ក្រុមអ្នកបោះឆ្នោតក្នុងរដ្ឋ Michigan នឹងបោះឆ្នោតនៅថ្ងៃអង្គារនេះ ក្នុងការបោះឆ្នោតបឋមដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកនៃគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ ដោយប្រធានាធិបតីអាមេរិកលោក Joe Biden និងអតីតប្រធានាធិបតីលោក Donald Trump ត្រូវគេរំពឹងទុកជាទូទៅថា នឹងឈ្នះក្នុងការបោះឆ្នោតនេះ។
សំឡេងគាំទ្រនិងជ័យជម្នះទាំងនេះ នឹងត្រូវគេតាមដានដោយយកចិត្តទុកដាក់ ថាជាសញ្ញាគាំទ្រដល់បេក្ខជនទាំងពីរនៅក្នុងរដ្ឋសំខាន់ៗ មុនការប្រកួតប្រជែងជាផ្លូវការរវាងបេក្ខជនទាំងពីរនេះជាថ្មីម្តងទៀត ដែលកាលពីការជួបគ្នាក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២០ លោក Biden ជាអ្នកឈ្នះ។
រដ្ឋ Michigan មានពលរដ្ឋអាមេរិកាំងដើមកំណើតអារ៉ាប់រស់នៅច្រើនជាងគេបង្អស់ក្នុងសហរដ្ឋអាមេរិក ហើយការប្រឆាំងនឹងការគាំទ្ររបស់រដ្ឋបាលលោក Biden លើសង្គ្រាមអ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សា បានធ្វើឱ្យសមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួន អំពាវនាវដល់ក្រុមអ្នកបោះឆ្នោតមិនឱ្យបោះឆ្នោតគាំទ្រលោក Biden នៅថ្ងៃអង្គារនេះ ដោយគូសត្រង់ចំណុច “uncommitted” នៅលើសន្លឹកឆ្នោត។
លោក Trump បានឈ្នះការបោះឆ្នោតបឋមនៅគ្រប់រដ្ឋទាំងអស់រហូតមកដល់ពេលនេះ ហើយការស្ទង់មតិក្នុងរដ្ឋ Michigan បង្ហាញថា លោកកំពុងមានសំឡេងនាំមុខខ្លាំងក្នុងរដ្ឋនេះ។
ប៉ុន្តែគូប្រជែងសំខាន់ដែលនៅសល់តែម្នាក់របស់លោក Trump គឺអ្នកស្រី Nikki Haley ដែលជាអតីតអភិបាលរដ្ឋ South Carolina នៅមិនទាន់ដកខ្លួនចេញពីការប្រកួតប្រជែងនេះនៅឡើយទេ ដោយលើកហេតុផលថា លោក Trump នឹងចាញ់លោក Biden ក្នុងការប្រកួតប្រជែងជាមួយលោក Biden ក្នុងការបោះឆ្នោតសកលក្នុងខែវិច្ឆិកាខាងមុខ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។