ភាពវឹកវរ​នៅ​វិមាន​សភា​​​សហរដ្ឋ​អាមេរិក​នាំ​ឱ្យ​មាន​ការចងចាំ​មិន​ល្អ​​សម្រាប់​​​​ពលរដ្ឋ​អាមេរិក​ថ្មីថ្មោង

ក្រុម​បាតុករ​ដែល​គាំទ្រ​លោក​ប្រធានាធិបតី ​Donald Trump សម្រុក​ចូល​វិមាន​សភា​សហរដ្ឋ​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដើម្បី​តវ៉ា​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែ​លលោក Trump ចាញ់​លោក Biden។

ការ​ឡោមព័ទ្ធដ៏ប្រល័យនៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ជា​មេរៀនមួយដល់​នាង​ Gigi Mei ដែលបាន​បញ្ចប់​ការ​សិក្សាកាល​ពីខែ​ឧសភា​ឆ្នាំ​មុន​ពី​សាកលវិទ្យាល័យ Columbia នៅ​ទីក្រុង New York។

នាង Mei អាយុ២៥​ឆ្នាំ​មកពី​ប្រទេស​ចិនបាន​និយាយ​ថា៖ «ប្រជាធិបតេយ្យពិត​ជា​ផុយ​ស្រួយ​ណាស់ ហើយ​គេ​ត្រូវ​ប្រឹងប្រែង​និង​ចំណាយ​ថាមពលច្រើន​ដើម្បី​ឱ្យ​មានលទ្ធិ​ប្រជាធិបតេយ្យ​នេះ»។ នាង Mei បាន​ថ្លែង​ទៀត​ថា៖ «ហើយ​គេ​ត្រូវការ​ឱ្យ​មនុស្ស​ទាំងឡាយ​ទ្រទ្រង់​ ការពារ និងអនុវត្ត​លទ្ធិប្រជាធិបតេយ្យ»។

នាង Mei ឋិត​ក្នុង​ចំណោម​ជន​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក​រាប់​សិប​នាក់ ​ឬ​ពលរដ្ឋ​អាមេរិកាំងជំនាន់​ទី​មួយ ដែល​បាននិយាយ​ជា​មួយ​វីអូអេនៅ​ក្រោយ​ពេល​ដែល​ពួក​កុបកររាប់​ពាន់​នាក់បាន​រុលកាត់​ក្រុម​ប៉ូលិសវិមាន​សភា​សហរដ្ឋ​អាមេរិកនៅ​ក្នុងការ​ប្រឹងប្រែង​គ្មានជោគជ័យ​ក្នុង​ការរារាំងសមាជិកសភា​មិន​ឱ្យ​បញ្ជាក់​អំពី​ជ័យជម្នះ​របស់​លោក Joe Biden ​លើ​លោក Donald Trump នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីសហរដ្ឋ​អាមេរិក។ ​

នាង Gigi Mei និយាយ​ថា «លទ្ធិប្រជាធិបតេយ្យ​ផុយស្រួយ​ណាស់!» (VOA​ ភាសាចិន)

ដូច​មនុស្ស​ជាច្រើន​នាក់​ក្នុង​ពិភពលោក​ដែរ ជនអន្តោប្រវេសន៍ទាំងនេះបាន​សម្តែង​ការ​ហួស​ចិត្ត​អំពី​ការ​បះបោរ​ប្រដាប់​អាវុធ​កាល​ពី​ថ្ងៃ​៦​មករា​ដែល​បាន​បណ្តាលឱ្យមនុស្ស​ប្រាំ​នាក់​ស្លាប់ ​ដោយ​មាន​រួម​បញ្ចូល​ទាំង​ប៉ូលិស​ម្នាក់​ផងដែរ។ អ្នក​ខ្លះ​បាន​ប្រៀបធៀប​កុបកម្ម​នេះទៅ​នឹងអំពើ​ហិង្សានយោបាយនៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ​។ ពួក​គេ​និយាយ​អំពីការ​បែក​បាក់​គ្នា​ខាង​គណបក្ស​ដែល​កាន់​តែ​ខ្លាំងក្លា​ឡើងៗ​នៅ​ក្នុង​ការ​បោះឆ្នោតកាលពី​ថ្ងៃ៣ ​វិច្ឆិកា​ ការលួចបន្លំសន្លឹកឆ្នោត​ដែល​បានត្រូវច្រាន​ចោល​ជាច្រើន​ដងនៅ​ក្នុង​តុលាការ​ថ្នាក់​រដ្ឋ​និងនៅ​តុលាការ​សហព័ន្ធ​ ការចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​ដែល​ទើប​តែ​កើតឡើង ​និង​ការ​គំរាម​កំហែងនៃ​ភាពវឹក​វរនៅ​ពេល​សម្ពោធតំណែង​ប្រធានាធិបតីលោក Biden នៅថ្ងៃពុធ ទី​២០ ខែ​មករា​ខាង​មុខ​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ពួក​ជន​អន្តោប្រវេសន៍ទាំង​នេះ​នៅ​តែ​និយាយ​ថា ​ពួក​គេមាន​ទំនុកចិត្ត​ថា​លទ្ធិ​ប្រជាធិបតេយ្យ​នឹង​ឈ្នះ​ក្នុងសហរដ្ឋ​អាមេរិក ដោយមាន​ការ​ខិតខំប្រឹង​ប្រែង។

