខេត្ត​ព្រះសីហនុ​ ​ខេត្ត​កំពង់ស្ពឺ​ ​ព្រះវិហារ​ ​ឧត្តរមានជ័យ​ ​ខេត្តព្រៃវែង​ ​ត្បូងឃ្មុំ​ ​ក្រចេះ​ ​និង​ខេត្ត​ប៉ៃលិន។​

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ កំពុង​បំពេញ​ការងារ​នៅ​មន្ទីរពេទ្យកុមារជាតិ រាជធានី​ភ្នំពេញ។ (ធីតា វីន/VOA)

​លោក​វេជ្ជបណ្ឌិត​ ​ញឹប​ ​អង្គាបុស្ស​ ​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ​ បាន​មាន​ប្រសាសន៍​ថា​ប្រជា​ពលរដ្ឋ​នៅក្នុង​អំឡុង​ពេលនេះ​មានការ​យល់ដឹង​ច្រើន​ពី​ជំងឺគ្រុនឈាម​ ​ឪពុក​ម្តាយ​ភាគច្រើន​យក​កូន​មក​មន្ទីរពេទ្យ​ទាន់​ពេល​វេលា។​ ក៏ប៉ុន្តែ​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ លោក​បាន​បញ្ជាក់​ថា​ ការចូលរួម​ទប់​ស្កាត់​របស់​ប្រជា​ពលរដ្ឋ​ដើម្បី​កុំ​ឲ្យ​មាន​មូស​ខ្លា​ញី​ខាំ​ ​នាំ​ឲ្យ​មាន​ជំងឺ​គ្រុនឈាម​នៅ​មាន​កម្រិត​នៅឡើយ​ ​ដែល​ជា​ផ្នែក​មួយ​ជំរុញ​ឲ្យ​មានការ​ឡើង​នៃ​ជំងឺ​គ្រុនឈាម​នេះ​ផង​ដែរ។​

«ខ្លះ​គាត់​គិតថា​ ខាង​សុខាភិបាល​ទេ​ជា​អ្នក​ទទួល​ខុសត្រូវ​ ចុះ​ខាង​សុខាភិបាល​ម៉េច​ក៏​មិន​ទៅ​បាញ់​មូស​ ​ម៉េច​ក៏​មិន​ទៅ​ដាក់ថ្នាំ​ ​ម៉េច​ក៏​មិន​ត្រូវ​ធ្វើ​អី​ឥឡូវ​គ្រុនឈាម​ច្រើន​ ​ណាស់ ​ម៉េច​ក៏​មិន​ព្រម​ទៅ​ធ្វើ​ការ​ដែល​យល់​ឃើញ​ចឹង ​វា​ជា​ការ​ខុសឆ្គង​ ​ពីព្រោះ​ថា​ជំងឺ​គ្រុនឈាម​គឺថា​ធ្វើ​ម៉េច​ ​ទប់ស្កាត់​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​មូស​ខ្លា​កើត​ឡើង​ច្រើន​ចឹង​ការ​ទប់​ស្តាត់​ជំងឺ​គ្រុនឈាម​នេះ​ គឺថា ​ប្រជាជន​ទាំងអស់​ចូលរួម​ទាំងអស់​គ្នា​ ​មិនថា​គ្រួសារ​នេះ​មាន​កូន​តូច​ ​អត់​កូន​តូច​អី​ទេ​ត្រូវតែ​ជួយ​សម្អាត​ ​បរិស្ថាន​រស់នៅ​របស់​ខ្លួន​ទាំងអស់​គ្នា​ ​កុំ​ភ្លេច​ថា​គ្រុនឈាម​ឥឡូវ​អាយុ​ ​៧០ឆ្នាំ​ ​៨០ឆ្នាំ​ក៏​មានដែរ»។​

​លោក​វេជ្ជបណ្ឌិត​សាស្ត្រា​ចារ្យ​ ​ គី​ ​សាន់​ទី​ ​ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ជា​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ឆ្នាំ​នេះ​មន្ទី​ពេទ្យ​គន្ធបុប្ជា​ មាន​កុមារ​ជំងឺគ្រុនឈាម​កើន​ឡើង​ជាង៥ដង​កាលពី​ឆ្នាំ​កន្លងមក។

លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ​ បាន​បញ្ជាក់​ថា​ ចំនួន​កុមារ​គ្រុនឈាម​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ជា​ មាន​ចំនួន​ជាង៦០០នាក់​ គឺ​ស្មើនឹង​៣៥ភាគរយ​នៃ​កុមារ​មាន​ជំងឺ​សរុប​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។​

