រដ្ឋាភិបាលមូលដ្ឋានក្នុងប្រទេសចិនលើកទឹកចិត្តឱ្យមានការចាប់ផ្តើមធ្វើអាជីវកម្មដោយខ្លួនឯង

រូបឯកសារ៖ រូបថតពីលើអាកាសនេះថតនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បង្ហាញកម្មករនៅការដ្ឋានសំណង់មួយនៅក្រុង Huaian ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។ អាជ្ញាធរខេត្ត Jiangsu កំពុងលើកទឹកចិត្តកម្មករនៅសហគ្រាសរដ្ឋឱ្យឈប់សម្រាកដោយគ្មានប្រាក់ឈ្នួល ដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។

ដំណឹង​អំពីវិធានការ​ថ្មីនេះមានឡើងនៅមុន​សន្និសីទការងារហិរញ្ញវត្ថុពីរ​ថ្ងៃរ​បស់ប្រទេសចិនមាន​ការ​ចូលរួមដោយលោកប្រធានាធិបតី Xi Jinping ដែ​ល​បានសន្យាថា​នឹង​បង្កើតយន្តការមានរយៈពេល​យូរមួយ​ដើម្បី​ដោះស្រាយ​បញ្ហាបំណុល​របស់​អាជ្ញាធរ​ក្នុងមូល​ដ្ឋាន​និងបានផ្តល់សញ្ញា​ថានឹង​បង្កើនការ​ខ្ចី​ប្រាក់របស់​រដ្ឋាភិបាលកណ្តាល​ផង​ដែរ។

បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា​បំណុលរបស់រដ្ឋាភិបាលមូលដ្ឋាននៃ​ប្រទេសចិន​បានឡើងដល់៩២លានលាន yuan ​គឺ១២,៥៨លានលាន​ដុល្លារ​ ស្មើ​នឹង៧៦%​នៃ​ទិន្នផល​សេដ្ឋកិច្ចរបស់​ប្រទេសក្នុង​ឆ្នាំ២០២២។ តួលេខ​នេះ​កើនឡើងពី៦២,២%ក្នុង​ឆ្នាំ២០១៩។

ពួក​អ្នក​ចូលរួម​ក្នុងការប្រជុំ​នេះ ដែល​បានចប់កាលពី​ថ្ងៃ​អង្គារទី៣១តុលា មាន​រួមលោក Li Qiang, Zhao Leji, Wang Huning, Cai Qi, Ding Xuexiang, និង Li Xi ដែលជា​សមាជិកនៃ​គណៈកម្មាធិការ​មជ្ឈឹមគណបក្ស​កុម្មុយនិស្ត​ចិន។

ពួក​គេក៏​បានសន្យាថានឹង​«កែ​តម្រូវ​ប្រព័ន្ធ​ប្រាក់បំណុលរបស់រដ្ឋាភិបាល​មជ្ឈឹម​និងរដ្ឋាភិបាល​ក្នុងមូលដ្ឋាន​»និង​ផ្តល់ប្រាក់កា​ស​ថែមទៀតសម្រាប់នវានុវត្តន៍​ ការ​ផលិត​ខាង​បច្ចេកវិទ្យា​ខ្ពស់​ បច្ចេកវិទ្យា​បៃតង​និង​ក្រុមហ៊ុនពី​ខ្នាតតូច​ទៅ​ខ្នាត​មធ្យម។

ក្នុង​ឆ្នាំ២០២២ ផលិតផល​សរុប​ក្នុង​ស្រុក​នៃខេត្ត Jiangsu នៅជិត​ក្រុង​ Shanghai មាន​ប្រមាណ១២,២៩លានលាន yuan ឬ១,៦៨លានលានដុល្លារ​នៅពេល​ខេត្តនេះ​ជំពាក់បំណុល២,០៦៩លានលាន yuan ឬ២៨២,៨ពាន់លានដុល្លារ។