លោក Mirwais Safi ​ធ្លាប់​ជា​អ្នក​បកប្រែ​ភាសា​ឲ្យ​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​នៅប្រទេស​អាហ្វហ្គានីស្ថាន ដែល​ជា​ប្រទេស​កំណើតរបស់​លោក​ នៅមុន​ពេល​លោកមក​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ តាមរយៈ​ទិដ្ឋាការអន្តោប្រវេសន៍​ពិសេស។ លោក​បាន​និយាយ​ថា៖ «យើង​ឃើញសហរដ្ឋ​អាមេរិក​ចំណាយ​ប្រាក់រាប់​ពាន់​លាន​ដុល្លារ...នៅក្នុងប្រទេសនិង​នៅ​ក្នុង​ទ្វីប​នានា» ដើម្បី​គាំទ្រលទ្ធិ​ប្រជាធិបតេយ្យ ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​ការ​សិក្សា​អប់រំ​ពលរដ្ឋ​ សិទ្ធិ​មនុស្សនិង​អ្វីៗច្រើនទៀត។ លោក​ថ្លែង​ទៀត​ថា៖ «តែ​យើង​យល់​ថាមាន​កិច្ចការ​ច្រើនតម្រូវ​ឱ្យ​ធ្វើនៅ​ខាង​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ»។

នៅ​ពេល​នេះ​ លោក Safi ធ្វើការ​ជា​មួយ​អង្គការមិនរក​ប្រាក់​កម្រៃមួយ​នៅ​ប៉ែក​ខាង​ជើង​រដ្ឋ Virginia ដោយ​ធ្វើ​ការ​ផ្ដោត​លើ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​អភិវឌ្ឍ។

ការ​ពិត​នាំឱ្យ​មានការមិន​ស្រួល​ចិត្ត

សម្រាប់​លោក​ Boukary Sawadogo ដែលបង្រៀនអំពីខ្សែ​ភាព​យន្ត​អាហ្រ្វិក​នៅ​សាកលវិទ្យាល័យ ​City College of New York ទិដ្ឋភាព​នៃ​ពួកកុបករចូលលុកក្នុ​ង​វិមានសភា​«​ហាក់ដូច​ជាក្នុង​ខ្សែ​កុន​ហូលីវូដ​មួយ»មិន​មែន​ជា​ការ​ពិត​ដែល​លោក​មិន​ដែលរំពឹង​ថា​កើត​មាននៅក្នុង​កន្លែងនៃ​អំណាច​នយោបាយ​អាមេរិកាំង​ទេ។

លោក Boukary Sawadogo សាស្ត្រាចារ្យ​ផ្នែក​ភាពយន្ដ​អាហ្វ្រិក និយាយ​ថា ទិដ្ឋភាព​នៃ​ការ​ឡោមព័ទ្ធ​វិមាន​សភា​សហរដ្ឋ​អាមេរិក «ប្រៀប​ដូច​ជា​ភាពយន្ដ​ហូលីវូដ​អីចឹង»។ (VOA ភាសា​បារាំង​ផ្សាយ​ទៅ​កាន់​អាហ្វ្រិក​)

