រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានប្រាប់អង្គភាពព័ត៌មានក្នុងស្រុកមួយនៅថ្ងៃចន្ទនេះថា លោកបានឲ្យអ្នកក្រោមបង្គាប់រៀបចំដាក់ពាក្យប្តឹងអ្នកសារព័ត៌មានអនឡាញម្នាក់ ក្រោយធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីនៅក្នុងខេត្តកោះកុង។
បើតាមសេចក្តីរាយការណ៍របស់អង្គភាពព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ សម្រេចប្តឹងលោក យួន ឈីវ បន្ទាប់ពីនាយកគ្រប់គ្រងសារព័ត៌មាន «កោះកុងព័ត៌មានទាន់ហេតុការណ៍» (Koh Kong Hot News) រូបនេះ ចេញផ្សាយវីដេអូមួយ ដោយដាក់ចំណងជើងថា «លោកសុខ សុទ្ធី (អភិបាលរងខេត្តកោះកុង) ឃោរឃៅបំផុត ធ្វើបាបពលរដ្ឋ។
លោក ទៀ បាញ់ ដែលជាឧបនាយករដ្ឋមន្ត្រីមួយរូបផងនោះ ចាត់ទុកការផ្សព្វផ្សាយព័ត៌មាននេះថា ជាព័ត៌មាន«ខុសការពិត មិនគ្រប់ជ្រុងជ្រោយ និងបង្កភាពចលាចលក្នុងសង្គម»។ លោករដ្ឋមន្ត្រីការពារជាតិទៀ បាញ់ ត្រូវបានអង្គភាពព័ត៌មាន Fresh News ស្រង់សម្តីតាមន័យដើមថា៖ «ធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ និងពិភាក្សាជាមួយអ្នកច្បាប់ ធ្វើរឿងហ្នឹងឲ្យបានឆាប់រហ័សទាន់ពេលវេលា»។
នៅមុនពេលលោក ទៀ បាញ់ ឲ្យដឹងពីគម្រោងដាក់ពាក្យបណ្តឹងលើលោក យួន ឈីវ ទំព័រហ្វេសប៊ុករបស់សារព័ត៌មានកោះកុងព័ត៌មានទាន់ហេតុការណ៍ កាលពីថ្ងៃទី៩ ខែកញ្ញា បានបង្ហោះសារមួយដោយចោទលោកសុខ សុទ្ធី ថា ព្រហើននឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយថា លោក សុខ សុទ្ធី អាងខ្លួនកាន់តួនាទី ខាងរកដំណោះស្រាយដីធ្លី តែអភិបាលរូបនេះ ធ្វើឲ្យប្រជាពលរដ្ឋ ឈឺចាប់អស់មួយជីវិត ក្រោយពេលចេញអុនក្រិត្យលេខ៣០សនក្រ បកកាត់ឆ្លៀលដីក្នុងតំបន់ឧទ្យានជាតិ បូទុមសាគរ ដើម្បីកាត់ជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែង។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារបដិសេធមិនផ្តល់ការអធិប្បាយដោយថា ជាប់ប្រជុំ។
នាយកប្រតិបត្តិសមាគមអ្នកសារព័ត៌មាន (ខេមបូចា) លោក ណុប វី ទទូចឲ្យថា្នក់ដឹកនាំទាមទារការកែតម្រូវការរាយការណ៍ព័ត៌មានរបស់លោក យួន ឈីវ ឲ្យស្របទៅតាមច្បាប់ស្តីពីរបបសារព័ត៌មាន ជាជាងការចាត់វិធានការច្បាប់ ដែលនឹងមិនលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានផ្សេងទៀត បន្តធ្វើសេចក្តីរាយការណ៍ព័ត៌មាន ពាក់ព័ន្ធនឹងមន្ត្រីមានអំណាច។
យ៉ាងណាក៏ដោយកាលពីយប់ថ្ងៃទី២៦ ខែកញ្ញាលោក យួន ឈីវ បានចេញមុខសុំទោសលោក ទៀ បាញ់ តាមបណ្តាញសង្គមហ្វេសប៊ុក ចំពោះការណ៍ដែលលោកធ្វើឲ្យលោក ទៀ បាញ់ អាក់អន់ស្រពន់ចិត្ត។ លោកប្រាប់វីអូអេបន្ថែមថា លោកមិនទាន់ដឹងមូលហេតុនៅពីក្រោយ គម្រោងប្តឹងរបស់លោក ទៀ បាញ់ មកលើរូបលោកនោះទេ។ លោកថា មន្ត្រីប៉ូលិសក្នុងខេត្តកោះកុង ក៏បានអញ្ជើញលោកឲ្យទៅបំភ្លឺ ទាក់ទិនការធ្វើសេចក្តីរាយការណ៍របស់លោកកន្លងមកនៅថ្ងៃចន្ទនេះផងដែរ៕