នៅ​ពេល​មានកំណើនបំណុលបែបនេះ ​រដ្ឋាភិបាលខេត្ត Jiangsu បាន​ចាប់ផ្តើមកម្មវិធី​មួយ​នៅ​ដើម​ខែ​តុលា​ដើម្បី​លើកទឹកចិត្តកម្មករ​សហគ្រាស​រដ្ឋ២សែននាក់​ជា​រៀងរាល់ឆ្នាំ​រហូត​ដល់​ឆ្នាំ២០២៥​ឱ្យចាប់ផ្តើម​ធុរកិច្ចផ្ទាល់ខ្លួន ជាពិសេសកម្មករ​ដែល​ចង់ប្រកាប​អាជីវកម្ម​ដោយ​សុំ​ច្បាប់ឈប់មិនយក​ប្រាក់​បៀវត្ស។

កម្មវិធីនេះ​មានគោលដៅជាពិសេស​គាំទ្រ​ពួក​អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ​ មាន​រួម​ពួកបុគ្គលិក​ប្រចាំ​អាជីពនិងក្រុមបុគ្គលិក​បច្ចេកទេសមក​ពីសាកលវិទ្យាល័យ​ វិទ្យាស្ថាន​ស្រាវជ្រាវវិទ្យាសាស្ត្រនិងសហគ្រាស​រដ្ឋ​ឯទៀតៗ ​ឱ្យ​ចាប់ផ្តើម​ធុរកិច្ច។

ពួកគេត្រូវបាន​លើកទឹកចិត្តឱ្យ​ចែក​ចាយលទ្ធផល​នៃ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រនិងខាងបច្ចេកវិទ្យារបស់ពួក​គេទៅឱ្យ​ក្រុមអ្នក​ធ្វើការ​មិ​នពេញ​ម៉ោង​ឬមាន​ការងារ​បណ្តោះអាសន្នតាម​មូលដ្ឋាន​នៃការសុំ​ច្បាប់​ឈប់​មិនយកប្រាក់ខែពី​ស្ថាប័ន​ពួក​គេ។

ខេត្ត​ Jiangsu នឹងថែរក្សា​ទំនាក់ទំនងការងាររបស់​ពួក​គេចំនួនបីឆ្នាំ​និងបន្ត​បង់ប្រាក់ឱ្យការ​ធានារ៉ាប់រងខាង​សង្គម​កិច្ចរបស់ពួកសហគ្រិននិងបង់​ប្រាក់​សោធន​និវត្តន៍នៅកន្លែង​ធ្វើការដើម​របស់ពួក​គេ។

លោកស្រី Fang Tsung-yen ជា​អ្នក​ស្រាវជ្រាវ​ជំនួយ​នៅវិទ្យាស្ថាន​ការពារជាតិ​និង​ការស្រាវជ្រាវ​ខាងសន្តិសុខនៅ​ក្រុង​តៃប៉ិ។ លោកស្រី​បាននិយាយ​ថា​ប្រទេសចិនមិនអាច​ប្រែក្រឡះ​ការថមថយ​សេដ្ឋកិច្ចក្នុង​ពេល​ឆាប់ៗនេះ​បានទេ។ ដូច្នេះ ​រដ្ឋាភិបាលក្នុង​មូលដ្ឋាន​ត្រូវតែកាត់បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​សេចក្តីសង្ឃឹមថានឹង​ធ្វើឱ្យមាន​ភាព​សំបូរ​រុងរឿង​ខាងសេដ្ឋកិច្ច។

លោកស្រី Fang ​បាន​ថ្លែងថា​រដ្ឋាភិបាល​ក្នុងមូលដ្ឋាន​មិនអាច​បង្ខំ​មនុស្ស​ឱ្យ​ឈប់ធ្វើការងារបានទេ ដូច្នេះរដ្ឋាភិបាល​រក​វិធី​បន្ថយប្រាក់បៀវត្ស​ក្រុមអ្នកធ្វើការងារ៕