លោក Sawadogo​ មក​ពី​ប្រទេស​ប៊ូគីណាហ្វាសូ​បាន​និយាយ​ថា ​ការណ៍​នេះ​នាំ​ឱ្យ​លោកនឹក​ដល់​បាតុកម្ម​មហាជនកា​ល​ពី​ឆ្នាំ២០១៤​ ដែល​បាន​បង្ខំ​ឲ្យ​លោកប្រធានាធិបតី​ Blaise Compaore នៃប្រទេស​នៅ​ប៉ែក​ខាង​លិច​ទ្វីប​អាហ្វ្រិក​មួយ​នេះ ឱ្យ​ចេញ​ពី​តំណែងក្រោយ​ពី​កាន់អំណាច​២៧​ឆ្នាំ។ លោក​បាននិយាយ​ថា៖ ​«ពួក​បាតុករបានកាន់កាប់រដ្ឋសភា​ហើយដុត​អាគារ​នោះ។​ ពួក​សមាជិក​សភា​«រត់​គេច​ខ្លួន​ដើម្បីជីវិត​របស់​ពួកគេ»។

ក្រុមសមាជិក​សភា​សហរដ្ឋ​អាមេរិកបានប្រញាប់ប្រញាល់​ចេញ​ពីសាល​ប្រជុំដែរ តែ​បានវិលមក​វិញក្នុង​ពេល​ប៉ុន្មានម៉ោងបន្ទាប់​ដើម្បីបញ្ចប់ការ​បញ្ជាក់លទ្ធផល​នៃការ​បោះឆ្នោត​តាម​ការ​កំណត់។

ពួក​សមាជិកនៃ​ក្រុមដែលបានសម្រុក​ចូល​ទៅ​កាន់​វិមាន​សភា​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ពួក​គេ​មាន​សិទ្ធិ​តវ៉ា​នឹងលទ្ធផលនៃ​ការ​បោះឆ្នោត​នោះ។

លោក Tuan Anh La ទាហាន​ជើង​ចាស់​នៃកងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​មានដើម​កំណើត​មក​ពី​ប្រទេស​វៀតណាម​បាននិយាយ​ថា៖ «យើង​មក​ទី​នេះដើម្បី​ទាមទារការពិត។ ​យើងមិន​អាច​ទទួល​យកបាន​ទេ​នូវលទ្ធផលមួយដែល​អ្នក​បោះឆ្នោតពាក់កណ្តាល​ត្រូវ​បាន​ទុក​ជា​មោឃៈ»​ នៅ​ក្នុង​ការបោះឆ្នោត​កាល​ពី​ថ្ងៃទី៣ ខែ​វិច្ឆិកា។

រដ្ឋនីមួយៗ​ចំណាយ​ពេលច្រើន​ថ្ងៃ​និង​ច្រើនសប្តាហ៍ដើម្បីរាប់​សន្លឹក​ឆ្នោត។ នៅ​ទី​បញ្ចប់ លោក Biden បាន​ទទួល​សំឡេងឆ្នោត​គាំទ្រ៨១លានសន្លឹក​ ហើយលោក Trump មានឆ្នោត​ទ្រទ្រង់​តែ​៧៤លានសន្លឹក។

នៅ​ក្នុង​ការ​រាប់​សន្លឹកឆ្នោត​របស់​អង្គបោះឆ្នោត លោក Biden ទទួល​បាន​អង្គ​បោះឆ្នោត​ចំនួន ៣០៦ ហើយ​លោក Trump ទទួល​បាន​ ២៣២​អង្គ​បោះឆ្នោត។ ​

លោក​ Vanndhath Man មកពី​ប្រទេសកម្ពុជា ហើយ​ធ្វើការ​ជា​គិលានុបដ្ឋាកនៅ​ប៉ែក​ខាងជើង​រដ្ឋ Virginia។ លោក​បាន​និយាយ​ថា​ លោក​មិន​ជឿ​ថា​ការវាយ​ប្រហារ​នោះបាន​ត្រូវគិត​ជា​មុន​ទេ ទោះជាអ្នក​តវ៉ា​ខ្លះ​មានកំប៉ុង​បាញ់​សារធាតុ​គីមី​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ដោយ​ខ្លា​ឃ្មុំ​ហៅ bear spray ចំណង​ប្លាស្ទិក​ហៅ​ zip ties និងវត្ថុ​ផ្សេងៗ​ទៀតដែល​នាំ​ឱ្យ​យល់​ថាមាន​ការ​រៀបចំ​ផែនការមាំទាំ​ដោយ​មាន​បំណងអាក្រក់ក៏​ដោយ។

លោក Vanndhath Man បានថ្លែង​ថា៖ « ខ្ញុំយល់​ថាហ្វូង​មនុស្ស​នេះ ឬ​ពួក​បាតុករ​ទាំង​នេះ...មិន​បានគ្រោង​ធ្វើ​សកម្មភាពហិង្សា​ទេ»។ លោក​បាន​ថ្លែង​ទៀត​ថា៖ «តែនៅ​ពេល​មាន​ការរុញ​ច្រាន ភាព​តានតឹង​ក៏​បាន​ក្លាយ​ទៅ​ជាការចូល​លុក​ក្នុងវិមាន​សភា​តែ​ម្ដង​»។