​«យើង​បាន​យល់ដឹង​ទាំងអស់​ហើយ​ ​ប៉ុន្តែ​ត្រូវ​អនុវត្ត​ប្រឹង​ទាំងអស់​គ្នា​ ​យើង​កុំ​ពឹងពាក់​ទៅលើ​ភ្នាក់ងារ​សុខាភិបាល​ត្រូវតែ​កម្ចាត់​មូស​ខ្លា​ អត់ទេ​អា​ហ្នឹង​សំខាន់​ណាស់​ ​នៅ​ស្រុក​ណា​ក៏​ដូច​ស្រុក​ណា​ដែរ​ គឺ​ធ្វើ​ម៉េច​ ​គឺ​ការពារ​កូន​ ​ការពារ​យើង​ទាំងអស់​គ្នា​ ​កុំ​ឲ្យភ្នាក់ងារ​ចម្លង​នេះ​ ​វា​ចម្លង​មក​យើង​ ​គឺ​មូស​ខ្លា​ដែរ​ខាំ​យើង​ន្នឹង​ ​ហើយ​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​មូស​ខ្លា​ ​គឺ​បំបាត់​ជម្រក​វា​កុំ​ឲ្យ​វា​កើត»។​

លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហេង សុទ្ធី (ឆ្វេង) អនុប្រធានមន្ទីរពេទ្យគន្ធបុប្ជា លោកវេជ្ជបណ្ឌិត ឡូរ៉េង ដេនីស នាយក​ប្រតិបត្តិ​ប្រចាំ​ការ​នៃ​មូលនិធិ​គន្ធបុប្ជាស្វីស (កណ្តាល) និង​លោក​វេជ្ជបណ្ឌិតសាស្ត្រាចារ្យ គី សាន់ទី ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ជា​ភ្នំពេញ ចុះត្រួតពិនិត្យដំណើរការព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា កាលពីខែមិថុនា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

ជាមួយគ្នា​នេះ​ដែរ ​លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ​ ​ហេង​ ​សុទ្ធី​ ​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ជា​ភ្នំពេញ​ បាន​មានប្រសាសន៍​ដែរ​ថា​ នៅ​តាម​សាលា​ ​និង​អាជ្ញាធរ​ដែនដី​គួរតែ​ជួយ​ជំរុញ​ប្រជា​ពលរដ្ឋ​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​បំបាត់​ជម្រក​មូស​ខ្លា​នៅ​តាម​ភូមិ។​

«ការយល់​ដឹង​របស់​ឪពុក​ម្តាយ​ហាក់​ដូចជា​កើន​ឡើង​ ​ក៏​ប៉ុន្តែ​ជា​ទូទៅ​អស់លោក​ជា​ឪពុក​ម្តាយ​ហ្នឹង ​លោក​ច្រើនតែ​ធ្វេស​ប្រហែស​ក្នុង​ការដែល​លោក​រវល់​កាតព្វកិច្ច​ ​ក្នុង​ការ​រកស៊ី​ធ្វើការ​ ​ប្រកប​មុខរបរ​ ​ផ្សេងៗ ​កូនតូច​កូន​ធំ​ ហើយក៏​មាន​ក្មេង​ខ្លះ​គាត់​ទៅ​រៀន​ដែរ​ ​ដូច្នេះ​នៅ​សាលា​រៀន​ហ្នឹង​ ​ក៏អាច​ដែរ​ ​ជា​កន្លែង​មួយ​ដែល​ឲ្យ​មូស​ខាំ​ក្មេង​ដែរ»។​

លោក​វេជ្ជ​បណ្ឌិត​ ​ឡូ​រ៉េង​ ​ដេនីស (Laurent​ ​Denis)នាយក​ប្រតិបត្តិ​ប្រចាំការ​នៃ​មូលនិធិ​គន្ធបុប្ជា​ស្វីស​បាន​ឲ្យ​ដឹង​ថា ​នៅក្នុង​ឆ្នាំនេះ​ដោយសារ​មាន​ការ​ផ្ទុះ​នៅ​ជំងឺ​គ្រុនឈាម​នេះ​បាន​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ជា​ត្រូវ​ចំណាយ​ថវិកា​លើស​ពី​ការ​គ្រោងទុក​ជាង​១លាន​ដុល្លារ​អាមេរិក។​

សត្វ​មូស​ខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លង​មេរោគ​គ្រុនឈាម​ ចូលចិត្ត​ខាំ​បឺត​ឈាម​ក្នុង​អំឡុង​ពេល​ថ្ងៃ​គឺ​ចាប់ពី​ម៉ោង៦ព្រឹក​ដល់​ម៉ោង៧យប់។​ រោគ​សញ្ញា​ជំងឺគ្រុនឈាម​គឺ​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗ​លើស​ពី៣៨អង្សារ ​និង​អាច​អម​ដោយ​មុខ​ស្ងួត​ក្រហម​ ភ្នែក​ក្រហម​ ​ងងុយ​គេង​ ​ឈឺក្បាល​ ​ឈឺ​សាច់ដុំ​ ​ឈឺ​សន្លាក់​ ​ឈឺពោះ​ ​កុមារ​យំ​ ​កន្ទួល​ក្រហម​លើ​ស្បែក ស្បែក​ជាំ​ខ្មៅដុំៗ​ ​ចេញ​ឈាម​ជាដើម៕