លោក Osman Ahmed អាយុ​៣៣ឆ្នាំ ធ្លាក់​ធ្វើការ​ឱ្យសមាជិកព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ពីរ​នាក់​មក​ហើយ​មក​ពីរដ្ឋ Minnesota។ លោក​បាននិយាយ​ថា ​ការវាយ​ប្រហារ​នៅវិមានសភា​«​មានភាពផ្ទាល់​ខ្លួនខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ លោក​បាន​ថ្លែត​ទៀត​ថា៖ «ក្នុងនាម​ជា​បុគ្គលិក​ម្នាក់ លោកអ្នក​មិន​អាច​ចូល​ក្នុង​ព្រឹទ្ធសភាដោយគ្មានការ​ត្រួត​ពិនិត្យ​ទេ...ខ្ញុំ​ដឹង​ថាអគារ​នេះ​មានសន្តិសុខ​ និងការ​ថែរក្សា​បែបណា»។

លោក Osman Ahmed ដែល​ធ្លាប់​ជា​បុគ្គលិក​ម្នាក់​នៅ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ស្ញើចសរសើរ​ប៉ូលិស​ដែល​បាន​ការពារ​សមាជិក​សភា​សហរដ្ឋ​អាមេរិក។ (VOA សុម៉ាលី)

លោក Osman Ahmed ​បាន​ឈប់​ធ្វើការងារ​នោះកាល​ពី​ឆ្នាំ២០១៩​ ដោយ​ទៅធ្វើ​ការនៅ​អង្គការ​មិន​រក​កម្រៃ​មួយ​ក្នុង​ក្រុង Minneapolis ដើម្បី​កសាង​ភាពជា​ដៃគូ​ក្នុង​សហគមន៍​។ លោក​ឆ្អើមនឹងរូបភាពនៃ​ការ​បង្ហូរ​ឈាម​ក្នុងវិមានសភា​សហរដ្ឋ​អាមេរិក ដែល​លោក​បានថ្លែង​ថា​នាំឱ្យ​លោក​នឹក​ឃើញដល់​កុមារភាព​លោក​ក្នុង​ប្រទេស​សូម៉ាលីដែល​គ្មាន​ស្ថិរភាព។

លោក Ahmed​ បាន​សរសើរ៖ «ពួក​ប៉ូលិសនិង​ពួកមន្ត្រីពង្រឹង​ច្បាប់​ដែល​បានការពារជីវិតពួក​មន្ត្រី​ជាប់ឆ្នោត​»។ ក៏​ប៉ុន្តែ​លោកក៏​បាននិយាយ​ដែរ​ថាលោក«​ខ្វល់​ខ្វាយ»ថា​មនុស្សមួយ​ចំនួន​តូច​ប៉ុណ្ណោះ​ក្នុង​បណ្តា​ពួកកុបករភាគ​ច្រើន​ដែលជា​ជន​ស្បែក​ស​ត្រូវ​បាន​ចាប់​ខ្លួន ដែល​យ៉ាង​ហោច​ណាស់​នៅពេល​ដំបូង។ លោក​បាន​ថ្លែងថា៖ «ការណ៍​នេះ​បង្ហាញយ៉ាង​ពិត​ប្រាកដ​ថា មានការលម្អៀង​ខាងពូជសាសន៍​និង​វិសមភាពក្នុង​សង្គម...ហើយប្រសិនបើ​ហេតុការណ៍​នេះ​កើត​មានដល់​ពួក​ជនមិន​មែន​ស្បែកសវិញ វា​មិន​មែន​មាន​ភាព​ដូច​គ្នា​នេះ​ទេ»។

បើ​តាម​ការ​វិភាគ​មួយ​របស់​បណ្តាញ​ទូរទស្សន៍ CNN ទៅ​លើ​ទិន្នន័យ​របស់​ប៉ូលិស​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​បង្ហាញ​ថា មានការចាប់​ខ្លួនមនុស្ស៦១​នាក់«ទាក់ទិននឹង​ភាពចលាចល»​កាល​ពី​ថ្ងៃ​ទី​៦​ ខែមករា ប្រៀប​ធៀប​នឹងការ​ចាប់​ខ្លួន​មនុស្ស៣១៦​នាក់​កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ២០២០ គឺ​ថ្ងៃដែលក្រុមបាតុករ«ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​តម្លៃ» ឬ Black Lives Matter ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្លូវ​នៅ​ជិតសេតវិមាន​នៅ​មុន​លោក​ប្រធានាធិបតី Donald Trump ​ឈរ​ឱ្យ​គេ​ថត​រូប​នៅ​មុខព្រះវិហារគ្រិស្តសាសនា St. John’s Episcopal ដោយ​កាន់​គម្ពីរ bible មួយ​ក្បាល។

លោក Michael Sherwin គឺ​ជា​រដ្ឋអាជ្ញា​ស្តីទី​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក​បាននិយាយ​នៅ​ក្នុង​សន្និសីទកាសែតមួយ​កាល​ពី​ថ្ងៃទី១២ ខែ​មករា​ថា​ មនុស្ស​ជាង​៧០​នាក់​ត្រូវបាន​ចោទប្រកាន់ក្នុង​ការ​វាយ​ប្រហារ​នោះ ហើយ​ពួក​រដ្ឋអាជ្ញា​កំពុងធ្វើការ​ចោទប្រកាន់​ទៅ​លើ​មនុស្សយ៉ាង​តិច​ណាស់​១០០នាក់​ទៀត។

លោកបានថ្លែង​ថា ពួក​រដ្ឋអាជ្ញា​ជាន់​ខ្ពស់ក៏​កំពុង​ពិនិត្យមើល​លទ្ធភាព​នៃ​ការចោទប្រកាន់​ពី​បទ​បំបះបំបោរនិងការរួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែល​អាចនាំ​ឱ្យ​ជាប់​គុក​រហូត​ដល់២០ឆ្នាំផង​ដែរ។

Your browser doesn’t support HTML5

ក្រុមបាតុករដែលគាំទ្រលោកប្រធានាធិបតី Donald Trump បានទម្លាយចូលក្នុងវិមានរដ្ឋសភា

លោក​ Jake Kim បានរត់​ចោល​គេច​ចេញពី​ប្រទេស​កូរ៉េខាងជើង​ ហើយនៅពេល​នេះ​ជា​និស្សិត​នៅ​ក្រុង Provo រដ្ឋ​ Utah។ ​លោក​យល់​ថាទោស​នេះ​មិនធ្ងន់ធ្ងរ​ទេ។

លោក​ Jake Kim ​ដែល​មាន​អាយុ​ជាង​៣០ឆ្នាំបាន​និយាយ​ថា៖ «​ការធ្វើ​បាតុកម្ម​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ណាស់​ តែ​អំពើ​ហិង្សា​នាំ​ឱ្យមាន​ការ​តក់ស្លុត និងមិន​អាច​ទទួល​យក​បាន​ទេ។ លោកបាន​ថ្លែង​ទៀត​ថា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៖ «​មនុស្សអាច​ត្រូវ​ចាប់ខ្លួនឬ​ជាប់​ពន្ធនាគារក្នុង​មួយ​រយៈពេល។​ នៅក្នុង​ប្រទេស​កូរ៉េខាងជើង ពួកគេអាច​ត្រូវ​ប្រហារ​ជីវិត»។

សេរីភាព​

ពួក​ប្រជាធិបតេយ្យ​ទាំង​អស់ និងពួកសាធារណរដ្ឋ១០​នាក់​នៅ​ក្នុង​រដ្ឋសភា​អាមេរិក​បាន​បោះឆ្នោត​កាលពី​សប្តាហ៍​ទី​ពីរនៃ​ខែ​មករា ដើម្បីចោទប្រកាន់​ដក​តំណែង​លោក Trump ជា​លើក​ទី​ពីរ​ ដែល​ជា​ការណ៍​មិនធ្លាប់​មានពី​មុនៗ​ ដោយ​ចោទប្រកាន់លោក​ថា​បានញុះញង់ឱ្យ​មានការបះបោរអំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត។ ប្រធានាធិបតី​រូបនេះ​បានបដិសេធថា​លោកគ្មានធ្វើអ្វី​ខុស​ទេ។

លោក Trump ក៏​បាន​ត្រូវ​រឹតត្បិតដោយ​ក្រុមហ៊ុន​ Twitter ក្រុមហ៊ុន Facebook និង​បណ្តាញ​សង្គម​ឯទៀតៗ​ ដែល​បាន​ចោទប្រកាន់​លោក​ថា​បាន​ធ្វើ​អត្ថាធិប្បាយអុជអាល។

លោក ​Junior Bompeti អាយុ៣៥ឆ្នាំ​ ជា​អ្នក​រចនា software នៅ​ក្រុង​ Dallas រដ្ឋ Texas និយាយ​ថា៖ «នេះ​ជារឿង​មិន​គួរ​ឲ្យ​ជឿ​នោះ​ទេ! យើង​មានសេរីភាព​ខាងការ​បញ្ចេញមតិ»។

លោក Junior Bompeti ជា​អ្នក​រចនា software ដែល​បាន​បង្កើត​ក្រុម​ជនជាតិ​កុងហ្គោ​គាំទ្រ​លោក Trump។ (រូបថត​ពី Facebook)

លោក Bompeti ដែល​មករស់ក្នុង​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ២០១៥​ពី​សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបង្កើត​ Facebook សហគមន៍​ជនជាតិ​កុងហ្គោ​ ដើម្បី​គាំទ្រ​លោក Trump។

លោក Bompeti បានគាំទ្រ​បណ្តឹងគ្មានជោគជ័យ​ក្នុង​ការ​ប្រែ​ក្រឡាស់លទ្ធផល​នៃ​ការបោះឆ្នោតក្នុង​រដ្ឋ​ជា​ច្រើនដែល​លោក Trump ចាញ់​ឆ្នោត។ ​លោក​បាននិយាយ​ថា៖

«​យើងត្រូវ​តែ​ទុកចិត្ត​ដំណើរការ​នេះ។​ មានការ​ចោទប្រកាន់​ច្រើន​អំពីការ​បន្លំ​សន្លឹកឆ្នោត។ លោក​ប្រធានាធិបតី​បាន​និយាយ​ច្រើន​ដង​ថា មានការបន្លំ​សន្លឹកឆ្នោត»។

ដំណោះស្រាយ

លោក Bompeti និងពួក​ជន​អន្តោប្រវេសន៍​ឯ​ទៀតៗ​បាននិយាយ​ថា ការកសាង​ទំនុក​ចិត្ត​និងលទ្ធិប្រជាធិបតេយ្យ​ឱ្យមាន​ដំណើរ​ការ​ល្អ​ជាង​មុន​តម្រូវ​ឱ្យ​មានការគោរព​គ្នា ការ​អប់រំ និង​ការទាក់ទង​គ្នារវាងពលរដ្ឋ។

លោក​ Roba Bulga គឺ​ជានិស្សិតបរិញ្ញាបត្រ​ជាន់​ខ្ពស់​ខាងដំណោះស្រាយ​ជម្លោះនៃ​សាកលវិទ្យាល័យ​ Brandeis មកពីប្រទេស​អេត្យូពី។ លោក​បាន​និយាយ​ថា​ គណបក្ស​នយោបាយគួរ«ទុកដោយ​ឡែក»នូវ​ការខ្វែងគំនិត​គ្នាខ្លះៗ​របស់​ពួក​គេ។​

លោក Roba Bulga ដែល​សិក្សា​អំពី​ដំណោះស្រាយ​ជម្លោះ បាន​ទៅ​មើលទិដ្ឋភាព​នៅ​ខាង​ក្រៅ​វិមាន​សភា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការ​វាយប្រហារ​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​បាន​កើតឡើង។ (VOA)

លោក​បានហៅពេល​នេះថាជា«ពេលវេលា​មួយ​នៃ​ការ​ផ្សះផ្សា​គ្នា​ ជា​ពេល​មួយ​នៃការ​រួបរួម​គ្នា​ជា​ប្រទេស​តែ​មួយ»។

លោក​ Roba Bulga ​បាន​សុំ​ឱ្យក្រឡេក​មើលហួស​ពីព្រំដែន​សហរដ្ឋ​អាមេរិក ដោយ​លោក​បាន​ថ្លែង​ថា៖ «ការគំរាម​កំហែង​ដល់លទ្ធិប្រជាធិបតេយ្យនៅ​ទី​នេះអាច​ជា​ការ​គំរាមកំហែង​»ដល់​ផ្នែក​ឯ​ទៀតៗ​នៃ​ពិភពលោក​ផង​ដែរ។

អ្នកស្រី​ Thavin Keo ក៏បាន​ជំរុញ​ឱ្យ​មានសេចក្តី​ថ្លៃថ្នូរ​ច្រើនជាង​មុនដោយអ្នក​ស្រីមិន​ពេញ​ចិត្តអំពី«​ការមានភាព​ស្អប់ខ្ពើម​ច្រើននៅ​គ្រប់កន្លែង...សួម​មើល​នៅ​ ទីក្រុងPortland។ សូម​មើល​នៅទីក្រុង​ Seattle»។ អ្នក​ស្រីបាន​ថ្លែង​ដូច្នេះដោយ​និយាយ​សំដៅ​ដល់បាតុកម្ម​ជាច្រើន​ខែ​នៃ​ចលនា​ «ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​តម្លៃ» ឬ Black Lives Matter កាល​ពី​ឆ្នាំ​ទៅ​មិញ ដែល​ជួនកាល​នាំ​ឱ្យ​មានការ​ប៉ះ​ទង្គិច​គ្នារហូត​ដល់​បង្ហូរ​ឈាម​ថែម​ទៀត​ផង។ ស្ត្រី​អាយុ៦៧​ឆ្នាំ​រូបនេះជា​មន្ត្រី​ជាប់​កិច្ចសន្យា​ចូល​និវត្តន៍​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​បានមក​រស់​ក្នុង​ប្រទេស​អាមេរិកជា​ជន​ភៀសខ្លួន​មក​ពីប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ១៩៨១​ ដោយ​តាំង​លំនៅដ្ឋាននៅ​ប៉ែក​ខាង​ជើង​រដ្ឋ​ Virginia។

អ្នកស្រី Thavin Keo ​មន្ត្រី​ជាប់​កិច្ចសន្យា​ចូល​និវត្តន៍​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​បានមក​រស់​ក្នុង​ប្រទេស​អាមេរិកជា​ជន​ភៀសខ្លួន​មក​ពីប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ១៩៨១​ ដោយ​តាំង​លំនៅដ្ឋាននៅ​ប៉ែក​ខាង​ជើង​រដ្ឋ​ Virginia។

អ្នកស្រី​ Thavin Keo បានពោលថា ​ពួកមេដឹកនាំសាធារណរដ្ឋ​ និងប្រជាធិបតេយ្យ​«គួរ​ធ្វើការ​ជា​មួយ​គ្នា​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យនៅក្នុង​ប្រទេស​នេះ»។ អ្នកស្រីបាននិយាយ​ទៀត​ថា​ បើមិនធ្វើ​ដូច្នេះទេ«នឹង​គ្មាន​វិធីចេញ​ពី​ជម្លោះនេះទេ»។

លោក Pagniti Tosuksri ហៅ Tom បាន​ចំណាយពេល​ខ្លះ​នៃ​កុមារភាពរបស់​លោក​ក្នុង​ប្រទេស​ថៃជា​ប្រទេស​កំណើត​របស់​ឳពុក​ម្តាយ​លោក ហើយ​នៅ​ពេល​នេះលោក​ធ្វើការឱ្យកម្មវិធីមិន​រកប្រាក់កម្រៃ​មួយ​ខាងផ្ទះសម្បែង​ក្នុងក្រុង Cleveland រដ្ឋ Ohio។​ លោកយល់​ថា​ការទាក់ទង​គ្នារវាង​ពលរដ្ឋ​មាន​សារៈសំខាន់។

លោក Tosuksri បាន​និយាយ​ថា ​លោក​បានស្ម័គ្រចិត្តធ្វើ​ជា​អ្នក​ឃ្លាំមើល​ការបោះឆ្នោតកាល​ពី​ខែវិច្ឆិកា ហើយ​ចង់«មានការទាក់ទិន​ជាង​មុន...​ដើម្បី​បានដឹងច្រើន​ជាងមុន​អំពីការ​បោះឆ្នោត​ក្នុង​មូលដ្ឋាន​យើង»។

លោក Pahniti (Tom) Tosuksri រស់នៅ​ក្នុង​ក្រុង Cleveland រដ្ឋ Ohio បាន​ស្ម័គ្រចិត្ត​ធ្វើការ​ជា​បុគ្គលិក​ម្នាក់​នៅ​មណ្ឌល​បោះឆ្នោត​មួយ និង​ចង់​ដឹង​កាន់​តែ​ច្បាស់​អំពី​ការ​បោះឆ្នោត​នៅ​ក្នុង​មូលដ្ឋាន។ (VOA ភាសាថៃ)

លោកក៏​មានបំណង«លើក​ទឹកចិត្តមនុស្ស»​ឱ្យ​ធ្វើ​ដូច​លោកដែរ ​និងរៀនសូត្រ​ឱ្យ​បានច្រើន​ជាង​មុន​អំពីពួក​បេក្ខជន​ក្នុងមូលដ្ឋាន​និងបញ្ហា​នានា។ លោក​បាន​និយាយ​ថា​នៅ​ពេល​បោះឆ្នោត«​មិនមែនគិត​តែ​ពី​ការជ្រើសរើស​ប្រធានាធិបតីមិនមែនគិត​តែ​ការ​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភាទេ ក៏​មាន​អ្វីៗ​ជាច្រើន​ទៀត​នៅ​ក្នុង​នោះ​ដែលយើង​ត្រូវដឹង​ផង​ដែរ»។

លោក Meron Semedar អាយុ​៣៤​ឆ្នាំ​មក​ពីប្រទេស​អេរីត្រេ​ ហើយ​នៅ​ពេល​នេះលោក​ជា​ទីប្រឹក្សា​ម្នាក់ដល់ពួក​អ្នក​ស្រាវជ្រាវបញ្ហា​អាហ្វ្រិក​នៅ​សាកលវិទ្យាល័​យ California​ក្នុង​ក្រុង Berkerley។ លោក​បាន​និយាយ​ថា​ ពួកជនអន្តោប្រវេសន៍​ ជាពិសេសពួក​ជនដែល​មាន​សញ្ជាតិអាមេរិកាំង មាន​ការទទួលខុស​ត្រូវ។

លោក Semedar បាន​និយាយ​ថា៖ ​«ខ្ញុំលើកទឹកចិត្តដល់​សហគមន៍ជន​អន្តោប្រវេសន៍នីមួយៗឱ្យ​ចេញ​ទៅក្រៅ​ដើម្បី​ប្រើ​សិទ្ធិរបស់​ពួក​គេ»​ចាប់​ពីការ​បំពេញ​ទិន្នន័យ​ជំរឿន​ប្រជារាស្ត្រ​រហូត​ដល់​ការបោះឆ្នោត បើ​មាន​សិទ្ធិ។

លោក Semedar បាន​ថ្លែង​ទៀតថា៖ «នេះ​ជាការទទួលខុស​ត្រូវមួយ វា​ជា​កាតព្វកិច្ច​ហើយ​យើង​គួរគោរព​កាតព្វកិច្ចនេះ។ យើង​គួរ​ផ្តល់កិត្តិយសដល់​កាតព្វកិច្ច​នេះ។​ តែ​យើង​ក៏​គួរបំពេញ​កាតព្វកិច្ច​របស់​យើង​ ដើម្បី​ធ្វើ​ឱ្យលទ្ធិប្រជាធិបតេយ្យលូតលាស់​ដែរ។ ហើយយើង​ក៏គួរ​បង្រៀនអ្វីៗស្រដៀង​គ្នា​នេះ​ដល់ពួកកូនៗយើង​ដែរ...​ការណ៍​នេះត្រូវតែមានបន្ត​ពី​មនុស្ស​មួយ​ជំនាន់ទៅ​មួយ​ជំនាន់​ទៀត»។

សម្រាប់​លោក Sonam Zoksang ម្ចាស់​អាជីវកម្ម​តូច​មួយក្នុងតំបន់ Hudson Valley នៃរដ្ឋ New York «​លទ្ធិប្រជាធិបតេយ្យមានកម្លាំងហើយ​ តែគេ​ត្រូវ​ការពារ​លទ្ធិ​នេះ»។

លោក Sonam Zoksang បានកើត​នៅតំបន់​ទីបេ ​ហើយលោក​បានមក​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ១៩៩៥​តាម​រយៈ​ប្រទេស​នេប៉ាល់ ដែល​នៅទី​នោះ​ឪពុកម្តាយ​លោក​បានរត់គេចខ្លួន​ក្រោយ​ចិន​បានកាន់កាប់​ប្រទេស​ពួក​គេ។

លោក​បាននិយាយ​ថា ​លោកចាំ​មើល​លោក​ Biden ប្រធានាធិបតី​នឹង​ចូលកាន់តំណែង​ថា​តើ​លោក​នឹង​ធ្វើ​តាមសាររបស់លោកអំពី​ការឯកភាពនិង​ការ​ជានា​គ្នា​ឬ​ទេ។

លោក Sonam Zoksang ​បានថ្លែងថា៖ «​ខ្ញុំមានជំនឿ​ថា រដ្ឋបាលថ្មី​និង​ពួកសាធារណរដ្ឋ​ល្អៗ​ខ្លះអាចធ្វើការ​ជា​មួយ​គ្នាបាន។ ពិភពលោកគោរព​និង​មាន​សង្ឃឹម​លើ​សហរដ្ឋ​អាមេរិក»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